

បរទេសចម្រុះជាតិសាសន៍បន្តរត់ចេញពីអគារកាស៊ីណូមួយកន្លែងទៀត នៅស្រុកកំពង់ត្រាច ខេត្តកំពត កាលពីយប់ថ្ងៃទី១៥ មករា ដែលសង្ស័យថា ជាកន្លែងឧក្រិដ្ឋកម្មឆបោកអនឡាញ បន្ទាប់ពីមានករណីស្រដៀងគ្នានេះ នៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
ពលរដ្ឋបានឃើញហេតុការណ៍ផ្ទាល់ និងថតវីដេអូរៀបរាប់យ៉ាងលម្អិតថា មានបរទេសជាច្រើនជាតិសាសន៍ ដូចជា ជនជាតិចិន ឥណ្ឌា ប៉ាគីស្ថាន និងជនជាតិជាតិស្បែកខ្មៅជាដើម បានសម្រុកចាកចេញពីអគារកាស៊ីណូមួយកន្លែងឈ្មោះ មេហ្គា ហាទៀង (Mega Hatieng) ស្ថិតនៅក្បែរច្រកព្រំដែនព្រែកចាក ស្រុកកំពង់ត្រាច នៅយប់ម៉ោងប្រមាណ ៨ ថ្ងៃទី១៥ មករា។ ប្រភពបន្តថា ក្នុងចំណោមបរទេសជាច្រើននាក់នោះ មានជនជាតិចិនច្រើនជាងគេ។ លោកបន្តថា ទិដ្ឋភាពបរទេសដើរនេះមានចំនួនច្រើនរាប់រយ រាប់ពាន់នាក់ ដោយដើរបន្តកន្ទុយគ្នាចាប់តាំងពីច្រកព្រែកចាក រហូតដល់ផ្សារកំពងត្រាច មានចម្ងាយជាង ១០គីឡូម៉ែត្រ។ លោកប្រៀបធៀបថា ចំនួនច្រើនណាស់ប្រៀបដូចបុណ្យកឋិន។
ទូរទស្សន៍អាស៊ីសេរីពុំទាន់អាចសុំការបញ្ជាក់ពីស្នងការខេត្តកំពតជុំវិញករណីនេះបានទេ នៅថ្ងៃទី១៦ មករា។
ករណីស្រដៀងគ្នានេះ កាលពីយប់រំលងអធ្រាត្រថ្ងៃទី១៥ ខែមករា កម្លាំងសមត្ថកិច្ចចម្រុះបានបាញ់រះជាច្រើនគ្រាប់នៅក្នុងប្រតិបត្តិការបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមអនឡាញដ៏ធំមួយកន្លែងស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ ហេតុការណ៍នោះធ្វើឡើង ក្រោយមានការបង្ខាំងជនបរទេសរាប់រយនាក់នៅខាងក្នុងអគារ និងបាននាំគ្នាសម្រុកចេញដើរពេញផ្លូវ។
ទោះយ៉ាងណាចំណាត់ការនេះធ្វើឡើងបន្ទាប់ប្រមុខរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានអះអាងថា នឹងសម្អាតឧក្រិដ្ឋកម្មអនឡាញ និងស្នើពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ចដើម្បីកម្ចាត់ក្រុមទាំងនេះ។ សកម្មភាពនេះធ្វើឡើងក្រោយពេលកម្ពុជាបានចាប់បញ្ជូនមេឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) ត្រឡប់ទៅប្រទេសចិនវិញកាលពីពេលថ្មីៗនេះ។ យុទ្ធនាការនេះបានធ្វើឱ្យជនបរទេសជាច្រើនបាននាំគ្នាចាកចេញពីតំបន់អគារអនឡាញជាបន្តបន្ទាប់ដូចជានៅតាមតំបន់អគារ ជ្រៃធំខេត្តកណ្ដាល ក្រុងព្រះសីហនុ រាជធានីភ្នំពេញ និងក្រុងប៉ោយប៉ែតជាដើម៕









