

អ្នកឃ្លាំមើលថា កម្ពុជាពិបាកទាក់ទាញអ្នកវិនិយោគល្អៗ ពីក្រៅប្រទេស បើទោះជា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្យាយាមលើកឡើងពីសក្ដានុពល នៅក្នុងស្រុក និងបង្ហាញពីសមិទ្ធផលនានានៃកំណើនសេដ្ឋកិច្ច ប្រាប់ដល់អ្នកធុរកិច្ចបរទេសក្ដី។ ការលើកឡើងនេះ ក្រោយពីលោក ហ៊ុន ម៉ាណែត បានថ្លែងសារក្នុងកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ានឆ្នាំ២០២៦ ដោយស្វាគមន៍ចំពោះអ្នកវិនិយោគ នៅលើពិភពលោក មករកស៊ីកម្ពុជា ដោយធានានូវស្ថិរភាព និងសុវត្ថិភាព។
ស្របពេលពិភពលោក កំពុងព្រួយបារម្ភ ពីវិបត្តិសេដ្ឋកិច្ច ដោយសារតែបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា បន្តរីកកាន់តែធំ អ្នកឃ្លាំមើលថា កម្ពុជាក៏នឹងត្រូវរងផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ច ធ្ងន់ធ្ងរ ផងដែរ ជាពិសេសវិស័យទេសចរណ៍ និងតម្លៃប្រេងឥន្ធនៈឡើងថ្លៃ។ ពួកគាត់ថា ស្ថានភាពនេះ កម្ពុជាត្រូវ ស្ដារប្រព័ន្ធប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ពង្រឹងនីតិរដ្ឋ និងលុបបំបាត់អំពើពុករលួយ នោះទើបអាចទាក់ទាញ អ្នកវិនិយោគល្អៗ ពីក្រៅប្រទេសឱ្យមករកស៊ីនៅកម្ពុជាបើពុំដូច្នោះទេ អ្នកវិនិយោគ នឹងមិនហ៊ានបោះទុន រកស៊ីដោយប្រថុយប្រថាននោះឡើយ។
អ្នកជំនាញភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៤ ខែមីនាថា ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា អំពីសក្ដានុពលរបស់កម្ពុជា គឺជាភាសាការទូតដ៏សំខាន់ ប៉ុន្តែមិនអាចទាក់ទាញ អ្នកវិនិយោគល្អៗពីបស្ចិមប្រទេសបាននោះទេ ដរាបណា កម្ពុជាមិនលុបបំបាត់អំពើពុករលួយ និងពង្រឹងនីតិរដ្ឋឱ្យបានត្រឹមត្រូវ មានតម្លាភាព និងអភិបាលកិច្ចល្អទេនោះ។ លោកបន្តថា អ្នកវិនិយោគគេមិនជឿត្រឹមតែពាក្យសម្ដីប៉ុណ្ណោះនោះទេ ប៉ុន្តែ គេនឹងតាមដានមើលពី ទិដ្ឋភាពជាក់ស្ដែង។
លោក សេង វណ្ណលី៖ «ខ្ញុំយល់ស្របថា កម្ពុជាមានសក្ដានុពល សម្រាប់វិនិយោគិនមកវិនិយោគដោយសារតែ យើងមានកត្តាភូមិសាស្ត្រល្អ។ យើងមានទូរគមនាគមន៍ និងមានកម្លាំងពលកម្មគ្រប់គ្រាន់ ។ ប៉ុន្តែអ្វីដែលរដ្ឋត្រូវធ្វើ គឺបង្កើនជំនាញដល់ពលរដ្ឋ ប្រសិនជាអាចលុបបំបាត់អំពើពុករលួយនេះ ឱ្យមានប្រសិទ្ធភាពទៅ ហើយលុបបំបាត់រឿង អនឡាញScam ឱ្យមានប្រសិទ្ធភាព ខ្ញុំគិតថាអាចទាក់ទាញអ្នកវិនិយោគបាន»។
ថ្លែងទៅកាន់សមាជិកធុរកិច្ចអាស៊ានរាប់សិបនាក់ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចឆ្នាំ២០២៦ នាថ្ងៃទី៤ មីនាក្នុងទីក្រុងភ្នំពេញ លោក ហ៊ុន ម៉ាណែត បានឈរអានសុន្ទរកថា ជាភាសាអង់គ្លេស រៀបរាប់ អំពីក្ដីបារម្ភចំពោះ បញ្ហាបម្រែបម្រួល អាកាសធាតុ និងវិបត្តិសេដ្ឋកិច្ច ព្រោះតែ សង្គ្រាម នៅមជ្ឈិមបូព៌ា។ លោកថា ក្នុងស្ថានភាពនេះ ការសហការគ្នា រវាង អ្នកធុរកិច្ចអាស៊ាន និងបណ្ដាប្រទេសដទៃទៀត ជារឿងសំខាន់។ ទន្ទឹមគ្នានោះ លោក ក៏លើកឡើង អំពីសមិទ្ធផល និងកំណើនសេដ្ឋកិច្ច ដែលបានកើនជាវិជ្ជមាន ពីការវិនិយោគ របស់ក្រុមហ៊ុនបរទេសនៅកម្ពុជា។
បន្ថែមពីលើនោះ លោក ហ៊ុន ម៉ាណែត ក៏ហាក់មានជំនឿចិត្តសម្បើមណាស់ថា កម្ពុជានឹងលុបបំបាត់ មជ្ឈមណ្ឌលឆបោកតាមអនឡាញទាំងស្រុង នៅត្រឹមខែមេសា ឆ្នាំ២០២៦ ។ លោកថា ការប្ដេជ្ញាចិត្តនេះ គឺជាការ ខិតខំប្រឹងប្រែង របស់កម្ពុជា ដើម្បីពង្រឹងវិធានការ ច្បាប់ និងការពារបន្ថែមទៀតនូវសុចរិតភាពក្នុងការវិនិយោគ។ ជាមួយគ្នានេះ កាលពីខែកុម្ភៈកន្លងទៅ លោក ក៏បានប្រាប់សារព័ត៌មានបារាំង AFP ដោយទទួលស្គាល់ថា ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជា។
ជុំវិញរឿងនេះ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា យល់ឃើញថា កម្ពុជាមានសក្ដានុពលច្រើន ជាពិសេសផ្នែកកម្លាំងពលកម្ម ព្រោះ កម្ពុជា មានប្រជាជនជាង ១៧លាននាក់ ក្នុងនោះ មាន៨០% ជាយុវជនពេញវ័យដែលអាចធ្វើការ បានចន្លោះពី ១៥ឆ្នាំឡើង។ លោកបន្តថា បើមើលផ្នែកភូមិសាស្ត្រកម្ពុជា មានទាំងផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស សម្រាប់ដឹកទំនិញនានា។ ក៏ប៉ុន្តែ លោកថា បញ្ហាប្រឈមដែលធ្វើឱ្យកម្ពុជា ពិបាកទាក់ទាញ អ្នកវិនិយោគល្អៗ គឺ បញ្ហាអំពើពុករលួយ និងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដែលរដ្ឋាភិបាលត្រូវដោះស្រាយឱ្យមានប្រសិទ្ធភាពបំផុត។
លោក មឿន តុលា៖ «ប្រសិនបើកម្ពុជាមិនអាចដោះស្រាយបញ្ហាចោទប្រកាន់ជុំវិញបញ្ហាលាងលុយកខ្វក់ និងបញ្ហាសន្តិសុខតាមរយៈប្រព័ន្ធអ៊ីនធឺណិត ដែលកំពុងធ្វើឱ្យប៉ះពាល់មុខមាត់ប្រទេស។ អ្នកវិនិយោគិនល្អៗ និងវិនិយោគិនដែលមានស្តង់ដារខ្ពស់នឹងមិនប្រថុយទម្លាក់ទុន ក្នុងបរិយាកាសដែលប្រព័ន្ធរដ្ឋាភិបាលនៅមានភាពស្មុគស្មាញ និងមានការជ្រៀតជ្រែកឥទ្ធិពលនយោបាយនោះឡើយ»។
អង្គការតម្លាភាពអន្តរជាតិ នៅថ្ងៃទី១០ ខែកុម្ភៈ បានចេញរបាយការណ៍ប្រចាំឆ្នាំ២០២៥ ដោយបង្ហាញពីក្ដីព្រួយបារម្ភ ជុំវិញការធ្លាក់ចុះនូវការគោរពប្រជាធិបតេយ្យ នៅលើពិភពលោក ខណៈអំពើពុករលួយ ក៏បានកើនឡើងជាលំដាប់។ ក្នុងនោះ កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៦៣ ក្នុងចំណោមប្រទេសចំនួន១៨២ ដែលមានអំពើពុករលួយកាន់តែធ្ងន់ធ្ងរជាងឆ្នាំ២០២៤។ បើប្រៀបធៀបជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន កម្ពុជាប្រសើរជាងប្រទេសមីយ៉ាន់ម៉ាតែមួយគត់។
អ្នកឃ្លាំមើលថា បញ្ហាអំពើពុករលួយនៅកម្ពុជា គឺជា«ជំងឺមហារីក»ដ៏ធំហើយ បានចាក់ស្រេះយ៉ាងជ្រៅ ក្នុងប្រព័ន្ធដឹកនាំរដ្ឋ និងប្រព័ន្ធនយោបាយបក្សកាន់អំណាច ទើបធ្វើឱ្យឧក្រិដ្ឋកម្មឆបោក តាមអនឡាញ និងអំពើជួញដូរមនុស្ស បានកើតឡើងយ៉ាងងាយបំផុត។ ករណីនេះ បានធ្វើឱ្យពលរដ្ឋបន្ត រងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដូចជាការកើនឡើងនៃអំពើអយុត្តិធម៌សង្គម ពលរដ្ឋមានជីវភាពខ្វះខាត ខណៈអ្នកវិនិយោគល្អៗ ពីក្រៅប្រទេស ក៏ពុំសូវហ៊ាន មករកស៊ីនៅកម្ពុជា ព្រោះបារម្ភពីការខាតបង់ ទើបធ្វើឱ្យពលរដ្ឋភាគច្រើនបាត់បង់ឱកាសការងារក្នុងស្រុក៕









