
ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន និងជានាយឧត្តមសេនីយ៍ផុតលេខ បញ្ជាកងកម្លាំងវាយបកគ្រប់ទីតាំងសមរភូមិដែលយោធាថៃឈ្លានពានកម្ពុជា។
លោក ហ៊ុន សែន សរសេរលើហ្វេសប៊ុកនៅព្រឹកថ្ងៃទី៩ ធ្នូ ថា ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្តិភាព នៅល្ងាចថ្ងៃទី៨ ធ្នូ លោកថា កម្ពុជាបានសម្រេចវាយបកកាលពីយប់ម្សិលមិញ និងព្រឹកនេះ។
លោកថា កម្ពុជាការពារទឹកដីដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងកម្ពុជា ដូច្នេះពួកគេមិនអាចទួលលេណដ្ឋានមកបានទេ ហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ លោកពន្យល់ថា ស្ថានភាពនេះផ្តល់ប្រៀបឲ្យកម្ពុជាអនុវត្តយុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់។
លោក ហ៊ុន សែន ក៏តបទៅមេទ័ពថា វិញថា សម្រាប់មេទ័ពថៃបានប្រកាសថា ដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែងនេះ ជាសម្ដីដែលលោកហៅថា មេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធ និងកងទ័ពនៅលើពិភពលោកនេះទៅទៀត។
លោក ហ៊ុន សែន ថា កម្ពុជាពិតជាមិនអង្គុយអោបដៃឲ្យថៃបំផ្លាញតាមចិត្តចង់នោះទេ។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន ក៏មិនភ្លេចឌឺដងថា ចុងក្រោយលោកកំពុងតាមមើលមនុស្សចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួន កាលពីខែកក្កដា ពួកគេចោទកម្ពុជាថា ល្មោភសង្គ្រាម។ ពេលកម្ពុជាអត់ធ្មត់ គោរពបទឈប់បាញ់ និងចង់ដោះស្រាយដោយសន្តិវិធី គេចោទថាខ្លាចថៃ មិនហ៊ានវាយ ឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។ ពេលនេះនៅពេលកម្ពុជាវាយបកដើម្បីការពារខ្លួន តើពួកគេនឹងនិយាយថា យ៉ាងម៉េចទៀត?
ចុងក្រោយលោក ហ៊ុន សែន អះអាងថា កម្ពុជាត្រូវការសន្តិភាព តែកម្ពុជាបង្ខំចិត្ត វាយតបតដើម្បីការពារទឹកដី៕










