គណបក្ស​កម្លាំង​ជាតិ​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​ទទួលស្គាល់​សមាជ​របស់​ខ្លួន

0
101
ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ​លោក រ៉ុង ឈុន (កណ្ដាល) ប្រធាន​គណបក្ស​លោក ជា មុន្នី (ស្ដាំ) និង​អគ្គនាយក​រដ្ឋបាល​បក្ស​លោក ផុន សុភា ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ​លោក រ៉ុង ឈុន (កណ្ដាល) ប្រធាន​គណបក្ស​លោក ជា មុន្នី (ស្ដាំ) និង​អគ្គនាយក​រដ្ឋបាល​បក្ស​លោក ផុន សុភា ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

គណបក្ស​កម្លាំង​ជាតិ​ស្នើសុំ​ឲ្យ​ក្រសួងមហាផ្ទៃ​ទទួលស្គាល់​សមាជ​របស់​ខ្លួន បន្ទាប់​ពី​សមាជ​គណបក្ស​កម្លាំងជាតិ​ទាំង​ពីរ​លើក​សុទ្ធតែ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​បដិសេធ។ ថ្នាក់​ដឹកនាំ​កំពូល​គណបក្ស​កម្លាំង​ជាតិ អះអាង​ថា ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ មិន​ត្រឹមត្រូវ​តាមច្បាប់​គណបក្ស​នយោបាយ និង​រដ្ឋធម្មនុញ្ញ។ សង្គម​ស៊ីវិល​ថា គណបក្ស​កាន់អំណាច​មាន​ចេតនា​រាំង​ខ្ទប់​ការ ប្រកួតប្រជែង​តាម​បែប​ប្រជាធិបតេយ្យ ព្រោះ​នៅ​ខ្លាច​ស្រមោល​គណបក្ស​សង្គ្រោះជាតិ។

គណបក្ស​កម្លាំង​ជាតិ បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​ធ្នូ ដើម្បី​ឆ្លើយតប​នឹង​ក្រសួង​មហាផ្ទៃ​ដែល​បាន​បដិសេធ​មិន​ទទួលស្គាល់​លទ្ធផល​សមាជ​របស់​គណបក្ស​ចំនួន​ពីរ​លើក​នា​ពេល​កន្លង​មក។

ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ​លោក រ៉ុង ឈុន ប្រធាន​គណបក្ស​លោក ជា មុន្នី និង​អគ្គនាយក​រដ្ឋបាល​បក្ស​លោក ផុន សុភា បាន​រិះគន់ ស្តង់ដារ​អនុវត្ត​ច្បាប់​របស់​ក្រសួងមហាផ្ទៃ ដែល​បាន​ច្រានចោល​ជា​លើក​ទី​២ នូវ​លទ្ធផល​សមាជ​របស់​គណបក្ស​នេះ។ សមាជ​គណបក្ស​កម្លាំង​ជាតិ​ពីរ​លើក​ហើយ ក្នុង​រយៈពេល​មួយឆ្នាំ​មក​នេះ ដែល​សមាជ​លើក​ទី​២ ធ្វើ​នៅ​ថ្ងៃទី៦ ខែ​មេសា ឆ្នាំ​២០២៥ សុទ្ធតែ​ត្រូវ​ក្រសួង​មហាផ្ទៃ មិន​ទទួល​ស្គាល់​ទាំងអស់។

ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន រិះគន់​ថា ក្រសួងមហាផ្ទៃ​ប្រើ​ពេល​រហូតដល់​៧​ខែ ដើម្បី​បញ្ជាក់​អំពី​លទ្ធផល​សមាជ​របស់​គណបក្ស​កម្លាំង​ជាតិ ។ យ៉ាងណា​លោក​ថា កាល​ពី​ថ្ងៃទី​០៣ ខែ​ធ្នូ គណបក្ស​កម្លាំងជាតិ​បាន​សរសេរ​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ​វិញ​ហើយ ដើម្បី​ស្នើ​ឲ្យ​ពិនិត្យ​ឡើង​វិញ នូវ​ការ​សម្រេចចិត្ត​បដិសេធ​របស់​ក្រសួង។

លិខិត​របស់​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា លទ្ធផល​សមាជ របស់​គណបក្ស​កម្លាំង​ជាតិ​ខុស​បញ្ញត្តិ​មាត្រា ១៨​ថ្មី នៃ​ច្បាប់​គណបក្ស​នយោបាយ ពីព្រោះ​ឃើញ​មាន​សមាជិក​គណៈកម្មាធិការ​នាយក​មួយចំនួន កំពុង​ស្ថិត​នៅ​ក្នុង​នីតិវិធីតុលាការ​នៅ​ឡើយ។

ទោះ​យ៉ាងណា​លោក រ៉ុង ឈុន អះអាង​ថា សមាជ​គណបក្ស​កម្លាំង​ជាតិ មិន​ផ្ទុយ​នឹង​ខ្លឹមសារ​មាត្រា ១៨​ថ្មី នៃ​ច្បាប់​គណបក្ស​នយោបាយ​ឡើយ។ លោក​ថា ក្រសួង​មហាផ្ទៃ​គួរ​ណាស់ ជូនដំណឹង​ឲ្យ​គណបក្ស​កម្លាំង​ជាតិ​កែតម្រូវ​លើ​ចំណុច ដែល​ក្រសួង​មើលឃើញ​ខុស គឺ​ពុំ​មែន​ទុក​ពេល​ដ៏​យូរ​ឆ្លើយ​តប ហើយ​បដិសេធ​បែប​នេះ​ទេ។

លោក រ៉ុង ឈុន៖ «ទាក់ទង​បែបបទ​រដ្ឋបាល​យើង​មើល​រយៈពេល ៧​ខែ​យូរណាស់​អ៊ីចឹង​ហើយ​ក្រសួងមហាផ្ទៃ​គួរ​ឆ្លើយតប​ក្នុង​រយៈពេល​សមរម្យ​ដើម្បី​ឲ្យ​គណបក្ស​រៀបចំ​ឡើងវិញ ឬក៏​ក្រសួង​មហាផ្ទៃ​សូម​ឲ្យ​គណបក្ស​ធ្វើការ​កែតម្រូវ ឬ​ដក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ»។

ជាមួយ​គ្នា​នេះ អគ្គនាយក​រដ្ឋបាល នៃ​គណបក្ស​កម្លាំងជាតិ​លោក ផុន សុភា ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ​ទទួលស្គាល់​លទ្ធផល​សមាជ​របស់​គណ​បក្ស​កម្លាំង​ជាតិ​។ លោក​លើក​ហេតុផល​ថា មាត្រា​១៨​ថ្មី នៃ​ច្បាប់​គណបក្ស​នយោបាយ សំដៅ​ដល់​ការ​បាត់បង់​សិទ្ធិ សមាជិកភាព​និង​តួនាទី​ដោយ​ស្វ័យប្រវត្តិ ពី​គណបក្ស​នយោបាយ ចំពោះ​បុគ្គល​ដែល​មាន​ទោស ប៉ុន្តែ​មិនមែន​សម្រាប់​ខ្ទាស់​សមាជ​របស់​គណបក្ស​នយោបាយ​ទេ។

លោក​ពន្យល់​ដែរ​ថា នៅពេល​គណបក្ស​កម្លាំង​ជាតិ​ធ្វើ​សមាជ​សមាជិក​គណបក្ស ដែល​ជាប់​ក្ដីក្ដាំ​មួយចំនួន ក៏​មិនទាន់​ត្រូវ​បាន​តុលាការ​កាត់ទោស​ដែរ ដូច្នេះ ពួកគាត់​ស្ថិត​ក្នុង​ស្ថានភាពជា​បុគ្គល​គ្មាន​ទោស ដោយ​យោង​តាម​មាត្រា ៣៨​នៃ​រដ្ឋធម្មនុញ្ញ ។ មាត្រា ៣៨​នៃ​រដ្ឋធម្មនុញ្ញ ចែងថា «ជនជាប់ចោទ​ណាក៏ដោយ​ត្រូវ​ទុក ជា​មនុស្ស​ឥត​ទោស​ដរាបណា​តុលាការ​មិនទាន់​កាត់ទោស​ជា​ស្ថាពរ»។

លោក ផុន សុភា៖ «អីចឹង​បើ​យើង​ប្រៀបធៀប​មាត្រា ៣៨ នៃ​រដ្ឋធម្មនុញ្ញ​និង​មាត្រា ១៨ នៃ​ច្បាប់​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​មើល​ឃើញ​ថា សមាជិក​គណៈកម្មាធិការ​នាយក​របស់​យើង​ដែល​កំពុង​ជាប់ក្ដី​នៅ​តុលាការ ឬ​នៅក្នុង​នីតិវិធី គឺ​មិនទាន់​មានទោស​ទេ ហេតុ​ដូច្នេះហើយ ការដែល​ក្រសួង​មហាផ្ទៃ គឺ​វា​ផ្ទៃ​នឹង​១៨ ហើយនឹង​មាត្រា​៣៨​នៃ​រដ្ឋធម្មនុញ្ញ»។

គណបក្ស​កម្លាំង​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ស៊ុន ចន្ធី កាលពី​ខែ​មិថុនា ឆ្នាំ​២០២៣ ដែល​លោក​មាន​តួនាទី​ជា​ប្រធាន​គណបក្ស។ ប្រមាណ​តែ ៣​ខែក្រោយ​មក គឺ​នៅ​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៣​ដដែល លោក ស៊ុន ចន្ធី ក៏​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​«​ញុះញង់​បង្ក​ឱ្យ មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់ សន្តិសុខ​សង្គម​» និង​ចាប់​ដាក់​ពន្ធនាគារ​ក្នុង​តំបន់​ដាច់ស្រយាល​មួយ ស្ថិត​នៅ ជាប់​ជើង​ភ្នំក្រវាញ​ខេត្ត​ពោធិ៍សាត់។

ជាង ៦​ខែ​បន្ទាប់ គឺ​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ គណបក្ស​កម្លាំង​ជាតិ​បាន​ធ្វើ​សមាជ​ដើម្បី​រៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​ឡើងវិញ​។ ក្រោយ​ក្រសួង​មហាផ្ទៃ​បដិសេធ​លទ្ធផល​សមាជ​នេះ គណបក្ស​កម្លាំង​ជាតិ​នៅ​ថ្ងៃទី៦ ខែ​មេសា ឆ្នាំ​២០២៥ បាន​ធ្វើ​សមាជ​មួយ​ទៀត ដើម្បី​ដោះដូរ​រចនាសម្ព័ន្ធ​ដឹកនាំ​ជាថ្មី ។ ប៉ុន្តែ​សមាជ​លើក​ទី​២​នេះ ក៏​ត្រូវ​ក្រសួង​មហាផ្ទៃ​បដិសេធ​ដែរ។

អគ្គនាយក​រដ្ឋបាល​គណបក្ស​កម្លាំង​ជាតិ លោក ផុន សុភា និយាយ​ថា គណបក្ស​កម្លាំង​ជាតិ​មាន​បំណង​ជួប​តំណាង​ក្រសួង​មហាផ្ទៃ ដើម្បី​ជជែក​ឲ្យ​បាន​ច្បាស់លាស់ អំពី​ដំណើរការ​សមាជ​របស់​គណបក្ស​កន្លង​មក និង​ចង់ដឹង​ថា តើ​ក្រសួង​មហាផ្ទៃ​ចង់បាន​អ្វី​ឲ្យ​ប្រាកដ។

លោក ផុន សុភា៖ «សូម​សំណូមពរ​ឲ្យ​ក្រសួងមហាផ្ទៃ​ប្រាប់​ឲ្យ​បាន​ច្បាស់​មក​បើសិន​គាត់​ថា មួយចំនួន​តើ​នរណាខ្លះ​ឈ្មោះ​អី គាត់​មានទោស​អី​យើង​នឹង​ស្រួល​ដក​បេក្ខភាព​គាត់​ចេញ ហើយ​នេះ​ពីរ​ដង​ហើយ គាត់​បញ្ជាក់​ថា មាត្រា​ខុស ប៉ុន្តែ​អ្វី​ដែល​យើង​ធ្វើ​យើង​ពិនិត្យ​ទៅ​វា​អត់​មានអី​ខុស​។ ហេតុដូច្នេះ បានជា​យើង​ដាក់​របាយការណ៍​។ អ៊ីចឹង​សូម​ឲ្យ​ក្រសួងមហាផ្ទៃ​ដែល​ជា​អ្នក​ជំនាញ​ហ្នឹង បញ្ជាក់​ឲ្យ​ច្បាស់​មក​ថា ខុស​កន្លែង​ណា​ប្រាប់​ឲ្យ​ច្បាប់​មក​យើង​នឹង​ងាយស្រួល​ធ្វើការ​កែតម្រូវ» ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​លោក ស៊ឹង សែនករុណា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី៤ ខែធ្នូ ថា ហេតុផល​របស់​ក្រសួង​មហាផ្ទៃ គឺជា​ចេតនា​បន្ទុក បង្អាក់​ការប្រកួតប្រជែង​តាម​បែប​ប្រជាធិបតេយ្យ ។ លោក​ថា គណបក្សកាន់អំណាច​នៅ​ខ្លាច​ស្រមោល​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ ដូច្នេះហើយ ប្រើ​គ្រប់​ល្បិចកល រាំង​ខ្ទប់​គណបក្ស​នយោបាយ ដែល​មាន​កម្លាំង​ប្រកួតប្រជែង។

លោក ស៊ឹង សែនករុណា៖ «ដោយសារតែ​គណបក្សកាន់អំណាច គឺ​មាន​ការភ័យខ្លាច​ក្នុង​ការ​បើក​លំហ​ឲ្យ​សេរីភាព​ហ្នឹង ពីព្រោះ​ធ្លាប់​ឆ្លងកាត់​មក គឺ​ប្រឈម​ជាមួយនឹង​គណបក្ស​ដ៏​ធំ​មួយ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​អាសនៈ​កាន់កាប់​ប្រទេស​ទៅ​ហើយ»។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន បាន​ថ្លែងប្រាប់​អ្នកគាំទ្រ​ថា ការ​បដិសេធ​របស់​ក្រសួង​មហាផ្ទៃ មិនមែន​ជា​ឧបសគ្គ​នោះ​ទេ ពីព្រោះ​គណបក្ស​កម្លាំង​ជាតិ ជា​គណបក្ស​នយោបាយ ដែល​ក្រសួង​មហាផ្ទៃ​ទទួលស្គាល់​រួចហើយ​។ លោក​បន្ថែម​ថា បើ​ការ​តវ៉ា​លើក​នេះ​ទាក់ទង​នឹង​សមាជ​គណបក្ស​នៅតែ​មិនបាន​ផល​វិជ្ជមាន​គណបក្ស​កម្លាំង​ជាតិ​នឹង​ធ្វើ​សមាជ ជា​លើក​ទី​៣ ដាក់​ជូន​ក្រសួងមហាផ្ទៃ​ជា​ថ្មី​ទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ