លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិតាមរយៈសហមេធាវីរបស់លោកស្នើសុំឲ្យសាលាឧទ្ធរណ៍ភ្នំពេញពន្លឿននីតិវិធីក្នុងការកាត់ក្តីករណីចោទប្រកាន់លោកពីបទសន្ទិដ្ឋិភាពនោះឲ្យបានឆាប់ ខណៈលោករង់ចាំយុត្តិធម៌ក្នុង សំណុំរឿងនេះជាង៨ឆ្នាំមកហើយ។
អ្នកសិក្សាច្បាប់ថា សំណុំរឿងលោក កឹម សុខា នឹងមិនអាចបិទបញ្ចប់តាម ផ្លូវ ច្បាប់ ឬ ផ្លូវតុលាការបានឡើយ បើគ្មានកិច្ចចរចានយោបាយរវាងបក្សប្រឆាំង ឬបក្សកាន់អំណាច។
សហមេធាវី ការពារក្តីឲ្យលោក កឹម សុខា ថា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កំពុងរងទារុណកម្មផ្លូវចិត្តធ្ងន់ធ្ងរដោយសារសាលាឧទ្ធរណ៍ភ្នំពេញបានផ្អឹបទុកមិនដំណើរការឲ្យចប់សព្វគ្រប់ឡើយដោយបានពន្យារពេលម្តងហើយម្តងទៀតរហូតដល់ជាង ៨ឆ្នាំកន្លងមកហើយ។
សហមេធាវី លោក ផែង ហេង ថា ការពន្យារពេលរបស់តុលាការម្តងហើយម្តងទៀតកន្លងមកពុំមានហេតុផលសមរម្យឡើយ និងហាក់មានចេតនាមិន ចង់ បញ្ចប់រឿងក្តីនេះឡើយពីព្រោះដំណើរការក្តីរបស់ លោក កឹម សុខា ដើរដល់ចុងបញ្ចប់នៃនីតិវិធីទៅហើយដោយនៅសល់តែសេចក្តីសន្និដ្ឋានចុងក្រោយប៉ុណ្ណោះ ប៉ុន្តែតុលាការមិនព្រមដំណើរការបញ្ចប់រឿងក្តីនេះឡើយ។
លោក ផែង ហេង៖ «ធ្វើឲ្យអារម្មណ៍មិនស្ងប់មិននឹងន វាជាទារុណកម្មមួយបាត់ទៅហើយ ដូចលោក កើត រិទ្ធ ថា មិនរកយុត្តិធម៌ឲ្យគេឆាប់ វាស្មើនឹងអយុត្តិធម៌ ភាពអយុត្តិធម៌មកលើខ្លួនគាត់វាយូរឆ្នាំណាស់ដែរហើយ ៨ឆ្នាំជាងហើយ ចាប់ពីថ្ងៃចាប់ខ្លួនទាំងកណ្តាលអធ្រាត្រនោះមក…»។
ទាក់ទងករណីនេះ សហមេធាវីបានដាក់ពាក្យស្នើសុំបន្តនីតិវិធីសវនាការទៅសាលាឧទ្ធរណ៍ភ្នំពេញជាថ្មីម្តងទៀតជាលើកទី៤ កាលពីថ្ងៃទី១០ វិច្ឆិកា កន្លងទៅនេះ។
ពួកគាត់ បានស្នើសុំឲ្យបន្តសវនាការឱ្យបានឆាប់រហ័ស លើសំណុំរឿងនេះ។ ក្នុងករណីដែលមិនអាចបន្តសវនាការក្នុងពេលវេលាឆាប់រហ័សបានទេនោះ សហមេធាវីស្នើសុំឱ្យមានដំណោះស្រាយណាមួយជាបន្ទាន់ និងសមស្របដើម្បីផ្តល់សេរីភាពជូនលោក កឹម សុខា ឡើងវិញដោយយោងតាមមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញ។
ទោះយ៉ាងណាក្តី សហមេធាវី លោក ផែង ហេង បានប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៣ វិច្ឆិកាថា មកដល់ពេលនេះ មិនទាន់មានការឆ្លើយតបពីសាលាឧទ្ធរណ៍ភ្នំពេញថា យ៉ាងណានៅឡើយទេ។
នៅក្នុងពាក្យស្នើសុំដែលចុះហត្ថលេខា ដោយសហមេធាវី២រូប គឺ លោក មេធាវី អាង ឧត្ដម និងលោកមេធាវី ផែង ហេង ជាសហមេធាវី របស់ កឹម សុខា នោះ បានរម្លឹកទៅដល់ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ។
សភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចលើកពេលសវនាការ លើសំណុំរឿងសភាព្រហ្មទណ្ឌថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ របស់សាលាឧទ្ធរណ៍ភ្នំពេញដែលបានគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។ គិតពីកាលបរិច្ឆេទលើកពេល រហូតមកដល់បច្ចុប្បន្ន ហើយការលើកពេលម្តងហើយម្តងទៀតរបស់សាលាឧទ្ធរណ៍នេះ ធ្វើឱ្យសំណុំរឿងនេះអូសបន្លាយអស់រយៈពេលសរុបជាង ៨ឆ្នាំមកហើយ ហើយបើគិតរយៈពេលនៅសាលាឧទ្ធរណ៍ភ្នំពេញ គឺជាង២ឆ្នាំបើទោះបីជាសហមេធាវីការពារក្ដី បានស្នើសុំពន្លឿននីតិវិធីជាច្រើនដង ហើយចុងក្រោយសាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់កាលបរិច្ឆេទជាក់លាក់យកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ រួចហើយ ក៏ស្រាប់តែសាលាឧទ្ធរណ៍ខ្លួនឯងជូនដំណឹងលើកពេលសវនាការបន្តទៀតទៅវិញ។
លិខិតស្នើសុំរបស់សហសមេធាវីដដែល បានគូសបញ្ជាក់ទៀតថា ការសម្រេចពន្យារពេលលើសំណុំរឿងរបស់លោក កឹម សុខា ម្ដងហើយម្ដងទៀតបែបនេះ គឺបានធ្វើឱ្យប៉ះពាល់សិទ្ធិរបស់កូនក្តី ក្នុងការទទួលបានការកាត់សេចក្ដីបានឆាប់ រហ័សតាមច្បាប់បញ្ញត្តិ។ ម្យ៉ាងទៀត ដើម្បីបញ្ចប់សំណុំរឿងនេះសាលាឧទ្ធរណ៍ មិនត្រូវការពេលវេលាច្រើនឡើយ ព្រោះការសួរដេញដោលបានចប់សព្វគ្រប់អស់ហើយនៅតែការធ្វើសេចក្តីសន្និដ្ឋានប៉ុណ្ណោះ។
ការលើកពេលលើសំណុំរឿងនេះកំពុងបន្តអនុវត្តផ្ទុយពីមូលហេតុដែលបានបញ្ជាក់ថា តុលាការកំពុងតែជំរុញពន្លឿន និងដោះស្រាយរឿងក្តី ដែលកកស្ទះនៅតុលាការ។ លើសពីនេះទៀត ករណីនេះ ក៏កំពុងដើរផ្ទុយពីគោលការណ៍របស់រដ្ឋាភិបាល ដែលរដ្ឋមន្តី ក្រសួងយុត្តិធម៌កំពុងដាក់ចេញជាអត្ថិភាព និងដាក់បទបញ្ជាឱ្យពន្លឿនដោះស្រាយ ហើយថែម ទាំងថ្លែងថា ការពន្យារពេលដោះស្រាយរឿងក្តី គឺជាការផ្តល់នូវភាពអយុត្តិធម៌។
សហមេធាវីក៏កត់សម្គាល់ឃើញទៀតថា ទោះបីសាលក្រមមិនទាន់ស្ថាពរ លោក កឹម សុខា កំពុងឃុំឃាំង ដកសិទ្ធិសេរីភាពមនុស្សឥតទោសឱ្យនៅក្នុងគេហដ្ឋាន តាមទំរង់ដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
ការពន្យាពេលសវនាការដ៏យូរបែបនេះបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ លោក កឹម សុខា ដែលជាផ្នែកមួយនៃសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងឆាប់រហ័ស។
ការទន្ទឹងរង់ចាំយុត្តិធម៌ដ៏យូរក្នុងស្ថានភាពបែបនេះ គឺជារឿងអយុត្តិធម៌ ដែលករណីនេះ បានអនុវត្តផ្ទុយពីគោលការណ៍ច្បាប់ និងផ្ទុយពីការលើកឡើងរបស់ក្រសួងយុត្តិធម៌កន្លងមកនោះផងដែរ។
សមត្ថកិច្ចបានចាប់ខ្លួនលោក កឹម សុខា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានផ្ដន្ទាទោសលោក កឹម សុខា ឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលត្រូវបានចោទប្រកាន់តាំងពីឆ្នាំ២០១៧។ តុលាការបានដាក់បម្រាមមិនឱ្យលោក កឹម សុខា ធ្វើនយោបាយមិនឱ្យចេញពីផ្ទះ មិនអនុញ្ញាតឱ្យជួបភ្ញៀវបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ។
អតីតសហមេធាវី កឹម សុខា គឺ លោក ចាន់ ចេន ក៏បានបង្ហោះសារ លើហ្វេសប៊ុករបស់លោកថ្មីនេះដែរថា៖ «លោក កឹម សុខា បានរង់ចាំពន្លឺយុត្តិធម៌ជាង០៨ឆ្នាំហើយ តែពន្លឺយុត្តិធម៌សម្រាប់គាត់ហាក់នៅឆ្ងាយ…. ឆ្ងាយដូចជើងមេឃ មិនទាន់ឃើញស្រមោលនៅឡើយ។
ចំណែក អ្នកសិក្សាច្បាប់ លោក វ៉ន ចាន់ឡូត វិញ យល់ឃើញថា ការពន្យារពេលម្តងហើយម្តងទៀតបែបនេះ គឺទី១អាចតុលាការមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់ ទី២ រឿងនេះវាបង្កប់នូវរបៀបវារៈនយោបាយ ដែលមិនអាចឲ្យលោក កឹម សុខា មានលទ្ធភាពចូលប្រឡូកលើឆាកនយោបាយបានតទៅទៀត។
លោកបន្តថា ស្ថិតក្នុងស្ថានភាពបែបនេះ តុលាការ នឹងមិនអាចបិទបញ្ចប់សំណុំរឿង លោក កឹម សុខា តាមផ្លូវច្បាប់ ឬផ្លូវតុលាការបានឡើយ បើគ្មានកិច្ចចរចានយោបាយរវាងបក្សប្រឆាំង និងបក្សកាន់អំណាច។
លោក វ៉ន ចាន់ឡូត៖ «កត្តានេះហើយ ដែលធ្វើឲ្យតុលាការ តែងតែប្រើប្រាស់នូវតាក់តិចពន្យារពេល ការពន្យារពេលនេះស្មើនឹងការផ្អឹបទុកយុត្តិធម៌ សម្រាប់ លោក កឹម សុខា….» ។
អ្នកសិក្សាច្បាប់ លោក វ៉ន ចាន់ឡូត មើលឃើញទៀតថា ដើម្បីដោះស្រាយរឿងនេះបាន គ្មានអ្វីក្រៅពីការរួមកម្លាំងគ្នារវាងអ្នកប្រជាធិបតេយ្យទាំងក្នុង និងក្រៅប្រទេសឲ្យខ្លាំងស្មើដៃគ្នា ដើម្បីរុញច្រានបក្សកាន់អំណាចឲ្យដើរចូលតុចរចាដើម្បីអាចបញ្ចប់វិបត្តិនេះបាន៕










