

អ្នកជំនាញភូមិសាស្ត្រនយោបាយ និងអ្នកនយោបាយបក្សប្រឆាំងលើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងផ្តល់សញ្ញាបោះដៃស្តារទំនាក់ទំនងវិស័យយោធា ជាមួយសហរដ្ឋអាមេរិកឡើងវិញ ដើម្បីបន្ធូរបន្ថយសម្ពាធនយោបាយ និងបង្ហាញសារនយោបាយទៅគណបក្សប្រឆាំងថា កម្ពុជានិងអាមេរិកកំពុងមានទំនាក់ទំនងល្អ បន្ទាប់ភាគីកម្ពុជានិងអាមេរិក សម្រេចកំណត់ពេលវេលាធ្វើ«សមយុទ្ធឆ្មាំអង្គរ»រួមគ្នាឡើងវិញ។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី យល់ឃើញថា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក នៅក្នុងអំឡុងទស្សនកិច្ចរបស់លោកនៅសហរដ្ឋអាមេរិក ដោយសម្រេច និងកំណត់ពេលវេលាធ្វើសមយុទ្ធរួមគ្នាឡើងវិញ គឺលោក ហ៊ុន ម៉ាណែត យកបញ្ហាសន្តិសុខមកធ្វើជាទុននយោបាយនៅលើឆាកអន្តរជាតិ និងដើម្បីបន្ធូរបន្ថយសម្ពាធនយោបាយនៅក្នុងស្រុក។
លោក សេង វណ្ណលី បន្ថែមទៀតថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក៏ចង់បង្ហាញពីការចងមិត្តជាមួយគ្រប់ប្រទេស និងគ្រប់និន្នាការនយោបាយទាំងអស់ ជាពិសេសជាមួយប្រទេសមហាអំណាច។ ក៏ប៉ុន្តែយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក៏បង្កើតបានទៅជាសម្ពាធនៅក្នុងការអនុវត្តរបស់ខ្លួននៅថ្នាក់ជាតិផងដែរ។ លោកថា លោក ហ៊ុន ម៉ាណែត ត្រូវតែបង្ហាញភាពស៊ីសង្វាក់គ្នាដូចរូបភាពខាងក្រៅដែលខ្លួនបានសន្យាចំពោះមុខមេដឹកនាំពិភពលោក គឺ ត្រូវតែហ៊ានដោះលែងអ្នកទោសនយោបាយ កាត់បន្ថយការរំលោភបំពានសិទ្ធិមនុស្សនិងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យឲ្យមានភាពប្រសើរឡើងវិញ បើមិនដូច្នេះទេ ទំនាក់ទំនងនេះនឹងមិនអាចរលូនទៅមុខបាននោះទេ។
អ្នកជំនាញផ្នែកភូមិសាស្ត្រ នយោបាយ រូបនេះ បន្ថែមទៀតថា ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកលើវិស័យយោធានេះមានស្ថិរភាពកម្រិតណា អាស្រ័យទៅលើការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ការទទួលបានការស្តារឡើងវិញផ្នែកសន្តិសុខជាមួយអាមេរិកនេះគឺជារូបភាពជោគជ័យផ្នែកនយោបាយដ៏ធំសម្រាប់លោកហ៊ុន ម៉ាណែត ពីព្រោះបានបង្ហាញសារឲ្យគណបក្សប្រឆាំងមើលឃើញថាទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកគឺមានទំនាក់ទំនងល្អ។
លោក សេង វណ្ណលី៖ «ការប្រើប្រាស់ភាសាសន្តិសុខនិងកិច្ចសហប្រតិបត្តិការយោធា ដូចជាការលើកឡើងពីដំណើរទស្សនកិច្ចរបស់នាវាចម្បាំងអាមេរិកនិងការរៀបចំសមយុទ្ធរួមគ្នាក្នុងឆ្នាំ២០២៦រឺ២០២៧បញ្ជាក់យ៉ាងច្បាស់ថា លោក ហ៊ុន ម៉ាណែត កំពុងព្យាយាមផ្តល់សញ្ញាណផ្នែកយុទ្ធសាស្ត្រឲ្យអាមេរិកក្នុងការស្តាទំនាក់ទំនងក្នុងវិស័យសន្តិសុខនិងយោធាឡើងវិញដើម្បីបន្ធូរបន្ថយសម្ពាធនយោបាយ»។
ការយល់ឃើញរបស់អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ រូបនេះ បន្ទាប់ពីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២២ ខែកុម្ភៈ បានចេញសេចក្តីប្រកាសព័ត៌មាន ឲ្យដឹងថា នៅក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិក លោក Elbridge A. Colby និងអនុទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Andrew Collison Baker ភាគីទាំងពីរបានរំឭកពីសមយុទ្ធឆ្មាំអង្គររួមគ្នា និងរំពឹងថា កម្ពុជានិងអាមេរិកអាចរៀបចំឡើងសមយុទ្ធរួមគ្នាឡើងវិញ នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បន្ថែមថា នៅក្នុងជំនួប លោក ហ៊ុន ម៉ាណែត និងមន្ត្រីជាន់ខ្ពស់អាមេរិកបានកត់សម្គាល់ពីចំណុចវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី ដែលឆ្លុះបញ្ចាំងដោយដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះ របស់នាយឧត្តមសេនីយ៍ Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក ទស្សនកិច្ចរបស់នាវា USS Cincinnati នៅមូលដ្ឋានសមុទ្ររាម និងការលុបចោលបំរាមលក់គ្រឿងសព្វាវុធដល់កម្ពុជា។
ទោះជាយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា បើទោះជារដ្ឋាភិបាលត្រកូលហ៊ុន ងាកទៅរកចិន រឺក៏អាមេរិកក៏ដោយ ក៏រដ្ឋាភិបាលឧក្រិដ្ឋកម្មអនឡាញនេះ មិនបានធ្វើដើម្បីផលប្រយោជន៍ជាតិនោះទេ គឺធ្វើដើម្បីតែរក្សាអំណាចរបស់ខ្លួនតែប៉ុណ្ណោះ។
លោក គឹម សុខ៖ «ប៉ុន្តែកាលណារដ្ឋាភិបាលឧក្រិដ្ឋកម្មអំណាចដូចក្រុមគ្រួសារហ៊ុន ដែលក្បត់ប្រយោជន៍ប្រជាពលរដ្ឋខ្មែរដូចសព្វថ្ងៃ ហើយប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលុបមិនគាំទ្រ ដូច្នេះទោះបីជារដ្ឋាភិបាលគ្រួសារហ៊ុនងាកទៅចិនក៏ព្រោះតែការពារអំណាចគ្រួសារហ៊ុន ងាកទៅសហរដ្ឋអាមេរិកគឺដើម្បីតែដោះស្រាយអំណាចក្រុមគ្រួសារហ៊ុន ប៉ុណ្ណោះ»។
កម្ពុជាធ្លាប់បានសម្រេចលុបចោលសមយុទ្ធឆ្មាំអង្គរជាមួយសហរដ្ឋអាមេរិក ជាឯកតោភាគីនៅឆ្នាំ២០១៧ ដោយកម្ពុជាអះអាងថា ការផ្អាកសមយុទ្ធយោធាជាមួយអាមេរិកកាលណោះ ព្រោះកងទ័ពកម្ពុជាមានភារកិច្ចត្រៀមខ្លួន ការពារសន្តិសុខនៅក្នុងការបោះឆ្នោតនៅកម្ពុជា។ បន្ទាប់ពីលុបចោលការធ្វើការសមយុទ្ធយោធាជាមួយអាមេរិក កម្ពុជាបែរជាបើកដៃឱ្យចិនក្នុងការសម្ញែងឥទ្ធិពលយោធានៅកម្ពុជាកាន់តែខ្លាំងតាមរយៈការធ្វើសមយុទ្ធ «នាគមាស» ស្ទើរជារៀងរាល់ឆ្នាំដែលភាគីកម្ពុជា និងចិនអះអាងថា ធ្វើឡើងស្របតាមកិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិលើកឡើងថា ដោយសារតែកំណើនឥទ្ធិពលយោធាចិននៅកម្ពុជាបែបនេះហើយដែលជាចំណុចស្នូលធ្វើឱ្យសហរដ្ឋអាមេរិកចាប់ផ្ដើមស្វែងរកឱកាស ដើម្បីស្ដារទំនាក់ទំនងវិស័យការពារជាតិជាមួយកម្ពុជាឡើងវិញ។ ពួកគេវាយតម្លៃថា ជំហរអាមេរិក គឺជាការដាក់សម្ពាធលើរដ្ឋាភិបាលត្រកូល ហ៊ុន កុំឱ្យផ្ដេកផ្ដួលទៅចិនតែម្ខាង និងដើម្បីទប់ទល់ឥទ្ធិពលយោធាចិននៅកម្ពុជា និងនៅក្នុងតំបន់៕








