

យុវជនកម្ពុជាមួយរូបគឺលោក មូន ពេជ្រ បានប្រើប្រាស់បណ្ដាញសង្គមរបស់លោក ផ្ដួចផ្ដើមកៀរគរមតិគាំទ្រពីប្រជាពលរដ្ឋខ្មែរ ដើម្បីដាក់ពាក្យប្ដឹង ប្រឆាំងនឹងពួកមេដឹកនាំយោធា និងអ្នកដឹកនាំនយោបាយថៃ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ជាស្ថាពរ។
យុវជនកម្ពុជាដែលបញ្ចប់ការសិក្សាផ្នែកយោធានៅសហរដ្ឋអាមេរិក លោក មូន ពេជ្រ បានដាក់ពាក្យប្ដឹងពួកមេដឹកនាំយោធា និងអ្នកដឹកនាំនយោបាយថៃ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដោយចោទប្រកាន់ពាក់ព័ន្ធពីបទឧក្រិដ្ឋរបស់ពួកគេមកលើប្រជាជនខ្មែរ និងប្រទេសកម្ពុជា ជាមួយនឹងស្នាមមេដៃគាំទ្រពីប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺននាក់ គិតត្រឹមថ្ងៃទី១៧ វិច្ឆិកា។

លោក មូន ពេជ្រ សរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៧ ខែវិច្ឆិកាថា ពាក្យបណ្តឹងនេះមានចំនួន៣៥ទំព័រ។
លោក មូន ពេជ្រ បានសរសេរថា៖ «ក្នុងគ្រាដ៏លំបាកនេះ សូមកុំបន្ទោស ឬសួរថា វាជាតួនាទីរបស់អ្នកណា។ យើងត្រូវសួរថា តើយើងម្នាក់ៗ អាចធ្វើអ្វីបាន ដើម្បីការពារយុត្តិធម៌ សន្តិភាព សេចក្តីថ្លៃថ្នូរ អធិបតេយ្យភាព និងសិទ្ធិជាមូលដ្ឋានរបស់ជនជាតិយើង»។
លោកបន្ថែមទៀតថា ដើម្បីធានាថា ពាក្យបណ្តឹងនេះបានទៅដល់ការិយាល័យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ លោកបានដាក់តាមរយៈ ៣វិធីរួមមាន Online Submission Portal របស់តុលាការ ICC តាមអ៊ីមែលផ្លូវការរបស់ការិយាល័យរដ្ឋអាជ្ញានៃតុលាការ ICC និងផ្ញើតាមប្រៃសណីយ៍ទៅកាន់ការិយាល័យរដ្ឋអាជ្ញារបស់តុលាការ ICC ដែលមានទីស្នាក់ការនៅទីក្រុងឡាអេ ប្រទេសហូឡង់។

ទាក់ទងទៅនឹងការដាក់ពាក្យបណ្តឹងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោក ស៊ឹង សែនករុណា បានឲ្យដឹងថា លោកក៏ជាមនុស្សម្នាក់ដែលបានចុះឈ្មោះចូលរួមគាំទ្រចំពោះការដាក់ពាក្យបណ្តឹងនេះផងដែរ ពីព្រោះលោកចង់ឃើញតុលាការអន្តរជាតិមួយនេះមានវិធានការផ្លូវច្បាប់ទៅលើប្រទេសថៃ។
លោក ស៊ឹង សែនករុណា៖ «យើងមិនចង់ឃើញមេដឹកនាំថៃ ឬក្រុមទាហានយោធាថៃប្រព្រឹត្តនៅអំពើអមនុស្សធម៌សម្លាប់ប្រជាពលរដ្ឋកម្ពុជាក៏ដូចជាបំពារបំពានទៅលើទឹកដីរបស់ប្រទេសកម្ពុជាដែលមានព្រំដែនច្បាស់លាស់ដោយមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។ អ៊ីចឹងតុលាការនេះមានសារៈសំខាន់ណាស់ក្នុងការផ្តល់សេចក្តីសង្ឃឹមទៅដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋថៃដែលមិនចង់ឃើញមានសង្គ្រាមកើតមានឡើងរវាងនៃប្រទេសទាំងហ្នឹងផងដែរ»។
រដ្ឋាភិបាលកម្ពុជាបានប្រកាសថា បានដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ លើវិវាទព្រំដែនជាមួយប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញតុលាការមានចំណាត់ការទៅលើបណ្តឹងរបស់កម្ពុជានៅឡើយទេ ខណៈយោធាថៃកំពុងបន្តរំលោភបំពានបទឈប់បាញ់ និងបូរណភាពទឹកដីប្រទេសកម្ពុជាតាមរយៈការដាក់រាយលួសបន្លា និងកង់ឡានព័ទ្ធយកដីផ្ទះ និងភូមិ ព្រមទាំងបាញ់ប្រហារបណ្តាលឱ្យពលរដ្ឋខ្មែរស្លាប់ និងរបួសជាច្រើននៅភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងខេត្តបន្ទាយមានជ័យ៕









