តុលាការ​លើក​ពេល​សវនាការ​លោក កឹម សុខា ខណៈ​អ្នកវិភាគ​ថា គួរតែ​ដោះលែង​គាត់​ដើម្បី​រួបរួម​ជាតិ

0
193
លោក សម រង្ស៊ី និង​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ជាមួយ​អ្នក​គាំទ្រ​ប្រមាណ ២​ម៉ឺន​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣។ Photo Courtesy of RFA
លោក សម រង្ស៊ី និង​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ជាមួយ​អ្នក​គាំទ្រ​ប្រមាណ ២​ម៉ឺន​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣។ Photo Courtesy of RFA

មេធាវី​ការពារ​ក្ដី​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ផ្ទះ​គឺ លោក កឹម សុខា នៅ​ថ្ងៃទី​១៧ ខែធ្នូ បាន​ឱ្យដឹង​ថា សាលាឧទ្ធរណ៍​ភ្នំពេញ បាន​ជូនដំណឹង​ថា សវនាការ​លើ​សំណុំរឿង​របស់ លោក កឹម សុខា ដែល​នឹង​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ នេះ ត្រូវ​បាន​ពន្យារពេល​ដោយ​គ្មាន​ហេតុផល និង​គ្មាន​កាលកំណត់​ច្បាស់លាស់។

ទោះជា​យ៉ាងណា អ្នកច្បាប់ និង​អ្នកវិភាគ​ឯករាជ្យ លោក វន់ ចាន់ឡូត បាន​លើកឡើង​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា ការសម្រេច​ពន្យារពេល​សវនាការ​លោក កឹម សុខា នៅ​ថ្ងៃទី​១៨ ធ្នូ របស់​តុលាការ​នេះ គឺជា​រឿង​មួយ ប៉ុន្តែ​ដើម្បី​ឆ្លើយតប​នឹង​ទិដ្ឋភាព​ជាក់ស្ដែង​ក្នុង​កាលៈទេសៈ​នេះ និង ស្របតាម​ការ​អំពាវ​របស់​លោក ហ៊ុន ម៉ាណែត ឱ្យ​ខ្មែរ​រួបរួម តុលា​ការគួរ​លើកលែង​ការចោទប្រកាន់ ឬ​អនុញ្ញាត​ឱ្យ​លោក កឹម សុខា បាន​នៅ​ក្រៅ​ឃុំ។

លោក​បាន​លើក​ហេតុផល​បួន នៃ​ការ​ដោះលែង​លោក កឹម សុខា ហើយ​កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណេញ ស្របពេល​ដែល​ថៃ​កំពុងតែ បន្ត​ឈ្លានពាន​ទឹកដី​ខ្មែរ។ ហេតុផល​នោះ​រួមមាន​ ​ប្រែក្លាយ​ពី​វោហារ​ស័ព្ទ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​ថា ឱ្យ​ពលរដ្ឋ​រួម​រួប​គ្នា​ទៅជា​ភាព​ជាក់ស្ដែង​នៃ​ការ​រួបរួម​របស់​ខ្មែរ និង បង្កើន​ការ​ជឿទុកចិត្ត​ពី​ពលរដ្ឋ តាមរយៈ​និយាយ​ហើយ​ធ្វើ មិនមែន​ប្រជាភិថុតិ។

មួយទៀត លោក​ថា អន្តរជាតិ​នឹង​ងាក​គាំទ្រ​កម្ពុជា និង​ឈរ​ជាមួយ​កម្ពុជា ព្រោះ​ជំហរ លោក កឹម សុខា មិន​ខុសពី​រដ្ឋាភិបាល និង​ពលរដ្ឋ​ខ្មែរ ពាក់ព័ន្ធ​នឹង​ការឈ្លានពាន​របស់​ថៃ។ ជា​ចុងក្រោយ ការ​ដោះលែង​លោក កឹម សុខា ក៏​នឹង​ជំរុញ​ឱ្យ​ការ​អំពាវ​របស់​មេដឹកនាំ​ចលនា​ប្រឆាំង​ផ្ដួលរំលំ​រដ្ឋាភិបាល​ពេលនេះ​កាន់តែ​សាប និង​លែង​មាន​តម្លៃ។

កាលពី​ថ្ងៃទី​៣ មីនា ឆ្នាំ ២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​កាត់ទោស​លោក កឹម សុខា ដាក់​ពន្ធនាគារ ២៧​ឆ្នាំ ដោយ​ដកសិទ្ធិ​ធ្វើ​នយោបាយ និង​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ ពាក់ព័ន្ធ​បទចោទប្រកាន់ ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល ជា​បទ​ចោទ​ដែល​លោក កឹម សុខា បាន​ច្រានចោល៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ