

អ្នកឃ្លាំមើលសង្គមអះអាងថា ក្រោមការដឹកនាំរបស់គ្រួសារត្រកូលហ៊ុនជាង ៤ទសវត្សរ៍មកនេះ បានធ្វើឱ្យប្រទេសជាតិបែកបាក់ នាំឱ្យធ្លាក់ចុះទន់ខ្សោយ និងបណ្តាលឲ្យប្រទេសជិតខាងប្រមាថមើលងាយតាមអំពើចិត្ត។ ការអះអាងនេះ ធ្វើឡើងក្រោយពីប្អូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺលោក ហ៊ុន ម៉ានី លើកឡើងថា កម្ពុជាបានបាត់បង់ឥទ្ធិពល និងថមថយអានុភាពបន្តិចម្ដងៗ ដោយសារការបែកបាក់ និងជម្លោះផ្ទៃក្នុងដែលបើកឱកាសឱ្យមានការជ្រៀតចូលពីបរទេស និងមានការរំលោភបំពានពីប្រទេសជិតខាងជាបន្តបន្ទាប់។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានលើកឡើងថា ប្រទេសកម្ពុជាក្រោមការដឹកនាំបែបសន្តតិវង្ស បន្តពីឪពុកមកកូនបានបង្កឲ្យមានការបែកបាក់ផ្ទៃក្នុង និងការគាបសង្កត់ដោយប្រើប្រាស់ប្រព័ន្ធតុលាការ ចាប់អ្នកមានមតិផ្ទុយពីខ្លួនដាក់ពន្ធនាគារ និងបងើ្កតបក្ខពួកនិយម បណ្តាលឲ្យមានអំពើពុករលួយកើតឡើងចាក់ស្រេះ ធ្វើឲ្យប្រទេសកម្ពុជាចុះខ្សោយនិងធ្វើឲ្យប្រទេសជិតខាងប្រមាថមើលងាយតាមអំពើចិត្ត។
លោក ស៊ឹង សែនករុណា បានអះអាងថា គ្មានអ្នកណាដែលធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុង ក្រៅតែពីគ្រួសារលោក ហ៊ុន សែន នោះទេ ហើយការអំពាវនាវរបស់ត្រកូល ហ៊ុន ឲ្យមានការរួមគ្នាជាធ្លុងមួយ គឺគ្រាន់តែជាការនិយាយឲ្យតែល្អមើលប៉ុណ្ណោះ។
លោក ស៊ឹង សែនករុណា៖ «យើងឃើញថា សារអំពាវនាវឲ្យមានការរួបរួមជាតិនេះបានធ្វើឡើងជាបន្តបន្ទាប់ ប៉ុន្តែបើយើងនិយាយអំពីទង្វើវិញគឺផ្ទុយស្រឡះតែម្តង ហើយអ្នកដែលធ្វើឲ្យផ្ទុយស្រឡះនោះថា តើខាងណាជាអ្នកដែលមានឥទ្ធិពលខ្លាំងជាងគេអំពីការធ្វើឲ្យមានការបែកបាក់ហ្នឹង។ ហើយអ្នកដែលមានឥទ្ធិពលគឺយើងដឹងហើយគណបក្សកាន់អំណាចតែម្តង តាំងពីការដឹកនាំនៅជំនាន់លោកប្រធានព្រឹទ្ធសភាជាឪពុកជានាយករដ្ឋមន្ត្រី»។
លោក ស៊ឹង សែនករុណា បានបន្ថែមទៀតថា ចំពោះអ្នកដែលធ្វើការស្របតាមរដ្ឋធម្មនុញ្ញត្រូវបានគ្រួសារលោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញ ដោយអ្នកខ្លះស្លាប់បាត់បង់ជីវិត ខ្លះពិការ ខ្លះត្រូវគ្រួសារត្រកូលហ៊ុនប្រើប្រាស់ប្រព័ន្ធតុលាការចាប់ឃុំខ្លួន ខ្លះត្រូវរត់ចេញក្រៅប្រទេស ប៉ុន្តែពួកគេបានបង្កើតបក្សពួកនិយម ធ្វើឲ្យសេដ្ឋកិច្ចជាតិចុះខ្សោយខ្ចីបំណុលបរទេសគ្រប់ទិសទី ខណៈពលរដ្ឋមួយភាគធំកំពុងរស់នៅក្នុងភាពវេទនា។
ប្រតិកម្មរបស់លោក ស៊ឹង សែនករុណា នេះគឺជាការឆ្លើយតបទៅនឹងការថ្លែងរបស់កូនប្រុសពៅរបស់លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ លោក ហ៊ុន ម៉ានី បានថ្លែងនៅក្នុងពីធីសំណេរអង្គរលើកទី៣ កាលពីថ្ងៃទី១៨ មករា ថា កម្ពុជានៅក្នុងសម័យអង្គរ ធ្លាប់ជាអាណាចក្រដែលមានភាពរុងរឿង មានអានុភាព កេរ្តិ៍ឈ្មោះ និងអរិយធម៌ដ៏មានឥទ្ធិពលបំផុតមួយ នៅតំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្តែត្រូវបានបាត់បង់ឥទ្ធិពល និងថមថយអានុភាពបន្តិចម្ដងៗ ដោយសារការបែកបាក់ និងជម្លោះផ្ទៃក្នុង ដែលបើកឱកាសឱ្យមានការជ្រៀតចូលពីបរទេស សង្គ្រាមរ៉ាំរ៉ៃ និងការរំលោភបំពានពីប្រទេសជិតខាង ជាបន្តបន្ទាប់។
លោក ហ៊ុន ម៉ានី៖ «អ្វីដែលយើងជួបប្រទះដែលអាចនឹងធ្វើឲ្យយើងមានការអាប់ឱន ឈឺចាប់ដោយសារការប្រមាថ រឺក៏កត្តាអយុត្តិធម៌ដែលធ្វើមកលើកម្ពុជាណាក៏ដោយតែសូមកូនខ្មែរគ្រប់រូបនឹកឃើញដល់ដូនតា នឹកឃើញដល់អតីតកាល ចង់ចាំថា ទោះកាលៈទេសៈណាក៏ដោយជាតិខ្មែរនៅតែឈរដ៏រឹងម៉ាំ»។
កន្លងទៅ ទាំងលោក ហ៊ុន សែន និងកូនប្រុសរបស់លោកគឺនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី បន្តរួបរួមសាមគ្គីជាធ្លុងមួយដោយជឿជាក់លើរដ្ឋាភិបាល និងបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ ប្រឹងឈរដោយខ្លួនឯង ខិតខំខ្លួនឯង និងពង្រឹងភាពម្ចាស់ការដោយខ្លួនឯង ដើម្បីធានាការពារ និងកសាងជាតិសម្រាប់មាគ៌ាទៅថ្ងៃមុខទៀត។ សារអំពាវនាវរបស់គ្រួសារត្រកូល ហ៊ុន នេះកើតឡើងស្របពេលប្រទេសកម្ពុជាកំពុងបន្តរងនូវការឈ្លានពានពីយោធាថៃដែលបានលើកទ័ពវាយប្រហារកាន់កាប់ទឹកដីប្រទេសកម្ពុជាអស់ជាច្រើនកន្លែងដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គ្មានសមត្ថភាពបណ្តេញយោធាសៀមចេញនោះឡើយ។
បើទោះជាគ្រួសារត្រកូលហ៊ុន ទន្ទេញតែពាក្យការរួបរួមសាមគ្គីជាតិ និងអំពាវនាវឱ្យមានសាមគ្គីផ្ទៃក្នុងខ្មែរក្តី រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែបន្តយុទ្ធនាការចាប់ខ្លួន អ្នកនយោបាយប្រឆាំង សកម្មភាពសង្គម សិទ្ធិមនុស្ស ដីធ្លី បរិស្ថាន និងសហជីព រហូតដល់ពលរដ្ឋសាមញ្ញដែលហ៊ាននិយាយរិះគន់រដ្ឋាភិបាល ឬត្រកូលហ៊ុន។ គិតមកដល់ពេលនេះ មានមនុស្ស សរុបជិត ១០០នាក់ហើយកំពុងជាប់ពន្ធធនាគារដោយសារការសម្ដែងមតិ៕









