ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ក្រចេះ​គ្រោង​​តវ៉ា​នៅ​ភ្នំពេញ បើ​តុលាការ​មិន​ព្រម​ដោះលែង លោក ភេន ឡៃ

0
58
រូបភាព​ពលរដ្ឋ​រស់នៅ​ឃុំ​កោះខ្ញែរ ស្រុក​សំបូរ ខេត្ត​ក្រចេះ នាំគ្នា​ឡើង​មក​ឃ្លាំមើល លោក ភេន ឡៃ នៅមុខ​សាលាដំបូង​ខេត្តក្រចេះ ការ​ពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៦​។ រូបភាព​ពលរដ្ឋ​ផ្ដល់​ឲ្យ
រូបភាព​ពលរដ្ឋ​រស់នៅ​ឃុំ​កោះខ្ញែរ ស្រុក​សំបូរ ខេត្ត​ក្រចេះ នាំគ្នា​ឡើង​មក​ឃ្លាំមើល លោក ភេន ឡៃ នៅមុខ​សាលាដំបូង​ខេត្តក្រចេះ ការ​ពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៦​។ រូបភាព​ពលរដ្ឋ​ផ្ដល់​ឲ្យ

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្តក្រចេះ គ្រោង​ឡើង​ទៅ​ភ្នំពេញ ដើម្បី​តវ៉ា​ប្រសិនបើ​តុលាការ​មិន​ព្រម​ដោះលែង​តំណាង​របស់​ពួកគាត់ គឺ​លោក ភេន ឡៃ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ទេ​នោះ​។ ការ​ព្រមាន​នេះ គឺ​ក្រោយ​ពី​លោក ភេន ឡៃ ត្រូវ​បាន​តុលាការ​ខេត្តក្រចេះ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន ក្រោម​បទ​ចោទ​កាប់​រុករាន​ទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់។

តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ដែល​តែងតែ​ដឹកនាំ​ពលរដ្ឋ​តវ៉ា​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម នៅ​ស្រុក​សំបូរ ខេត្តក្រចេះ គឺ​លោក ភេន ឡៃ ត្រូវ​បាន​តុលាការ​ខេត្តក្រចេះ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី១១ ខែមករា ក្រោយ​មន្ត្រី​បរិស្ថាន​ចាប់ខ្លួន និង​ចោទប្រកាន់​រូបលោក ពី​បទ​កាប់​រុករាន​ទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់​។ ពលរដ្ឋ​ថា រហូត​មក​ដល់​ថ្ងៃនេះ អាជ្ញាធរ​ខេត្តក្រចេះ មិន​បាន​ប្រាប់​ព័ត៌មាន​ជាក់លាក់​ពី​ការ​ឃុំខ្លួន លោក ភេន ឡៃ នោះ​ឡើយ។

តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ឃុំ​កោះ​ខ្ញែរ លោកស្រី អែល រ៉ូស្សា អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៤ ខែមករា​ថា មេធាវី​របស់​លោក ភេន ឡៃ បាន​ពលរដ្ឋ​ប្រាប់​ថា លោក ភេន ឡៃ ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ក្រចេះ​ហើយ ដូច្នេះ​ត្រូវ​រង់ចាំ​១​សប្ដាហ៍​ទៀត ដើម្បី​ដាក់​ពាក្យ​ស្នើសុំ លោក ភេន ឡៃ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​។ លោកស្រី​បន្ថែម​ថា ប្រសិនបើ​មិន​មាន​ការ​ដោះលែង លោក ភេន ឡៃ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នោះ​ទេ ពលរដ្ឋ​នៅ​ឃុំ​កោះ​ខ្ញែរ ចំនួន​៥​ភូមិ នឹង​នាំគ្នា​ឡើង​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​តវ៉ា​ស្នើ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ អន្តរាគមន៍​ដោះលែង​តំណាង​របស់​ពួកគាត់ និង​រក​ដំណោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម។

លោកស្រី អែល រ៉ូស្សា៖ «យ៉ាងណា​យ៉ាង​ណី​បបួលគ្នា​ទៅ​ភ្នំពេញ​ទៀត ទៅ​តវ៉ា ពីព្រោះ​ដី​ពួក​ខ្ញុំ​មិនទាន់​ដោះស្រាយ​ផង ហេតុអ្វី​បានជា​ទៅ​ចាប់​គំរាមកំហែង ខាង​មន្ទីរ​បរិស្ថាន​វា​យ៉ាងម៉េច​បាន​ចេះតែ​ចង់​គំរាមកំហែង ចាប់​តែ​មនុស្ស​ល្អ​ដាក់គុក មនុស្ស​អាក្រក់​ចេះតែ​រួចខ្លួន​អ៊ីចឹង​ខ្ញុំ​វា​ឆ្ងល់ ខាង​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ​វា​យ៉ាងម៉េច គេ​មិន​បាន​ធ្វើ​អ្វី​ខុស​ផង​មក​ចាប់​គេ​ដាក់គុក គំរាមកំហែង​រឿង​ដី​សុទ្ធសាធ»។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង អ្នកនាំពាក្យ​សាលាដំបូង​ខេត្តក្រចេះ លោក ទីវ វុធធេន និង​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តក្រចេះ លោក គា ប៊ូ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​១៤ ខែ​មករា។

លោក ភេន ឡៃ ត្រូវ​បាន​មន្ត្រី​បរិស្ថាន​ខេត្ត​ក្រចេះ ចាប់ខ្លួន កាលពី​ថ្ងៃទី៩ ខែ​មករា​ដោយ​ចោទប្រកាន់​តំណាង​ពលរដ្ឋ​រូប​នេះ ពី​បទ​កាប់​រុករាន​ទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់ ខណៈ​នៅក្នុង​ខ្លួន​របស់​លោក ភេន ឡៃ មិន​មាន​សម្ភារៈ​កាប់​បំផ្លាញ​ព្រៃឈើ​នោះ​ឡើយ​នៅ​ពេល​ចាប់ខ្លួន។

កាលពី​ថ្ងៃទី៨ ខែ​តុលា ឆ្នាំ​២០២៤ សាលាដំបូង​ខេត្តក្រចេះ បាន​កោះហៅ​លោក ភេន ឡៃ និង​ពលរដ្ឋ​ចំនួន ៥​នាក់​ផ្សេងទៀត ក្នុង​នោះ​មាន លោក អ៊ុន សុខុំ ប្រុក ភារម្យ ឌុច សាគី ស៊ឹង ករុណា និង​លោកស្រី អែល រ៉ូស្សា ដើម្បី​បំភ្លឺ​ពាក់ព័ន្ធ​ការចោទប្រកាន់​រំលោភ​កាន់កាប់​ទ្រព្យសម្បត្តិ​រដ្ឋ​ដោយ​ខុសច្បាប់ និង​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលវត្ថុ​ដោយ​សុចរិត។

ទាកទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស​ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ប្រសិនបើ​ករណីនេះ ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​ដីធ្លី ជាមួយ​ក្រុមហ៊ុន អាជ្ញាធរ​គួរតែ​ដោះលែង​តំណាង​ពលរដ្ឋ និង​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​មួយ​នេះ​។ លោក​ថា អាជ្ញាធរ​មិន​គួរ​អូស​បន្លាយ និង​ធ្វើទុក្ខបុកម្នេញ​ទៅលើ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​បែបនេះ​ឡើយ។

លោក យិន ម៉េងលី៖ «ដោះលែង​គាត់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​សិន​ទៅ ហើយ​ដោះស្រាយ​បញ្ចប់​ទៅ តំបន់​នេះ​មិនមែន​ទើបតែ​មាន​បញ្ហា​នោះ​ទេ វា​ជា​យូរ​ឆ្នាំ​មក​ហើយ​សូម​បញ្ចប់​បញ្ហា​នេះ​ទៅ កាលណា​ទុក​ឲ្យ​បញ្ហា​នេះ​អូស​បន្លាយ​យូរ​មានន័យថា ពលរដ្ឋ​ជា​អ្នករងគ្រោះ ពលរដ្ឋ​កាត់​តែ​ឈឺចាប់​កាត់​តែ​ខ្លាំង​ឡើង»។

កាល​ដើមឆ្នាំ​២០២៤ ក្រុមហ៊ុន​វៀតណាម កាម៉ាដេនូ វេនឈ័រ និង​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង បាន​ឈូស​ឆាយ​បំផ្លាញ​ផលដំណាំ ផ្ទះសម្បែង និង​ហ៊ុមព័ទ្ធ​យក​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​ថែមទៀត​។ ពេលនោះ លោក ភេន ឡៃ បាន​ដឹកនាំ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម នៅ​ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ តវ៉ា​ទាមទារ និង​ដោយ​ស្នើ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ ជួយ​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ​ដល់​ពលរដ្ឋ និង​កាត់​ឆ្វៀល​ដីធ្លី ផ្ទះសម្បែង និង​ស្រែចម្ការ​របស់​ពលរដ្ឋ​ចេញពី​បរិវេណ​ក្រុមហ៊ុន​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​នោះ​ឡើយ​ទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ