តុលាការ​តម្កល់​សាលក្រម​ចំនួន​ពីរ​ផ្ដន្ទាទោស​អតីត​ពលករ​កញ្ញា នួន តឿន ឲ្យ​ជាប់​ពន្ធនាគារ​ជិត ៤​ឆ្នាំ រឿង​រិះគន់​រដ្ឋាភិបាល

ពលករ​ខ្មែរ​កញ្ញា នួន តឿន ជាសមាជិក​បណ្តាញយុវជនកម្ពុជាសកល​ប្រចាំ​ម៉ាឡេស៊ី​ម្នាក់ ដែល​កម្លាំង​អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់ខ្លួន កាល​ពី​ល្ងាច​ថ្ងៃ​ទី២៨ ខែកញ្ញា ឆ្នាំ២០២៤។ (រូប៖ ហ្វេសប៊ុកឈ្មោះកូនខ្មែរឈឺចាប់)
ពលករ​ខ្មែរ​កញ្ញា នួន តឿន ជាសមាជិក​បណ្តាញយុវជនកម្ពុជាសកល​ប្រចាំ​ម៉ាឡេស៊ី​ម្នាក់ ដែល​កម្លាំង​អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់ខ្លួន កាល​ពី​ល្ងាច​ថ្ងៃ​ទី២៨ ខែកញ្ញា ឆ្នាំ២០២៤។ (រូប៖ ហ្វេសប៊ុកឈ្មោះកូនខ្មែរឈឺចាប់)

សាលាឧទ្ធរណ៍​ភ្នំពេញ​សម្រេច​តម្កល់​សាលក្រម​ចំនួន​ពីរ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ផ្ដន្ទាទោស​លើ​កញ្ញា នួន តឿន ទុកជា​បាន​ការ​ដដែល​។ សង្គម​ស៊ីវិល​សោកស្ដាយ និង​ចាត់ទុក​ការ​ចាប់​ចោទប្រកាន់ និង​ឃុំខ្លួន​នេះ ថា នឹង​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ។

សាលាឧទ្ធរណ៍​ភ្នំពេញ​កាលពី​ថ្ងៃទី​២ ខែមីនា បាន​ប្រកាស​សាលដីកា ដោយ​តម្កល់​សាលក្រម​ចំនួន​ពីរ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ផ្ដន្ទាទោស លើ​អតីត​ពលករ​ខ្មែរ​ដែល​ចាប់​បញ្ជូន​ពី​ប្រទេស​ម៉ាឡេស៊ី គឺ​កញ្ញា នួន តឿន ឲ្យ​ជាប់​ពន្ធនាគារ​ជិត ៤​ឆ្នាំ។

សំណុំរឿង​ទី ១ សាលាឧទ្ធរណ៍​សម្រេច​ឲ្យ​កញ្ញា នួន តឿន ជាប់​ពន្ធនាគារ​ចំនួន ១៨​ខែ ពី​បទ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» និង​«​ញុះញង់​ឱ្យ​មាន​ការរើសអើង​» និង​សំណុំរឿង​ទី​២ ជាប់​ពន្ធនាគារ ២ ឆ្នាំ ពី​បទ​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ជាអាទិ៍ និង​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ»។ ក្រៅពី​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគា​រហើយ​តុលាការ ក៏​បាន​ពិន័យ​ប្រាក់ ២​លាន​រៀល ឬ​ស្មើ ៥០០​ដុល្លារ​ផង​ដែរ។

ការ​ផ្ដន្ទាទោស​កញ្ញា នួន តឿន នេះ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ករណី​រិះគន់​លោក ហ៊ុន សែន។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO)​លោក អំ សំអាត លើកឡើង​ថា ប្រសិនបើ​អាជ្ញាធរ និង​តុលាការ មិន​បាន​កំណត់​ឲ្យ​ច្បាស់​អ្វី​ជា​សេរីភាព​បញ្ចេញមតិ និង​អ្វី​ជា​បទល្មើស​នោះ​ទេ នឹង​ប៉ះពាល់​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ។

លោក អំ សំអាត៖ «ការ​បញ្ចេញមតិ​វា​អាច​ជា​ការ​បញ្ចេញ​មតិផ្ទុយ ការ​បញ្ចេញ​មតិស្រប និង​ការរិះគន់ និង​ការចូលរួម​ទៅលើ​បញ្ហា​សង្គម​ផ្សេងៗ ឬក៏​ការ​បង្ហាញ​នូវ បញ្ហា​ផ្សេងៗ​នៅក្នុង​សង្គម​។ អ៊ីចឹង​សេរីភាព​នៅក្នុង​ការ​បញ្ចេញ​មតិ​នេះ វា​ជា​មូលដ្ឋានគ្រឹះ​មួយ​នៃ​សង្គម​ប្រជាធិបតេយ្យ​ផង​ដែរ។ អ៊ីចឹង បើសិនជា​សេរីភាព​នៅក្នុង​ការ​បញ្ចេញ​មតិ​នេះ មាន​ការ​រួម​តូច ឬក៏​ធ្លាក់ចុះ អាហ្នឹង​ក៏​អាច​ប៉ះពាល់​ដល់​ដំណើរការ នៃ​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ»។

កញ្ញា នួន តឿន គឺជា​ស្ត្រី​ម្នាក់​ធ្លាប់​បាន​ធ្វើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ជា​អ្នកគាំទ្រ​គណបក្សប្រឆាំង​។ កញ្ញា​ត្រូវ​បាន​ចាប់ខ្លួន និង​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ កាលពី​ចុងឆ្នាំ​២០២៤ តាម​សំណើ​របស់​អាជ្ញាធរ​កម្ពុជា។

ការ​ចាប់ខ្លួន​ពលករ​រូប​នេះ បន្ទាប់ពី​តែងតែ​ប្រើប្រាស់​បណ្ដាញ​សង្គម​និយាយ​រឿង​អយុត្តិធម៌​ក្នុង​សង្គម បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ជាពិសេស រិះគន់​ការដឹកនាំ​របស់​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោះលែង​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ​ទាំ​ង​អស់ ឲ្យ​មាន​សេរីភាព និង​ត្រូវ​បញ្ឈប់​សកម្មភាព​ចាប់ និង​ឃុំខ្លួន​ពលរដ្ឋ​ខ្មែរ ដែល​គ្មាន​កំហុស ទុក​ធ្វើជា​ចំណាប់ ខ្លាំង​នៃ​អំណាច​របស់​គ្រួសារ​ត្រកូល​ហ៊ុន​បន្ត​ទៀត ហើយ​ងាក​មក​បើក​ផ្លូវ​ផ្សះផ្សា​ជាតិ​កម្ពុជា ដើម្បី​រួម​កម្លាំង​គ្នា​ត​ទល់នឹង​ការ​ឈ្លានពាន​របស់​ថៃ​វិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ