

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បាន ចេញរបាយការណ៍មួយ ដោយបានបង្ហាញអំពីចន្លោះប្រហោងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលដល់ពលករចំណាកស្រុករាប់សិបម៉ឺននាក់ ដែលកំពុងជាប់បំណុលមីក្រូហិរញ្ញវត្ថុ បន្ទាប់ពីពួកគេត្រឡប់ពីប្រទេសថៃវិញ ដោយសារជម្លោះព្រំដែន។ របាយការណ៍ បានបញ្ជាក់ថា វិបត្តិបំណុលទាំងនេះ បានញាំញីជីវភាពរបស់ពលករ ធ្វើឱ្យពួកគេប្រឈមនឹងភាពអត់ឃ្លាន ដោយសារគ្មានការងារធ្វើ។
រដ្ឋាភិបាលកម្ពុជា កំពុងខកខានក្នុងការផ្ដល់ជំនួយដល់ពលករចំណាកស្រុករាប់សែននាក់ ដែលកំពុងជាប់បំណុលមីក្រូហិរញ្ញវត្ថុ បន្ទាប់ពីពួកគេត្រឡប់មកពីប្រទេសថៃវិញ។ នេះបើតាមរបាយការណ៍ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ដែលផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ដែលមានចំណងជើងថា «ពលករចំណាកស្រុកដែលវិលត្រឡប់មកវិញ ប្រឈមនឹងភាពអត់ឃ្លាន និងគ្មានការងារធ្វើ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានបរាជ័យជាយូរមកហើយ ក្នុងការធានានូវកម្រិតជីវភាពសមរម្យ ការអប់រំ និងការថែទាំសុខភាព ចំពោះពលករ និងប្រជាពលរដ្ឋ ដែលធ្វើឱ្យគ្រួសាររបស់ពួកគេ បានទទួលរងសម្ពាធដោយសារបំណុលធនាគារ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះ បានបន្ថែមថា ពលករខ្មែររាប់សិបម៉ឺននាក់ ដែលបានវិលត្រឡប់មកវិញ តាមការអំពាវនាវរបស់រដ្ឋាភិបាល ដោយសារជម្លោះព្រំដែននោះ ភាគច្រើនពួកគេនៅមិនទាន់ទទួលបានការងារធ្វើ និងការជួយសម្រួលឥណទានធនាគារ ដូចតាមការសន្យារបស់រដ្ឋាភិបាលនោះឡើយ ខណៈកន្លែងការងារ ដែលរដ្ឋាភិបាលបានសន្យាផ្ដល់ឱ្យនោះ មានចំនួនតិចជាងការប្រកាស និងស្ថិតនៅកន្លែងឆ្ងាយពីផ្ទះសម្បែងពលរដ្ឋ។
របាយការណ៍បន្ថែមថា បញ្ហាទាំងនេះ បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើន បានធ្លាក់ទៅក្នុងសម្ពាធ និងបង្ខំឱ្យសងបំណុលពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលពួកគេបានខ្ចីមុនពេលទៅធ្វើការនៅប្រទេសថៃ។ ប្រឈមនឹងវិបត្តិនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានអំពាវនាវឱ្យរដ្ឋាភិបាលជួយដល់ពលករ ដែលវិលត្រឡប់មកវិញ តាមរយៈការជួយសម្រួលដល់ពលករ ក្នុងការស្វែងរកការងារធ្វើនៅក្នុងស្រុក និងជួយកែសម្រួលឥណទាន ឱ្យសមស្របទៅនឹងលទ្ធភាពរបស់ពលករ និងប្រជាពលរដ្ឋផ្សេងទៀត។
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការ Human Rights Watchលោកស្រី ប្រាយយ៉ូនី ឡូ (Bryony Lau) បានលើកឡើងនៅក្នុងរបាយការណ៍ថា «រដ្ឋាភិបាលកម្ពុជា មានកាតព្វកិច្ចជួយពលករចំណាកស្រុក ដែលមន្ត្រីរបស់ខ្លួនបានលើកទឹកចិត្តឱ្យវិលត្រឡប់ពីប្រទេសថៃវិញ ដោយធានាថា ស្ថាប័នមីក្រូហិរញ្ញវត្ថុ នឹងមិនដាក់សម្ពាធ ឬបង្ខំលើពលករចំណាកស្រុក នៅពេលពួកគេត្រឡប់មកវិញនោះឡើយ ព្រោះពួកគេ ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀត កំពុងមានជីវភាពខ្វះខាត និងត្រូវតស៊ូចិញ្ចឹមគ្រួសាររបស់ពួកគេ»។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា ដើម្បីសុំការឆ្លើយតបជុំវិញរបាយការណ៍នេះបានទេ នៅថ្ងៃទី២៦ ខែវិច្ឆិកា។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី ប្រាប់ទូរទស្សន៍អាស៊ីសេរីថា របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ មិនបានឆ្លុះបញ្ចាំងអំពីបាតុភាពជាក់ស្ដែង ពាក់ព័ន្ធនឹងបញ្ហាបំណុលធនាគាររបស់ពលករខ្មែរនោះឡើយ។ លោកអះអាងថា កន្លងមកស្ថាប័នមីក្រូហិរញ្ញវត្ថុ បានជួយសម្រួលឥណទានដល់ពលករខ្មែរជាបន្តបន្ទាប់ ក្រោយមានការអំពាវនាវរបស់រដ្ឋាភិបាល និងថែមទាំងបានលុបចោលបំណុល និងសម្រួលឥណទាន ដល់គ្រួសារកងទ័ពដែលបានពលី ឬឈរជើងនៅសមរភូមិ និងប្រជាពលរដ្ឋផ្សេងទៀត ដែលរងផលប៉ះពាល់ពីបញ្ហាជម្លោះ នៅតំបន់ព្រំដែននេះផងដែរ។
លោក កាំង តុងងី៖ «ហើយទន្ទឹមគ្នានេះ យើងក៏លើកទឹកចិត្តដែរ ប្រសិនបើប្រជាពលរដ្ឋពិតជាមានផលប៉ះពាល់លើប្រាក់ចំណូល ឬបញ្ហាប្រឈមណាមួយ ដែលកើតឡើងហ្នឹង សូមឱ្យគាត់មានភាពក្លាហាន និងមានភាពស្មោះត្រង់ ទៅជជែកជាមួយគ្រឹះស្ថានហិរញ្ញវត្ថុហ្នឹង ដើម្បីបង្ហាញពីស្ថានភាព ហើយរកដំណោះស្រាយណាមួយ ដែលអាចជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋយើង»។
ទោះជាយ៉ាងណា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានបញ្ជាក់ថា របាយការណ៍ខាងលើនេះ គឺធ្វើឡើងដោយផ្អែកលើទិន្នន័យ និងទិដ្ឋភាពជាក់ស្ដែង ដែលបានមកពីការសម្ភាសពលករចំនួន ៥៦នាក់ រស់នៅខេត្តបន្ទាយមានជ័យ ដែលពួកគាត់ បានវិលត្រឡប់ពីប្រទេសថៃវិញ ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២៥។ ពលករខ្មែរទាំងនោះ បានអះអាងថា ពួកគាត់បានកាត់បន្ថយការចំណាយសម្រាប់អាហារ និងបោះបង់ការថែទាំសុខភាព ដើម្បីសន្សំប្រាក់សងបំណុលធនាគារ។
ទាក់ទិនរឿងនេះ មន្ត្រីសិទ្ធិការងារទទួលបន្ទុកផ្នែកពលករចំណាកស្រុករបស់អង្គការសង់ត្រាល់ ប្រចាំប្រទេសថៃ លោក លឹង សុផុន សង្កេតឃើញថា សឹងតែគ្រប់ពលករទៅហើយ ដែលពួកគាត់បានស្ពាយបំណុល នៅពេលត្រឡប់មកកម្ពុជាវិញ។ លោកបន្តថា ពលករភាគច្រើន មិនទទួលបានការងារធ្វើនោះឡើយ ខណៈយន្តការសម្រួលឥណទាន ក៏មិនបានអនុវត្តឱ្យបានទូលំទូលាយនោះដែរ ដែលកត្តានេះ បានជំរុញឱ្យពលករមួយចំនួនបានឆ្លងដែនខុសច្បាប់ ត្រឡប់ទៅធ្វើការងារក្នុងប្រទេសថៃវិញ។
លោក លឹង សុផុន៖ «ពលរដ្ឋជាច្រើន បានត្អូញត្អែរពីការលំបាក កាន់តែវេទនា ដោយសារតែគ្មានការងារធ្វើ និងបំណុលធនាគារ គេមិនបានពន្យារពេលឱ្យយើងទេ ពួកគាត់មានការព្រួយបារម្ភ»។
ពលករខ្មែរបានសម្រុកចេញពីប្រទេសថៃវិញ បន្ទាប់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលចាប់ផ្ដើមផ្ទុះអាវុធកាលពីខែកក្កដាកន្លងមក បន្ទាប់ពីមានការអំពាវនាវរបស់រដ្ឋាភិបាល ដែលបានសន្យាផ្ដល់ឱកាសការងារ ដែលមានប្រាក់ខែសមរម្យ និងការសម្រួលឥណទានជាដើម។ ក្រសួងការងារបានអះអាងថា ពលករទាំងនោះបានទទួលការងារជាង ៤៥ម៉ឺនកន្លែងរួចហើយ។
ក៏ប៉ុន្តែ បើយោងតាមរបាយការណ៍របស់អង្គការ Human Rights Watch ក្នុងចំណោមពលករសរុប ចំនួនជិតមួយលាននាក់ (៩០ម៉ឺន) ដែលបានត្រឡប់មកកម្ពុជាវិញតាមការអំពាវនាវរបស់មេដឹកនាំកម្ពុជា មានពលករជាច្រើននាក់មិនទាន់ទទួលបានការងារធ្វើនៅឡើយ ខ្លះត្រូវគេបដិសេធមិនផ្ដល់ការងារដោយសារគ្មានជំនាញ ខណៈខ្លះមានការងារដែរតែទទួលបានប្រាក់ខែតិច ជាដើម ដែលធ្វើឱ្យពួកគាត់បង្ខំចិត្តកាត់បន្ថយការចំណាយទៅលើម្ហូបអាហារ និងការថែទាំសុខភាព ដើម្បីទុកលុយសងបំណុលគ្រឹះស្ថានហិរញ្ញវត្ថុ។
អង្គការHuman Rights Watch អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីការពារសិទ្ធិពលករដែលបានត្រឡប់មកកម្ពុជាវិញ និងពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនខ្មែរ-ថៃ។ វិធានការទាំងនោះ មានជាអាទិ ការរៀបចំឥណទានឡើងវិញ ការដាក់ពិន័យចំពោះការប្រមូលបំណុលបែបសង្កត់ក ព្រមទាំងផ្ដល់នូវការថែទាំសុខភាព និងការអប់រំដោយឥតគិតថ្លៃ ជាដើម៕









