

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ បានសន្យានៅចំពោះមុខ អតិថិជនរាប់សិបនាក់ថា លោកនឹងចេញមុខដោះស្រាយបញ្ហាពលរដ្ឋទិញដីឡូតិ៍ និងផ្ទះល្វែងពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយផ្ទាល់ ។ មន្ត្រីសង្គមស៊ីវិលថា ការសន្យានេះ ពលរដ្ឋនឹងមិនអាចជឿជាក់បានទេ ប្រសិនបើ ដំណោះស្រាយនៅតែបន្តអូសបន្លាយពេលយូរ។
ក្រោយពីតំណាងក្រសួងដែនដី និងអាជ្ញាធរពាក់ព័ន្ធ បាន បរាជ័យ ក្នុងការដោះស្រាយបញ្ហាពលរដ្ឋ រងគ្រោះ ពីការទិញគម្រោងដីឡូតិ៍ និងផ្ទះល្វែងខ្យល់ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អស់ជិត៥ឆ្នាំមកនេះ រដ្ឋមន្ត្រីក្រសួងដែនដី លោក សាយ សំអាល់ បានកោះប្រជុំជាលើកដំបូង ជាមួយអតិថិជន ជាច្រើននាក់ ដើម្បីស្វែងរកដំណោះស្រាយ។ យ៉ាងណា នៅក្រោយកិច្ចប្រជុំ លោកពុំបានបញ្ជាក់ប្រាប់ពលរដ្ឋ ថានឹងដោះស្រាយ ដោយរបៀបណានោះទេ ដោយលោកគ្រាន់តែស្នើឱ្យពលរដ្ឋរក្សាភាពការអត់ធ្មត់ និង បញ្ឈប់ការតវ៉ាតាមទីសាធារណៈ។
អតិថិជនម្នាក់ ក្នុងចំណោមអតិថិជនជាង១០០នាក់ ដែលបានចូលរួមប្រជុំនៅឯក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៧ ខែមករា លោក សឿង ទូលាយ បានប្រាប់អ្នកសារព័ត៌មាន នៅខាងក្រៅរបងក្រសួង ថា លោកហាក់សប្បាយចិត្តខ្លះ នៅពេលដែលឮ លោក សាយ សំអាល់ សន្យានៅចំពោះអតិថិជនទាំងអស់ថា លោកនឹងជួយរកដំណោះស្រាយ ជាមួយនឹងក្រុមហ៊ុនរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជុំវិញការទិញដីឡូតិ៍ និងផ្ទះល្វែង នៅតាម បណ្ដោយ ផ្លូវជាតិលេខ 6A និងជ្រែ១០០។
លោកបន្តថា លោក សាយ សំអាល់ បានប្រាប់ពលរដ្ឋឱ្យរក្សាភាពអត់ធ្មត់ ដើម្បីទុកពេលឱ្យលោករក ដំណោះស្រាយ ខណៈដែលបច្ចុប្បន្នទ្រព្យសម្បត្តិទាំងអស់ របស់លោក ឡេង ណាវ៉ាត្រា គឺស្ថិតនៅលើ ក្រសួងជាអ្នកគ្រប់គ្រងផ្ទាល់ ដើម្បីយកមកលក់ ហើយពេលបានលុយនឹងរៀបចំសាងសង់ផ្ទះ ជូនដល់អតិថិជនក្នុងពេលខាងមុន ប៉ុន្តែលោក សាយ សំអាល់ មិនបានសន្យា ថាតើនឹងសាងសង់ ជូនអតិថិជន នៅពេលណា នោះឡើយ។
លោក សឿង ទូលាយ៖ «នៅពេលពួកយើងបានទទួលពាក្យគាត់មកអ៊ីចឹង ពួកខ្ញុំក៏សង្ឃឹមថា គាត់ជាថ្នាក់ដឹកនាំដែលរកដំណោះស្រាយឱ្យប្រជាពលរដ្ឋកុំឱ្យរងទុក្ខទៀត។ ព្រោះអី ក្នុងដែនរបស់គាត់ថា មិនចង់ឱ្យក្រសួងគាត់មានបញ្ហាបន្តទៀត។ គាត់ចង់បញ្ចប់ គាត់ចង់ឱ្យបងប្អូនមានដំបូលជ្រកគ្រាប់គ្នា អ៊ីចឹងគាត់មិនចង់ឱ្យមានបញ្ហាទៀតទេ។ ពួកខ្ញុំក៏ជឿដែរថា ថ្នាក់ដឹកនាំមួយៗគាត់មិនចង់ឃើញបញ្ហាបែបនេះទេ»។
ការប្រជុំរកដំណោះស្រាយ របស់ លោក សាយ សំអាល់ ជាមួយអតិថិជននៅពេលនេះ គឺធ្វើឡើងក្រោយពី អតិថិជន បាននាំគ្នាចេញតវ៉ាបិទផ្លូវ ជាបន្តបន្ទាប់ ក្នុងរយៈពេលចុងក្រោយនេះ។ ក្នុងនោះ កាលពីនៅថ្ងៃទី១៥ ខែមករា អតិថិជន ជាង១០០នាក់ បានតវ៉ាបិទផ្លូវនៅមុខក្រសួងរៀបចំដែនដី ដើម្បីស្នើឱ្យក្រសួង ជួយរកដំណោះស្រាយ។ ភ្លាមៗនោះ ប្រធានក្រុមការងារសម្របសម្រួល ដោះស្រាយបញ្ហាក្រុមហ៊ុន ឡេង ណាវ៉ាត្រា លោក សុំ មនោរម្យ បានចេញមកអន្តរាគមន៍ ហើយសន្យាថា នឹងបញ្ជូនជាងឱ្យទៅសាងសង់ ផ្ទះជូនអតិថិជននៅតាមតំបន់មួយចំនួន ប៉ុន្តែ ក្រោយមកទៀត ក្រុមហ៊ុនមិនបានបញ្ជូនជាងឱ្យទៅ សាងសង់ តាមការសន្យានោះទេ ធ្វើឱ្យអតិថិជនខឹងសម្បារ រហូតមានការតវ៉ាជាហូរហែមក។
ចំណែកអតិថិជនម្នាក់ទៀត លោក មោក ឃាង លើកឡើងថា ចាប់តាំងពីក្រុមហ៊ុនរបស់លោក ឡេង ណាវ៉ាត្រា បានកុហកបោកប្រាស់ ប្រជាពលរដ្ឋ ម្ដងហើយម្ដងទៀតអស់រយៈពេលជិត៥ឆ្នាំមកនេះ ធ្វើឱ្យលោកមានការព្រួយបារម្ភពីជីវភាពជាខ្លាំង ខណៈលុយដែលលោកយកមកទិញផ្ទះពីក្រុមហ៊ុន បានមកពី ខ្ចីបុលធនាគារខ្លះ និង ខ្ចីបងប្អូនខ្លះ ប៉ុន្តែ បែរជាត្រូវបានក្រុមហ៊ុនបោកប្រាស់ ចំណែកបំណុល ត្រូវរកសងគេជាប្រចាំ។ លោកស្នើឱ្យរដ្ឋាភិបាល ជួយ រកដំណោះស្រាយបញ្ហានេះ ឱ្យបានឆាប់ បើពុំដូច្នោះទេ ពលរដ្ឋនឹងបន្តតវ៉ាជាថ្មីទៀត។
លោក មោក ឃាង៖ «សូមឱ្យរដ្ឋាភិបាលជួយដោះស្រាយឱ្យអតិថិជននៅគម្រោងជ្រៃ១០០ និង៦A។ និយាយទៅគម្រោងគាត់ច្រើនណាស់ ខ្ញុំស្នើសុំឱ្យជួយ ជនរងគ្រោះដោយសារ លោក ឡេង ណាវ៉ាត្រា បោក និយាយបាត់ដៃ ខ្នងដៃ និយាយខ្យល់។ អតិថិជនតែងតែរងគ្រោះរហូតដោះដូរដី ដោះដូរផ្ទះ ថែមលុយ ថែមកុងត្រា»។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ និងនាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី និងជាប្រធានក្រុមការងារសម្របសម្រួល ដោះស្រាយបញ្ហា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា លោក សុំ មនោរម្យ ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី២៧ ខែមករា។
ទោះជាយ៉ាងណា អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមអាដហុក (Adhoc) លោក យិន ម៉េងលី លើកឡើងថា ករណីនេះ ដូចជា មិនមែនជម្លោះរវាងក្រុមហ៊ុន និងអតិថិជននោះទេ ព្រោះថាកន្លងមកនេះ ពុំសូវឃើញតំណាងក្រុមហ៊ុនចេញ មកដោះស្រាយចំពោះអតិថិជនឱ្យបានត្រឹមត្រូវនោះទេ ផ្ទុយទៅវិញគេតែងតែ ឃើញ តំណាងក្រសួង ជាអ្នកចេញមកដោះស្រាយ និងសន្យានេះ សន្យានោះជាមួយនិងពលរដ្ឋ ប៉ុន្តែដោះស្រាយជាក់ស្ដែងគឺគ្មាន។ លោកថា ករណីនេះ ធ្វើឱ្យពលរដ្ឋកាន់តែខឹងសម្បារ ដូច្នេះ ក្រសួង គួរតែសហការ ជាមួយក្រុមហ៊ុន ដើម្បីស្វែងរកដំណោះស្រាយជូនពលរដ្ឋឱ្យត្រឹមត្រូវ និងមិនត្រូវ កុហក បោកប្រាស់ពួកគាត់បន្តទៀត។
លោក យិន ម៉េងលី៖ «ទាំងក្រុមហ៊ុន និងតំណាងរដ្ឋ ធ្វើការសន្យាហើយ គ្មានការជឿនលឿនទៅមុខ ហើយអូសបន្លាយពេលវេលា ធ្វើឱ្យប្រជាពលរដ្ឋហ្នឹង មានការខកចិត្ត មានការមិនសប្បាយចិត្ត ព្រោះការសន្យាហើយសន្យាទៀត។ ការសន្យាហើយ ត្រូវធ្វើតាមកិច្ចសន្យានឹង បើទោះបីជាកិច្ចសន្យាផ្ទាល់មាត់ ឬកិច្ចសន្យាលាយលក្ខណ៍អក្សរក៏ដោយ។ កាលមិនឃើញមានលទ្ធផល ប្រជាពលរដ្ឋលែងទុកចិត្តហើយ។ អ៊ីចឹង ដើម្បីបង្ហាញជំនឿទុកចិត្ត ស្ដារមុខមាត់ក្រសួង និងរដ្ឋាភិបាល ឡើងវិញ ត្រូវចាត់វិធានការឱ្យឃើញលទ្ធផលឱ្យបានលឿន»
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺជាសេដ្ឋីវ័យក្មេងមួយរូប នៅកម្ពុជា ដែលរងការចោទថា ជាអ្នករកស៊ីកាន់លុយកខ្វក់ឲ្យក្រុមគ្រួសារលោក ហ៊ុន សែន។ លោកក្ដោបក្ដាប់មុខជំនួញជាច្រើនចាប់តាំងពីវិស័យ អចលនទ្រព្យ ហិរញ្ញវត្ថុ ធនាគារ កសិកម្ម រហូតដល់ វិស័យសិល្បៈ។ លោកមានរថយន្តម៉ាកល្បីៗ ប្រមាណ១០ គ្រឿង ដូចជា រ៉ូលរ៉យស៍ (RollRoyce) ឡាំបូហ្គីនី (Lamborghini) ហ្វើរ៉ារី (Ferrari) ផច្ឆ (Porsche) និង ប៊ែនលី (Bentley) ព្រមទាំងឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនមួយគ្រឿងទៀត ដែលសរុប ជាទឹក ប្រាក់រាប់សិបលានដុល្លារ។
ទោះជាយ៉ាងណាមកទល់ពេលនេះជិត៥ឆ្នាំហើយ ដែលក្រុមហ៊ុនមិនសាងសង់ផ្ទះ និងធ្វើប្លង់ដី ឱ្យអតិថិជន។ ចំណែក ក្រសួងក៏នៅមិនទាន់បានប្រកាសជាជាផ្លូវការនៅឡើយ ជុំវិញការដកហូត ទ្រព្យសម្បត្តិ របស់ លោក ឡេង ណាវ៉ាត្រា យកមកលក់ជាសាធារណៈ ដើម្បីយកលុយមកសងអតិថិជនដែលកំពុងរងគ្រោះ។ ពលរដ្ឋថា បើទោះបីជាក្រសួងបានប្រកាសក្ដែងៗ ថា បានដកហូតទ្រព្យសម្បត្តិ របស់លោក ឡេង ណាវ៉ាត់ត្រា យកមកលក់ហើយក្ដី ពលរដ្ឋនៅតែមិនទាន់ជឿជាក់នៅឡើយ ខណៈដែលបញ្ហានេះ នៅតែគ្មានការវិវត្តន៍អ្វីជាដុំកំភួនដដែល៕









