

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រាប់សារព័ត៌មានអន្តរជាតិថា ឧក្រិដ្ឋកម្មឆបោកតាមអនឡាញកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ និងសេដ្ឋកិច្ចកម្ពុជា។ លោកអះអាងថា កម្ពុជាក៏ជាជនរងគ្រោះ និងមិនបានដឹងថា ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) ជាមេខ្លោងធំនៃបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញឡើយ។ ចំណែកឯអ្នកឃ្លាំមើលទាមទារឱ្យលោក ហ៊ុន ម៉ាណែត ចុះចេញពីតំណែងដោយសារតែអសមត្ថភាព និងគ្មានការទទួលខុសត្រូវ ជុំវិញរឿងឧក្រិដ្ឋកម្មដែលកំពុងរីករាលដាលនៅកម្ពុជា។
ឧក្រិដ្ឋកម្មដែលពិភពលោកស្អប់ខ្ពើម និងរួមគ្នាលុបបំបាត់បណ្ដាញឧក្រិដ្ឋជនបែរជាបង្កើតជាអាណាចក្រមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជា ដើម្បីឆបោកលុយពលរដ្ឋរាប់ពាន់លានដុល្លារនៅទូទាំងពិភពលោក។ ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឆ្លើយតបដោយគ្មានការទទួលខុសត្រូវដោយបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា មិនបានដឹងអំពីសកម្មភាពរបស់បណ្ដាញឧក្រិដ្ឋជនទាំងនោះឡើយ។
នៅក្នុងបទសម្ភាសផ្ដាច់មុខ និងដ៏កម្រមួយលោក ហ៊ុន ម៉ាណែត បានប្រាប់ភ្នាក់ងារសារព័ត៌មានបារាំង (AFP) នៅថ្ងៃទី២៦ ខែកុម្ភៈដោយទទួលស្គាល់ថា បណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញមិនត្រឹមតែកំពុងបំផ្លាញសេដ្ឋកិច្ច បង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍ និងការវិនិយោគនោះទេ ប៉ុន្តែទាញកម្ពុជាមានកេរ្តិ៍អាក្រក់លើឆាកអន្តរជាតិ។ លោកបន្ថែមថា ទោះបីជាបណ្ដាញឧក្រិដ្ឋជនបានបង្កើតមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជា និងជំរុញសេដ្ឋកិច្ចដោយប្រយោលលើអាជីវកម្ម និងឱកាសការងារក្នុងស្រុក ប៉ុន្តែរដ្ឋាភិបាលកម្ពុជាមិនទទួលបានផលចំណេញពីឧក្រិដ្ឋកម្មនេះឡើយ។
លោក ហ៊ុន ម៉ាណែត៖ «ដោយសារតែបណ្ដាញឆបោកដែលយើងចាត់ទុកថា ជាសេដ្ឋកិច្ចខ្មៅងងឹត កំពុងតែបំផ្លាញសេដ្ឋកិច្ចត្រឹមត្រូវរបស់យើង។ វាបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជា រាំងស្ទះដល់វិស័យទេសចរណ៍ និងការវិនិយោគ។ ដូច្នេះហើយ នេះគឺជាមូលហេតុដែលយើងត្រូវតែលុបបំបាត់វាចោល ដើម្បីឱ្យសកម្មភាពសេដ្ឋកិច្ចត្រូវបានលើកកម្ពស់ដូចជា ការផលិតសម្រាប់នាំចេញ ឧស្សាហកម្មយានយន្ត និងបច្ចេកវិទ្យាព័ត៌មាន (IT) ដែលវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ចរបស់យើង»។
លោក ហ៊ុន ម៉ាណែត អះអាងប្រាប់ភ្នាក់ងារសារព័ត៌មានបារាំង (AFP) ទៀតថា រដ្ឋាភិបាលកម្ពុជាក៏មិនបានដឹងពីប្រតិបត្តិការក្រុមហ៊ុនព្រីនស៍ គ្រុប (Prince Group) និងប្រវត្តិអតីតទីប្រឹក្សារបស់លោក និងឪពុករបស់លោកគឺឧក្រិដ្ឋជន ចេន ហ្ស៊ី គឺជាមេខ្លោងធំនៃបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញនោះទេ។ លោកបន្តថា ក្រោយចក្រអង់គ្លេស និងកម្ពុជាបានដកសញ្ជាតិឧក្រិដ្ឋជន ចេន ហ្ស៊ី មានសញ្ជាតិចិនតែមួយ ទើបកម្ពុជាបង្ខំចិត្តធ្វើបត្យាប័នបញ្ចូលឧក្រិដ្ឋជនរូបនេះទៅដំណើរការក្ដីក្ដាំនៅតុលាការចិន។

លោក ហ៊ុន ម៉ាណែត បដិសេធថា រដ្ឋាភិបាលកម្ពុជាមិនបានទទួលផលចំណេញពីឧក្រិដ្ឋកម្មឆបោកតាមអនឡាញនោះទេ។ ទោះជាយ៉ាងណា របាយការណ៍របស់ វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិកកាលពីឆ្នាំ២០២៤ ប៉ាន់ប្រមាណថា ផលចំណេញដែលកម្ពុជាប្លន់លុយពីពលរដ្ឋនៅជុំវិញពិភពពីវិស័យឆបោកតាមអនឡាញនៅកម្ពុជាគឺលើស ១២ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ឬពាក់កណ្ដាលនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងប្រទេសក្រីក្រមួយនេះ។
អ្នកឃ្លាំមើលថា ការឆ្លើយតបរបស់លោក ហ៊ុន ម៉ាណែត ដែលឆ្លើយមិនដឹងពីប្រតិបត្តិការឧក្រិដ្ឋជនធំៗ ជាពិសេសឧក្រិដ្ឋជន ចេន ហ្ស៊ី ដែលបង្កើតអាណាចក្រឧក្រិដ្ឋកម្មនៅកម្ពុជានោះគឺជាការគ្មានទំនួលខុសត្រូវ និងឆ្លុះបញ្ចាំងថា រដ្ឋាភិបាលត្រកូល ហ៊ុន មិនបានអើពើនឹងរបាយការណ៍សហរដ្ឋអាមេរិក និងអង្គការអន្តរជាតិជំនាញដែលលាតត្រដាងរឿងឧក្រិដ្ឋកម្មនៅកម្ពុជាឡើយ។
ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ លើកឡើងថា កម្ពុជាបានក្លាយជាអាណាចក្រឧក្រិដ្ឋកម្មឆបោកតាមអនឡាញដែលឧក្រិដ្ឋជនបានល្បួង ជនរងគ្រោះនៃជនបរទេសរាប់ម៉ឺននាក់នៅជុំវិញពិភពលោកឱ្យពាក់ព័ន្ធនិងរងគ្រោះដោយអំពើឧក្រិដ្ឋកម្មនេះ។ អ្នកស្រីយល់ថា លោក ហ៊ុន ម៉ាណែត ក៏បានសារភាពពីភាពអសមត្ថភាពរបស់ខ្លួនក្នុងការកម្ចាត់ឧក្រិដ្ឋកម្មនេះដែលបន្តធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះកម្ពុជា។
អ្នកស្រី មូរ សុខហួរ៖ «លោក ហ៊ុន ម៉ាណែត គាត់ភ្លេចខ្លួនជាអ្នកណា! គាត់ជានាយករដ្ឋមន្ត្រីហើយប្រសិនជាទំហំនៃការឆបោកធំដល់ថ្នាក់ប៉ុណ្ណឹងគាត់ថា គាត់ឆ្លើយមិនដឹង អ៊ីចឹងគាត់ត្រូវតែមានការទទួលខុសត្រូវនៅចំពោះមុខជាតិពីព្រោះការឆបោកតាមអនឡាញនេះវាប៉ះពាល់ដល់សុវត្ថិភាព និងសន្តិសុខ ដល់បូរណភាពទឹកដីនៃប្រទេសកម្ពុជា។ គាត់មានការទទួលខុសត្រូវខ្ពស់រហូតត្រូវតែចុះចេញពីតំណែង»។
របាយការណ៍របស់អង្គការសហប្រជាជាតិរកឃើញថា មនុស្សប្រមាណ ១០ម៉ឺននាក់បានរងគ្រោះក្នុងនៅមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជាដោយពួកគេប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត និងបានទទួលរងការធ្វើទារុណកម្ម និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងទម្រង់ផ្សេងៗ។
អ្នកស្រី មូរ សុខហួរ លើកឡើងថា ការណ៍ដែលលោក លោក ហ៊ុន ម៉ាណែត ហ៊ានសារភាព និងទទួលស្គាល់ពីទំហំនៃឧក្រិដ្ឋកម្មនេះ អ្នកស្រីក៏ស្នើឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន ចាត់វិធានការបង្ក្រាបឧក្រិដ្ឋកម្មនេះឱ្យបានម៉ឺងម៉ាត់តាមរយៈការបង្កើតគណៈកម្មការឯករាជ្យដែលមានភាគីអង្គការអន្តរជាតិជំនាញ និងស្ថាប័នសារព័ត៌មានឯករាជ្យចូលរួមសហការ៕









