

អ្នកឃ្លាំមើលលើកឡើងថា ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក នឹងមិនអាចបោះលុយវិនិយោគនៅកម្ពុជាឡើយ ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនស្ដារប្រជាធិបតេយ្យ និងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកអនឡាញ (Online) ទេនោះ។ ការលើកឡើង នេះ គឺបន្ទាប់ពីលោក ហ៊ុន ម៉ាណែត អះអាងថា ក្រុមហ៊ុនធំៗរបស់អាមេរិក ស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
អ្នកឃ្លាំមើលលើកឡើងថា ការប្រកាសរបស់លោក ហ៊ុន ម៉ាណែត ដែលថា ក្រុមហ៊ុនធំៗរបស់អាមេរិក សម្លឹងឱកាសវិនិយោគនៅស្រុកខ្មែរគឺជារឿងល្អមួយ ប៉ុន្តែមិនអាចក្លាយជាការពិតឡើយ ប្រសិនបើកម្ពុជា នៅតែញាំញីដោយអំពើពុករលួយ បញ្ហាឧក្រិដ្ឋកម្មឆបោកអនឡាញ ព្រមទាំងពុំមានលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋត្រឹមត្រូវ។
ប្រធានស្ថាប័នយុទ្ធសាស្ត្រនិងរៀបចំប្រទេសឡើងវិញនិងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣ តុលា លោក គឹម សុខ មានប្រសាសន៍ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចេះត្រឹមតែអួតប៉ុណ្ណោះ។ លោកយល់ថា ដើម្បីឲ្យក្រុមហ៊ុនអាមេរិក បោះលុយរកស៊ីនៅកម្ពុជា លុះត្រាតែមេដឹកនាំក្រុងភ្នំពេញ ស្ដារលទ្ធិប្រជាធិបតេយ្យ និងដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនឲ្យមានប្រសិទ្ធភាព។

លោក គឹម សុខ៖ «វត្តមានមន្ត្រីជាន់ខ្ពស់អាមេរិក និងអ្នកវិនិយោគអាមេរិកទៅកម្ពុជា ដើម្បីស្ទាបស្ទង់ស្ថានការណ៍មួយដើម្បីជំរុញឲ្យរដ្ឋាភិបាល របបក្រុងភ្នំពេញ ដឹកនាំដោយ ហ៊ុន ម៉ាណែត នោះ ធ្វើរឿងពីរនៅចំពោះមុខ ។ រឿងទី១ គឺការស្តារប្រជាធិបតេយ្យ ហើយរឿងទី២ គឺចូលរួមជាមួយសហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ អាមេរិកាំងមិនមែនចេះតែដាក់លុយរកស៊ីនៅកម្ពុជា ពេលដែលមានស្នាមច្បាស់លាស់អំពីឧក្រិដ្ឋកម្មឆ្លងដែនដែលពាក់ព័ន្ធនឹងគ្រួសារហ៊ុន និងគណបក្សកាន់អំណាចព្រមទាំងរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត»។
នៅថ្ងៃទី២ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារថា លោកបានជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC) ដឹកនាំដោយអនុប្រធាន និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន លោក ថេត អូសៀស (Ted Osius) នៅវិមានសន្តិភាព។ លោក ហ៊ុន ម៉ាណែត អះអាងថា ក្នុងជំនួបនោះ គណៈប្រតិភូអាមេរិក បានបង្ហាញបំណងពង្រីកទុនវិនិយោគ និងការស្វែងរកឱកាសវិនិយោគថ្មីៗ ក្នុងវិស័យមួយចំនួនដូចជាសុខាភិបាល ទេសចរណ៍និងសេវាកម្មសណ្ឋាគារ បច្ចេកវិទ្យាឌីជីថល ធនាគារនិងហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងឆ្លាតវៃ យានយន្ត និងការធានារ៉ាប់រងជាដើម។ ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានបង្ហាញការស្វាគមន៍ និងចាត់ទុកថា ការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា គឺជាការចូលរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក និងជាការជំរុញវិស័យធុរកិច្ចនៅកម្ពុជា។
ទោះជាយ៉ាងណា សមាជិកសភាអូស្ត្រាលីដើមកំណើតខ្មែរលោក តាក់ ម៉េងហ៊ាង ថ្លែងថា ជាទូទៅ មុនពេលក្រុមហ៊ុនធំៗ សម្រេចដាក់ទុនរកស៊ី គឺតែងសិក្សាទៅលើលទ្ធភាព និងបរិយាកាសនៃការវិនិយោគ ប្រព័ន្ធច្បាប់ ព្រមទាំងស្ថិរភាពពាណិជ្ជកម្ម និងនយោបាយជាដើម។
លោក តាក់ ម៉េងហ៊ាង៖ «ដូច្នេះហើយរដ្ឋាភិបាល និងអាជ្ញាធរ គួរតែផ្ដោតធំទៅ លើច្បាប់ពាណិជ្ជកម្ម និងការការពារនៅក្នុងការដាក់ទុនទាំងអស់នោះ បូកបន្ថែម ពីលើថាធ្វើម៉េចដើម្បីឲ្យមានស្ថិរភាពផ្នែកខាងនយោបាយ ដោយមានការចូលរួម សាទរពីក្រុមនិន្នាការនយោបាយទាំងអស់ រួមទាំងមានសារព័ត៌មានឯករាជ្យ ដែល អាចឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងដែលចំណុចទាំងអស់នេះ គឺជាការបង្ហាញក្នុងការមានតម្លាភាព បើកចំហនៅក្នុងការទាក់ទាញអ្នកវិនិយោគមករកស៊ីនៅកម្ពុជា»។
កាលពីពេលថ្មីៗនេះ វេទិកាអាស៊ីបូព៌ា (East Asia Forum) បានចេញរបាយការណ៍វាយតម្លៃមួយថា ចំនួនវិនិយោគផ្ទាល់ពីបរទេស (FDI) របស់កម្ពុជា នៅឆ្នាំ២០២៥ មានចំនួនកើនឡើង ក៏ប៉ុន្តែនៅមានគុណភាពទាប ដោយសារភាពទន់ខ្សោយនៃប្រព័ន្ធនីតិរដ្ឋ ការរីកដុះដាលនៃអំពើពុករលួយ និងកង្វះតម្លាភាព ដែលកត្តាទាំងនេះ បានរារាំងកម្ពុជា ពីការទាក់ទាញការវិនិយោគប្រកបដោយគុណភាពខ្ពស់ពីបណ្ដាប្រទេសលោកសេរី៕









