សង្គម​ស៊ីវិល សហជីព និង​បក្ស​ក្រៅ​រដ្ឋាភិបាល​រំឭក​ខួប​២២​ឆ្នាំ​នៃ​ឃាតកម្ម​លោក ជា វិជ្ជា

0
34
ទិដ្ឋភាពសង្គម​ស៊ីវិល សហជីព និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល ជំរុញ​ឲ្យ​អាជ្ញាធរ​ចាប់ខ្លួន​ឃាតករ និង​អ្នក​នៅ​ពី​ក្រោយខ្នង ដែល​រៀបចំ​ផែនការ​បាញ់សម្លាប់ ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជាក្នុង​ពិធី​រំឭក​ខួប ២២ ឆ្នាំ នៅ​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃទី២២ មករា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទិដ្ឋភាពសង្គម​ស៊ីវិល សហជីព និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល ជំរុញ​ឲ្យ​អាជ្ញាធរ​ចាប់ខ្លួន​ឃាតករ និង​អ្នក​នៅ​ពី​ក្រោយខ្នង ដែល​រៀបចំ​ផែនការ​បាញ់សម្លាប់ ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជាក្នុង​ពិធី​រំឭក​ខួប ២២ ឆ្នាំ នៅ​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃទី២២ មករា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សង្គម​ស៊ីវិល សហជីព និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល ជំរុញ​ឲ្យ​អាជ្ញាធរ​ចាប់ខ្លួន​ឃាតករ និង​អ្នក​នៅ​ពី​ក្រោយខ្នង ដែល​រៀបចំ​ផែនការ​បាញ់សម្លាប់ ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា​។ ការជំរុញ​នេះ ធ្វើឡើង​ក្នុង​ពិធី​រំឭក​ខួប ២២ ឆ្នាំ​នៃ​ការ​សម្លាប់​លោក ជា វិជ្ជា នៅ​រាជធានី​ភ្នំពេញ។

នៅ​ចំ​ខួប ២២​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​មេដឹកនាំ​សហជីព​លោក ជា វិជ្ជា ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព​កម្មករ និង គណបក្ស​នយោបាយ​មួយ​ចំនួន បាន​ទៅ​អុជ​ធូប និង​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ លោក ជា វិជ្ជា នៅ​កន្លែង​តម្កល់​រូបសំណាក​របស់​លោក ក្បែរ​របង​វត្ត​លង្កា រាជធានី​ភ្នំពេញ​។ ទន្ទឹម​នេះ ក្រុម​អ្នកចូលរួម បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ក្រុងភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ចាប់​ជនដៃដល់ និង អ្នក​នៅ​ពីក្រោយ​អំពើ​ឃាតកម្ម យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​លោក ជា វិជ្ជា និង​គ្រួសារ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​សហជីព​កម្មករ និង​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល សុទ្ធតែ​ហៅ​លោក ជា វិជ្ជា ថា​ជា​វីរបុរស​កម្មករ ហើយ​អះអាង​ថា លោក ជា វិជ្ជា នៅក្នុង​បេះដូង​របស់​ពួកគេ​ជានិច្ច។

រីឯ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ករណី​ឃាតកម្ម​លើ លោក ជា វិជ្ជា គឺជា​អំពើ​អយុត្តិធម៌ ដែល​បង្កឡើង​ដោយ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន។

អនុប្រធាន​សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (​ស៊ីខៅឌូ​) លោក អាត់ ធន់ លើកឡើង​ថា លោក ជា វិជ្ជា គឺជា​និមិត្តរូប​មួយ នៃ​ការ​តស៊ូ ដើម្បី​សេរីភាព និង​សិទ្ធិ​កម្មករ ក្នុង​ប្រទេស​កម្ពុជា ដោយ​លោក ជា វិជ្ជា បាន​ចាប់ផ្ដើម​មុនគេ ក្នុង​ការ​ធ្វើ​សកម្មភាព​ទាមទារ​ពី​និយោជក និង រដ្ឋាភិបាល នូវ​សិទ្ធិ​សេរីភាព​សហជីព និង​ការ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ។ លោក​ថា កាលសម័យ​លោក ជា វិជ្ជា សហជីព​មាន​សកម្ម​ភាព​ខ្លាំង នៅ​ប្រកៀក​ស្មា​ជាមួយ​កម្មករ ក្នុង​ការ​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល និង​ឲ្យ​ដោះស្រាយ​រឿង​រំលោភច្បាប់​ជាដើម ដែល​ធ្វើ​ឲ្យ​និយោជក និង រដ្ឋាភិបាល​ខ្លាច និង រក​ដំណោះស្រាយ​ឲ្យ​កម្មករ​បាន​យ៉ាងច្រើន​ករណី។

អនុប្រធាន​សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (​ស៊ីខៅឌូ​) លោក អាត់ ធន់ ថ្លែងក្នុង​ពិធីរំលឹប​ខួប ២២ឆ្នាំ​របស់​លោក ជា វិជ្ជា ​កាលពីថ្ងៃទី២២ មករា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

លោក អាត់ ធន់៖ «ខ្ញុំ​អាច​និយាយ​បាន​ថា បើ​យើង​ប្រៀប​ធៀប ២០​ឆ្នាំមុន ចលនា​សហជីព​មិន​ខ្សោយ​ទេ គឺ​ខ្លាំង ក៏ប៉ុន្តែ​នៅ​ចំនួន​តិច ហើយ​នៅ​ជុំគ្នា​ដុំៗ ហើយ​មាន​ក្រុម​ច្បាស់លាស់ ប៉ុន្តែ ពេល​បច្ចុប្បន្ន​សហជីព​បើ​និយាយ​ពី​ចំនួន​វា​ច្រើន បើ​និយាយ​ពី​សហជីព ហើយ​នឹង​អំណាច​សហជីព​ដែល​ជួយ​ដល់​កម្មករ​ឲ្យ​ខ្លាំងក្លា ដោះស្រាយ​រឿង​ធំៗ​ដូចជា​ខ្សោយ​! ខ្សោយ​ទៅវិញ»។

ចំណែកឯ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ លើកឡើង​ថា ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា គឺជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ ទៅលើ​សេរីភាព​ថ្នាក់ដឹកនាំ​សហជីព ដែល​ជា​ឧបសគ្គ​បង្ក​ការភ័យខ្លាច ហើយ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​ចងក្រង​សហជីព និង​ការអនុវត្ត​សិទ្ធិ​របស់​កម្មករ​។ កញ្ញា សម្ដែង​ការ​ខកចិត្ត ដែល​រយៈពេល ២២​ឆ្នាំ នៅ​មិនទាន់​មាន​ពន្លឺយុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា នៅ​ឡើយ។

កញ្ញា ឈឹម ស៊ីថរ៖ «ទោះជា​យ៉ាងណាក៏ដោយ យើង​ក្នុងនាម​ជា​ចលនា​សហជីព យើង​មិន​បោះបង់​ការ​ទាមទារ​របស់​យើង​ទេ បើ​ទោះ​បី​ជា​ប្រើ​រយៈពេល​យូរ​ប៉ុណ្ណា ក៏ដោយ លុះត្រា​ណា​យើង​ទទួល​បាន​ការពិត អំពី​ការ​បាញ់​សម្លាប់​អ្នកណា ដែល​បាញ់សម្លាប់​ពូ ជា​វិជ្ជា​ហ្នឹង ពិត​ប្រាកដ ទើប​យើង​អាច​ទទួល​យក​ការពិត​នឹង​បាន។ អ៊ីចឹង​ទោះ​បី​ជា​យូរ​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​នៅ​បន្ត​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​សម្រាប់​គាត់»។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ពី​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅ​ថ្ងៃទី​២២ ខែ​មករា។

អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា លោក ជា វិជ្ជា ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​តូប​លក់​កាសែត ក្បែរ​កែង​របង​វត្ត​លង្កា​កណ្ដាល​រាជធានី​ភ្នំពេញ ខណៈ​លោក​កំពុង​អានកាសែត កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០០៤។ មកដល់​ថ្ងៃ​ប្រារព្ធ​ខួប ទី​២២ ខែ​មករា ឆ្នាំ​២០២៦​នេះ ឃាតកម្ម​សម្លាប់​លោក ជា វិជ្ជា មាន​រយៈពេល ២២​ឆ្នាំ​ហើយ។

ឃាតកម្ម​នេះ កើតឡើង​ក្នុង​ពេល​ប្រទេស​កម្ពុជា កំពុង​ជួប​វិបត្តិ​នយោបាយ​រវាង​គណបក្ស​ធំៗ ៣ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច និង គណបក្ស សម រង្ស៊ី ដែល​ជាប់​គាំង​មិនអាច​សម្របសម្រួល​គ្នា បង្កើត​រដ្ឋាភិបាល​ថ្មី​បាន នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០០៣ ពេល​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី កាលនោះ រួមគ្នា​ប្រកាស​បដិសេធ​លទ្ធផល​បោះឆ្នោត​។ ប្រមាណ​មួយ​សប្ដាហ៍​ក្រោយ​អំពើ​ឃាតកម្ម ឃាតករ​សិប្ប​និមិត្ត​ពីរ​នាក់ គឺ​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ឱ្យ​ទទួល​ខុសត្រូវ។ ឃាតករ​សិប្ប​និមិត្ត​ទាំងពីរ​នាក់ ត្រូវ​បាន​តុលាការ​កំពូល ដោះលែង​ឱ្យ​មាន​សេរីភាព ក្នុង​ខែកញ្ញា ឆ្នាំ​២០១៣ បន្ទាប់ពី​ជាប់ពន្ធនាគារ​ដោយ​គ្មាន​កំហុស​ជិត ៦​ឆ្នាំ។

អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន លោក លី សុធារ៉ាយុត្តិ សម្ដែង​ការ​សោកស្ដាយ ដែល​រយៈពេល ២២​ឆ្នាំ​ទៅ​ហើយ អាជ្ញាធរ​រដ្ឋាភិបាល និង​តុលាការ​កម្ពុជា មិន​អាច​រក​យុត្តិធម៌ ជូន​លោក ជា វិជ្ជា និង សហការី​របស់​លោក​ជាច្រើន​រូប​ទៀត ដែល​ត្រូវ​បាន​គេ​ធ្វើឃាត ក្នុង​បេសកកម្ម​ការពារ​សិទ្ធិ​កម្មករ។ លោក​ថា ការប្រើ​ពេល​ដល់​ទៅ ២២​ឆ្នាំ ហើយ​មិនអាច​រក​យុត្តិធម៌​ជូន​លោក ជា វិជ្ជា បាន​នោះ​មិនអាច​ជឿ​បានទេ​ថា កម្ពុជា​ជា​ប្រទេស​មាន​សន្តិភាព ព្រោះ​ខ្វះ​ធាតុ​យុត្តិធម៌​សង្គម។

លោក លី សុធារ៉ាយុត្តិ៖ «ក៏ប៉ុន្តែ​ទោះបីយ៉ាងណា​ក៏ដោយ យើង​ទាំងអស់​គ្នា​នឹង​រួមគ្នា ជា​ធ្លុង​មួយ​ក្នុងនាម​ជា​ខ្មែរ ដែល​ស្រឡាញ់​យុត្តិធម៌​សង្គម ស្រឡាញ់​សេរីភាព នឹង​រួមគ្នា​ជំរុញ​ឲ្យ​មាន​ការ​រក​ឲ្យ​ឃើញ​នៅ​ឃាតក​ពិតប្រាកដ ហើយនឹង​គូរ​កន ដែល​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​លោក ជា វិជ្ជា។ បើ​ទោះបីជា​នៅ​ពេល​នេះ មិនទាន់​អាច​រក​ឃើញ ក៏ប៉ុន្តែ​សង្ឃឹម​នៅពេល​ក្រោយ​នឹង​អាច​រក​ឃើញ ហើយ​យុត្តិធម៌​ពិត ប្រាកដ​នឹង​ប្រគល់​ទៅ​ជូន លោក​ជា វិជ្ជា ថ្វី​ត្បិត​លោក​បាន​ស្លាប់​ទៅ​ហើយ ជាពិសេស​ក្រុម​គ្រួសារ​របស់​គាត់ និង​ជនរងគ្រោះ​ផ្សេងទៀត ដែល​រួម ចំណែក​ជាមួយ​លោក ជា វិជ្ជា ក្នុង​ការ​លើកស្ទួយ​នៅ​យុត្តិធម៌​សង្គម ទាមទារ​ឲ្យ មានការ​គោរព​សិទ្ធិ​កម្មករ សិទ្ធិមនុស្ស​ជាដើម»។

ជាមួយ​គ្នា​នេះ ប្រធាន​សហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា លោក ម៉ម រិទ្ធី ដែល​ទើប​ចេញពី​ពន្ធនាគារ​បាន ២​ខែ ពាក់ព័ន្ធ​នឹង​សកម្មភាព​ការពារ​សិទ្ធិ​កម្មករ បាន​លើកឡើង​ថា លោក ជា វិជ្ជា គឺជា​វីរជន​ដែល​បាន​បណ្ដុះ​ស្មារតី​ក្លាហាន ដល់​សហជីព​កម្មករ​ក្នុង​ការ​ការពារ​សិទ្ធិ និង​យុត្តិធម៌​ការងារ។

លោក ម៉ម រិទ្ធី ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាប់​ឃាតករ​ពិត​ទៅ​ផ្ដន្ទាទោស និង​បើក​សេរីភាព​ឲ្យ​សហជីព អាច​បំពេញ​ការងារ​ការពារ​សិទ្ធិ​កម្មករ។ បន្ថែម​លើ​នេះ លោក​បាន​អំពាវនាវ​ឲ្យ​សហជីព សមាគម និង អង្គការ​សង្គម​ស៊ីវិល រួបរួមសាមគ្គី​គ្នា បម្រើ​ប្រយោជន៍​របស់​កម្មករ និង​ប្រជាពលរដ្ឋ។

លោក ម៉ម រិទ្ធី៖ «​ប្រសិនបើ​ពួក​យើង មិន​រួបរួមសាមគ្គី​គ្នា​ទេ ខ្ញុំ​ជឿ​ថា សំឡេង​សហជីព​កាន់តែ​ខ្សោយ សំឡេង​អង្គ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ស្មោះត្រង់​កាន់តែ​ខ្សោយ សំឡេង​សមាគមន៍​កាន់តែ​ខ្សោយ វា​ធ្វើ​ឲ្យ​ជន​ឆ្លៀតឱកាស ជនខិលខូច​មួយចំនួន ដែល​រកស៊ី ដែល​ធ្វើការ​ដោយ​អំពើ​ទុច្ចរិត​នឹង​ចាប់ផ្ដើម​មានឱកាស​កាន់ តែ​ខ្ពស់​ទៅៗ​។ អ៊ីចឹង​ហើយ​នៅក្នុង​ឱកាស​នេះ ជា​វីរភាព​របស់​លោក ជា វិជ្ជា ដែល​បន្សល់ទុក​ឲ្យ​ពួក​យើង​ជំនាន់​ក្រោយ លោក​ចង់​បានតែ​ម្យ៉ាង​គឺ​ការ​រួបរួម សាមគ្គី​របស់​សហជីព របស់​សមាគម របស់​អង្គការ ដើម្បី​ជួយ​ប្រទេសជាតិ ជួយ​កម្មករ បន្ត​ពី​លោក​ទៅមុខ​ទៀត។ អ៊ីចឹង​ខ្ញុំ​ស្នើសុំ​បងៗ​ទាំងអស់គ្នា សូម​រួបរួម សាមគ្គី​គ្នា​ឡើង ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេសជាតិ​យើង ហើយ​កុំ​ខ្លាច»។

អ្នកឃ្លាំមើល​លើកឡើង​ថា ២២​ឆ្នាំក្រោយ​អំពើ​ឃាតកម្ម​លើ​លោក ជា វិជ្ជា ស្ថានភាព​នៃ​ការបំពាន​សិទ្ធិ​កម្មករ ធ្លាក់​ក្នុង​វិបត្តិ​កាន់តែ​អាក្រក់ នៅ​ក្រោម​នយោបាយ​កណ្ដាប់​ដៃ​ដែក «​ងើប​១​វៃ​១» របស់​លោក ហ៊ុន សែន។ ពួកគេ​លើកឡើង​ថា ស្ថានភាព​សិទ្ធិមនុស្ស សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ និង សិទ្ធិ​កម្មករ រួម​ទាំង ការ​រក​យុត្តិធម៌​ជូន​លោក ជា វិជ្ជា និង ជនរងគ្រោះ​ផ្សេងទៀត អាច​មាន​ពន្លឺ​ទៅ​បាន ទាល់តែ​មានការ​ផ្លាស់ប្ដូរ​ចេញ​នូវ​អំណាច​ផ្ដាច់ការ​នៃ​គ្រួសារ​ត្រកូល​ហ៊ុន​សព្វថ្ងៃ ទៅកាន់​ប្រព័ន្ធ​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៕

ទស្សនាបទសម្ភាសន៍បន្ថែមជាមួយលោក រ៉ុង ឈុន៖

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ