

ក្រុមអ្នកឃ្លាំមើលសង្គមអះអាងថា រដ្ឋាភិបាលត្រូវតែលុបបំបាត់អំពើពុករលួយ និងបក្ខពួកនិយមឱ្យអស់ពីប្រព័ន្ធអភិបាលកិច្ចរដ្ឋ ទើបកម្ពុជាអាចលើកកម្ពស់យុត្តិធម៌សង្គមបាន បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា សម្រេចដកតំណែង និងបន្ថយឋានន្តរស័ក្តិ នគរបាលបាលខេត្តស្ទឹងត្រែង ចំនួន ៦រូប ដោយសារពួកគេប្រព្រឹត្តល្មើសវិន័យនគរបាល។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា សាទរចំពោះ វិធានការរបស់ក្រសួងមហាផ្ទៃដែលបានសម្រេចដកតំណែង ប៉ូលិស ដែលជាប់ពាក់ព័ន្ធនឹងរួមគំនិតគ្នា នាំមនុស្សឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់ ប៉ុន្តែលោកស្នើឲ្យរដ្ឋាភិបាលត្រូវតែលុបបំបាត់អំពើពុករលួយ និងបក្ខពួកនិយមឱ្យអស់។
លោក ស៊ឹង សែនករុណា បានឱ្យដឹងទៀតថា ការសម្រេចដកតំណែង និងបន្ថយឋានន្តរស័ក្តិ នគរបាលបាលនោះមិនគ្រប់គ្រាន់ទោះទេ ពាក់ព័ន្ធទៅនឹងទង្វើល្មើសច្បាប់របស់ពួកគេ ពីព្រោះការជួញដូរមនុស្សគឺជាបទឧក្រិដ្ឋដូច្នេះត្រូវតែចាត់វិធានការផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ ដោយពុំមានការយោគយល់បង្កឲ្យមានអំពើពុករលួយនៅក្នុងការចរចាដោះស្រាយបញ្ហានោះទេ។
លោក ស៊ឹង សែនករុណា៖ «នៅក្នុងសង្គមកម្ពុជាបើនិយាយអំពីពុករលួយពាក់ព័ន្ធទៅនឹងបទល្មើសបទឧក្រិដ្ឋអីទាំងអស់នេះនៅក្នុងប្រព័ន្ធច្បាប់នៅក្នុងប្រទេសកម្ពុជាដូចជាផ្សារត្រីទៅហើយគឺចរចាគ្នា សឹងតែមន្ត្រីដែលពាក់ព័ន្ធនៅក្នុងការអនុវត្តច្បាប់សុទ្ធតែទទួលបាននូវផលប្រយោជន៍ភាគតិចបំផុតដែលមិនហ៊ានទៅពាក់ព័ន្ធ»។
ទាក់ទងនឹងមន្ត្រីដែលត្រូវបានតំណែង និងបន្ថយឋានន្តរស័ក្តិ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានប្រាប់សារព័ត៌មានក្នុងស្រុកថា លោក ស សុខា សម្រេចដកតំណែង និងបន្ថយឋានន្តរស័ក្តិ នគរបាលបាលខេត្តស្ទឹងត្រែង ចំនួន៦រូប ដោយសារពួកគេបានរួមគំនិតគ្នា នាំមនុស្សឆ្លងដែនចូលកម្ពុជា ដោយខុសច្បាប់។ លោក ថា នេះជាការអនុវត្តច្បាប់ យ៉ាងម៉ឺងម៉ាត់ លើមន្ត្រីណាដែលល្មើសច្បាប់ យកតួនាទីទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
មន្ត្រីទាំងនោះ មានដូចជា លោក ចាន់ សុធា មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ត្រូវបានផ្អាកការងារបណ្ដោះអាសន្ន ហើយ ត្រូវបង្ហាញមុខរៀងរាល់ម៉ោងធ្វើការ នៅការិយាល័យ រហូតដល់មានការសម្រេចថ្មី។ លោក ចាន់ សុផា ដែលជាស្នងការរង ទទួលការងារព្រំដែន ត្រូវបានដកហូតមុខតំណែង ឱ្យមកជាមន្ត្រី។ លោក ទិព្វ និទ្ធី ត្រូវបានដកតួនាទីពីមេបញ្ជាការរងសេនាតូចនគរបាល ការពារព្រំដែនគោក មកជាមន្ត្រី ។ លោក ឋាន វិចិត្រ ត្រូវដកហូតតួនាទីពីនាយរងផ្នែកសុខាភិបាល នៃវរសេនាតូចនគរបាលការពារព្រំដែនគោក ឱ្យមកជាមន្ត្រី ។ លោក សៅ សុភាព ត្រូវបានដកហូតតួនាទីពីនាយរងប៉ុស្តិ៍នគរបាលការពារព្រំដែន ឱ្យមកជាមន្ត្រី និងលោក ចាន់ សុភ័ក្រ ត្រូវបានបន្ថយឋានន្តរស័ក្តិ ពីអនុសេនីយ៍ត្រី មកនៅត្រឹមថ្នាក់ព្រិន្ទបាលឯក។
លោក ទូច សុឃៈ បន្ថែមទៀតរថា តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ បានរកឃើញអ្នកពាក់ព័ន្ធ២នាក់ផ្សេងទៀត ដែលមិនស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ព្រមទាំងមេខ្លោង៤នាក់ទៀត ជាជនជាតិឡាវ។ ពេលនេះ សមត្ថកិច្ចកម្ពុជា បានបញ្ជូនឈ្មោះឬអត្តសញ្ញាណទៅឱ្យសមត្ថកិច្ចជំនាញហើយ ដើម្បីចាត់វិធានការច្បាប់។
លោក ស សុខា បានលើកឡើងកន្លងមកថា មន្ត្រីនគរបាលរូបណាដែលប្រព្រឹត្តល្មើសវិន័យ នឹងបញ្ជូនទៅធ្វើការនៅតាមព្រំដែនចាប់ពី ៣ខែ ដល់ ៦ខែ ដើម្បីឲ្យដឹងថា កងកម្លាំងនៅទីនោះលំបាកកម្រិតណា ហើយមកវិញត្រូវតែកែខ្លួន ខិតខំធ្វើការឱ្យបានល្អ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៥ មករា ថា រដ្ឋាភិបាលត្រូវតែលុបបំបាត់អំពើពុករលួយ និងបក្ខពួកនិយមឱ្យអស់ពីប្រព័ន្ធអភិបាលកិច្ចរដ្ឋ ទើបកម្ពុជាអាចពង្រឹងខឿនសេដ្ឋកិច្ច លើកកម្ពស់យុត្តិធម៌សង្គម ហើយក៏អាចពង្រឹងការឯកភាពជាតិឱ្យរឹងមាំបាន។
កាលពីអំឡុងឆ្នាំ២០២៥ អង្គការតម្លាភាពអន្តរជាតិកម្ពុជា បានចេញរបាយការណ៍ស្ដីពីសន្ទស្សន៍អំពើពុករលួយឆ្នាំ២០២៤ ថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ខាងប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង ១០ ខណៈប្រទេសភូមា ជាប់លេខ១៕









