លោក ហ៊ុន សែន ប្រាប់​មេ​បញ្ជាការ​ឱ្យ​ប្រាប់​ទាហាន​ពី​បន្ទាត់​ក្រហម​ដែល​ត្រូវ​វាយ​បក​ទៅ​ថៃ

0
46
ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​លោក ហ៊ុន សែន។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​លោក ហ៊ុន សែន។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​លោក ហ៊ុន សែន ប្រាប់​ទៅ​មេ​បញ្ជាការ​ឱ្យ​ប្រាប់​នាយ​ទាហាន ពលទាហាន​ទាំង​អស់ ពី​បន្ទាត់​ក្រហម​ដែល​ត្រូវ​វាយ​បក​ទៅ​ថៃ​វិញ ដែល​លោក​អះអាង​ថា បាន​កំណត់​រួច​ហើយ។ បទបញ្ជា​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី៨ ធ្នូ នេះ បន្ទាប់​យោធា​ថៃ​បាន​បើក​ការ​វាយ​ប្រហារ​លើ​កម្ពុជា​ដោយ​ប្រើប្រាស់​អាវុធ​ធន់​ធ្ងន់ និង​យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់។

ទោះជាយ៉ាងណា លោក ហ៊ុន សែន នៅ​តែ​អំពាវនាវ​ដល់​កម្លាំង​ជួរមុខ​ទាំងអស់​ត្រូវ​មាន​ការ​អត់ធ្មត់។ ​លោក​ចោទ​ថា ថៃ​ជា​អ្នក​ឈ្លានពាន និង​កំពុង​ប្រើ​អាវុធ​គ្រប់​ប្រភេទ​បាញ់​មក​លើ​កម្ពុជា ដើម្បី​ទាញ​​ឲ្យ​កម្ពុជា​តបត និង​បំផ្លាញ​ចោល​បទ​ឈប់​បាញ់ និង​សេចក្តី​ថ្លែងការណ៍​សន្តិភាព​កម្ពុជា-ថៃ។

ក្រសួង​ការពារ​ជាតិ​អះអាង​ថា យោធា​ថៃ​បាន​បើក​ការ​បាញ់​ប្រហារ​យ៉ាង​ខ្លាំង​មក​លើ​កង​កម្លាំង​កម្ពុជា​តាំង​ពី​ម៉ោង ៥​ព្រឹក នៅក្នុង​តំបន់​អានសេះ ខេត្តព្រះវិហារ ប្រាសាទ​តាមាន់ធំ ខេត្ត​ឧត្ដរមានជ័យ ដោយ​ប្រើប្រាស់​រថក្រោះ​បាញ់​ចូល​ជាច្រើន​​កន្លែង​នៅ​តំបន់​ប្រាសាទព្រះវិហារ នៅ​៥​មករា និង​នៅ​ចំការចេក​ជាដើម។

សារព័ត៌មានថៃ The Nation រាយការណ៍ ថា កងទ័ព អាកាសថៃ បាន​ប្រើ​យន្តហោះ​ចម្បាំង​វាយប្រហារ លើ​ទីតាំង​កងទ័ព​កម្ពុជា ចំណែក​ កាសែត​ខៅសុត (Khaosod) រាយការណ៍​ដោយ​ចោទ​យោធា​ខ្មែរ​ថា​ បាន​បាញ់​ទាហាន​ថៃ ១​នាក់​ឱ្យ​ស្លាប់​ និង​របួស​ ២នាក់។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ