

អ្នកឃ្លាំមើលរិះគន់ថា ចំណងការទូតរបស់រដ្ឋាភិបាលត្រកូល ហ៊ុន ដែលប្រកាសគាំទ្រគោលនយោបាយចិនតែមួយ គឺមានគោលបំណងផ្ដល់ទំនុកចិត្តឱ្យចិនជាថ្នូរទទួលបានជំនួយ និងកម្ចី និងការគាំទ្រផ្នែកនយោបាយ ដើម្បីពង្រឹងអំណាចរបស់ខ្លួន ប៉ុន្តែកម្ពុជាបានខាតបង់យ៉ាងធំធេង ជាពិសេសបាត់បង់ឱកាសវិនិយោគដោយផ្ទាល់ពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់តៃវ៉ាន់ (Taiwan)។ ការរិះគន់ថា បន្ទាប់ពីកម្ពុជាប្រកាសជាថ្មីទៀតគាំទ្រដោយឥតងាករេចំពោះគោលនយោបាយចិនតែមួយ និងចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ចិនមិនអាចកាត់ផ្ដាច់បាន។
អ្នកតាមដានបញ្ហានយោបាយយល់ថា ការលម្អៀងផ្នែកនយោបាយការទូតទៅរកប្រទេសចិនតែម្ខាង មិនត្រឹមតែបង្កហានិភ័យដល់ឯករាជ្យផ្នែកនយោបាយប៉ុណ្ណោះទេថែមទាំងធ្វើឱ្យកម្ពុជាងាយធ្លាក់ចូលក្នុងអន្ទាក់ភូមិសាស្ត្រនយោបាយ និងពិបាកដកខ្លួនចេញពីឥទ្ធិពលចិនកាន់តែខ្លាំង។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន និងជាអ្នកសិក្សាសង្គម និងនយោបាយ លោក ប៉ោ មករា ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២ ខែមករា ថា ការប្រកាសគាំទ្រគោលនយោបាយចិនតែមួយ គឺរដ្ឋាភិបាលកម្ពុជាចង់ចាប់យកមហាអំណាចចិន ដើម្បីទទួលបានប្រយោជន៍ផ្នែកនយោបាយការទូត និងសេដ្ឋកិច្ច។ លោកបន្តថា ទោះបីជាកម្ពុជារឹតចំណងទំនាក់ទំនងជាមួយចិនកាន់តែជិតស្និទ្ធក៏ដោយ ផលចំណេញដែលកម្ពុជាទទួលបាននៅមានកម្រិតនៅឡើយ។ ជាក់ស្តែង លោកលើកឡើងថា ក្នុងសង្គ្រាមវាយប្រហារឈ្លានពានរបស់ថៃមកលើកម្ពុជាប្រទេសចិនមិនបានចេញមុខគាំទ្រកម្ពុជាឱ្យបានពេញលេញ ឬក៏ថ្កោលទោសអំពើឃោរឃៅរបស់យោធាថៃប្រព្រឹត្តមកលើពលរដ្ឋកម្ពុជានោះទេ។
លោក ប៉ោ មករា បន្តថា កម្ពុជាក៏នឹងបាត់បង់ឱកាសក្នុងការពង្រីកសេដ្ឋកិច្ច និងវិនិយោគដោយផ្ទាល់ជាមួយក្រុមហ៊ុនធំៗដែលមានសក្ដានុពលពីតៃវ៉ាន់ នៅពេលដែលកម្ពុជាបន្តប្រកាសគាំទ្រគោលនយោបាយចិនតែមួយជាដដែលៗដូចសព្វថ្ងៃនេះ។
ប្រតិកម្មរបស់អ្នកឃ្លាំមើលបែបនេះកើតឡើងបន្ទាប់ពីក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ចេញសេចក្ដីថ្លែងការណ៍ដោយបញ្ជាក់ជំហរជាថ្មីថា កម្ពុជាប្រកាន់ជំហរពេញទំហឹងគាំទ្រនយោបាយចិនតែមួយ និងទទួលស្គាល់រដ្ឋាភិបាលចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល។ ក្រៅពីនេះ កម្ពុជាបានចាត់ទុកតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន និងចាត់ទុកបញ្ហាតៃវ៉ាន់ គឺជា កិច្ចការផ្ទៃក្នុងរបស់ចិន។
ការប្រកាសជំហររបស់កម្ពុជាគឺស្របពេលរដ្ឋាភិបាលជប៉ុនដែលជាសម្ពន្ធមិត្តអាមេរិក និងប្រទេសចិន កំពុងកើនឡើងកម្ដៅផ្នែកនយោបាយការទូត និងក្រោយពីកងទ័ពរំដោះប្រជាជនចិនបានធ្វើសមយុទ្ធក្បែរតំបន់កោះតៃវ៉ាន់កាលពីពេលថ្មីៗនេះ។
ទាក់ទងនឹងរឿងនេះដែរ អ្នកសិក្សាការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី យល់ថា ក្នុងបរិបថនេះកម្ពុជាគួររក្សាភាពស្ងប់ស្ងាត់ និងពង្រឹងកិច្ចសហប្រតិបត្តិការចម្រុះភាគីជាមួយបណ្ដាប្រទេសផ្សេងៗ ដើម្បីដោះស្រាយបញ្ហាតានតឹងនៅតាមព្រំដែនរវាងកម្ពុជា និងថៃ។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក នង សាកល ដើម្បីសាកសួរបន្ថែមជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២ ខែមករា។
ទោះជាយ៉ាងណា អ្នកតាមដាននយោបាយជំរុញឱ្យរដ្ឋាភិបាលកម្ពុជាចេះបត់បែនក្នុងការបង្កើតយុទ្ធសាស្ត្រលើទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការចម្រុះភាគី ដោយពង្រីកទំនាក់ទំនងជាមួយសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងតៃវ៉ាន់ ដើម្បីរក្សាតុល្យភាព និងកាត់បន្ថយហានិភ័យសេដ្ឋកិច្ចជាតិ នៅក្នុងស្ថានភាពដែលកម្ពុជាពឹងផ្អែកខ្លាំងលើប្រភពវិនិយោគ និងសេដ្ឋកិច្ចពីចិនតែមួយ៕









