មន្ត្រី​បរិស្ថាន​ខេត្តក្រចេះ​ចេញ​មុខ​ការពារ​ក្រុមហ៊ុន​វៀតណាម ក្រោយ​រង​ការ​ចោទ​ថា ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍

0
49
ក្រុមហ៊ុនវៀតណាម ឈូសឆាយដីព្រៃសហគមន៍សំពុង ស្ថិនក្នុងឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ថតនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។រូបថតពលរដ្ឋផ្ដល់ឲ្យ
ក្រុមហ៊ុនវៀតណាម ឈូសឆាយដីព្រៃសហគមន៍សំពុង ស្ថិនក្នុងឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ថតនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។រូបថតពលរដ្ឋផ្ដល់ឲ្យ

មន្ត្រី​បរិស្ថាន​ខេត្តក្រចេះ ចេញមុខ​អះអាង​ការពារ​ថា ក្រុមហ៊ុន​វៀតណាម មិន​បាន​លួច​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍ ដូច​ពលរដ្ឋ​លើកឡើង​នោះ​ទេ ។ ប៉ុន្តែ​ពលរដ្ឋ​ថា មន្ត្រី​បរិស្ថាន​ខេត្តក្រចេះ កំពុង​តែ​គេចវេះ​មិន​ទទួលខុសត្រូវ ការ​បាត់បង់​ដី​ព្រៃ​សហគមន៍​សំពុង ក្រោយ​ក្រុមហ៊ុន​វៀតណាម​បាន​រំលោភ​យក។

មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ នៅ​ពី​ថ្ងៃទី​០៩ ខែមីនា បាន​ចេញ​មុខការ​ពារ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ កសិកម្ម យុវជន​ស្វាយរៀង ដោយ​អះអាង​ថា ក្រុមហ៊ុន​មួយ​នេះ​មិនបាន​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​សំពុង ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ភូមិ​កោះ​ច្បារ ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ ដូច​ការ​លើកឡើង​របស់​ពលរដ្ឋ​នោះ​ឡើយ​។ ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង គឺ​បាន​ឈូស​ឆាយ​ដីព្រៃ​ស្ថិត​នៅ​ក្នុង​បរិវេណ​របស់​ក្រុមហ៊ុន​តែប៉ុណ្ណោះ។

ទោះជា​យ៉ាងណា តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី លោកស្រី អ៊ែល រ៉ូស្សា អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១០ ខែមីនា​ថា ក្រុមហ៊ុន​វៀតណាម​ពិតជា​បាន​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​សំពុង​ប្រាកដ​មែន ហើយ​ប្រជា​ការពារ​ភូមិ និង​លោក​មេឃុំ​ក៏បាន​អះអាង​ដូច្នេះ​ដែរ​។ លោកស្រី ចាត់ទុក​ការ​បដិសេធ​របស់​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ ជា​ការ​គេចវេះ​មិន​ទទួល​ត្រូវ ចំពោះ​ការបាត់បង់​ដី​ព្រៃ​សហគមន៍​មួយ​នេះ។

លោកស្រី អ៊ែល រ៉ូស្សា៖ «ខាង​ខត្ត​មក​ប្រជុំ​ថា​ដី​ប្រជាពលរដ្ឋ​អត់​ប៉ះពាល់ និង​ជាមួយ​ដី​សហគមន៍​ទេ គឺថា​ខាង​ក្រុមហ៊ុន​កាម៉ាដេនូ ឈូសឆាយ​ប៉ុណ្ណា​វា​គ្រប់​ចំនួន​ហើយ​គឺ​កាន់កាប់​តែ​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​នៅពេល​ផ្ទេរ​សិទ្ធ​ស្រាប់តែ​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ និង​ដី​សហគមន៍ បាន​ខ្ញុំ​ឆ្ងល់​ថា ក្រុមហ៊ុន កាម៉ាដេនូ បាន​ទទួល​សិទ្ធ​តែ​ប៉ុណ្ណឹង​ទេ​អត់​មាន​រុករាន ទន្ទ្រាន​ថែម​ទៀត​ទេ តែ​ហេតុអ្វី​បាន​រុករាន​ទន្ទ្រាន​ថែមទៀត​អញ្ចឹង​មាន​ន័យ​ថា បោក​ប្រជាពលរដ្ឋ»។

លោកស្រី អ៊ែល រ៉ូស្សា អះអាង​ទៀត ថា អភិបាលខេត្ត​ក្រចេះ កាល​ពី​ពេល​កន្លង​ទៅ​បាន​សន្យា​ជាមួយ​ពលរដ្ឋ ដោយ​រក្សា​ដីព្រៃ​សហគមន៍ ដី​ព្រៃ​ជំនឿ ដី​ព្រៃ​បម្រុង​ទុក និង​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឈូស​ឆាយ​នោះ​ទេ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​វៀតណាម​បាន​បំពាន និង​ធ្វើទុក្ខបុកម្នេញ​ទៅលើ​ពលរដ្ឋ​ថែម​ទៀត។

ចំណែក​ប្រធាន​សហគមន៍​សំពុង លោក យ៉ប ចាន់ធំ ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១១​ដី​ព្រៃ​សហគមន៍​សំពុង​មាន​ផ្ទៃដី​ជាង ១​ពាន់​(១.៣៩៨)​ហិកតារ ក្នុង​នោះ​មាន​ដី​ព្រៃ​ជំនឿ ដី​ព្រៃ​បម្រុង​ទុក​របស់​ពលរដ្ឋ ប៉ុន្តែ​បច្ចុប្បន្ន​ដី​ព្រៃ​សហគមន៍​មួយ​នេះ​នៅសល់​ផ្ទៃដី​ជាង​៤០០​ហិកតារ ដោយ​ក្រុមហ៊ុន​វៀតណាម​អះអាង​ថា ដី​ព្រៃ​សហគមន៍​ជាង​ពាក់កណ្ដាល​នេះ គឺ​ស្ថិត​នៅ​ក្នុង​ប្លង់​រឹង​របស់​ក្រុមហ៊ុន។

លោក យ៉ប ចាន់ធំ៖ «យក​៤៦១​ហិកតារ​ដក ជាមួយ​ពាន់​បី​រយ​កៅសិប​ប្រាំបី (១.៣៩៨ )​ហិកតារ ដកចេញ​ទៅ​ឃើញ​ហើយ​ថា​បាត់​ប៉ុន្មាន សោកស្ដាយ​ដែល តែ​ក្រុមហ៊ុន​គេ​ថាបើ​យើង​មិន​ឲ្យ​គេ ក៏​គេ​នៅតែ​យក​ដដែល»។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អភិបាលខេត្ត​ក្រចេះ លោក វ៉ា ថន និង​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ក្រចេះ លោក គា ប៊ូ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃទី​១០ ខែ​មីនា។

ក្រុមហ៊ុនវៀតណាម ឈូសឆាយដីព្រៃសហគមន៍សំពុង ស្ថិនក្នុងឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦។ រូបថតពលរដ្ឋផ្ដល់ឲ្យ

នេះ​មិនមែន​ជា​លើកទីមួយ​នោះ ដែល​អាជ្ញាធរ​ខេត្តក្រចេះ បាន​ចេញ​មុខ​កាង​ការពារ​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ លើស​ពី​នោះ មេការ​ក្រុមហ៊ុន​បាន​បញ្ជា​ឲ្យ​មន្ត្រី​បរិស្ថាន​ខេត្តក្រចេះ ចាប់​តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ម្នាក់​ដាក់​ពន្ធនាគារ​ទៀត​ផង។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា អាជ្ញាធរ និង​សហគមន៍​ត្រូវ​ជជែក​ពិភាក្សា និង​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​បញ្ចប់​បញ្ហា​នេះ។

លោក យិន ម៉េងលី៖ «អ៊ីចឹង​យើង​លាតត្រដាង​ទាំងអស់គ្នា យក​ឯកសារ​ដាក់​កណ្ដាល​អង្គុយ​ជជែក​គ្នា នៅ​សាលាឃុំ នៅ​សាលាស្រុក ធ្វើ​ម៉េច​ឲ្យ​មាន​ភាព​ស្នើ​គ្នា​ក្នុង​ការ​ជជែក កុំ​ឲ្យ​មានការ​គំរាមកំហែង​ស្លុត​គាត់ ឲ្យ​គាត់​បង្ហាញ​មក ហើយ​អញ្ចឹង​យើង​អាច​ដោះស្រាយ​បាន​ហើយ យើង​អាច​បោះបង្គោល ហើយ​ឈប់​មាន​បញ្ហា​ហើយ វា​ងាយស្រួល​ទេ ឲ្យ​តែ​យើង​មាន​ឆន្ទៈ​រួមគ្នា​ស្វែងរក​ការពិត វា​នឹង​ដោះស្រាយ​បាន»។

ក្រុមហ៊ុន​វៀតណាម កាម៉ាដេនូ វេនឈ័​រ និង​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង ក្រៅពី​ឈូស​ឆាយ​ព័ទ្ធ​យក​ដី​ព្រៃ​សហគមន៍​សំពុង​ហើយ​នោះ ក្រុមហ៊ុន​ទាំងពីរ​នេះ ក៏បាន​ឈូស​ឆាយ​បំផ្លាញ​ផលដំណាំ ដុត​ផ្ទះសម្បែង និង​ហ៊ុមព័ទ្ធ​យក​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​នៅ​ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្ត​ក្រចេះ ជាង​៣០០​គ្រួសារ​។ លើស​ពី​នោះ មេការ​ដែល​ជា​ជនជាតិ​វៀតណាម បាន​គំរាមកំហែង ដោយ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​បរិស្ថាន​ខេត្តក្រចេះ កែ​សំណុំរឿង​ធ្វើ​យ៉ាងណា​ចាប់​តំណាង​ពលរដ្ឋ​បន្ថែម​ទៀត​ដាក់​ពន្ធនាគារ ពីព្រោះ​មេការ​រូប​នោះ​ចោទ​ពលរដ្ឋ​ទាំងនោះ​ថា តែងតែ​ចេញមុខ​តវ៉ា​ប្រឆាំង​ទៅ​នឹង​ក្រុមហ៊ុន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ