

អ្នកបរិស្ថានលើកឡើងថា អាជ្ញាធរពាក់ព័ន្ធត្រូវចាត់វិធានការច្បាប់ឲ្យបានតឹងរ៉ឹងទៅលើក្រុមហ៊ុន ដែលបានបង្ហូរសារធាតុគីមីធ្វើឲ្យប៉ះពាល់ដល់សត្វចិញ្ចឹមរបស់ពលរដ្ឋ និងជីវចម្រុះនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថាន រកឃើញថា ក្រុមហ៊ុនឈ្មោះ ខេមបូឌាន ស៊ុន យី មីនឺរ៉ល (Cambodian Xuan Yi Mineral) បានបង្ហូរសារធាតុគីមីចូលក្នុងទឹកអូរឬស្សី ដែលជាអូរធម្មជាតិធ្វើឲ្យសត្វគោរបស់ពលរដ្ឋ និងជីវចម្រុះគ្រប់ប្រភេទបានងាប់ជាច្រើនក្បាល។
អ្នកធ្វើការវិស័យបរិស្ថាន ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវតែអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងទៅលើក្រុមហ៊ុនឈ្មោះ ខេមបូឌាន ស៊ុន យី មីនឺរ៉ល ដែលកំពុងរុករករ៉ែលោហៈ បង្កឲ្យប៉ះពាល់ជីវចម្រុះ និងសត្វគោពលរដ្ឋងាប់ជាច្រើនក្បាល នៅក្នុងភូមិសាស្ត្រស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

អ្នកស្រាវជ្រាវ និងឃ្លាំមើលធនធានធម្មជាតិនៅកម្ពុជា លោក សេង សុខហេង ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៥ ខែធ្នូថា អាជ្ញាធរពាក់ព័ន្ធត្រូវតែចាត់វិធានការឲ្យបានតឹងរ៉ឹង ទៅលើក្រុមហ៊ុនឯកជនណា ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបរិស្ថាន ឬអាចដកហូតអាជ្ញាប័ណ្ណឈានដល់បិទក្រុមហ៊ុនមិនឲ្យធ្វើអាជីវកម្មបន្តទៀត ដើម្បីកុំឲ្យមានទង្វើបែបនេះកើតឡើងទៅថ្ងៃមុខ។ លោកបន្ថែមថា ក្រសួងពាក់ព័ន្ធត្រូវតែចុះត្រួតពិនិត្យទៅលើក្រុមហ៊ុនទូទាំងប្រទេស ដែលទទួលបានសិទ្ធិធ្វើអាជីវកម្មរ៉ែ ដើម្បីជៀសវាងក្រុមហ៊ុនទាំងនោះ បង្កផលប៉ះពាល់ដល់អាយុជីវិតរបស់ពលរដ្ឋកំពុងរស់នៅជុំវិញតំបន់ទាំងនោះ។
លោក សេង សុខហេង៖ «រដ្ឋាភិបាលគួរតែត្រួតពិនិត្យជាប្រចាំឲ្យបានម៉ឺងម៉ាត់រាល់ក្រុមហ៊ុនធ្វើអាជីវកម្ម ទាំងរ៉ែ ទាំងក្រុមហ៊ុនឧស្សាហកម្មក្ដី ក្រុមហ៊ុនផ្សេងក្ដី គួរតែពិនិត្យឲ្យបានតឹងរ៉ឹង ឲ្យបានហ្មត់ចត់ ទាក់ទងក្នុងការរក្សាកាកសំណល់គីមីរបស់ខ្លួន»។
ក្រសួងបរិស្ថាន បានអះអាងលើគេហទំព័រហ្វេសបុក នៅថ្ងៃទី៥ ខែធ្នូ ថា មន្ត្រីជំនាញបានចុះត្រួតពិនិត្យទីតាំងរុករករ៉ែលោហៈ របស់ក្រុមហ៊ុន ខេមបូឌាន ស៊ុន យី មីនឺរ៉ល ស្ថិតនៅឃុំខ្លុងពពក ឃុំជៀប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្រសួងសង្ស័យថា ក្រុមហ៊ុនមួយនេះ បានបង្ហូរសារធាតុពុលចូលអូរឬស្សី ដែលជាអូរធម្មជាតិ និងភ្ជាប់ទៅស្ទឹងជៀប ស្ថិតនៅខាងកើត នៃទីតាំងក្រុមហ៊ុន បង្កឲ្យត្រីក្នុងអូរធម្មជាតិ និងសត្វគោរបស់ប្រជាពលរដ្ឋងាប់ជាច្រើនក្បាល។ ក្រសួងបរិស្ថាន ព្រមាននឹងចាត់វិធានការច្បាប់តឹងរ៉ឹង ទៅលើក្រុមហ៊ុនរោងចក្រ សហគ្រាស ដែលបង្កឱ្យមានការបំពុលបរិស្ថាន និងប៉ះពាល់ដល់ជីវចម្រុះ។

ចំណែកប្រធានប្រតិបត្តិនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ម៉ើ ចាន់ដារ៉ា លើកឡើងថា មន្ត្រីពាក់ព័ន្ធគួរតែយកច្បាប់ស្តីអំពីក្របបរិស្ថាន យកមកអនុវត្តទៅលើក្រុមហ៊ុនបង្កហេតុឲ្យបានតឹងរ៉ឹង និងអ្នកដែលជាប់ពាក់ព័ន្ធ បណ្ដែតបណ្ដោយឲ្យមានបញ្ហានេះកើតឡើង។
លោក ម៉ើ ចាន់ដារ៉ា៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រសួងខ្លួនឯងនឹងពិចារណាបន្ថែម អំពីការរឹតបន្តឹងច្បាប់ ជាពិសេសគឺយកក្របបរិស្ថាន និងធនធានធម្មជាតិយកមកអនុវត្តឲ្យបានតឹងរ៉ឹងបំផុតទៅលើករណីនេះ»។
នេះមិនមែនជាករណីទីមួយនោះទេ ដែលក្រុមហ៊ុនឯកជនទទួលបានសិទ្ធិរុករករ៉ែ និងធ្វើអាជីវកម្មបង្កផលប៉ះពាល់ មានការរំលោភសិទ្ធិមនុស្ស រំលោភយកដីធ្លី ដីព្រៃការពារ បង្ខំឲ្យពលរដ្ឋលក់ដីស្រែចម្ការ និងធ្វើឲ្យប៉ះពាល់បរិស្ថាននៅជុំវិញតំបន់ដែលពលរដ្ឋកំពុងរស់នៅសព្វថ្ងៃ ដូចជាខេត្តព្រះវិហារ រតនគីរី ក្រចេះ និងខេត្តមណ្ឌលគិរីជាដើម៕









