
នៅព្រឹកថ្ងៃទី៨ ធ្នូ ក្រសួងព័ត៌មានស្នើសាជាថ្មី កុំឱ្យផ្សព្វផ្សាយ និងចែករំលែកព័ត៌មានពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធ យុទ្ធោបករណ៍ និងការសម្ងាត់របស់កងទ័ព ខណៈដែលយោធាថៃកំពុងវាយប្រហារខ្លាំងក្លានៅតាមបណ្ដោយព្រំដែន។
ក្រសួងថា ការផ្សព្វផ្សាយការសម្ងាត់ទាំងនេះ នឹងធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិ និងបង្កគ្រោះថ្នាក់ដល់អ្នកបំពេញបេសកកម្មជូនជាតិ។
ក្រសួងការពារជាតិអះអាងនៅព្រឹកថ្ងៃទី៨ ធ្នូ ថា យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក។
អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា អះអាងថា យោធាថៃចាប់ផ្ដើមវាយប្រហារតាំងពីម៉ោង ៥:០៤នាទីព្រឹក បន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ជាច្រើនថ្ងៃមកហើយ ជាពិសេសឧបទ្ទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។
ទោះជាយ៉ាងណា អ្នកស្រី ម៉ាលី សុជាតា ថាកងកម្លាំងកម្ពុជាមិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។ អ្នកស្រីអះអាងថា កម្ពុជាឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។
ក្រសួងការពារជាតិប្រកាសថ្កោលទោសយោធាថៃ និងអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ៕










