

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ចេញប្រតិកម្មចំពោះការបង្ហោះសារ របស់ប្រមុខស្ថាប័នកិច្ចការព្រំដែន និងអន្តោប្រវេសន្តនៃរដ្ឋាភិបាលនិរទេស គឺរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លោក អ៊ុំ សំអាន ដែលអះអាងថា ការបោះបង្គោលព្រំដែនថ្មី ធ្វើឲ្យខ្មែរបាត់ដីទៅថៃច្រើនគីឡូម៉ែត្រការ៉េ។ លោក ហ៊ុន ម៉ាណែត បង្ហោះសារលើទំព័រហ្វេសប៊ុក (Facebook) នៅថ្ងៃទី២៧ ខែវិច្ឆិកា ដោយចោទថា ការលើកឡើង របស់លោក អ៊ុំ សំអាន នេះ គឺជារឿងមិនពិត និងជាការកេងចំណេញនយោបាយ។
ការបញ្ចេញប្រតិកម្មពីលោក ហ៊ុន ម៉ាណែត នេះ គឺបន្ទាប់ពីលោក អ៊ុំ សំអាន បានបង្ហោះសារថា ទឹកដីថៃនៅតំបន់ ផុងណារុន (Pong Nam Ron) នៅជាប់ស្រុកកំរៀង ខេត្តបាត់ដំបងដែលជាអតីតតំបន់មូលដ្ឋានយោធាខ្មែរក្រហមដែលលោក អៀង សារី បានកាន់កាប់ហើយមានលោក អ៊ី ឈាន ជាមេទ័ព នាសម័យសង្គ្រាម ស៊ីវិលនាទសវត្សទី៨០។ លោក អ៊ុំ សំអាន អះអាងថា អតីតអភិបាលខេត្តប៉ៃលិន លោក អ៊ី ឈាន ធ្លាប់និយាយថា ថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ ផុងណាំរុន ( Pong Nam Ron) ជាប់ស្រុកកំរៀងនេះ។
អតីតតំណាងរាស្ត្របក្សប្រឆាំងរូបនេះ បន្តថា ព្រំដែនចាស់ មិនមែនស្ថិតនៅ ព្រំដែនបច្ចុប្បន្ននេះទេ។ ប៉ុន្តែឥឡូវនេះ លោកថា រដ្ឋាភិបាលត្រកូលហ៊ុនទទួលស្គាល់ព្រំដែនថ្មីគឺធ្វើឲ្យ បាត់បង់ទឹកដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះ។
ក្រោយបង្ហោះសារនេះ អតីតអភិបាលខេត្តប៉ៃលិន និងបច្ចុប្បន្នជាទេសរដ្ឋមន្ត្រី លោក អ៊ី ឈាន បានបង្ហោះសារឆ្លើយតបថា អ្វីដែលលោក អ៊ុំ សំអាន សរសេរនេះគឺ ជាការប្រឌិតទាំងស្រុង និងមានចរិតញុះញង់ ដើម្បីបង្ករឿងក្នុងបំណងកេងចំណេញនយោបាយ ព្រមទាំងបង្កការយល់ច្រឡំមកលើកិច្ចការព្រំដែនដែលរដ្ឋាភិបាល និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជាកំពុងអនុវត្តដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា ផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំង។
ក្រោយការបង្ហោះសាររបស់ លោក អ៊ី ឈាន នេះ លោក ហ៊ុន ម៉ាណែត លើកឡើងថា លោក និងពលរដ្ឋ កំពុងរង់ចាំមើលថា តើលោក អ៊ុំ សំអាន មានឯកសារ ឬភស្តុតាងអ្វីដើម្បីការពារការ លើកឡើងរបស់ខ្លួន។
ទោះជាយ៉ាងណា ក្រៅពីការច្រានចោល ការចោទប្រកាន់របស់លោក អ៊ុំ សំអាន នោះ ទាំងលោក ហ៊ុន ម៉ាណែត និងលោក អ៊ី ឈាន ពុំបានបកស្រាយឲ្យបាន លម្អិតនិងច្បាស់លាស អំពីប្រវត្តិដីនៅតំបន់ព្រំដែន និងការបោះបង្គោល ព្រំដែនថ្មីនេះឡើយ។
ឆ្លើយតបនឹងបញ្ហានេះ ប្រមុខស្ថាប័នកិច្ចការព្រំដែន និងអន្តោប្រវេសន្តនៃរដ្ឋាភិបាល កម្ពុជាឯករាជ្យ លោក អ៊ុំ សំអាន ថ្លែងថា លោក ហ៊ុន ម៉ាណែត គួរតែ ឲ្យពលរដ្ឋនៅតំបន់បោះបង្គោលនោះអ្នកសារព័ត៌មាន មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលចូលរួមឃ្លាំមើលការបោះបង្គោលនេះនិងបង្ហាញផែនទីខ្នាត 1/200 000 នៅតំបន់នោះថា មិនបាត់បង់ដីខ្មែរ។ លោក អ៊ុំ សំអាន នៅតែអះអាងថា ការបោះបង្គោលព្រំដែនថ្មីនេះ គឺថៃបានរំកិលចូលដីខ្មែរច្រើនគីឡូម៉ែត្រការ៉េ ពោលគឺបង្គោលព្រំដែនថ្មីនេះ មិនស្ថិតនៅទីតាំងបង្គោលព្រំដែនចាស់នោះទេ។
សូមទស្សនាការផ្សាយផ្ទាល់ លោក អ៊ុំ សំអាន បកស្រាយបន្ថែមទៀត ជុំវិញការលើកឡើងរបស់លោក និងការឆ្លើយតបរបស់លោក ហ៊ុន ម៉ាណែត និងលោក អ៊ី ឈាន៕









