

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា កម្ពុជានឹងចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាពដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ទើបបង្កើតឡើងដើម្បីដោះស្រាយបញ្ហាសង្គ្រាមរវាងអ៊ីស្រាអែល (Israel) និងក្រុមហាម៉ាស់ប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។
លោក ហ៊ុន ម៉ាណែត អះអាងដូច្នេះក្នុងជំនួបជាមួយមេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិកលោក សាមូអែល ប៉ាប៉ារូ (Samuel Paparo) នាវិមានសន្តិភាព នៅថ្ងៃទី២៦ មករា។ លោក ហ៊ុន ម៉ាណែត ថា ការចូលរួមនេះដើម្បីបង្ហាញសុឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាពសកល។
ថ្មីៗនេះលោក ដូណាល់ ត្រាំ បានប្រកាសបង្កើតក្រុមប្រឹក្សាសន្តិភាពដោយអញ្ជើញមេដឹកនាំប្រទេសក្នុងពិភពលោកមួយចំនួនចូលរួម ប៉ុន្តែលោក ដូណាល់ ត្រាំ បានតម្រូវឱ្យសមាជិកនៃក្រុមប្រឹក្សានេះ ត្រូវបង់ប្រាក់ចំនួន ១ពាន់លានដុល្លារអាមេរិក ដើម្បីទិញកៅអីអចិន្ត្រៃយ៍នៅពេលផុតអាណត្តិ ៣ឆ្នាំ ដែលមានលោក ដូណាល់ ត្រាំ ជាប្រធានក្រុមប្រឹក្សាភិបាលអស់មួយជីវិត។
បើទោះបីជាក្រុមប្រឹក្សានេះបង្កើតឡើងដើម្បីដោះស្រាយ ជម្លោះនៅតំបន់ហ្កាហ្សាយ៉ាងណាក្ដី ក្រុមមួយនេះ ជាពិសេសលោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា ហាក់កំពុងព្យាយាមផាត់ចោលអង្គការសហប្រជាជាតិដែលជាស្ថាប័នកំពូលរបស់ពិភពលោកក្នុងការដោះស្រាយជម្លោះនានា។
កម្ពុជាជាទីប្រទេស៣ហើយ នៅតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូណេស៊ី និងវៀតណាម ដែលប្រកាសចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព តាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក៕









