ពលរដ្ឋ​ចាញ់​បោក​ក្រុមហ៊ុន​លោក ហ៊ី គឹមហុង ព្រមាន​មិន​ឈប់​តវ៉ា បើ​តុលាការ​មិន​ចាប់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន

0
216
ពលរដ្ឋ​ដែល​ចាញ់បោក​ប្រាក់​ក្រុមហ៊ុន​ពិភព​ដី​មាស​របស់​លោក ហ៊ី គឹមហុង តវ៉ា​បិទផ្លូវ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៤ វិច្ឆិកា ២០២៥។
ពលរដ្ឋ​ដែល​ចាញ់បោក​ប្រាក់​ក្រុមហ៊ុន​ពិភព​ដី​មាស​របស់​លោក ហ៊ី គឹមហុង តវ៉ា​បិទផ្លូវ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៤ វិច្ឆិកា ២០២៥។

ប្រជាពល​រដ្ឋ​រងគ្រោះ​រឿង​ឆបោក​ប្រាក់​រកស៊ី​ដី​ព្រមាន​មិន​ឈប់​តវ៉ា បើ​តុលាការ​មិន​ចេញ​ដីកាចាប់ខ្លួន​អតីត​ឧកញ៉ា ហ៊ី គឹមហុង និង​ឧកញ៉ា ៣ រូប​ទៀត ខណៈ​សំណុំ​រឿង​នេះ បាន​អូសបន្លាយ​ជិត ៣​ឆ្នាំ​ហើយ ប៉ុន្តែ នៅ​មិន​មាន​ដំណោះស្រាយ។ សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ចំពោះ​រឿង​នេះ។

សាលាដំបូង​រាជធានី​ភ្នំពេញ សុំ​ពេល​ពីរ​សប្តាហ៍ ដើម្បី​ស៊ើប​សង្កេត​រឿង​ចាប់ខ្លួន​លោក ហ៊ី គឹមហុង ប្រធាន​ក្រុមហ៊ុន​ពិភព​ដី​មាស បន្ទាប់ពី​ពលរដ្ឋ ប្រមាណ ១​ពាន់​នាក់ ស្ទើរតែ​គ្រប់​រាជធានី​-​ខេត្ត ដែល​ចាញ់បោក​ក្រុមហ៊ុន​នេះ បាន​នាំគ្នា​ឡើង​មក​ប្រមូលផ្ដុំ​ធ្វើការ​តវ៉ា​បិទផ្លូវ​នៅ​ខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​ទាមទារ​តុលាការ​ចេញ​ដីកាចាប់ខ្លួន​អតីត​ឧកញ៉ា ហ៊ី គឹមហុង និង​បក្ខពួក។

តុលាការ​អះអាង​ថា នឹង​ជូនដំណឹង​តាមរយៈ​មេធាវី និង​តំណាង​ពលរដ្ឋ​រងគ្រោះ ប្រសិនបើ​រយៈពេល​ពីរ​សប្ដាហ៍ មិន​មាន​ការ​ឆ្លើយតប​ទេ ប្រជាពលរដ្ឋ រងគ្រោះ​ទាំងអស់គ្នា មាន​សិទ្ធិ​ឡើង​តវ៉ា​ម្តង​ទៀត។

យ៉ាងណា ពលរដ្ឋ​រងគ្រោះ​លោក អ៊ុក ហុលសេដ្ឋា ដែល​ចាញ់បោក​ក្រុមហ៊ុន​ពិភព​ដី​មាស ៦​ម៉ឺន​ដុល្លារ អះអាង​ថា លោក​មិន​សូវ​មាន​ជំនឿ​លើ​ការ​សន្យា​របស់​តុលាការ និង​អាជ្ញាធរ​ទេ ព្រោះ​ជា​រឿង​ដដែល។ លោក​ថា ក្រុមហ៊ុន​ពិភព​ដីមាស មាន​ឥទ្ធិពល​ឱ្យ​មនុស្ស​របស់​ខ្លួន ដើរ​គំរាមកំហែង ប្រជាពលរដ្ឋ​មិន​ឱ្យ​ចេញ​តវ៉ា​ទៀត។

លោក អ៊ុក ហុលសេដ្ឋា៖ «បងប្អូន​ប្រជាពលរដ្ឋ​យើង​គាត់​អត់​ទទួលយក​ទេ ព្រោះ​វាយ​ចូល​តាម​រដ្ឋបាល​វា​ហាក់ដូចជា​ធ្វើដំណើរ​ជាថ្មី ប៉ុន្តែ​សំខាន់​បងប្អូន​យើង​ចង់​តុលាការ​ចេញ​ដីកាចាប់ខ្លួន ហ៊ី គឹមហុង មក​ឱ្យ​ពួកគាត់។ ចេញ​ដីកា​មក​ឱ្យ​ពួកគាត់​មក ហើយ​ចាប់​ថ្ងៃ​ណា​ចាប់​ទៅ ស្រេច​តែ​លោក​តុលាការ ក៏ប៉ុន្តែ​ឱ្យ​មាន​ភស្តុតាង​ដីកាចាប់ខ្លួន​មក​ឱ្យ​ពួកគាត់ អាហ្នឹង​បាន​គាត់​សុខចិត្ត​។ ឯ​លិខិត​មិញ​នេះ គឺជា​លិខិត​ចូល​តាមផ្លូវ​រដ្ឋបាល​ធម្មតា​ទេ យក​ទៅ​បើ​តុលាការ​អត់​អនុវត្ត​ការងារ​ហ្នឹង ពួក​ខ្ញុំ​នឹង​តែ​ពី​ស្បោង និង​ស្ពៃ​ទៀត​ហើយ»។

លោក​បន្ត​ថា តុលាការ​បាន​សន្យា​បែប​នេះ បន្ទាប់ពី​ក្រុម​អ្នក​តវ៉ា អះអាង​ថា មិន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឡើយ ហើយ​ប្ដេជ្ញា​បន្ត​សកម្មភាព​ទាមទារ​រហូត​ទាល់​តែ​មាន​ដំណោះស្រាយ។

លោក អ៊ុក ហុលសេដ្ឋា៖ «​ណា​ច្បាប់​អត់​បាន​ហៅ ហ៊ី គឹមហុង និង​បក្ខពួក​អត់​បាន​ចូល​មក​ដោះស្រាយ​ជាមួយ​ខ្ញុំ ពួក​ខ្ញុំ​សុខចិត្ត​អត់​បាន​ក្រហាយ​ទឹក​ស្លាប់​នៅ​ទីនេះ ប្រសើរ​ជាង​ទៅ​ស្លាប់​នៅផ្ទះ ដោយសារតែ​គេ​យក​ដី យក​ផ្ទះសម្បែង​ទាំងអស់គ្នា»។

លោក ឈូក វុធ មកពី​ខេត្តកំពត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ពួកគាត់​ប្រឈម​នឹង​ទុក​លំបាក​វេទនា និង​វ័ណ្ឌក​នឹង​បំណុល​ធនាគារ តាំងពី​ខែ​សីហា ឆ្នាំ​២០២៣ ដោយសារតែ​ចាញ់បោក​ក្រុមហ៊ុន​ពិភព​មាស​របស់​អតីត​ឧកញ៉ា ហ៊ី គឹមហុង។ លោក​ថា ក្រុមហ៊ុន​នេះ បបួល​លោក​ឱ្យ​ដាក់​លុយ​យក​ការ​ប្រាក់ គឺ​មិនមែន​ទិញ​ដី​របស់​ក្រុមហ៊ុន​នោះ​ទេ។

លោក ឈូក វុធ៖ «​បាន​ន័យ​នេះ កូនចៅ​របស់ ហ៊ី គឹមហុង ហ្នឹង ហៅ​ឱ្យ​បងប្អូន​យើង​រកស៊ី​ដាក់​លុយ​យក ៣ ភាគរយ​។ ខ្ញុំ​នឹង​ជំពាក់​ធនាគារ​មុន​ខ្លះ​ហើយ ៣ ទៅ ៤​ដុល្លារ​ហើយ ប៉ុន្តែ​ដោយសារតែ ហ៊ី គឹមហុង ប្រើ​បក្ខពួកគាត់​ហ្នឹង បបួល​ខ្ញុំ​ថា យក​លុយ​នឹង​ថែម​ទៅ ឱ្យ ៣​ភាគរយ យក​លុយ​នឹង​មក​មិន​បាច់​រកស៊ី​អី​ទេ ចាំតែ​យក​ចុង​មក​គឺ​សង​គេ​រួចហើយ ប៉ុន​ពេល​ខ្ញុំ​ដាក់​បាន​រយៈពេល ៣ ខែ បាន​ចុង​តែ ៣​ខែ​ទេ​។ អ៊ីចឹង ហ៊ី គឹមហុង ក៏​មាន​ចលាចល​លែង​វេរ​ផល​ចំណេញ​មក​ឱ្យ​ខ្ញុំ ហើយ​កុំ​ថា ទិញ​ដី​បាន​ដី អត់​ទេ​។ បបួល​ខ្ញុំ​រកស៊ី គឺ​ឱ្យ​ខ្ញុំ ៣ ភាគរយ ខ្ញុំ​អត់​ទិញ​ដី​យក​ដី​ទេ»។

ចំណែក​លោក នួន សាវាន មកពី​ខេត្ត​ស្វាយរៀង ដែល​ចាញ់បោក​ក្រុមហ៊ុន ពិភព​ដី​មាស​អស់ប្រាក់ ៣​ម៉ឺន ២​ពាន់​ដុល្លារ​លើកឡើង​ថា ជិត​៣​ឆ្នាំ​មកនេះ ពលរដ្ឋ​ដែល​ចាញ់បោក​ក្រុមហ៊ុន​ក៏​ឈឺ​ស្លាប់​ច្រើន​នាក់ រីឯ​ធនាគារ​ចេះតែ តាម​គំរាម​រឹបអូស​ទ្រព្យសម្បត្តិ ។ លោក​ថា នេះ​ជា​ការ​ចេញមុខ​តវ៉ា​លើក​ទី​៤ របស់​លោក ខណៈ​ពលរដ្ឋ​ផ្សេងទៀត នាំគ្នា​តវ៉ា​លើស​ពី ៤​ដង​ផង យ៉ាងណា លោក​ថា នៅតែ​គ្មាន​ដំណោះស្រាយ ហើយ​ឮ​តែ​ពាក្យ​នីតិវិធី​ពី​អាជ្ញាធរ និង​តុលាការ​តែ​គ្មាន​លទ្ធផល​អ្វី​ទាំងអស់។

លោក នួន សាវាន៖ «ហ៊ី គឹមហុង គឺ​បាន​ចាប់ខ្លួន​ម្ដង​ហើយ ប៉ុន្តែ​ដល់​គាត់​និយាយ​ថា ឱ្យ​​តែ​គាត់​បាន​ចេញពី​ពន្ធនាគារ​វិញ គាត់​នឹង​លក់​ទ្រព្យសម្បត្តិ​សង​ប្រជាពលរដ្ឋ​ទាំងអស់ ទោះបីជា​គាត់​នៅសល់​តែ​ខ្លួន​ក៏ដោយ​។ ប៉ុន្តែ​ដល់​ពេល​ឥឡូវនេះ គាត់​ចេញ​មក​រយៈពេល ២​ឆ្នាំ​ហើយ គាត់​មិន​បាន​ធ្វើ​អី​ទាំងអស់ គាត់​មានតែ​លួច​ផ្ទេរ​ទ្រព្យសម្បត្តិ​ទៅ​ឱ្យ​បងប្អូន​គាត់​ផ្សេងៗ​ទៀត រីឯ​ពួក​ខ្ញុំ​លំបាក​វេទនា​គាត់​អត់​ដែល​ធ្វើ​បានទេ គាត់​សន្យា​ហើយ​សន្យា​ទៀត មិន​ដែល​ធ្វើ​បាន​មួយ​ចំណុច​ណា​ទេ ហើយ​ពួក​ខ្ញុំ​ហ្នឹង​យល់ព្រម​ទាំងអស់ ប៉ុន្តែ​ឥឡូវ​អត់​យល់ព្រម​ទេ»។

ប្រជាពលរដ្ឋ​ម្នាក់ទៀត​មកពី​ខេត្ត​ស្វាយរៀង​ដែរ គឺ​លោកស្រី ម៉ៅ រ៉ានី ដែល គ្រួសារ​លោកស្រី ចាញ់បោក​ក្រុមហ៊ុន​ពិភព​ដី​មាស​យ៉ាងតិច ៧ ម៉ឺន ២ ពាន់ ដុល្លារ មានប្រសាសន៍ថា គ្រួសារ​លោកស្រី ធ្លាក់ខ្លួន​ចាញ់បោក​ក្រុមហ៊ុន ពិភព​ដី​មាស​នេះ ដោយសារតែ​ក្រុមហ៊ុន​នេះ បង្ហាញ​រូបភាព​សហការ​ជាមួយ អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ទាក់ទាញ​ទំនុកចិត្ត​អតិថិជន។

លោកស្រី ម៉ៅ រ៉ានី៖ «ហ៊ី គឹមហុង នៅ​វាំងនន​ខ្មៅ​កន្លែង​ណា ដែល​អាជ្ញាធរ​ទាំងអស់​ហ្នឹង ធ្វើ​មិនកើត​ចំពោះ ហ៊ី គឹមហុង ខ្ញុំ​សួរ​ថា វាំងនន​ខ្មៅ​នៅ​កន្លែង​ណា ដែល​ធ្វើ​មិនកើត​ចំពោះ ហ៊ី គឹម​ហុង ឱ្យ ហ៊ី គឹមហុង ដើរ​បោក​ប្រជាជន​ទៀត ហ៊ី គឹមហុង មាន​ឥទ្ធិពល​អី ខ្ញុំ​ចង់​ដឹង​កន្លែង​ត្រង់​ហ្នឹង​។ អ៊ីចឹង​បាន​ពួក​ខ្ញុំ​លែង​ជឿ​ទៅលើ​តំណាង ព្រោះ​អី​តំណាង​[​និយាយ​]​តែ​នីតិវិធីៗ បាន​ពួក​ខ្ញុំ​លែង​ជឿ​លើ​តំណាង​ទាំងអស់ បាន​ពួក​ខ្ញុំ​ក្រោក​ឈរ​ឡើង​ដោយ​កម្លាំងចិត្ត​ឈឺចាប់»។

ក្រោយពី​មានការ​តវ៉ា​បិទផ្លូវ​នោះ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ទិតសុទ្ធី បូរ៉ាឆាត បាន​ចេញ​មក​ទទួល​ពាក្យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បណ្ដឹ​ង និង​ស្នើ​​​​​ឱ្យ​ប្រជា​ពលរដ្ឋ ទុក​ពេល​ឱ្យ​តុលាការ​រយៈពេល​ពីរ​សប្ដាហ៍ ដើម្បី​ឱ្យ​តុលាការ​ដោះស្រាយ។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា បទល្មើស​ឆបោក ដែល​គ្មាន​លក្ខណៈ​ស្មុគស្មាញ​ដូច​ករណី​ក្រុមហ៊ុន​ពិភព​ដី​មាស​នេះ មិន​គួរ​ណា​ឱ្យ​ពលរដ្ឋ​រងគ្រោះ រង់ចាំ​យុត្តិធម៌​ដល់​ទៅ​ជិត​៣ ឆ្នាំ​នោះ​ទេ ហើយ​រឿង​បែបនេះ រដ្ឋាភិបាល​ក៏​ត្រូវ​ចេញ​ធ្វើ​អន្តរាគមន៍​ជួយ​ពលរដ្ឋ​ដែរ ដែល​មិន​រាប់​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​តុលាការ​ឡើយ។

លោក​ថា អតីត​ឧកញ៉ា ហ៊ី គឹមហុង ត្រូវ​តុលាការ​ដោះលែង​ពី​ពន្ធនាគារ ដោយ​ភ្ជាប់​លក្ខខណ្ឌ​ដោះស្រាយ​បញ្ហា ប៉ុន្តែ​ពេល​មាន​សេរីភាព​ហើយ បែរជា​មិន​គោរព​លក្ខខណ្ឌ នោះ​តុលាការ​អាច​ចាប់​លោក ហ៊ី គឹមហុង ឱ្យទៅ​ទទួល​ខុសត្រូវ​វិញ។

លោក យិន ម៉េងលី៖ «​ប្រជាពលរដ្ឋ​រង់ចាំ​យុត្តិធម៌​យូរ​ពេក​។ យើង​មើល​រយៈពេល​ប្រមាណ ២​ឆ្នាំ​ជាង ជិត ៣​ឆ្នាំ​ហើយ អ៊ីចឹង​គាត់​ឃើញថា យុត្តិធម៌​ដូចជា​មិន​មាន​សោះ​សម្រាប់​ពួកគាត់​ហើយ​ឃើញ​ថា វា​អត់​ទាន់​ឃើញ​អ្វីមួយ​ដែល​លេចធ្លោ​ជា​ចំណាត់ការ​ច្បាស់លាស់ ដែល​ឱ្យ​ពួកគាត់​មាន​ការ​ជឿ​ទុកចិត្ត​បាន​។ អ៊ីចឹង​ពួកគាត់​រង់ចាំ​យូរ​ទៅៗ ក៏​អស់​សង្ឃឹម​ទៅៗ»។

ប្រជាពលរដ្ឋ​ស្នើសុំ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ម្ចាស់​ក្រុមហ៊ុន​លោក ហ៊ី គឹមហុង និង​បក្ខពួក មក​ទូទាត់​ឲ្យ​ពលរដ្ឋ​រងគ្រោះ ។ ពលរដ្ឋ​រងគ្រោះ ក៏​ស្នើ​សុំ​ឱ្យ​តុលាការ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ពួកគាត់ ជំពាក់​លុយ ធនាគារ​ដែរ ហើយ​តុលាការ​ប្រាប់​ឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះ ដែល​ជាប់ បំណុល​នៅ​ធនាគារ​ត្រៀម​ឯកសារ​។ សាលាដំបូង​រាជធានី​ភ្នំពេញ​ថា នឹង​បើកសវនាការ​ជំនុំជម្រះ​លើ​លោក ហ៊ី គឹមហុង នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២៥​ខាង​មុន​នេះ។

អតីត​ឧកញ៉ា ហ៊ី គឹមហុង ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ខែ​សីហា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស បន្ទាប់ពី​ក្រុម​ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​ឧកញ៉ា​រូប​នេះ​។ ប៉ុន្តែ កាលពីដើម​ខែ​វិច្ឆិកា​ឆ្នាំ​២០២៣ ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស​អតីត​ឧកញ៉ា ហ៊ី គឹមហុង ត្រូវ​បាន​សាលាឧទ្ធរណ៍ ភ្នំពេញ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន បន្ទាប់ពី​ជាប់​ពន្ធនាគារ​ប្រមាណ ៣ខែ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ