តើលោកអ្នកធ្លាប់មានអារម្មណ៍ថា ទោះខិតខំប៉ុណ្ណា ក៏ហាក់ដូចជាទៅមុខមិនរួចដែរឬទេ?
ខំរៀនខ្លាំង ខំធ្វើការខ្លាំង ប៉ុន្តែទីបំផុតបានត្រឹមតែឱបដៃឈរមើលឱកាសការងារធ្លាក់ទៅលើអ្នកដែលមានបក្ខពួកខ្សែស្រឡាយទៅវិញ។ នៅក្នុងសង្គមមួយ ដែលមានការផ្ទេរអំណាចពីឪពុកទៅកូន ដូចជាកម្មសិទ្ធិរបស់គ្រួសារខ្លួន មនុស្សចាប់ផ្តើមសួរខ្លួនឯង ថា តើការខិតខំរបស់ពួកគេ មានតម្លៃដែរឬទេ?
អំពើពុករលួយ បក្ខពួកនិយម និងការគាបសង្កត់ជាច្រើនឆ្នាំ មិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចទេ វាប៉ះពាល់ដល់ចិត្តមនុស្ស។
យុវជនដែលគ្មានបក្ខពួកខ្លះអស់សង្ឃឹម។ ពួកគេឈប់សួរ ឈប់នឹកស្រម៉ៃ ឈប់ជឿថា ខ្លួនអាចមានអនាគតវែងឆ្ងាយដូចគេ។
ក្នុងកម្មវិធី Podcast នាសប្តាហ៍នេះដែលជាលើកចុងក្រោយនៃជជែករវាង លោក ជុន ច័ន្ទបុត្រ និងលោក សំ ប៉ូលី កិច្ចពិភាក្សានេះនិយាយអំពី “វប្បធម៌អស់សង្ឃឹម” ក្នុងសង្គមកម្ពុជា ដែលកើតឡើងក្រោមប្រព័ន្ធដឹកនាំបច្ចុប្បន្ន៕







