«រដ្ឋាភិបាល​ត្រូវ​ចាត់ការ​ឱ្យ​បាន​ម៉ឺងម៉ាត់ លើ​បញ្ហា​អសន្តិសុខ​សង្គម​ដែល​បង្កឡើង ដោយ​ក្រុម​ឧក្រិដ្ឋជន​ឆបោក»

0
204
kdl
(ពីឆ្វេងទី២) លោក ចេន ហ្ស៊ី (Chen Zhi) ប្រធានក្រុមហ៊ុន​ ព្រីន គ្រុប (Prince Group) និង​លោក ហ៊ុន សែន ប្រធានព្រឹទ្ទសភា និងជនជាតិចិនផ្សេងទៀត។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ចាត់​វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ពាក់ព័ន្ធ​បញ្ហា​អសន្តិសុខ​សង្គម ដែល​បង្កឡើង​ដោយ​ក្រុម​ឧក្រិដ្ឋជន ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា អាជ្ញាធរ​មិនដែល​ធ្វេសប្រហែស​ឡើយ ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋជន​ឆបោក​អនឡាញ។

អ្នកឃ្លាំមើល​លើកឡើង​ថា ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​អំពើ​ជួញ​មនុស្ស​នៅតែ​ជា​បញ្ហា​ចោទ​ដ៏​ក្ដៅ​គគុក ដែល​សារព័ត៌មាន​អន្តរជាតិ និង បណ្ដា​ប្រទេស​មួយ​ចំនួន បាន​រក​ឃើញ​ថា កម្ពុជា ជា​ឋានសួគ៌ របស់​ក្រុម​ឧក្រិដ្ឋជន ហើយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ខ្លះ ជា​អ្នកទទួល​ផលប្រយោជន៍ និង​ចាំ​ការពារ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ។

អ្នកច្បាប់ និង​អ្នកវិភាគ​ឯករាជ្យ លោក វ៉ន់ ចាន់ឡូត ប្រាប់​ទូរទស្សន៍ អាស៊ីសេរី​នៅ​ថ្ងៃទី​២៤ វិច្ឆិកា​ថា បញ្ហា​ដែល​ធ្វើ​ឱ្យ​កម្ពុជា ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋជន​ឆបោក​អន​ឡាញ និង​ការ​ជួញដូរ​មនុស្ស នេះ គឺ​ព្រោះតែ​រដ្ឋាភិបាល​កម្ពុជា​បាន​ផាត់​ចោល​នូវ​ប្រព័ន្ធ​ប្រជាធិបតេយ្យ តាម​កម្ទេច​សំឡេង​បក្ស​ប្រឆាំង និង​កាត់ផ្ដាច់​ទំនាក់ទំនង ល្អ​ជាមួយ​បណ្ដា​ប្រទេស​លោក​សេរី ទើប​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច និង​គ្មាន​ថវិកា សម្រាប់​អភិវឌ្ឍន៍​ជាតិ ឱ្យ​បាន​ត្រឹមត្រូវ។

លោក​បន្ត​ថា ករណី​នេះ​ហើយ ដែល​កម្ពុជា ទៅ​សហការ​ជាមួយ​ក្រុម​ឧក្រិដ្ឋជន ទើប​ធ្វើ​ឱ្យ​កម្ពុជា ធ្លាក់​ក្នុង​ប្រព័ន្ធ​ដឹកនាំ​ស្មុគស្មាញ និង ពោរពេញ​ដោយ អំពើពុករលួយ​។ លោក​បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​ត្រូវ​គោរព​សិទ្ធិមនុស្ស និង​លុបបំបាត់​ទម្លាប់ ឯង​ជួយ​អញ អញ​ជួយ​ឯង។

លោក វ៉ន់ ចាន់ឡូត៖ «សហគមន៍​អន្តរជាតិ​កំពុង​សម្លឹង​មក​មើល​កម្ពុជា​ក្នុង​ក្រសែភ្នែក​ដែល មេដឹកនាំ​កម្ពុជា មិន​មាន​សុឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​បោសសម្អាត​ឧក្រិដ្ឋជន និង​រៀបចំ​រដ្ឋាភិបាល ឱ្យ​ទៅ​ជា​រដ្ឋាភិបាល​សុចរិត​ទេ​នោះ អាច​នឹង​រង​ទណ្ឌកម្ម និង​ការ​ដំឡើង​ឋានៈ​កម្ពុជា ជា​ប្រទេស​នៃ​ក្រុម​ឧក្រិដ្ឋជន» ។

ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋាភិបាល គឺ​ទូរទស្សន៍ BTV បាន​បង្ហោះ​ឃ្លិប​វីដេអូ​មួយ នៅ​ថ្ងៃទី​២២ ខែ​វិច្ឆិកា ដោយ​បង្ហាញ​ពី​សកម្មភាព​ក្រុម​ឧក្រិដ្ឋជន​ចំនួន ៨​នាក់ បាន​ក្លែងបន្លំ ពាក់​ឯកសណ្ឋាន កម្លាំង​កងរាជអាវុធហត្ថ ធ្វើ​សកម្មភាព ជិះឡាន​ដេញ​ស្ទាក់​ចាប់ខ្លួន​ជនបរទេស នៅ​វេលា​ម៉ោង ៣​ទៀប​ភ្លឺ នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ ដើម្បី​ជំរិត​ទារប្រាក់ បាន​រាប់​ម៉ឺន​ដុល្លារ។ ក្រោយ​ហេតុការណ៍​នេះ គេ​ឃើញ​កងកម្លាំង​ប្រដាប់អាវុធ បាន​តាម​ចាប់​ជនល្មើស​ទាំង​នោះ​មក​ផ្ដន្ទាទោស​ភ្លាមៗ។

ទោះជា​បែបនេះ​ក្ដី អ្នកឃ្លាំមើល​លើកឡើង​ថា ការ​បង្ហោះ​ឃ្លិប​វីដេអូ ដោយ​ប្រព័ន្ធ​ឃោសនា របស់​រដ្ឋាភិបាល​កម្ពុជា​នេះ គឺ​គ្រាន់តែ​ចង់​បង្ហាញ​ដល់​សាធារណជន និង​អន្តរជាតិ​ថា អាជ្ញាធរ​កម្ពុជា កំពុងតែ​ប្រឹងប្រែង​ទប់ស្កាត់​ក្រុម​ឧក្រិដ្ឋជន​ឆបោក​អនឡាញ ប៉ុន្តែ នេះ​គ្រាន់​ជា​របៀប​លាក់បាំង ឧក្រិដ្ឋជន​ធំៗ ផ្សេងទៀត ដែល​កំពុងតែ​សម្ងំ​ប្រព្រឹត្ត​បទល្មើស​ជាច្រើន ហើយ​មិន​ត្រូវ​បាន អាជ្ញាធរ​ចាប់ខ្លួន មក​ផ្ដន្ទាទោស​នោះ​ឡើយ។

កាលពី​ថ្ងៃទី​២១​វិច្ឆិកា សារព័ត៌មាន​សិង្ហបុរី CNA បាន​ចុះផ្សាយ ដោយ​ស្រង់​សម្ដី​អ្នកជំនាញ និង​របាយការណ៍​អន្តរជាតិ ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​នៅ​កម្ពុជា ដោយ​ពួកគេ អះអាង​ថា ការ​បង្ក្រាប​បទល្មើស​ឆបោក​អនឡាញ ចុងក្រោយ នៅ​កម្ពុជា គ្រាន់តែ​ជា​ឆាកល្ខោន​បំភាន់ ភ្នែក​អន្តរជាតិ ព្រោះ​ការ​បង្ក្រាប​នោះ គឺ​ចាប់​បានតែ ឧក្រិដ្ឋជន​តូចតាច​។ បន្ថែម​ពី​នោះ អ្នកជំនាញ​ថា កម្ពុជា គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​បង្ក្រាប ឧក្រិដ្ឋកម្ម ឆបោក​អនឡាញ​នោះ​ទេ ព្រោះថា បទល្មើស​តាម​ប្រព័ន្ធ​អនឡាញ​នេះ បាន​ចិញ្ចឹម​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​រង្វង់​ទឹកប្រាក់ ចន្លោះ​ពី ១២​ទៅ ១៩​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធិ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​ថា បញ្ហា​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ គឺជា​បញ្ហា​សកល មិនមែន​មានតែ​កម្ពុជា​ទេ។ លោក​បន្ត​ថា រដ្ឋាភិបាល​មិនដែល​ធ្វេសប្រហែស​ម្ដងណា​ឡើយ ក្នុង​ការ​ទប់ស្កាត់ និង បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ។

លោក ជា ធីរិទ្ធិ៖ «សម្រាប់​ប្រទេស​កម្ពុជា គឺ​រដ្ឋាភិបាល​បាន និង​កំពុង​យកចិត្តទុកដាក់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម អនឡាញ​នេះ​ខ្លាំង​ណាស់​។ ដោយ​ហោចទៅ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អនឡាញ​នេះ មាន​នាយករដ្ឋមន្ត្រី​ដឹកនាំ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ដោយ​ផ្ទាល់​តែម្ដង។ ដូច្នេះ កម្ពុជា​មិន​បាន​ធ្វេសប្រហែស ក្នុង​រឿង​ប្រយុទ្ធ​ប្រឆាំង​នឹង​អនឡាញ​ទេ យើង​ទទួល​ស្គាល់​ថា វា​មាននៅ​ក្នុង​ប្រទេស​កម្ពុជា»។

ចំណែក អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន លោក ប៉ោ មករា លើកឡើង​ថា ឫសគល់​ធំ​ដែល​ធ្វើ​ឱ្យ​ពួក​ឧក្រិដ្ឋជន ងាយស្រួល​ក្នុង​ការ​ប្រព្រឹត្តិ​ល្មើស​នៅ​កម្ពុជា គឺ​បញ្ហា​អំពើពុករលួយ និង​ការអនុវត្ត​ច្បាប់​​របស់​អាជ្ញាធរ​កម្ពុជា ពុំ​បាន​ត្រឹមត្រូវ​។ លោក​បន្ត​ថា នៅពេល​រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព បាន​ធ្វើ​ឱ្យ​កម្ពុជា បន្ត​មាន​កេរ្តិ៍ឈ្មោះ​មិនល្អ​ម្ដង​ហើយ​ម្ដងទៀត​នៅ​លើ​ឆាក់​អន្តរជាតិ ខណៈ​ដែល​អ្នកវិនិយោគទុន​ល្អ ជាច្រើន មិន​ហ៊ាន​មក​រក​ស៊ី​នៅ​កម្ពុជា​នោះ​ទេ។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល ត្រូវ​មាន​ឆន្ទៈ និង​ចាត់វិធានការ​ឱ្យ ម៉ឺងម៉ាត់ ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋជន​ទាំងនេះ។

លោក ប៉ោ មករា៖ «បញ្ហា​ពីរ​ដែល​អាច​ដោះស្រាយ​បាន ទី​១ លុបបំបាត់​អំពើពុករលួយ ទី​២ ការ​ពង្រឹង​ការអនុវត្ត​ច្បាប់​។ ជាពិសេស​នីតិរដ្ឋ សំខាន់​ណាស់ ក្នុង​ការ​ចម្រាញ់​យក​ជនបរទេស ឬក៏​វិនិយោគទុន​បរទេស​មួយចំនួន​ល្អៗ មក​ចូល​កម្ពុជា​។ អ៊ីចឹង បើកាលណា ប្រព័ន្ធ​ច្បាប់​នឹង​ខ្សោយ វា​ធ្វើ​ឱ្យ ពួក​ជន​ឧកាស​និយម​នឹង​ចូល​មក​កម្ពុជា តាម​សេរី តាមចិត្ត ហើយ​បាន​ធ្វើ​ឱ្យ អ្នក​រកស៊ី​ល្អៗ​មាន​ការ​ខ្លាចរអា លើ​បញ្ហា​ហ្នឹង»។

បន្ថែម​ពី​នោះ អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក របស់​លោក​នៅ​ថ្ងៃទី​២២ ខែ វិច្ឆិកា​ថា បញ្ហា​ស្នូល​នៃ​ការ​បរាជ័យ​ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​នេះ គឺ​ភាព​ស្អុយរលួយ​នៃ រចនាសម្ព័ន្ធ​រដ្ឋបាល និង​កង្វះ​នីតិរដ្ឋ ។ លោក​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា ពិតជា​ចង់​កម្ទេច​អាជីវកម្ម​ឆបោក​មែន​នោះ រដ្ឋាភិបាល​ត្រូវ​ហ៊ាន អារ​សាច់​ស្អុយ និង​ចាត់ការ​មន្ត្រី​រដ្ឋាភិបាល និង​ឥស្សរជន​ជាន់ខ្ពស់​របស់​គណបក្ស​កាន់អំណាច ដែល​ពាក់ព័ន្ធ ដោយ​ត្រង់ និង​ដោយ​ប្រយោល​ជាមួយ​ឧស្សាហកម្ម​ឆបោក។

បន្ថែម​ពី​នោះ លោក​ថា កង្វះ​អភិបាលកិច្ច​ល្អ និង អវត្តមាន​ស្ថាប័ន​ឯករាជ្យ ទើប​ធ្វើ​ឲ្យ​មន្ត្រី​ជំនាញ​មិនអាច​ស៊ើបអង្កេត ចោទប្រកាន់ និង​ត្រួតពិនិត្យ អ្នក​ដែល​មាន​អំណាច​បាន​។ ដូច្នេះ លោក​ថា ដើម្បី​ដោះស្រាយ ករណី​នេះ ឱ្យ​មាន​ប្រសិទ្ធភាព លុះត្រាតែ​ពង្រឹង​ប្រព័ន្ធ​នីតិរដ្ឋ មាន​ស្ថាប័ន​ឯករាជ្យ មាន​គណនេយ្យភាព និង​តម្លាភាព ទើប​យុទ្ធនាការ​បង្ក្រាប ឫ​កម្ទេច​ឧក្រិដ្ឋកម្ម​អនឡាញ អាជីវកម្ម​កខ្វក់ និង​ពោរពេញ​ដោយ​អំពើពុករលួយ​នេះ ទទួល​បាន​ជោគជ័យ។

ពាក់ព័ន្ធ​ករណីនេះ​ដែរ អ្នកស៊ើប​អង្កេត​អន្តរជាតិ រកឃើញ​ថា មេ​ឃ្លោង​នៃ​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​នេះ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ជនជាតិ​ចិន ដែល​មាន​សញ្ជាតិ​ខ្មែរ គឺ​លោក ចេន ហ្ស៊ី ហើយ​លោក​មាន​តួនាទី​ជាទី​ប្រឹក្សា របស់​ប្រធាន​ព្រឹទ្ធសភា គឺ​លោក ហ៊ុន សែន។ ចាប់ពី​ដើមខែ​តុលា លោក ចេន ហ្ស៊ី ត្រូវ​បាន​បណ្ដា​ប្រទេស​ខ្លះ ដូចជា សិង្ហបុរី ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក បាន​បង្ក​លុយ​រាប់​លាន​ដុល្លារ ព្រោះ​ជាប់​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​អនឡាញ។ ក្នុង​នោះ សហរដ្ឋអាមេរិក​បាន​រឹបអូស​ទឹកប្រាក់ ចំនួន ១៥​ពាន់​លាន​ដុល្លារ ពី​លោក ចេន ហ្ស៊ី៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ