អតិថិជន​ក្រុមហ៊ុន ហួយវ័ន ផេ មួយចំនួន​ជួប​បញ្ហា​លំបាក​ក្នុង​ជីវភាព​ក្រោយ​ក្រុមហ៊ុន​បង្កក​លុយ

0
179
ទីស្នាក់ការ​កណ្ដាល​ក្រុមហ៊ុន​ទូទាត់​សាច់ប្រាក់ «ហួយ​វ័ន ផេ​» នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះនរោត្ដម រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ​២០២៥។ TFA
ទីស្នាក់ការ​កណ្ដាល​ក្រុមហ៊ុន​ទូទាត់​សាច់ប្រាក់ «ហួយ​វ័ន ផេ​» នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះនរោត្ដម រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ​២០២៥។ TFA

អតិថិជន​ក្រុមហ៊ុន​ហួយវ័ន ផេ (Huione Pay) មួយចំនួន​បាន​បង្ខំចិត្ត​ដាក់​បញ្ចាំង​ទ្រព្យសម្បត្តិ ដើម្បី​យក​លុយ​មក​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ បន្ទាប់ពី​ក្រុមហ៊ុន​លោក ហ៊ុន តូ បាន​ប្រកាស​ផ្អាក​ដំណើរការ​សេវាកម្ម និង​បង្កក​លុយ​អតិថិជន។ អ្នកឃ្លាំមើល​លើកឡើង​ថា ជនរងគ្រោះ​ខ្មែរ និង​បរទេស​ដែល​ក្រុមហ៊ុន ហួយវ័ន ផេ បង្កក​លុយ​គួរ​ចេញ​ប្រមូល​ផ្តុំគ្នា​ទាមទារ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍ និង​ចាប់​មេខ្លោង​ធំ​នៃ​ក្រុមហ៊ុន ដើម្បី​ទប់ស្កាត់​បណ្ដាញ​ឧក្រិដ្ឋកម្ម​លាងលុយកខ្វក់​នៅ​កម្ពុជា។

ពលរដ្ឋ​ដែល​ជា​អតិថិជន​របស់​ក្រុមហ៊ុន ហួយវ័ន ផេ មួយចំនួន​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព និង​ខ្វះ​លុយកាក់​បង្វិល​ការ​ប្រកប​អាជីវកម្ម​របស់​ខ្លួន ដោយសារតែ​មិនអាច​ដក​លុយ​ចេញពី​គណនី​បាន។

អតិថិជន​ក្រុមហ៊ុន ហួយវ័ន ផេ ម្នាក់​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ឱ្យ​ទូរទស្សន៍​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី​៥ ខែ​ធ្នូ ថា កញ្ញា​មាន​មួយ​ចំនួន​ធំ​គឺ​នៅក្នុង​គណនី ហួយវ័ន ផេ ហើយ​ថា ការ​ផ្អាក​សេវា​ធ្វើ​ឱ្យ​កាន់តែ​ពិបាក​ក្នុង​ការ​ចំណាយ​ប្រចាំថ្ងៃ។ កញ្ញា​បាន​បង្ខំចិត្ត​បញ្ចាំង​គ្រឿងអលង្ការ​យក​លុយ​ប្រើប្រាស់​ក្នុង​គ្រួសារ។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «និយាយ​ទៅ​អត់​មាន​លុយ​ក្រៅ​តែម្ដង និយាយប្រាប់​បង​តាម​ត្រង់​ថ្ងៃ​ហ្នឹង​គឺ​យក​ខ្សែក​បញ្ចាំង ដើម្បី​យក​លុយ​មក​ប្រើប្រាស់ ដោយសារតែ​ទុក​លុយ​ក្នុង​ហ្នឹង ហើយ​ខ្ញុំ​គិតថា សេវា​ហ្នឹង​ថ្លៃ​ពេក​ខ្ញុំ​ចេះតែ​ទុក​បន្ត​អ៊ីចឹង ហើយ​ខ្ញុំ​អត់​ដឹង​ទេ អត់​ដឹង​ថា គេ​ផ្អើល​ខ្ញុំ​អត់​ដឹង​។ ដូច​បងៗ​ខ្ញុំគេ​មាន​លុយ​ច្រើនជាង​ខ្ញុំ​ទៀត គឺ​គាត់​ដក​អត់​បាន​ដូចគ្នា​ហើយ​អ្នកខ្លះ​គាត់​ភ័យ​អ៊ីចឹង​ទៅ​គាត់​ដក​លុយ គេ​កាត់ ៤០​ដុល្លារ ៥០​ដុល្លារ​អី​ក៏​គាត់​សុខចិត្ត​ដក​ដែរ​។ ធ្វើ​ម៉េច​បើ​អត់​មាន​លុយ​ប្រើប្រាស់​ផង​ហ្នឹង»។

អតិថិជន​បន្ត​ថា បើ​ទោះបី​អាច​ដក​ប្រាក់​តាម​ភ្នាក់ងារ​បាន​ក៏ដោយ ថ្លៃ​សេវាកម្ម​មានតម្លៃ​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់។ ដក​លុយ ១០០​ដុល្លារ​ត្រូវ​បង់ថ្លៃ​សេវាកម្ម​ពី ៤៥ ទៅ ៥០ ដុល្លារ​។ មិត្ត​ភ័ក្ដិ​របស់​កញ្ញា​មួយចំនួន​ក៏​កំពុង​ស្ទាក់ស្ទើរ​ក្នុង​ការ​ដក​លុយ​ដោយ​ខ្លាច​សេវា​ខ្ពស់ និង​ខ្លាច​ការ​ក្លែងបន្លំ​ពី​ភ្នាក់ងារ​ក្លែងក្លាយ​លើ​បណ្ដាញ​សង្គម។

ទាក់ទង​នឹង​រឿង​នេះ​ដែរ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត បញ្ជាក់​ថា ជនរងគ្រោះ​អាច​ដាក់​ពាក្យ​ប្ដឹង​ស្នើ​អន្តរាគមន៍​ពី​ធនាគារជាតិ​នៃ​កម្ពុជា ក៏ប៉ុន្តែ​រិះគន់​ថា រដ្ឋ​ខ្វះ​សមត្ថភាព​ក្នុង​ការ​តាមដាន និង​ស៊ើបអង្កេត​ប្រតិបត្តិការ​ក្រុមហ៊ុន ហួយវ័ន ផេ បន្ទាប់ពី​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដក​អាជ្ញាប័ណ្ណ​តាំងពី​ខែ​មីនា ឆ្នាំ​២០២៥។

លោក អំ សំអាត៖ «ធនាគារជាតិ​ក៏ដូចជា អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​គួរតែ​ពិនិត្យមើល​ទៅលើ​រឿង​ទាំងអស់​នេះ ហើយ​ស្វែងរក​កិច្ច​អន្តរាគមន៍​ណាមួយ​សម្រាប់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ហើយ​មួយទៀត​ទាក់ទង​នឹង​បញ្ហា​ក្រុមហ៊ុន​នេះ​នៅ​ពេល​ដែល​ធនាគារជាតិ​ដក​អាជ្ញាប័ណ្ណ​ហើយ នៅតែ​ប្រតិបត្តិការ​ដំណើរការ​បន្ត​ទៀត វា​ត្រូវតែ​មាន​ការបង្កើត​គណៈកម្មាធិការ​ស៊ើបអង្កេត​លើ​គ្រឹះស្ថាន ឬ​ក្រុមហ៊ុន ហើយ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ បើ​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ​បាន​បំពាន ឬ​ធ្វើ​ខុសច្បាប់»។

ការ​ជ្រួលច្របល់​សម្រុក​ទៅ​ដក​ប្រាក់​ពី​សំណាក់​អតិថិជន​កើតឡើង បន្ទាប់​ពី​ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ ប្រកាស​ផ្អាក​សេវាកម្ម​ទាំងអស់​របស់​ក្រុមហ៊ុន​ក្នុង​រយៈពេល​ជាង ១​ខែ​កាលពី​ថ្ងៃទី​១ ខែ​ធ្នូ ដោយ​អះអាង​ថា មាន​ការ​ដក​ប្រាក់​រាប់​សិប​លាន​ដុល្លារ​យ៉ាង​ឆាប់រហ័ស​ចេញពី​គណនី​អតិថិជន។

ទោះជា​យ៉ាងណា ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃទី​៥ ខែ​ធ្នូ បាន​ចេញ​សេចក្ដីជូនដំណឹង​ថា គោលបំណង​នៃ​ការ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ គឺ​ដើម្បី​ធានា​ស្ថិរភាព សុវត្ថិភាព​នៃ​ប្រព័ន្ធ​ធនាគារ និង​ហិរញ្ញវត្ថុ​កម្ពុជា និង​ការពារ​ផលប្រយោជន៍​សាធារណជន​។ ធនាគារជាតិ ស្នើ​ដល់​ម្ចាស់បំណុល និង​បុគ្គល​ដែល​ពាក់ព័ន្ធ​ទាំងអស់​មិនទាន់​ទទួល​បាន​ការ​ទូទាត់​ប្រាក់​ពី​ក្រុមហ៊ុន ហួយវ័ន ផេ យក​ភស្តុតាង ឬ​ឯកសារ​ពាក់ព័ន្ធ​នានា​ទៅ​ធនាគារជាតិ​នៃ​កម្ពុជា​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី ១៩ ខែ​ធ្នូ​។ ធនាគារជាតិ​នៃ​កម្ពុជា​ក៏​បន្ត​ព្រមាន​ដល់​សាធារណជន​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ប្រតិបត្តិ​ការ​ពាក់ព័ន្ធ​នឹង​គ្រីបតូ​នៅ​កម្ពុជា​ដែល​មិន​ទាន់​មាន​អាជ្ញាប័ណ្ណ​ពី​អាជ្ញាធរ​នៅឡើយ។

អ្នកស៊ើប​អង្កេត​អន្តរជាតិ សារព័ត៌មាន​បរទេស​ក៏​កំពុង​តាមដាន​ប្រតិបត្តិការ​ហិរញ្ញ​ដែល​វត្ថុ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ហួយវ័ន ផេ នេះ និង​ទំនាក់ទំនង​ជាមួយ​បណ្ដាញ​លាងលុយកខ្វក់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ផង​ដែរ។

ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ពន្យល់​ថា ជនរងគ្រោះ​ដែល​បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​ហ៊ាន​ចេញ​តវ៉ា​ទាមទារ​ឱ្យ​ក្រុមហ៊ុន និង​អាជ្ញាធរ​ទទួលខុសត្រូវ​លើ​បញ្ហា​នេះ​ថា គឺជា​ការ​បើកដៃ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន និង​បក្ខពួក​ពង្រីក​អាជីវកម្ម​លាងលុយកខ្វក់​កាន់តែ​ធំ។ អ្នកស្រី​បន្ត​ថា ប្រសិនបើ​ជនរងគ្រោះ​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ និង​ច្បាប់​កម្ពុជា ជនរងគ្រោះ​អាច​ដាក់​ពាក្យបណ្ដឹង​តាមរយៈ​អ៊ីមែល (Email) ឬ​ប្រអប់​សារ (Inbox) បណ្ដាញ​សង្គម​របស់​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍។

អ្នកស្រី មូរ សុខហួរ៖ «ផ្ញើ​អ៊ីមែល​! អ៊ីមែល​គេ​មាន​សរសេរ​លិខិត​ជូន​ព័ត៌មាន​ទាំងអស់​នេះ​រាប់​នាក់​នេះ សហការ​ជាមួយ​ប្រទេស​អង់គ្លេស និង​ប្រទេស​អាមេរិក​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ខ្លួនឯង។ កុំ​នៅ​ស្ងៀ​។ ខ្ញុំ​ស្ដាប់​អតិថិជន​នៅ​ស្ងៀម​ហ្នឹង​លើ​ដៃ​សំពះ និង​សុំ​អង្វរ​។ បាតុកម្ម​នៅ​ប្រទេស​កម្ពុជា​គឺ​ចេញ​អត់​រួច​ទេ ព្រោះ​ជា​របស់ ហ៊ុន តូ របស់ ចេន ហ្ស៊ី (Chen Zhi) យើង​ត្រូវ​រក​ប្រព័ន្ធ​ផ្សេង​ទៀតហើយ ចក្រភព​អង់គ្លេស​ស្វាហាប់​មែនទែន ប្រទេស​កូរ៉េ​កំពុងតែ​ស្វាហាប់​មែនទែន អាមេរិក ប្រទេស​សិង្ហបុរី (Singapore) និង​ប្រទេស​ថៃ គេ​ស្វាហាប់​មែនទែន​មានតែ​ប្រទេស​កម្ពុជា​មួយ​ស្ងាត់ស្ងៀម​តែម្ដង ហើយ​ឱ្យ​ឃើញ​ថា រឿង​នេះ​លោក ហ៊ុន ម៉ាណែត អត់​ហ៊ាន​ប៉ះពាល់​ទេ»។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ស្រាវជ្រាវ លោក សេក សុជាតិ លើកឡើង​ថា ធនាគារជាតិ​នៃ​កម្ពុជា រួម​ទាំង​ក្រសួង​សេដ្ឋកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ចេញមុខ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​អតិថិជន ហួយវ័ន ផេ ដែល​ដក​ប្រាក់​មិនបាន ដើម្បី​ឱ្យ​មហាជន​មាន​ជំនឿ និង​ទុកចិត្ត​លើ​ប្រព័ន្ធ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។

លោក សេក សុជាតិ៖ «ភាគី​ពាក់ព័ន្ធ​គួរតែ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ធនាគារជាតិ​ធ្វើការ​ដោះស្រាយ ដើម្បី​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​គាត់​មាន​ប្រាក់​ត្រឡប់មកវិញ និង​មាន​ជំនឿ និង​ទុកចិត្ត​លើ​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ​។ នេះ​ក៏​ជា​សញ្ញា​ជាមួយ​វិជ្ជមាន​ដែរ ដែល​យើង​អាច​ធ្វើ​យើង​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ សហគមន៍​អន្តរជាតិ ក៏​មើលឃើញ​ពី​ការ​ប្ដេជ្ញាចិត្ត និង​ការអនុវត្ត​ច្បាប់​ប្រកបដោយ​ភាព​ច្បាស់លាស់ និង​ត្រឹមត្រូវ​ចំពោះ​បញ្ហា​ទាំងអស់​នេះ​ផង​ដែរ»។

អ្នកឃ្លាំមើល​លើកឡើង​ថា បញ្ហា​ឧក្រិដ្ឋជន​មាន​ទំនាក់​ទំនងជា​មួយ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន កំពុង​ពង្រីក​របរ​អាជីវកម្ម​លាងលុយកខ្វក់ និង​អំពើ​ឆបោក​តាម​អនឡាញ​កាន់តែ​រីកសាយ​ភាយ​នៅក្នុង​ប្រទេស​កម្ពុជា និង​បាន​បំផ្លាញ​មុខមាត់​ប្រទេសជាតិ សង្គម និង​បំផ្លាញ​សេដ្ឋកិច្ចជាតិ​រហូតដល់​សេដ្ឋកិច្ច​ពលរដ្ឋ​តាម​ទី​ជនបទ​។ ក្រៅ​ពី​នេះ អ្នកស្រី មូរ សុខហួរ ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មាន​សេចក្ដីក្លាហាន​ចាប់ខ្លួន​ប្រធាន​ក្រុមហ៊ុន ហួយវ័ន ផេ លោក ហ៊ុន តូ និង​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) របស់​លោក ចេន ហ្ស៊ី (Chen Zhi) ដើម្បី​បង្ហាញ​ប្រាប់​សហគមន៍​អន្តរជាតិ​ថា រដ្ឋាភិបាល​ត្រកូល ហ៊ុន មិន​ដឹកនាំ​ប្រទេស​តាម​បែប​ឧក្រិដ្ឋកម្ម​ម៉ាហ្វីយ៉ា (Mafia) នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ