

មេខ្លោងឆបោកតាមអនឡាញឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) ដែលជាស្ថាបនិកក្រុមហ៊ុនព្រីនស៍គ្រុប (Prince Group) និងជាទីប្រឹក្សារបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត រួមទាំងបុគ្គលពីរនាក់ទៀតត្រូវបានកម្លាំងនគរបាលបញ្ជូនទៅដល់ប្រទេសចិនហើយ ដើម្បីរង់ចាំការកាត់ទោសពីតុលាការចិន។ អ្នកឃ្លាំមើលជាតិ និងអន្តរជាតិថា ការចាប់ខ្លួនមេខ្លោងឧក្រិដ្ឋជនរូបបញ្ជូនទៅចិនដោយសារប្រព័ន្ធអនុវត្តច្បាប់ទន់ខ្សោយ និងដើម្បីការពារឧក្រិដ្ឋជន ចេន ហ្ស៊ី ឱ្យរួចផុតពីយុត្តាធិការនៃប្រព័ន្ធតុលាការអាមេរិក។
មេខ្លោងឆបោកតាមអនឡាញ ចេន ហ្ស៊ី ត្រូវបានបញ្ជូនទៅដល់ប្រទេសចិនក្នុងស្ថានភាពដៃ និងជើងទាំងពីរត្រូវបាននគរបាលចិនដាក់ខ្នោះច្រវ៉ាក់ និងសំលៀកបំពាក់ពណ៌ខៀវ ដើម្បីរង់ចាំការកាត់ទោសដោយតុលាការកុម្មុយនិស្តចិន។
ក្រសួងសន្តិសុខសាធារណៈចិននៅថ្ងៃទី៨ ខែមករា បានផ្សព្វផ្សាយវីដេអូពីការបញ្ជូនឧក្រិដ្ឋជន ចេន ហ្សី និងបក្ខពួក ២នាក់ផ្សេងទៀតមកដល់ទឹកដីចិន ដោយមានក្បួនរថយន្តការពារ និងក្រុមកម្លាំងជំនាញចិនច្រើនយាមកាមយ៉ាងតឹងរ៉ឹង ពេលនាំឧក្រិដ្ឋជន ចេន ហ្ស៊ី ចុះពីលើយន្តហោះ។
ក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្រសួងការបរទេសចក្រភពអង់គ្លេស កាលពីខែតុលា ឆ្នាំ២០២៥ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនព្រីនស៍ គ្រុប (Prince Group) របស់ឧក្រិដ្ឋជន ចេន ហ្ស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនទៀតដែលមានមូលដ្ឋាននៅកម្ពុជាដោយរកឃើញថា គឺជាអង្គការឧក្រិដ្ឋកម្មឆ្លងដែន។ ឧក្រិដ្ឋជនដ៏មានឥទ្ធិពលរូបនេះ ក៏រងការចោទប្រកាន់កំបាំងមុខដោយតុលាការនៅទីក្រុងញូវយ៉ក ពីបទឃុបឃិតលាងលុយកខ្វក់ និងឃុបឃិតក្លែងបន្លំតាមប្រព័ន្ធអេឡិចត្រូនិក និងចេញដីកាឱ្យមានការចាប់ខ្លួន។ អាមេរិកក៏បានរឹបអូស និងបង្កកទ្រព្យសម្បត្តិឧក្រិដ្ឋជន ចេន ហ្ស៊ី ប្រមាណ ១៥ពាន់លានដុល្លារ និងរកឃើញថា ឧក្រិដ្ឋជនរូបនេះបានប្រមូលលុយពីអំពើឧក្រិដ្ឋកម្មឆបោកតាមអនឡាញបានមួយថ្ងៃ ៣០លានដុល្លារ និងបានលួចលុយប្រជាជនអាមេរិកក្នុងមួយឆ្នាំក្នុងទំហំទឹកប្រាក់ ១០ពាន់លានដុល្លារ។
ក្រោយអាមេរិកមានចំណាត់ការបែបនេះ ប្រទេសជាច្រើនដូចជា ចងក្រភពអង់គ្លេស សិង្ហបុរី ថៃ និងហុងកុង ក៏ប្រកាសចាត់វិធានការស្រដៀងគ្នានេះដោយរឹបអូស ឬបង្កកទ្រព្យសម្បត្តិឧក្រិដ្ឋជន ចេន ហ្ស៊ី ក្នុងទំហំទឹកប្រាក់រាប់សិបពាន់លានដុល្លារ។
ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ សាទរចំណាត់ការចាប់ខ្លួនឧក្រិដ្ឋជន ចេន ហ្ស៊ី តែអ្នកស្រីថា វាក៏មិនមែនជាសញ្ញាក្នុងលុបបំបាត់ឧក្រិដ្ឋកម្មនៅកម្ពុជានោះឱ្យមានប្រសិទ្ធិនោះទេ។ អ្នកស្រីថា ការចាប់ខ្លួនឧក្រិដ្ឋជន ចេន ហ្ស៊ី រដ្ឋាភិបាលត្រកូល ហ៊ុន ក៏មិនអាចរួចផុតពីការទទួលខុសត្រូវចំពោះច្បាប់អន្តរជាតិបាននោះទេ ដោយអ្នកស្រីចោទថា កម្ពុជាខ្ទេចខ្ទាំគឺដោយសារតែរដ្ឋាភិបាលត្រកូល ហ៊ុន គឺជាអ្នកនៅពីក្រោយខ្នងនៃអំពើឧក្រិដ្ឋកម្ម។
អ្នកស្រី មូរ សុខហួរ៖ «ហ៊ុន សែន ត្រូវតែទទួលខុសត្រូវចំពោះមុខជាតិ។ គាត់បានអារសាច់របស់គាត់ គឺឱ្យ ចេន ហ្ស៊ី ទៅប្រទេសចិនហើយ។ ទីពីរគាត់ត្រូវអារសាច់មួយដុំធំទៀត ព្រោះការជួញដូរមនុស្ស គ្រឿងញៀន និងតំបន់ពិភពនៃអំពើឆបោកតាមអនឡាញ(Scam Online) នៅអត់ទាន់ចប់ទេ។ រូបភាពនៃប្រទេសកម្ពុជាយើង រលួយមែនទែន។ យើងចាប់ចោរហើយ អ្នកដែលសេពគប់នឹងចោរ ហើយឱ្យចោរធ្វើឱ្យរលួយប្រទេសកម្ពុជាត្រូវមានការទទួលខុសត្រូវ»។

ឧក្រិដ្ឋជន ចេន ហ្ស៊ី និងជាទីប្រឹក្សារបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ត្រូវបានដកសញ្ជាតិខ្មែរ មុនពេលអាជ្ញាធរកម្ពុជា និងចិនបើកប្រតិបត្តិការឃាត់ខ្លួននៅកម្ពុជា បញ្ជូនត្រឡប់ទៅចិន កាលពីថ្ងៃទី៦ ខែមករា ក្រោយមានការស៊ើបអង្កេតជាច្រើនខែ។ ក្រសួងមហាផ្ទៃប្រកាសថា ការចាប់បញ្ជូនឧក្រិដ្ឋជន ចេន ហ្ស៊ី និងបក្ខពួក ២នាក់ផ្សេងទៀត ឈ្មោះ ស៊ូ ជី លាង (Xu Ji Liang) និងឈ្មោះ សៅ ជី ហួយ (Shao Ji Hui) ទៅចិននេះធ្វើឡើងតាមសំណើ និងតាមកិច្ចប្រតិបត្តិការជាមួយអាជ្ញាធរចិន ដើម្បីប្រឆាំងនឹងអំពើឧក្រិដ្ឋកម្មឆ្លងដែន។
អ្នកស្រី មូរ សុខហួរ លើកឡើងថា រដ្ឋាភិបាលត្រកូល ហ៊ុន បានជ្រើសរើសយកប្រទេសចិន ដើម្បីសហការចាប់ឧក្រិដ្ឋជន ចេន ហ្ស៊ី និងផាត់ចោលកិច្ចសហប្រតិបត្តិការជាមួយអាមេរិក ដោយសារតែខ្លាចអាមេរិកមានវិធានការស៊ើបអង្កេតស៊ីជម្រៅ និងឃាត់ខ្លួនឧក្រិដ្ឋជនផ្សេងៗទៀតដែលកំពុងសំងំលាក់ខ្លួននៅកម្ពុជា។ អ្នកស្រីពន្យល់ថា នេះក៏ជាឱកាសរដ្ឋាភិបាលត្រកូល ហ៊ុន ការពារឧក្រិដ្ឋជន ចេន ហ្ស៊ី ពីយុត្តាធិការតុលាការអាមេរិក និងការចោទប្រកាន់ពាក់ព័ន្ធដោយតុលាការអាមេរិក។
អ្នកស្រី មូរ សុខហួរ៖ «ជននេះគឺជាឧក្រិដ្ឋជនកម្រិតខ្ពស់ណាស់ ប្រសិន[ចេន ហ្ស៊ី] ឡើងតុលាការចិន ហ៊ុន សែន អាចរួចខ្លួនព្រោះតុលាការចិនក៏គ្រប់គ្រងដោយរដ្ឋកុម្មុយនិស្ត អ៊ីចឹងគេអាចជាការដោះដូរ គេមិនប៉ះពាល់ដល់ ហ៊ុន សែន ទេនៅក្នុងតុលាការចិន។ ប៉ុន្តែបើទៅតុលាការអាមេរិក ឬចក្រភពអង់គ្លេស ឬប្រទេសផ្សេងទៀតអាចប៉ះពាល់ដល់លោក ហ៊ុន សែន»។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ ដើម្បីអត្ថាធិប្បាយជុំវិញរឿងបានបន្ថែមបានទេ នៅថ្ងៃទី៨ ខែមករា។

ឧក្រិដ្ឋជន ចេន ហ្ស៊ី ត្រូវបានគេដឹងថា គឺជាប្រភពលុយដ៏សំខាន់មួយជួយដល់គណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារហ៊ុន ដើម្បីពង្រឹងអំណាចតាមបែបផ្ដាច់ការ។ កាលពីអំឡុងជំងឺកូវីដ-១៩ ឧក្រិដ្ឋជន ចេន ហ្ស៊ី បានផ្ដល់ឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន ប្រមាណ ៣លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាលត្បាតនេះ។
អ្នកឃ្លាំមើលជឿជាក់ថា លុយដែលឧក្រិដ្ឋជន ចេន ហ្ស៊ី តែងផ្ដល់ឱ្យរដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន គឺជាលុយកខ្វក់ដែលបានមកពីអំពើឧក្រិដ្ឋកម្ម។ អ្នកឃ្លាំមើលយល់ថា ការអស់លក្ខណ៍របស់ឧក្រិដ្ឋជន ចេន ហ្ស៊ី ត្រូវបានចាប់ខ្លួនទៅចិននេះ រដ្ឋាភិបាលត្រកូល ហ៊ុន ធ្វើឡើងដោយសារតែរងសម្ពាធពីសហគមន៍អន្តរជាតិប៉ុណ្ណោះ ហើយឧក្រិដ្ឋជនជាច្រើនទៀតដែលកំពុងសំងំលាក់ខ្លួននៅកម្ពុជានៅតែត្រូវបានក្រុមគ្រួសារត្រកូល ហ៊ុន កាងការពារ ដើម្បីទទួលបានលុយពង្រឹងអំណាចដដែល៕









