
អ្នកវិភាគ និងសកម្មជនសិទ្ធិមនុស្សលើកឡើងថា យុវជនក្លាយ ជាក្មេងទំនើងកាន់តែច្រើន ដោយសារតែប្រព័ន្ធអប់រំនៅមានកម្រិតវប្បធម៌នយោបាយហិង្សារបស់ពួកអ្នកកាន់អំណាច និងកត្តាអូសទាញរបស់សង្គម ដូចជា បញ្ហាគ្រឿង ស្រវឹង និងគ្រឿងញៀន ដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បរាជ័យក្នុងការ ទប់ស្កាត់។
យុវជនដែលជាទំពាំងស្នងឫស្សី និងធនធានមនុស្សសំខាន់កំពុងរងគ្រោះ ក្លាយជាក្មេងទំនើងកាន់តែច្រើនឡើង។ ជាក់ស្ដែងរបាយការណ៍ក្រសួងមហាផ្ទៃ ឲ្យដឹងថា នៅខែកុម្ភៈឆ្នាំ២០២៦ សមត្ថកិច្ច បាន បង្ក្រាបយុវជនដែលជាក្មេងទំនើងចំនួន ១០៤ករណី និងឃាត់ខ្លួនជិត ៤០០ (៣៧៦) នាក់ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ស្ពឺ ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ រតនគិរី កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្វាយរៀង និងខេត្តតាកែវ។ ក្រសួងមហាផ្ទៃថា សមត្ថកិច្ចបានបញ្ជូនក្មេងទំនើងជិត ៤០០នាក់នេះ ទៅតុលាការ និងឃុំខ្លួននៅក្នុងពន្ធនាគារ។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន និងជាអ្នកវិភាគ លោក ប៉ោ មករា យល់ថា ឥទ្ធិពលគ្រឿងស្រវឹង ជាចំណែកមួយ ដែលធ្វើឲ្យ យុវជនភ្លើតភ្លើន ពីព្រោះកម្ពុជាមិនមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹងទេ។ លោកបន្ត ថា បញ្ហាគ្រឿងញៀន ក៏ជាកត្តាមួយទៀត ដែលជះឥទ្ធិពលដល់មូលដ្ឋានពលរដ្ឋ ខណៈគោលនយោបាយ ភូមិ/ឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាលវិញ ហាក់មិនជោគជ័យ។
បន្ថែមលើនេះ លោក ប៉ោ មករា លើកឡើងថា បញ្ហាស្នូលមួយទៀត ដែលបង្កឲ្យយុវជនមានចរិតជាក្មេងទំនើងនោះ គឺទាក់ទងនឹងវប្បធម៌នយោបាយ ដឹកនាំរបស់ក្រុមអ្នកកាន់អំណាច ដែលបន្តបំភិតបំភ័យ និងគំរាមកំហែងគូរប្រជែងនយោបាយ។
លោក ប៉ោ មករា៖ «វប្បធម៌នយោបាយដោយការបំភ័យ ក៏ជាបញ្ហាជះឥទ្ធិពលដល់ យុវជនដែរ ពីព្រោះយើងឃើញថា បុរាណលោកតែងនិយាយថា ឪពុកម្ដាយម៉េចកូនអ៊ីចឹង។ មេដឹកនាំអ្នកលេង កូនចៅក៏អ្នកលេងដែរ។ អ៊ីចឹងអាហ្នឹងក៏ជាបញ្ហា មួយដែលជះមកលើយុវជន ជះមកលើសង្គមកម្ពុជាដែរ។ អ៊ីចឹងកត្តាទាំងអស់ហ្នឹង ខ្ញុំគិតថា ត្រូវកែ។ អ្នកនយោបាយ ត្រូវចាប់ផ្ដើមកែពីខ្លួនឯងទៅ ត្រូវវប្បធម៌នយោបាយធ្វើម៉េច កុំឲ្យមានតានកម្ទេចគ្នា តាមបង្ក្រាបគ្នា តាមវ៉ៃរហូតដល់ ធ្វើម៉េចឲ្យខ្មែរគ្នាឯង ឈឺចាប់ បាត់បង់ ខ្លោចផ្សាតែគ្នាឯងអ៊ីចឹង។ អ៊ីចឹងគួរតែមាន វប្បធម៌នយោបាយអនុគ្រោះ គួរតែមានវប្បធម៌អាចជជែកគ្នាបាន ពាក់ព័ន្ធនឹងបញ្ហា ជាតិហ្នឹង»។
ថ្មីៗនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ថ្លែងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានពិចារណាបញ្ជូនក្មេងទំនើង ដែលសមត្ថកិច្ចបង្ក្រាប ទៅធ្វើជាប្រជាការពារភូមិ ប៉ុន្តែ ក្រោយពីមានការរិះគន់ និងប្រតិកម្មខ្លាំងពីសាធារណជន នោះអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចេញមកបំភ្លឺនៅថ្ងៃទី៥ ខែមីនាថា នេះជាគោលគំនិតផ្ទាល់ខ្លួនរបស់លោក មិនមែនជាផែនការ ឬគោលនយោបាយរបស់ក្រសួងមហាផ្ទៃឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ប៉ោ មករា ជំរុញឲ្យរដ្ឋាភិបាលប្រើវិធីអប់រំ ក្មេងទំនើងពីព្រោះពួកគេក៏ជាជនរងគ្រោះពីវិបត្តិសង្គមដែរ។ លោកថា រដ្ឋាភិបាល គួរ តែបណ្ដុះបណ្ដាលក្មេងទំនើង ដើម្បីផ្ដល់ជំនាញវិជ្ជាជីវៈដល់ពួកគាត់ មុននឹង សម្រេចយកពួកគាត់ទៅបម្រើការអ្វីមួយ ក្នុងក្របខណ្ឌរដ្ឋ និងសេវាកម្មបម្រើ សង្គម។
លោក ប៉ោ មករា៖ «យើងត្រឡប់ទៅមើលប្រព័ន្ធអប់រំវិញថា តើប្រព័ន្ធអប់រំហ្នឹង ប្រសិទ្ធភាពកម្រិតណា។ យើងឃើញ ការអប់រំនៅក្នុងប្រទេសរបស់យើង ហាក់ដូច ជារីកចម្រើនណាស់ បើយើងងាកទៅមើលអគារគ្រឹះស្ថាននៃការអប់រំឯកជនវិញ យើងឃើញមានធំៗ ហាក់បីដូចជាលុបបាត់នូវស្ថាប័នរបស់រដ្ឋអ៊ីចឹង ប៉ុន្តែសួរថា ប្រសិទ្ធភាពនៃការអប់រំឃើញមានកម្រិតណា វាអាចជះឥទ្ធិពល ឬក៏ទទួលផលល្អ ប្រសើរសម្រាប់យុវជន សម្រាប់ប្រជាពលរដ្ឋទូទៅអត់។ អាហ្នឹងជាបញ្ហាសំខាន់ដែរ សម្រាប់វិស័យអប់រំ ខ្ញុំគិតថា គួរគិតគួរឡើងវិញ ហើយគួរតែឆ្លុះបញ្ចាំងឲ្យប្រសិទ្ធភាពជាងនេះទៅទៀត»។
ស្រដៀងគ្នានេះដែរ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ លើកឡើងថា ការបញ្ជូនក្មេងទំនើងទៅ តុលាការមិនមែន ជាជម្រើសល្អនោះទេ។ លោកថា រដ្ឋាភិបាលគួរតែបើកមជ្ឈមណ្ឌលអប់រំផ្នែកគំនិត វិន័យ ដើម្បីឲ្យពួកគេបានធ្វើការមួយចំនួន ស្គាល់គុណតម្លៃនៃជីវិត ដែលជាទំពាំង ស្នងឫស្សី ការពារប្រទេសជាតិ ដូចជា ចូលវឹកហាក់ទាហានជាដើម។
លោក សេក សុជាតិ៖ «ពួកគេចេញមកវិញក្លាយជាមនុស្សថ្មី ហើយពួកគេក៏អាចក្លាយជា កម្លាំងស្នូលមួយសម្រាប់ស្ដារសង្គម ហើយនឹងសន្តិសុខជាតិនៅពេលថ្ងៃក្រោយដែរ។ បើសិនក្នុងករណីកងទ័ពមានការខ្វះកម្លាំង ដើម្បីតស៊ូជាមួយនឹងពួកបរទេស ឈ្លានពាន អ៊ីចឹងពួកគាត់មានជំនាញ ហើយបានវឹកហាត់ត្រឹមត្រូវជាកងកម្លាំងការ ពារជាតិ អ៊ីចឹង ពួកគាត់ក៏អាចប្រើប្រាស់សម្រាប់ធ្វើជា អ្នកដែលដល់សង្គមរបស់យើង ការពារព្រំដែនរបស់យើង ហើយក៏អាចដោះស្រាយបញ្ហាច្រើន ផ្សេងទៀត តាមតែអាចធ្វើទៅបានដែរ។ ពួកគាត់បើសិនជាមានវិន័យល្អ ស្គាល់ គុណតម្លៃបានត្រឹមត្រូវ ពួកគាត់ក៏អាចក្លាយជាបុគ្គលម្នាក់ ដែលអាចធ្វើការ ដើម្បីអនាគត់ជាតិទាំងមូល នៅពេលអនាគត់ដូចជាគ្នាដែរ»។
សកម្មជនសិទ្ធិមនុស្ស និងបរិស្ថានលោក ម៉ា ចិត្រា យល់ថា ប្រសិនបើរដ្ឋាភិបាលចង់ការពារពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានល្អនោះ គួរតែបន្ថែមចំនួនប៉ូលិស ដោយមិន ចាំបាច់ មានប្រជាការពារភូមិនោះទេ ពីព្រោះប្រជាការពារភូមិគ្មានជំនាញ ទប់ស្កាត់ បទ ល្មើសឡើយ។ លោកសង្កេតឃើញថា យុវជនមួយចំនួន ក្លាយជាក្មេងទំនើង បណ្ដាមកពីអាជ្ញាធរមូលដ្ឋានខ្វះខាតការ យកចិត្តទុកដាក់លើបញ្ហានេះ ខណៈ ពួកគេ ទៅរៀន ក៏ខាងសាលាមិនបានតាមដានអំពីសិស្សានុសិស្ស។
លោក ម៉ា ចិត្រា៖ «តាមសាលាហ្នឹង មិនសូវរិតបន្តឹងការអប់រំ ទី២ កត្តាជីវភាពក្នុង គ្រួសារនីមួយៗ ចង់សំដៅថា សម័យនេះ ឪពុកម្ដាយបងប្អូនមួយចំនួន គាត់អត់មានតាមដានកូនចៅគាត់ដូចសម័យមុនទេ ដោយសារតែមួយថ្ងៃៗគាត់ប្រឹងប្រែង រកស៊ី ឬក៏ធ្វើការឲ្យគេ ដើម្បីចិញ្ចឹមជីវភាពគ្រួសារផង និងដើម្បីដោះបំណុលផង»។
អ្នកឃ្លាំមើល លើកឡើងថា ដរាបណារដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន នៅតែបន្តកាន់អំណាច នោះកម្ពុជាគ្មានវិធីដោះស្រាយវិបត្តិក្មេងទំនើងទេ ពីព្រោះ ក្រុមមេដឹក នាំក្រុមគ្រួសារហ៊ុន និងបក្ខពួក គឺភាគច្រើនជាបុគ្គលទំនើងក្អេងក្អាង ដែលជាគំរូអាក្រក់ក្នុងសង្គមដោយធ្វើសកម្មភាពគំរាមកំហែង រំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តឧក្រិដ្ឋកម្ម គ្រប់វិស័យ តាមទំនើងចិត្តរបស់ពួកគេ៕










