សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ច្បាប់​លើ​ក្រុមហ៊ុន​ដែល​មិន​ដោះស្រាយ​ជូន​អតិថិជន​តាម​កិច្ចសន្យា

2
122
លោក ឡេង ណាវ៉ាត្រា (ស្ដាំ) និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញសង្គម
លោក ឡេង ណាវ៉ាត្រា (ស្ដាំ) និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញសង្គម

មន្ត្រី​សិទ្ធិមនុស្ស និង​អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ច្បាប់​លើ​ក្រុមហ៊ុន​ឧកញ៉ា ដែល​មិន​សាងសង់​ផ្ទះ និង​ដោះស្រាយ​បញ្ហា​ជូន​អតិថិជន ដោយ​គ្មាន​ការយោគយល់ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​បន្ត​រងគ្រោះ។ ការ​លើកឡើង​នេះ​បន្ទាប់​ពី​នាយទាហាន​កម្ពុជា​ម្នាក់​បាន​ទាមទារ​ឲ្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា ពន្លឿន ដំណោះស្រាយ​សង់ផ្ទះ​ឲ្យ​គាត់​តាម​កិច្ចសន្យា​ទិញ​-​លក់។

បញ្ហា​ក្រុមហ៊ុន​ឧកញ៉ា​ជាច្រើន ដែល​ធ្វើ​ជំនួញ​លក់​ផ្ទះ​ខ្យល់​ឲ្យ​អតិថិជន ដូចជា ក្រុមហ៊ុន​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ជាដើម ក្លាយ​ទៅ​ជា​ប្រពៃណី វិបត្តិ​គ្មាន​ដំណោះស្រាយ​រាប់​ឆ្នាំ​មក​ហើយ​នៅ​ប្រទេស​កម្ពុជា។ ទោះបីជា​អតិថិជន​ចេញ​តវ៉ា​ម្ដង​ហើយ​ម្ដងទៀត ក៏​ក្រុមហ៊ុន​ទាំង​នោះ មិន​ខ្វល់​អនុវត្ត​កិច្ចសន្យា​ឲ្យ​បាន ត្រឹមត្រូវ​ដែរ។ ផ្ទុយទៅវិញ ពួកគេ​បង្ហាញ​រូបភាព​ស្និទ្ធស្នាល​ជាមួយ​អ្នក​មាន​អំណាច ដើម្បី​គំរាម​បិទមាត់​ពលរដ្ឋ​ដែល​ចេញ​តវ៉ា​ទាមទារ​យុត្តិធម៌។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី លើក​ឡើង​ថា រដ្ឋាភិបាល​ត្រូវតែ​ចាត់​វិធានការ​ច្បាប់​លើ​ក្រុមហ៊ុន​ឧកញ៉ា ដែល​ធ្វើ​ជំនួញ​បំពាន​កិច្ចសន្យា ដោយ​គ្មាន​ការ​លើកលែង ទោះបី​ជា​មាន​បក្ខពួក​ពី​ខាង​ណា ឬ ស្ថាប័ន​ណាក៏ដោយ។

លោក យិន ម៉េងលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ការទិញ​-​លក់ មាន​កិច្ចសន្យា​វាង​អ្នកទិញ និង​អ្នកលក់ ហើយ​កិច្ចសន្យា​គឺជា​ច្បាប់ ដែល​កំណត់​ឲ្យ​ភាគី​ទាំងពីរ ត្រូវ​ប្រតិបត្តិ​តាម ដូច្នេះ ភាគី​ណាមួយ​ដែល​មិន​ធ្វើតាម​កិច្ចសន្យា ជា​ភាគី​រំលោភ ច្បាប់​ហើយ។ លោក​កត់សម្គាល់​ថា កន្លង​ទៅ​នេះ មាន​បញ្ហា​ជាច្រើន​ពាក់ព័ន្ធ នឹង​ឧកញ៉ា​មួយចំនួន ដែល​ធ្វើ​ជំនួញ​សង់ផ្ទះ​លក់ ឬក៏ ឲ្យ​អតិថិជន​ដាក់ ប្រាក់ យក​ការ​ប្រចាំខែ​ជាដើម មិនបាន​គោរព​តាម​កិច្ចសន្យា​នោះ​ទេ ហើយក៏​ពុំ​ឃើញ មាន​ចំណាត់​ការគួរ​ឲ្យ​ជឿជាក់​ពី​រដ្ឋាភិបាល​ដែរ។

លោក យិន ម៉េងលី ថា រដ្ឋាភិបាល​ត្រូវ​មាន​ចំណាត់ការ​ឡើងវិញ ពីព្រោះ​កាលណា​រដ្ឋាភិបាល​មិន​លូកដៃ​ជួយ​ទេ នោះ​នឹង​ធ្វើ​ឲ្យ​ខាតបង់​ប្រជា​ពលរដ្ឋ​ផង និង​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​របស់​ជាតិ​ផង ដោយ​ប្រជាពលរដ្ឋ លែង​ហ៊ាន​ទិញ​-​លក់​ជាមួយ​ក្រុមហ៊ុន​ឧកញ៉ា ព្រោះតែ​ពលរដ្ឋ​បាត់​ជំនឿ​ចិត្ត ពី​គំរូ​មិនល្អ របស់​ឧកញ៉ា​មួយ​ចំនួន ដូច្នេះ​ក៏​ក្លាយជា​កត្តា​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ចជាតិ​ដែរ។ លោក​ជំរុញ​ឲ្យ​បំបាត់​វប្បធម៌​របស់​មន្ត្រី​អនុវត្តន៍​ច្បាប់ ដែល​លំអៀង​ការពារ​តែ បក្ខពួក​ជា​អ្នក​មាន​អំណាច និង​ឧកញ៉ា ហើយ​ចាត់ការ​បែប​រើសអើង ដោយ​ដាក់ទោស​បានតែ​ពលរដ្ឋ​ក្រីក្រ​ដែល​អត់​បក្ខពួក។ លោក​ថា នេះ​ជា​ការ​អនុវត្ត​ច្បាប់ ដែល​មាន​ការ​បែងចែក​រវាង​អ្នកមាន​លុយ មាន​អំណាច ហើយ​និង​អ្នក​ទន់​ខ្សោយ​នៅក្នុង​សង្គម ដែល​ជា​របៀប​ប្រតិបត្តិ​ខុសពី​គោលការណ៍​ច្បាប់។

លោក យិន ម៉េងលី៖ «ពី​ពេលនេះ បើសិនជា​រដ្ឋាភិបាល​មិន​ខិតខំ​ស្ដារ​ឡើងវិញ​ទៅ លើ​បញ្ហា ការអនុវត្ត​ច្បាប់ ចំពោះ​អ្នកឧកញ៉ា អ្នក​វិនិយោគ​ទេ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​វិនិយោគ​ដ៏ទៃ​ទៀត គេ​អត់​ហ៊ាន​មក​វិនិយោគ​ទេ វា​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ វា​នឹង​ធ្វើ​ឲ្យ​វិស័យ​អចលនទ្រព្យ​យើង វា​លែង​មាន​អ្នក​ហ៊ាន​ទិញ វា​ធ្លាក់ចុះ។ អ៊ីចឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ទាំង​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ទាំង​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​ជាប់បំណុល​នៅ​ធនាគារ​នេះ។ អ៊ីចឹង​សំខាន់​ណាស់​យើង​ការអនុវត្ត​ច្បាប់ ដោយ​គ្មាន​យោគយល់​ចំពោះ​បុគ្គល​ណា​ទេ ទោះបី​អ្នកនោះ​មាន​ឋានៈ​តួនាទី​ប៉ុណ្ណា​ក៏ដោយ អាហ្នឹង​បាន​ស្ដារ​មុខមាត់​រដ្ឋាភិបាល​ឡើងវិញ​បាន»។

ការ​លើក​ឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​នាយទាហាន​ឈ្មោះ វ៉ិត គឹមសាន បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ កាលពី​ថ្ងៃទី​៩ ខែ​មករា ដោយ​លោក​អះអាង​ថា រយៈពេល ៣​ទៅ​៤​ឆ្នាំ​ហើយ ក្រុម​ហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា មិនបាន​គោរព​តាម​កិច្ចសន្យា ជាមួយ​លោក និង​អតិថិជន​ដទៃ​ទៀត​ទេ។ លោក​ថា បច្ចុប្បន្ន​លោក​ជួល​ផ្ទះ​ស្នាក់នៅ ហើយ​ប្រាក់​ខែ​ទាហាន​បើក​មក គឺ​សម្រាប់​តែ​សង​ទៅ​ធនាគារ​អស់។

លោក វ៉ិត គឹមសាន៖«ខ្ញុំ​សុំទោស ខ្ញុំ​និយាយ​បន្តិចទៀត​។ លោកឯកឧត្ដម​និយាយ​យូរណាស់​ហើយ កន្លះ​ម៉ោង ខ្ញុំ​សុំ​និយាយ​បន្តិច គិត​មើលទៅ​ខ្ញុំ​រាល់ថ្ងៃ​ជួល​ផ្ទះ​គេ​នៅ​មួយ​ខែ ៥០ ទឹក​ភ្លើង​ទឹក​អី ប្រាក់ខែ​ទាហាន​បើក​មក​សង​ធនាគារ អង្គការ​អេស៊ីលីដា ប្រាក់ខែ​មាន​ទាំងអស់ ឯកសារ​មាន ជំពាក់​ធនាគារ​ប៉ុន្មាន​បង់ ហើយ​លុយ​យក​បង់​ផ្ទះ​អស់រលីង​ហើយ ហើយ​ខ្ញុំ​មិន​ចង់បាន​អី​ទេ។ ខ្ញុំ​សុំៗ​និយាយ​បន្តិច អត់​ទាន់​បាន ៥​នាទី​ទេ ខ្ញុំ​សុំ​និយាយ​តែ ៥ នាទី​ទេ អត់​ទាន់​បាន ៥នាទី​ផង​។ គិត​មើលទៅ ខ្ញុំ​ទាហាន ឥឡូវ​កំពុង​មាន​បញ្ហា​នៅ​ព្រំដែន ឥឡូវ​ខ្ញុំ​សុខចិត្ត​ឲ្យ​មេ​ខ្ញុំ ដាក់​ឈ្មោះ​ទៅ​ព្រំដែន​វាយ​ជាមួយ​ថៃ ខ្ញុំ​ខឹង​ថៃ​ណាស់»។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅ​ថ្ងៃទី​១២ ខែ​មករា។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន និង​ជា​អ្នកវិភាគ លោក ប៉ោ មករា លើកឡើង​ថា បើ​ការ​សង​ត្រឡប់​ទៅវិញ ឬ ការ​សាងសង់​លំនៅឋាន ឬ ការ រៀបចំ​ដី​ឡូតិ៍ ជូន​អតិថិជន មិន​គ្រប់​ចំនួន​តាម​កិច្ចសន្យា​ទេ គួរតែ​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់។ លោក​ថា រដ្ឋាភិបាល​មិនអាច​ពន្យារពេល​ម្ដង​ហើយ​ម្ដង​ទៀត​ឡើយ ពី​ព្រោះ​ធ្វើ​ឲ្យ​ខូចប្រយោជន៍​ពលរដ្ឋ។

លោក ប៉ោ មករា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​ពន្យា​ពេល​ដំណោះស្រាយ គឺ​ជា​បញ្ហា​ដែល​ពលរដ្ឋ​បារម្ភ ហើយ​ភ័យ​ខ្លាច រហូតដល់​វីរៈកងទ័ព ចេញ​តវ៉ា​តាម​បណ្ដាញ​សង្គម។ លោក​ថា រឿង​បែប​នេះ បង្ក​ការ​ឈឺចាប់ និង​ការ​បែកបាក់​សាមគ្គី​ជាតិ ដោយសារ​ការ​មិន​ផ្ដល់​យុត្តិធម៌​ទៅ​ឲ្យ​ជនរងគ្រោះ​នៅ​ក្នុង​ស្ថានភាព ប្រទេស​ជាតិ​ជួប​ការ​លំបាក។

លោក ប៉ោ មករា៖ «ឧកញ៉ា​អត់​ទទួលខុសត្រូវ​ទៅលើ​អ្វី​ដែល​ជា​កិច្ចសន្យា​អតិថិជន វា​ជា​រឿង​មួយ​ដែល​ច្បាប់​ត្រូវតែ​ចាត់ការ។ ទី​២ ច្បាប់​ត្រូវតែ​អនុវត្ត​ស្មើភាព​គ្នា​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ​។ អ៊ីចឹង​បើសិន​ជា​មាន​បញ្ហា ពាក់ព័ន្ធ​ដំណើរការ នឹង​ការសាងសង់​យឺត តើ​ច្បាប់​គួរតែ​ពិនិត្យមើល ហើយ​វិនិច្ឆ័យ​មើល វា​មិន​គួរ​ណា​យក​បង្អែក​អ្នក​នយោបាយ​ល្បីៗ ឬ​ឥស្សរជន​ល្បីៗ ណាមួយ​យក​មក​កាង​។ អ៊ីចឹង​គិត​ថា ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​សង្គម​មាន​ការ​ឈឺចាប់ ធ្វើ​ឲ្យ​សង្គម​នឹង​កាន់តែ​មានការ​បែកបាក់​គ្នា តាមរយៈ​ភាព​អយុត្តិធម៌​នៅក្នុង​សង្គម»។

ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ បន្ទាប់​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មានការ​ផ្ទុះឡើង​នូវ​ជំនួញ​លាង​លុយ​កខ្វក់ តាមរយៈ​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការ​ឆបោក ទាំង​បណ្ដាញ​អន្តរជាតិ និង ទាំង​បណ្ដាញ​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស ក្នុង​វិស័យ​សំណង់​អចលនទ្រព្យ ការ​ចង​ការប្រាក់ និង​ហិរញ្ញវត្ថុ។

ក្រៅពី​ក្រុមហ៊ុន​លក់​ផ្ទះ​ខ្យល់​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ក្រុមហ៊ុន​ដែល​ល្បីល្បាញ ខាង​ឆបោក នៅ​កម្ពុជា​ផ្សេងទៀត រួមមាន ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា ក្រុមហ៊ុន​ស៊ីអាយស៊ី (CIC) របស់​លោក គុយ វ៉ាត ក្រុមហ៊ុន​ ជា សារ៉ន របស់​អតីត​ឧកញ៉ា ជា សារ៉ន ក្រុមហ៊ុន​ពិភព​ដី​មាស​របស់​អតីត​ឧកញ៉ា ហ៊ីង គឹមហុង ជាដើម ។ ក្រុម​ឧកញ៉ា និង​បុគ្គល​ទាំងនេះ ត្រូវ​ពលរដ្ឋ​ខ្មែរ​កត់សម្គាល់​ឃើញ​មាន​ភាព​ជិតស្និទ្ធ ជាមួយ​ក្រុម គ្រួសារ​លោក ហ៊ុន ម៉ា​ណែ​ត ឬ អ្នកមានអំណាច​ក្នុង​រដ្ឋាភិបាល គ្រួសារ​ត្រកូល ហ៊ុន៕

2 យោបល់

  1. មន្រ្ដីបក្សប្រឆាំងជំរុញឲ្យរដ្ធាភិបាលរកវិធីទាមទារទឹកដីដែលថៃកាន់កាប់ ជាងវាយប្រហារខ្មែរគ្នាឯង♥️

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ