សាលាឧទ្ធរណ៍​គ្រោង​ជម្រះក្ដី​លោក កឹម សុខា នៅ​ថ្ងៃទី ១៨ ធ្នូ ខាងមុខ

0
119
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ រូប៖ ហ្វេសប៊ុកលោក កឹម សុខា
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ រូប៖ ហ្វេសប៊ុកលោក កឹម សុខា

សាលាឧទ្ធរណ៍​ភ្នំពេញ​គ្រោង​នឹង​បន្ត​សវនាការ​ជំនុំជម្រះ​ក្តី លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៥ ខាងមុខនេះ បន្ទាប់ពី​សាលាឧទ្ធរណ៍​ភ្នំពេញ​បាន​ផ្អឹប​ទុក​សំណុំ​រឿង​នេះ មិន​ដំណើរការ ដោយ​បាន​ពន្យារ​ពេល​ម្តង​ហើយ​ម្តង​ទៀត។

សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា គឺ លោក ផែង ហេង បាន​ឲ្យ​ដឹង​តាម​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​សុក្រ ទី​២៨ វិច្ឆិកា ដោយ​ភ្ជាប់​ជាមួយ​នឹង​ដីកា​កោះហៅ​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ​ផង​នោះ រំពឹង​ថា សវនាការ​ជំនុំជម្រះ​សំណុំរឿង​លោក កឹម សុខា នៅ​ថ្ងៃទី​១៨ ខែធ្នូ​ខាងមុខនេះ អាច​ជា​លើក​ចុង​ក្រោយ​នៃ​នីតិវិធី។

សហ​មេធាវី លោក កឹម សុខា បញ្ជាក់​ថា ដំណើរការ​ក្តី​របស់ លោក កឹម សុខា ដើរ​ដល់​ចុង​បញ្ចប់​នៃ​នីតិវិធី​ទៅ​ហើយ ដោយ​នៅ​សល់​តែ​សេចក្តី​សន្និដ្ឋាន​ចុង​ក្រោយ​ប៉ុណ្ណោះ។

សហ​មេធាវី ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ធ្លាប់​បាន​បញ្ជាក់​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​កំពុង​រង​ទារុណកម្ម​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ដោយសារតែ​មិនទាន់​ទទួល​បាន​យុត្តិធម៌ ខណៈ​សំណុំ​រឿង​នេះ​បាន​អូស​បន្លាយ​ពេល​ជាង ៨​ឆ្នាំ​មក​ហើយ ។​

ការកំណត់​ពេល​បន្ត​សវនាការ​ជំនុំជម្រះ​ក្តី លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២៥ ខាងមុខនេះ គឺ​ក្រោយពី​សហ​មេធាវី​របស់​លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​ជា​លើក​ទី៤ កាលពី​ថ្ងៃទី១០ វិច្ឆិកា ឲ្យ​សាលាឧទ្ធរណ៍​ភ្នំពេញ​ពន្លឿន​នីតិវិធី​ក្នុង​ការ​កាត់ក្តី​ករណី​ចោទប្រកាន់​លោក​ពី​បទ​សន្ទិដ្ឋិភាព​នោះ​ឲ្យ​បាន​ឆាប់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ