អ្នកឃ្លាំមើល​ថា ជនរងគ្រោះ​ដោយ​ក្រុមហ៊ុន ព្រីនស៍ និង​ហួយវ័ន ផេ មិន​អាច​ទទួល​បាន​យុត្តិធម៌​ទេ បើ​មិន​តវ៉ា

0
103
ទីស្នាក់ការ​កណ្ដាល​ក្រុមហ៊ុន​ទូទាត់​សាច់ប្រាក់ «ហួយ​វ័ន ផេ​» នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះនរោត្ដម រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ​២០២៥។ TFA
ទីស្នាក់ការ​កណ្ដាល​ក្រុមហ៊ុន​ទូទាត់​សាច់ប្រាក់ «ហួយ​វ័ន ផេ​» នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះនរោត្ដម រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ​២០២៥។ TFA

អ្នក​តាមដាន​បញ្ហា​សង្គម​លើកឡើង​ថា ជនរងគ្រោះ​ដោយសារ​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Price Group) របស់​លោក ចេន ហ្ស៊ី (Chen Zhi) និង​ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់​លោក ហ៊ុន តូ នឹង​មិនអាច​ទទួល​បាន​ពន្លឺយុត្តិធម៌​ឡើយ​ប្រសិនបើ​ពួកគាត់​បន្ត​រក្សា​ភាព​ស្ងាត់ស្ងៀម។ អ្នកឃ្លាំមើល​ថា ជនរងគ្រោះ​រាប់រយ​នាក់​ដែល​នៅ​ស្ងៀម​មិន​ហ៊ាន​ប្រើ​សិទ្ធ​ទាមទារ​តវ៉ា និង​រង់ចាំ​តែ​ដំណោះស្រាយ​ពី​អាជ្ញាធរ​នោះ គឺ​នៅតែ​ក្លាយជា​ជនរងគ្រោះ​មិន​ខុសពី​អ្នក​ដែល​ចាញ់បោក​គម្រោង​ដី​ខ្យល់​របស់​ឧកញ៉ា​មួយចំនួន​នោះ​ឡើយ។

ការ​ដាក់​ពាក្យ​ប្ដឹង​របស់​ជនរងគ្រោះ​ដែល​ក្រុមហ៊ុន ហួយវ័ន ផេ និង​ព្រីនស៍​បង្កក​លុយ អាច​នឹង​ពិបាក​សង្ឃឹម​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌ និង​ជំរុញ​ឱ្យ​មាន​ការ​ចាប់ខ្លួន​មេខ្លោង​ធំៗ​នៃ​ក្រុមហ៊ុន​ទាំងនោះ ដោយសារតែ​លោក ចេន ហ្ស៊ី និង​លោក ហ៊ុន តូ គឺជា​ទីប្រឹក្សា និង​ជា​សាច់ញាតិ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន។ ទោះជា​យ៉ាងណា ក្រុម​មន្ត្រី​សិទ្ធិមនុស្ស និង​អ្នកឃ្លាំមើល​បាន​ជំរុញ​ឱ្យ​ជនរងគ្រោះ​ចេញមុខ​តវ៉ា និង​ស្វែងរក​កិច្ច​អន្តរាគមន៍​ដោយ​សន្តិវិធី ដើម្បី​ស្វែងរក​យុត្តិធម៌។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICAHDO) លោក អំ សំអាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​៨ ខែធ្នូ​ថា ជនរងគ្រោះ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន ហួយវ័ន ផេ បង្កក​លុយ​នោះ​ប្រសិនបើ​បន្ត​នៅ​ស្ងៀមស្ងាត់ និង​មិន​ហ៊ាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ដោយ​សន្តិវិធី​ណាមួយ ពួកគាត់​នឹង​មិនអាច​ទទួល​បាន​ពន្លឺ​យុត្តិធម៌​សម្រាប់​ខ្លួនឯង​ឡើយ។

លោក អំ សំអាត៖ «កន្លងមក​ក្រុមហ៊ុន​មួយចំនួន​ឆបោក​ប្រជាពលរដ្ឋ​ដូចជា​ក្រុមហ៊ុន ឡេង ចាន់ណា ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ជាដើម​ហ្នឹង នៅ​ពេល​ដែល​ប្រតិកម្ម​ពី​ជនរងគ្រោះ​ទៅ​ទើប​មាន​ការ​ដោះស្រាយ​យកចិត្តទុកដាក់ និង​មាន​វិធានការ​ពី​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​។ អ៊ីចឹង​នៅ​ពេល​ដែល​ជនរងគ្រោះ​មិនបាន​ផ្ដល់​ព័ត៌មាន និង​មិនបាន​តាំងខ្លួន​ជា​ជនរងគ្រោះ​ទេ ព័ត៌មាន​ហ្នឹង​អាច​នឹង​ស្ងាត់ស្ងៀម​ដោយ​មិន​បាន​ដឹង អ៊ីចឹង​បង្ក​ឱ្យ​ជនរងគ្រោះ​ផ្សេងទៀត​អាច​ធ្លាក់​ទៅជា​ជនរងគ្រោះ​ទៅលើ​ក្រុមហ៊ុន​ដដែលៗ​ហ្នឹង​ដូច​អ្នក​ត្រូវ​រងគ្រោះ​ពីមុន​អ៊ីចឹង​។ ពួកគាត់​គឺ​មិន​គួរ​នៅ​ស្ងៀម​ទេ គួរតែ​ផ្ដល់​ព័ត៌មាន និង​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​តាម​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល»។

ទាក់ទង​នឹង​រឿង​នេះ​ដែរ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា លើកឡើង​ថា តាម​អំណាចតុលាការ និង​ច្បាប់​កម្ពុជា​អាជ្ញាធរ​គឺ​មាន​តួនាទី​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ដែល​រងគ្រោះ​។ ទោះជា​យ៉ាងណា លោក​ថា ការ​ស្ងៀមស្ងាត់​របស់​ជន​រងគ្រោះ​អាច​ដោយសារតែ​ពួកគាត់​គ្មាន​សង្ឃឹមលើ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ប៉ុន្តែ​លោក​ក៏​នៅតែ​ជំរុញ​ឱ្យ​ជនរងគ្រោះ​ដាក់​ញត្តិ​ទៅកាន់​ក្រសួង​ពាក់ព័ន្ធ និង​ស្ថានទូត​នៃ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ឱ្យ​ជួយ​អន្តរាគមន៍។

លោក ស៊ឹង សែនករុណា៖ «ខ្ញុំ​នៅតែ​ទទូច​ប្រជាពលរដ្ឋ អ្នក​ដែល​រងគ្រោះ​ផល​ប៉ះពាល់​ពី​អំពើ​ទាំងអស់​ហ្នឹង​ត្រូវ​សិក្សា​ជាមួយ​អ្នកជំនាញ ក្នុង​នីតិវិធី​ផ្លូវច្បាប់ ឬ​អង្គការ​សង្គម​នានា ដើម្បី​ផ្ដល់​ជា​ប្រឹក្សា​យោបល់ និង​រក​ដំណោះស្រាយ​ជូន​ពួកគាត់​ទៅតាម​លទ្ធភាព​ធ្វើ​ទៅ​បាន។ ប៉ុន្តែ​បើ​អត់​មាន​ដំណោះស្រាយ​ណាមួយ​អត់​អាច​ទទួល​យក​បាន​គឺ​ពលរដ្ឋ​អាច​មាន​សិទ្ធិ​ក្នុង​ការ​ដាក់​ញតិ្ត​ទាមទារ​តវ៉ា​បាតុកម្ម​ទៅតាម​ស្ថាប័ន​ដែល​មាន​អំណាច ដែល​មាន​ឥទ្ធិពល​រក​ដំណោះស្រាយ​ឱ្យ​ខ្លួន​ហ្នឹងឯង ជាពិសេស​អ្នក​ដែល​មាន​ឥទ្ធិពល​លើ​ជន​ដែល​បោកប្រាស់​ហ្នឹង​។ អ៊ីចឹង​ត្រូវធ្វើ​ការ​ដាក់​ញត្តិ ធ្វើការ​ទាមទារ​តវ៉ា​ដោយ​សន្តិវិធី​ណាមួយ ដើម្បី​ជំរុញ​អ្នកមាន​ឥទ្ធិពល​មានអំណាច​ហ្នឹង​ប្រើ​វិធានការ​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់»។

ចំណែក អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ យល់​ថា ជនរងគ្រោះ​ដែល​ហ៊ាន​ដាក់​ពាក្យ​ប្ដឹងតវ៉ា​តាមរយៈ​អ៊ីមែល (Email) ទៅកាន់​ស្ថានទូត​អាមេរិក និង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ធំ​គឺជា​សំឡេង​ដ៏​សំខាន់ ដើម្បី​ទប់ស្កាត់​ប្រតិបត្តិការ​ក្រុមហ៊ុន​ព្រីនស៍ និង​ហួយវ័ន ផេ បន្ត​ប្រតិបត្តិការ​អំពើ​ឧក្រិដ្ឋកម្ម​នៅ​កម្ពុជា។ លោក​យល់​ថា រដ្ឋាភិបាល​ត្រកូល ហ៊ុន នឹង​មិនអាច​ព្រងើយកន្តើយ​មិន​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​នៅ​កម្ពុជា​បាន​ឡើយ​នៅ​ពេល​ដែល​អន្តរជាតិ​បន្ត​ដាក់ទណ្ឌកម្ម​កាន់តែ​ច្រើន​លើ​មនុស្ស​ជំនិត​របស់​ខ្លួន។

លោក គឹម សុខ៖ «បច្ចុប្បន្ន​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ឬ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ហ្នឹង​ត្រឹម​តែ​មាន​ឥទ្ធិពល​ទេ ប៉ុន្តែ​ទៅ​ថ្ងៃ​អនាគត​ពួក​ហ្នឹង​គឺជា​អ្នក​ដឹក​កម្ពុជា​តែម្ដង ហើយ​រដ្ឋាភិបាល​បច្ចុប្បន្ន​ប្រសិនបើ​នៅតែ​បន្ត​ក្រុម​គ្រួសារ ហ៊ុន ហ្នឹង​គ្រាន់​ចាំតែ​ធ្វើតាម​ពួក​បណ្ដាញ​ឧក្រិដ្ឋជន​អន្តរជាតិ​តែប៉ុណ្ណោះ»។

មក​ដល់​ពេលនេះ អតិថិជន​ក្រុមហ៊ុន ហួយវ័ន​ផេ និង​ធនាគារ ព្រីនស៍​គ្រុប នៅតែ​ប្រឈម​នឹង​បញ្ហា​ដក​លុយ​ចេញ​ពី​គណនី​មិនបាន ក្រោយ​សហគមន៍​អន្តរជាតិ​ជាពិសេស​អាមេរិក (US) និង​សម្ពន្ធមិត្ត បាន​ដាក់ ទណ្ឌកម្ម​បង្កក​លុយរាប់​ពាន់​លាន​ដុល្លារ​លើ​ក្រុមហ៊ុន​ទាំងនោះ​ដោយសារតែ​រក​ឃើញ​ពី​ការ​ធ្វើ​ជំនួញ​ឧក្រិដ្ឋកម្ម​លាងលុយកខ្វក់ និង​ឆបោក​តាម​អនឡាញ​លក្ខណៈ​អន្តរជាតិ​។ លើស​ពី​នេះ​អតិថិជន​ខ្លះទៀត​របស់​ធនាគារ​ព្រីនស៍​ក៏​រង​ការ​គំរាមកំហែង​បង្ខំ​ឱ្យ​លក់​ទ្រព្យសម្បត្តិ ដើម្បី​សង​ធនាគារ​ដែរ។

ទោះជា​យ៉ាងណា ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​០៥ ខែធ្នូ បាន​ចេញ​សេចក្ដីជូនដំណឹង​ដោយ​ស្នើ​ដល់​ម្ចាស់​បំណុល និង​បុគ្គល​ដែល​ពាក់ព័ន្ធ​ទាំងអស់​មិនទាន់​ទទួល​បាន​ការ​ទូទាត់​ប្រាក់​ពី​ក្រុមហ៊ុន ហួយ​វ័ន ផេ យក​ភស្តុតាង ឬ​ឯកសារ​ពាក់ព័ន្ធ​នានា​ទៅ​ធនាគារជាតិ​ចាប់ពី​ថ្ងៃទី៨ រហូតដល់​ថ្ងៃទី​១៩ ខែ​ធ្នូ។

អ្នកឃ្លាំមើល​លើក​ឡើង​ថា ទោះបីជា​ជនរងគ្រោះ​នៃ​ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ និង​ក្រុមហ៊ុន​ព្រីនស៍​គ្រុប​របស់​លោក ចេន ហ្ស៊ី អាច​នឹង​ពិបាក​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌​ក៏ដោយ ពួកគាត់​ថា ជនរងគ្រោះ​ទាំងអស់​គួរ​ប្រើ​សិទ្ធិ​ស្របច្បាប់​របស់​ខ្លួន ដើម្បី​តវ៉ា​ឱ្យ​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទទួលខុសត្រូវ និង​ចេញមុខ​ដោះស្រាយ​។ លើស​ពី​នេះ ជនរងគ្រោះ​ក៏​អាច​ប្រមូល​ផ្តុំគ្នា​តវ៉ា និង​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​អាមេរិក និង​ប្រទេស​ប្រជាធិបតេយ្យ រួម​ទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​អន្តរាគមន៍។

អ្នកឃ្លាំមើល​យល់​ថា ប្រសិន​ជនរងគ្រោះ​នៃ​ក្រុមហ៊ុន ហួយវ័ន ផេ និង​ព្រីនស៍ មិន​ហ៊ាន​ធ្វើ​សកម្មភាព​អ្វី​សោះ​ក្នុង​ការ​ទាមទារ​យុត្តិធម៌​សម្រាប់​ខ្លួនឯង ពួកគាត់​អាច​នឹង​បន្ត​រងគ្រោះ​ក្នុង​រយៈពេល​យូរអង្វែង និង​ថែម​ទាំង​បើកឱកាស​ឱ្យ​ក្រុមហ៊ុន​កាន់តែ​ពង្រីក​បណ្ដាញ​ឧក្រិដ្ឋកម្ម​អំពើ​លាងលុយកខ្វក់ និង​ឆបោក​តាម​អនឡាញ​កាន់តែ​ធំ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​រងគ្រោះ​កាន់តែ​ច្រើន​បន្ថែម​ទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ