«កម្ពុជា​នៅតែ​អាច​សុំ​អន្តរាគមន៍​ពី​ប្រទេស​ទី​បី ទោះ​ថៃ​ប្រឆាំង​តួនាទី​ប្រធាន​អាស៊ាន​និង​អាមេរិក​ក្នុង​វិវាទ​ព្រំដែន»

0
125
(ពី​ឆ្វេង) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) ក្នុង​ពិធី​ចុះហត្ថលេខា​នៃ​សេចក្ដីថ្លែងការណ៍​រួម នា​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
(ពី​ឆ្វេង) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) ក្នុង​ពិធី​ចុះហត្ថលេខា​នៃ​សេចក្ដីថ្លែងការណ៍​រួម នា​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នកឃ្លាំមើល​លើកឡើង​ថា កម្ពុជា​នៅតែ​អាច​ស្នើសុំ​អន្តរាគមន៍​ពី​ប្រទេស​ទី​បី ឱ្យ​ជួយ​ដោះស្រាយ​វិវាទ​ព្រំដែន​ជាមួយ​ថៃ ក្នុង​ក្របខ័ណ្ឌ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែល​កម្ពុជា និង​ថៃ​ជា​ប្រទេស​សមាជិក​។ ការ​លើកឡើង​បែបនេះ គឺ​នៅ​ក្រោយ​ពេល​ដែល​អ្នក​ជាតិ​និយម​ថៃ បាន​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​ម៉ាឡេស៊ី ដែល​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន និង​សហរដ្ឋអាមេរិក ដកខ្លួន​ចេញ​ពី​រឿង​ជម្លោះព្រំដែន​រវាង​កម្ពុជា ថៃ និង​ទុក​ឱ្យ​ប្រទេស​សាមី ដោះស្រាយ​ដោយ​ខ្លួនឯង។

ខុសពី​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចង់ឱ្យ​ភាគី​ប្រទេស​ទី​បី និង​ប្រទេស​មហាអំណាច ចូលខ្លួន​មក​ជួយ​ដោះស្រាយ​វិវាទ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ឱ្យ​ឆាប់​ចប់ ក៏ប៉ុន្តែ​សម្រាប់​អ្នក​ជាតិនិយម​ថៃ​មួយចំនួន​វិញ ពួកគេ​ចង់ឱ្យ​កម្ពុជា និង​ថៃ​ដោះស្រាយ​វិវាទ​នេះ ដោយ​ទ្វេភាគី ដែល​ធ្វើ​ឱ្យ​ជម្លោះ​នេះ ត្រូវ​អូស​បន្លាយ​កាន់តែ​យូរ។

ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ថា ភាគី​កម្ពុជា​មាន​សិទ្ធិ​ស្នើសុំ​អន្តរាគមន៍​ពី​ប្រទេស​ម៉ាឡេស៊ី និង​មហាអំណាច​សហរដ្ឋអាមេរិក ឱ្យ​ជួយ​ដោះស្រាយ​វិវាទ​ព្រំដែន​ជាមួយ​ថៃ ក្នុងនាម​ជា​ប្រទេស​សមាជិក​អាស៊ាន និង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​។ លោក​បន្ត​ថា កម្ពុជា​មិន​អាច​ចរចា​ទ្វេភាគី​ជាមួយ​ថៃ បាន​នោះ​ទេ ដោយសារ​ថៃ​ជា​ប្រទេស​មាន​ទំហំ​សេដ្ឋកិច្ច និង​កម្លាំងយោធា ធំ​ជាង​កម្ពុជា ដែល​កត្តា​នេះ នឹង​ធ្វើ​ឱ្យ​ថៃ​អាច​ដាក់​សម្ពាធ​មក​លើ​កម្ពុជា​តាម​អំពើ​ចិត្ត ដែល​ធ្វើ​ឱ្យ​ការ​ចរចា​បញ្ចប់​ជម្លោះ​ដ៏​រសើប​នេះ ត្រូវ​អូស​បន្លាយ​កាន់តែ​យូរ និង​ធ្វើ​ឱ្យ​ភាគី​ទន់ខ្សោយ​ដូច​កម្ពុជា ត្រូវ​ចាញ់​ប្រៀប។

លោក ម៉ែន ណាត៖ «ថៃ​តែងតែ​គឃ្លើន​អ៊ីចឹង​។ យើង​សួរ​ទៅ​គណៈកម្មការ​ព្រំដែន​កម្ពុជា​មើល ថា​តើ​ប្រញាប់​ដោះស្រាយ​បញ្ហា​ព្រំដែន​ទៅណា? បញ្ហា​ព្រំដែន​នេះ មិនមែន​ដោះស្រាយ​ឱ្យ​ចប់​ក្នុង​របប​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ក្នុង​រយៈពេល​មួយថ្ងៃ ពីរ​ថ្ងៃ​ហ្នឹង​ទេ។ បើ​ដោះស្រាយ​មិន​ស្មើភាព​គ្នា មិន​ត្រូវ​វា​បន្សល់ទុក​រឿងអាស្រូវ​ច្រើនណាស់ សម្រាប់​ប្រវត្តិសាស្ត្រ»។

ការ​ថ្លែង​របស់​អ្នកឃ្លាំមើល​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​អ្នកនយោបាយ និង​អ្នក​ជាតិនិយម​ថៃ បាន​ប្រមូល​ផ្តុំគ្នា​ធ្វើ​បាតុកម្ម នៅ​ទីក្រុង​បាងកក (Bangkok) កាលពី​ថ្ងៃទី​២២ ខែ​វិច្ឆិកា ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ម៉ាឡេស៊ី និង​សហរដ្ឋអាមេរិក​(USA) ដោយ​ពួកគេ​បាន​ចោទប្រកាន់​ទៅ​លើ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី (Malaysia) និង​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម​(Anwar Ibrahim) ថា បាន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ថៃ ជាពិសេស​ក្នុង​រឿង​ជម្លោះព្រំដែន​ជាមួយ​កម្ពុជា។

ទោះជា​យ៉ាងណា ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល G20 កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង (South Africa) លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​បដិសេធ​ការចោទប្រកាន់​របស់​បាតុករ​ថៃ​នេះ ដោយ​អះអាង​ថា នៅក្នុង​វិវាទ​ព្រំដែន​កម្ពុជា ថៃ ម៉ាឡេស៊ី បាន​ត្រឹម​ជួយ​សម្របសម្រួល​ឱ្យ​មាន​កិច្ចចរចា​គ្នា​ប៉ុណ្ណោះ ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ការផ្សះផ្សា និង​រក​វិធី​ដោះស្រាយ​ជម្លោះ​ប្រទេស​ទាំងពីរ​។ មេដឹកនាំ​ម៉ាឡេស៊ី រូប​នេះ បញ្ជាក់​ថា កម្ពុជា និង​ថៃ បាន​ចាត់ទុក​ម៉ាឡេស៊ី ជា​មិត្ត​ដូចគ្នា ដូច្នេះ​ម៉ាឡេស៊ី ក៏​មិន​បាន​ណែនាំ​អំពី​វិធី​ណាមួយ​ទៅដល់​កម្ពុជា និង​ថៃ ថា​តើ​ត្រូវ​ដោះស្រាយ​ជម្លោះ​នេះ​ដោយ​របៀប​ណា​នោះ​ឡើយ។

ជាថ្មី​ម្ដងទៀត ក្រុម​បាតុករ​ថៃ បាន​ទាមទារ​ឱ្យ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដក​រឿង​ចរចា​អត្រាពន្ធគយ​ជាមួយ​ថៃ ចេញពី​រឿង​ជម្លោះព្រំដែន​ជាមួយ​កម្ពុជា ដោយ​ពួកគេ​ចោទ​ថា លោក ដូណាល់ ត្រាំ បាន​យក​រឿង​នេះ មក​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ថៃ ដើម្បី​ឱ្យ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​កម្ពុជា។

កម្ពុជា និង​ថៃ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព កាលពី​ថ្ងៃទី​២៦ ខែ​តុលា ដោយមាន​វត្តមាន​មេដឹកនាំ ម៉ាឡេស៊ី និង​ប្រទេស​មហាអំណាច អាមេរិក ចុះហត្ថលេខា​ជា​សាក្សី​។ កិច្ចព្រមព្រៀង​នេះ បាន​តម្រូវ​ឱ្យ​ថៃ​ដោះលែង​ទាហាន​កម្ពុជា​ចំនួន ១៨​នាក់ ដែល​ត្រូវ​បាន​ថៃ​ចាប់​ខ្លួន បន្ទាប់ពី​មាន​បទ​ឈប់​បាញ់​នោះ ទៅ​ឱ្យ​កម្ពុជា​វិញ​។ ក៏ប៉ុន្តែ​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) បាន​ប្រកាស​ផ្អាក​កិច្ចព្រមព្រៀង​នេះ​វិញ កាល​ពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា បន្ទាប់​ពី​មាន​ហេតុការណ៍​ទាហាន​ថៃ ៤​នាក់ ដើរ​ជាន់​មីន​នៅ​តំបន់​ព្រំដែន ហើយ​ភាគី​ថៃ​បាន​ចោទ​កម្ពុជា ថា ជា​អ្នក​បង្កប់​មីន​ទាំងនេះ។

ជា​ការ​ឆ្លើយតប​ក្នុង​រឿង​នេះ ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក បាន​ចេញ​លិខិត​បញ្ជាក់​ជា​ផ្លូវការ​មួយ កាល​ពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ថា ការ​ចរចា​ពាណិជ្ជកម្ម​រវាង​អាមេរិក ជាមួយ​ថៃ នឹង​ត្រូវ​បាន​ផ្អាក ប្រសិនបើ​ថៃ​មិន​គោរព​តាម​កិច្ចព្រមព្រៀង​សន្តិភាព ដែល​លោក​ត្រាំ ធ្វើជា​សាក្សី​ទេ​នោះ។ ការ​ប្រកាស​នេះ បាន​ធ្វើ​ឱ្យ​មេដឹកនាំ​ថៃ បាន​បន្ទន់​ឥរិយាបថ និង​ងាក​មក​និយាយ​រឿង​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​កម្ពុជា​វិញ។

យ៉ាងណា​ក៏ដោយ​ចុះ អ្នកឃ្លាំមើល​លើកឡើង​ថា ក្នុង​ជម្លោះព្រំដែន​ជាមួយ​ថៃ​នេះ រដ្ឋាភិបាល​កម្ពុជា មិន​ត្រឹមតែ​ស្នើ​ឱ្យ​ប្រទេស​ទី​បី​ជួយ​នោះ​ទេ ប៉ុន្តែ​ត្រូវ​ប្ដឹង​បន្ថែម​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ព្រោះ​កន្លងមក ភាគី​ថៃ បាន​រំលោភបំពាន​មក​លើ​កម្ពុជា ជា​បន្តបន្ទាប់ តាំងពី​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ដោយ​ថៃ បាន​ប្រើ​ឧបាយ​ចាប់​ទាហាន​ខ្មែរ ហើយ​បាន​រាយ​បន្លា​លួស​ព័ទ្ធ​យក​ភូមិ​ម្ករ បាញ់ប្រហារ និង​រំលោភបំពាន​មក​លើ​ពលរដ្ឋ​ខ្មែរ ដោយ​គ្មាន​ញញើត​ច្បាប់​អន្តរជាតិ​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ