ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ នៅតែ​បន្ត​បង្កក​លុយ​អតិថិជន

0
114
ទីស្នាក់ការ​កណ្ដាល​ក្រុមហ៊ុន​ទូទាត់​សាច់ប្រាក់ «ហួយ​វ័ន ផេ​» នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះនរោត្ដម រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ​២០២៥។ TFA
ទីស្នាក់ការ​កណ្ដាល​ក្រុមហ៊ុន​ទូទាត់​សាច់ប្រាក់ «ហួយ​វ័ន ផេ​» នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះនរោត្ដម រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ​២០២៥។ TFA

អតិថិជន​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ លើកឡើង​ថា ពួកគាត់​នៅតែ​មិនអាច​ដក​លុយ​ចេញពី​គណនី​បាន​នោះ​ទេ ហើយ​ក្រុមហ៊ុន​បាន​ព្យាយាម​បង្ក​លក្ខណៈ​កាន់តែ​ស្មុគស្មាញ​ចំពោះ​អតិថិជន​ណា​ដែល​ចង់​ដក​លុយ​ចេញពី​គណនី​។ ទន្ទឹម​គ្នា​នេះ អ្នកឃ្លាំមើល​រិះគន់​ថា រដ្ឋាភិបាល​ត្រកូល ហ៊ុន កំពុង​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ខុសច្បាប់​របស់​លោក ហ៊ុន តូ ដោយ​បើកចំហ ដោយសារតែ​គ្មាន​ចំណាត់ការ​ស៊ើបអង្កេត​លើ​អ្នក​ពាក់ព័ន្ធ និង​បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​គ្មាន​អាជ្ញាប័ណ្ណ​ដំណើរការ​ដដែល។

បន្ទាប់ពី​ផ្អាក​សេវាកម្ម​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​រយៈពេល​ជាង ១​ខែ​មក រហូត​មក​ដល់​ពេលនេះ​ក្រុមហ៊ុន ហួយ​វ័ន ផេ របស់​​​​​​លោក ហ៊ុន តូ ដែល​ប្តូរ​មក​ឈ្មោះ អេច-ផេ (H-Pay) នោះ​បាន​បើក​ដំណើរការ​ធម្មតា ប៉ុន្តែ​ក្រុមហ៊ុន​នេះ​នៅតែ​ព្យាយាម​បង្កក​លុយ​របស់​អតិថិជន​ដែល​មាន​ក្នុង​គណនី។

អតិថិជន​ម្នាក់​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​៧ ខែ​មករា​ថា ប្រាក់​របស់​នាង​ក្នុង​គណនី​នៅតែ​ត្រូវ​បាន​ក្រុមហ៊ុន​បង្កក ហើយ​មិត្ត​ភ័ក្ដិ​របស់​នាង​ជាច្រើន​នាក់​ទៀត​ដែល​មាន​លុយ​ក្នុង​គណនី ហួយ​វ័ន ផេ ក៏​មិនអាច​ដក​លុយ​យក​មក​ប្រើ​ប្រាស់​បាន​ដែរ​។ អតិថិជន​រូប​នេះ​ព្រួយបារម្ភ​ខ្លាច​បាត់​លុយ​ពី​គណនី ដោយសារតែ​ក្រុមហ៊ុន​បាន​ដាក់​លាក់​ខណ្ឌ​តឹងរ៉ឹង និង​បង្ក​លក្ខណៈ​កាន់តែ​ស្មុគស្មាញ​ចំពោះ​អតិថិជន​ណា​ដែល​មានបំណង​ដក​លុយ​ក្នុង​ចំនួន​ច្រើន​ចេញពី​គណនី។

ពលរដ្ឋ​លាក់​ឈ្មោះ៖ «ខ្ញុំ​ទាក់ទង​គ្នា​ខ្ញុំ​ទៅ​គេ​ថា អត់​ទាន់​បើក​ទេ ក្រុមហ៊ុន​ថា​ថ្ងៃទី​១០ ខែមករា ទាំង​ដែល​គេ​បិទ​ក្រដាស​បញ្ជាក់​ប្រាប់​តាំងពី​ដំបូង​ហ្នឹង​ថា ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២៦ ប៉ុន្តែ​មកដល់​ថ្ងៃទី​៥ ថ្ងៃទី​៦ ហើយ​គេ​នៅតែ​អត់​បើក​គេ​ថា ចាំ​ថ្ងៃទី​១០ ទៀត​។ ខ្ញុំ​សួរ​អ្នក​ដែល​នៅ​កំពង់សោម អ្នក​នៅ​ភ្នំពេញ​ដែល​គាត់​ប្រើ ហួយ​វ័ន គាត់​ថា នៅតែ​ដក​អត់​ទាន់​បាន និយាយ​ទៅ​គឺ​អាច​ដក​ជាមួយ​អ្នក​ដែល​ប្ដូរប្រាក់​គាត់​រកស៊ី​ខាង​ប្ដូរប្រាក់​បាន គ្រាន់តែ​ថា គេ​ត្រូវ​កាត់​សេវា​ថ្លៃៗ»។

ក្រុមហ៊ុន ហួយវ័ន ផេ បាន​ផ្អាក​ដំណើរ​អាជីវកម្ម​អស់​រយៈពេល​ជាង ១​ខែ​មក​ហើយ និង​បាន​ប្ដូរ​ឈ្មោះ យីហោ មក​ជា​ឈ្មោះ អេច-ផេ វិញ​កាលពី​ខែធ្នូ ឆ្នាំ​២០២៥ ក្រោយ​អាមេរិក​ដាក់​ទណ្ឌកម្ម​មិន​ឱ្យ​មាន​ប្រតិបត្តិការ​សាច់ប្រាក់​ចូលក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក ដោយសារតែ​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​លាងលុយកខ្វក់​ដ៏​ធំ​សម្បើម​ឱ្យ​ក្រុម​អ្នក​រកស៊ី​ឆបោក​តាម​អនឡាញ (Online Scam)។

ទាក់ទង​នឹង​រឿង​នេះ បុគ្គលិក​នៃ​ភ្នាក់ងារ​ក្រុមហ៊ុន ហួយវ័ន ផេ ម្នាក់​ថ្លែង​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​កាសែត​ក្នុងស្រុក (Camboja) ថ្មីៗ​នេះ​ថា បច្ចុប្បន្ន​អតិថិជន​ដែល​មាន​លុយ​ក្នុង​គណនី ៥​រយ​ដុល្លារ ឬ​តិច​ជាង​នេះ ទើប​អាច​ដក​បាន​។ ចំណែកឯ អតិថិជន​ដែល​មាន​លុយ​ក្នុង​គណនី​ច្រើនជាង​នេះ ត្រូវ​រង់ចាំ​សេចក្ដី​ជូនដំណឹង​ពី​ភ្នាក់ងារ​ក្រុមហ៊ុន អេច-ផេ ថា អាច​ដក​បាន​ប៉ុន្មាន និង​ដក​បាន​នៅ​ពេល​ណា។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​ពី​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​អ្នកស្រី ជា សិរី បាន​នៅឡើយ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

មក​ដល់​ពេល​នេះ ក្រុមហ៊ុន របស់​លោក ហ៊ុន តូ នៅតែ​បន្ត​ដំណើរការ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ និង​ថែមទាំង​បង្ក​ការ​លំបាក​ដល់​អតិថិជន​មិនអាច​ដក​លុយ​បាន ប៉ុន្តែ​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន គ្មាន​វិធានការ និង​ស៊ើបអង្កេត​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ​យក​មក​ទទួលខុសត្រូវ​នៅឡើយ។

(ពី​ស្ដាំ) ប្រធាន​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) លោក ហ៊ុន តូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ជា បងប្អូន​ជីដូនមួយ​លោក ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញ​សង្គម

ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ ព្រមាន​ថា ការណ៍​ដែល​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន មិន​ហ៊ាន​ចាត់វិធានការ​លើ​សាច់ញាតិ​ខ្លួនឯង​គឺ​លោក ហ៊ុន តូ ស្មើនឹង​បើកដៃ​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន​ពង្រីក​ឧក្រិដ្ឋកម្ម​លាងលុយកខ្វក់ និង​អំពើ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​កាន់តែ​ធំ​។ អ្នកស្រី​ថា បើ​រដ្ឋាភិបាល​ចាប់ខ្លួន​លោក ហ៊ុន តូ នោះ​អតិថិជន​នឹង​ទទួល​បាន​យុត្តិធម៌ ហើយក៏​ជា​រូបភាព​ដំបូង​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​​ការ​ប្រឆាំង​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ដែរ។

អ្នកស្រី មូរ សុខហួរ៖ «ភាព​អសមត្ថភាព​លោក ហ៊ុន ម៉ាណែត ជាមួយ​លោក ហ៊ុន សែន ក្នុង​ការ​បង្ក្រាប​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ (Scam Center) ក្នុង​ប្រទេស​កម្ពុជា​មិនបាន​លោក ត្រាំ (Trump) អាច​ធ្វើ​អី​លើស​ពី​ហ្នឹង​ទៅទៀត​ដូចជា​នៅ​វេណេហ្ស៊ុយអេឡា។ យើង​អត់​ចង់​ឃើញ​អ៊ីចឹង​ទេ​។ នេះ​គឺជា​ការ​ទទួលខុសត្រូវ​មួយ​ដ៏​ធំ​ណាស់​ចំពោះ​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន ក្នុង​ការ​ចាត់​វិធានការ​បន្ទាន់​យ៉ាង​ហោច​ចាប់ផ្ដើម​ពី ហួយវ័ន ផេ ហ្នឹង​ឱ្យ​ហើយ​ទៅ​ព្រោះ​ជា​រឿង​ក្មួយ​របស់​គាត់​។ យើង​រងគ្រោះ​ថ្មីៗ​ហ្នឹង​ដោយសារតែ​ថៃ​យក​រឿង​ឆបោក​តាម​អនឡាញ (Scam Online) ហ្នឹង​យក​មក​ធ្វើជា​លេស​កម្ទេច​ប្រទេស​កម្ពុជា គេ​ចង់​កម្ទេច។ ឥឡូវ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​។ ហួយវ័ន ផេ គេ​ដក​អាជ្ញាប័ណ្ណ​ទៅ​ហើយ​មានន័យថា បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​អី​មួយ​ហើយ​។ យ៉ាងហោចណាស់ ហ៊ុន តូ ត្រូវតែ​មាន​ការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដែរ»។

អ្នកស្រី មូរ សុខហួរ ដាស់តឿន​ដល់​រដ្ឋាភិបាល​ក្រុងភ្នំពេញ កុំ​បណ្ដោយ​ឱ្យ​អំពើ​ឧក្រិដ្ឋកម្ម​រុញ​កម្ពុជា​ធ្លាក់​ក្នុង​វិបត្តិ​កាន់តែ​ជ្រៅ​ដូច​ប្រទេស​វេណេហ្ស៊ុយអេឡា។ អ្នកស្រី​ព្រមាន​ថា ប្រសិនបើ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នៅតែ​ធ្វើ​មិនដឹងមិនឮ និង​បន្ត​កាង​ការពារ​ក្រុម​ឧក្រិដ្ឋជន នោះ​អនាគត​អាច​ជួប​វាសនា​ស្រដៀង​មេដឹកនាំ​វេណេហ្ស៊ុយអេឡា ដែល​ត្រូវ​អាមេរិក​ចាប់ខ្លួន​យក​ទៅ​កាត់ទោស៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ