ជនពិការ​ម្នាក់​ត្រូវ​បាន​ចាប់​ឃុំខ្លួន ក្រោយ​បង្ហោះ​សារ​រិះគន់​មេដឹកនាំ​អំពី​បញ្ហា​ព្រំដែន

0
39
ពលរដ្ឋ​ពិការ​ជើង លោក ហុក រ៉េន អ្នករត់កង់បីនៅរាជធានីភ្នំពេញ ​ពេលទៅគោរពវិញ្ជាណក្ខន្ធប្រធានសហជីពសេរីកម្មករ លោក ជា វិជ្ជា ពេលកន្លងទៅ។ រូប៖ លីកាដូ
ពលរដ្ឋ​ពិការ​ជើង លោក ហុក រ៉េន អ្នករត់កង់បីនៅរាជធានីភ្នំពេញ ​ពេលទៅគោរពវិញ្ជាណក្ខន្ធប្រធានសហជីពសេរីកម្មករ លោក ជា វិជ្ជា ពេលកន្លងទៅ។ រូប៖ លីកាដូ

សង្គម​ស៊ីវិល និង​សាធារណជន រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត រឿង​បន្ត​ចាប់ខ្លួន​ពលរដ្ឋ ដែល​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ទៅ​ដាក់​ពន្ធនាគារ។ ក្នុង​ខែ​មករា​នេះ អាជ្ញាធរ​បាន​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង និង​ពលរដ្ឋ កើន​ដល់​ចំនួន ៤​នាក់​ហើយ ពាក់ព័ន្ធ​នឹង​ការរិះគន់​បញ្ហា​ព្រំដែន បន្ទាប់ពី​សមត្ថកិច្ច ទើប​ចាប់​ជនពិការ​ម្នាក់ទៀត គឺ​លោក ហ៊ុក រ៉េន។

ក្នុង​ខែ​មករា​នេះ ពលរដ្ឋ​ពិការ​ជើង លោក ហុក រ៉េន ត្រូវ​បាន​សមត្ថកិច្ច​ក្រោម​ការដឹកនាំ​របស់​គ្រួសារ​ត្រកូល​ហ៊ុន ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការសម្ដែង​មតិ​របស់​លោក លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​រិះគន់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ជុំវិញ​ចំណាត់ការ ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​។ លោក ហ៊ុក រ៉េន ដែល​រស់នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ខណៈ​លោក​កំពុង​បើកបរ​កង់បី ឬ​តុកតុក នៅ​ភ្នំពេញ ប៉ុន្តែ អាជ្ញាធរ​បាន​បញ្ជូន​លោក ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ។

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២២ ខែ​មករា​ថា លោក ហុក រ៉េន ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ «​ញុះញង់​បង្ក​ឱ្យ​មាន​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម​» និង បទ​«​ធ្វើ​ឱ្យ​ខូច​ទឹកចិត្ត​កងទ័ព​» តាម​មាត្រា ៤៩៤ ៤៩៥ និង​មាត្រា ៤៧២ នៃ​ក្រមព្រហ្មទណ្ឌ ។ លោក ហុក រ៉េន ដែល​ជា​ជនពិការ និង​មាន​ជំងឺ​ប្រចាំកាយ ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច ចាប់​ដាក់​ពន្ធនាគារ ១៨​ខែ​ម្ដង​រួចហើយ កាលពី​ខែ​កក្កដា ឆ្នាំ​២០២៣ ដល់​ខែ​មករា ឆ្នាំ​២០២៥ ដោយ​តុលាការ​ចោទប្រកាន់​លោក​ពី​បទ «​ញុះញង់​បង្ក​ឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ទាក់ទង​នឹង​ការ​បញ្ចេញ​មតិ​រិះគន់​ថ្នាក់ដឹកនាំ​នៅ​អំឡុង​ពេល​បោះឆ្នោត​ថ្នាក់​ជាតិ ឆ្នាំ​២០២៣។

អង្គការ​លីកាដូ​រាយការណ៍​បន្ថែម​ថា លោក ហុក រ៉េន ក៏​ត្រូវ​បាន​ចោទប្រកាន់ ពី​បទ «​ការ​មិន​រាងចាល​ក្នុង​បទមជ្ឈិម​» បន្ទាប់ពី​ការ​ផ្ដន្ទាទោស​បទមជ្ឈិម តាម​មាត្រា ៨៨ ដែល​ការ​ចោទ​ប្រកាន់​នេះ នាំ​ឱ្យ​លោក​នឹង​ត្រូវ​ជាប់​ទោស​ពន្ធនាគារ ទ្វេដង ប្រសិនបើ​ត្រូវ​បាន​ផ្ដន្ទាទោស។

ប្រពន្ធ​របស់​លោក ហុក រ៉េន គឺ​លោកស្រី កែវ សំអាន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៣ ខែ​មករា​ថា ការ​ចាប់ខ្លួន​ប្ដី​លោកស្រី​នេះ ជា​រឿង​អយុត្តិធម៌ ចំពោះ​ពលរដ្ឋ​ដែល​ឈឺឆ្អាល​នឹង​បញ្ហា​សង្គមជាតិ ដូច​ប្ដី​របស់​អ្នកស្រី។ លោកស្រី លើក​ឡើង​ថា ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន អ្នក​ដែល​ហ៊ាន​និយាយ​ការពិត ត្រូវ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ។

លោកស្រី កែវ សំអាន បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល​ថា ប្ដី​របស់​លោកស្រី​ពិការ​ជើង​ផង មាន​ជំងឺ​លើសឈាម​ផង មាន​បញ្ហា​សុខភាព​ប្រចាំ​កាយ​ច្រើន​មុខ​ផង ហើយ​ត្រូវ​លេបថ្នាំ​សរសៃប្រសាទ​រាល់​ថ្ងៃ បន្ទាប់ពី​វះកាត់​សាច់​ដុះ​ក្នុង​ខួរ​ក្បាល នៅ​តែ​អាជ្ញាធរ​មិន​លើកលែង​។ លោកស្រី​អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដោះលែង​ប្ដី​លោកស្រី ឲ្យ​មាន​សេរីភាព​វិញ។

លោកស្រី កែវ សំអាន៖ «សុំ​ឲ្យ​គាត់​ [​លោក ហ៊ុន ម៉ាណែត] ជួយ​ដោះលែង​មក​វិញ។ មានតែ​ប៉ុណ្ណឹង​។ សារ​មុន​ខ្ញុំ​ឡាយ​សុំទោស​តើ ប៉ុន​គ្មាន​ទេ គេ​មិន​លើកលែង​ឲ្យ​ដែរ ទាល់តែ​ដល់​ខែ​ដល់​ឆ្នាំ ទើប​គេ​ដោះលែង​មកវិញ។ សុំ​ឲ្យ​គាត់​ត្រឡប់មកវិញ​អ៊ីចឹង ព្រោះ​ក្នុង​ក្រុម​គ្រួសារ​បាត់​គាត់​ទៅ​ពិបាក​ណាស់ គ្រប់​ទាំងអស់ គាត់​ពិការ​ហើយ គាត់​ឈឺ ថ្នាំ​អីហ្នឹង ដែល​មិន​ស្រួល​ភ្លេច​លេប​ហើយ ខ្ញុំ​សុទ្ធតែ​ដាស់តឿន ថា ឯង​ភ្លេច​លេបថ្នាំ​ហើយ​។ អូ​!​មែន​អញ​ភ្លេច តែ​ភ្លេច​លេប​ញ័រ​ដៃ​ញ័រ​ជើង មាត់​វៀច​មួយ​ចំហៀង ហើយ​ជើង​គាត់​ញាក់​ឡើង​រង្គើ​គ្រែ​អស់ហើយ​។ អា​ជើង​កាត់​ហ្នឹង ញ័រ​ឡើង​ច្របាច់​ទាំងយប់​អ៊ីចឹង​ទៅ»។

អ្នកលេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន បាន​សម្ដែង​ការ​អាណិតអាសូរ​ផង និង​សរសើរ​ផង ចំពោះ​លោក ហុក រ៉េន ហើយ​បង្ហាញ​ប្រតិកម្ម​មិន​ពេញ​ចិត្ត​រដ្ឋាភិបាល។ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ខ្លះ កោត​សរសើរ លោក ហុក រ៉េន ថា រូបរាង​ពិការ តែ​បេះដូង​មិន​ពិកា​ទេ ហើយ​អ្នក​ខ្លះទៀត​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​ថា ខ្លាំង​បានជា​មួយ​ខ្មែរ​គ្នាឯង និង​អំពាវនាវ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ការ​ដឹក​នាំ​ប្រទេស​ដូច​សព្វថ្ងៃ ទើប​អាច​ផ្លាស់ប្ដូរ​ជីវិត​របស់​ប្រជាពលរដ្ឋ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី២៣ ខែ​មករា​ថា ការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ទៅលើ​អ្នក​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ ព្រួយបារម្ភ​អំពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សម្ដែង​មតិ នៅក្នុង​ប្រទេស​កម្ពុជា។ លោក​ថា ចំណាត់ការ​នេះ​របស់​អាជ្ញាធរ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភិតភ័យ និង​កម្រិត​សេរីភាព​និយាយ​ស្ដី​របស់​ខ្លួន ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ ពីព្រោះ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ជា​មូលដ្ឋានគ្រឹះ​មួយ នៃ​ប្រជាធិបតេយ្យ។

លោក អំ សំអាត៖ «តើ​ការ​បញ្ចេញមតិ​របៀប​ណា ជា​បទល្មើស ហើយ​ហ្នឹង​ការ បញ្ចេញមតិ​របៀប​ណា ជា​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ដើម្បី​រិះគន់ និង​ស្ថាបនា​ទេ។ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដែរ សម្រាប់​សេរីភាព​នៅក្នុង​ការ​បញ្ចេញ​មតិ ហើយ​វា​ធ្វើ​ឲ្យ​អ្នក​ដែល​ចង់​បញ្ចេញមតិ​ហ្នឹង គាត់​មាន​ភាព​ព្រួយ​បារម្ភ និង​ភ័យខ្លាច។ កាលណា​គាត់​ព្រួយបារម្ភ និង​ភ័យខ្លាច គឺ​គាត់​កម្រិត​នៃ​សេរីភាព ឬក៏​ការ​កម្រិត​នៃ​ការ​បញ្ចេញមតិ របស់​គាត់។ អ៊ីចឹង​ឬក៏​វា​អាច​នឹង​មាន​ផល​ប៉ះពាល់​ដែរ ពីព្រោះ​បើសិនជា​គាត់​មើល​ឃើញ នៅ​ចំណុច​ខ្វះខាត ហើយ​គាត់​ត្រូវធ្វើ​ការ​បញ្ចេញមតិ ដើម្បី​ស្ថាបនា ហើយ​បើ​គាត់ ភ័យខ្លាច គាត់​មិន​ហ៊ាន​បញ្ចេញ អាហ្នឹង​វា​នាំ​ឲ្យ​មានការ​ប៉ះពាល់ ហើយ​ជា​ធម្មតា ការ​បញ្ចេញ​មតិ​វា​អាច​មាន​ស្រប និង​មិន​ស្រប​។ អ៊ីចឹង ការ​បញ្ចេញ​មតិ វា​តែងតែ​មានគំនិត​ខុសគ្នា»។

លោក ហុក រ៉េន មិនមែន​ជា​ជនពិការ​តែ​ម្នាក់​ទេ ដែល​ត្រូវ​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចាប់​ដាក់​ពន្ធនាគារ ពាក់ព័ន្ធ​នឹង​ការសម្ដែង​មតិ។ កាលពី​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០២៥ លោក ភុន យុទ្ធ ដែល​​ជា​ជន​ពិការ​ដែរ​នោះ​ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ដែរ ដោយ​ចោទប្រកាន់​ពី​បទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។

ពលរដ្ឋ​ពិការ​ទាំង​ពីរ​រូប សុទ្ធតែ​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក រិះគន់​រដ្ឋាភិបាល​ដូចគ្នា និង ជាប់ពន្ធនាគារ​លើស​ពី​ម្ដង​ដូចគ្នា។ រាប់ទាំង​លើក​នេះ​ទៀត លោក ហុក រ៉េត ជាប់​ពន្ធនាគារ​ពីរ​ដង​ហើយ ខណៈ​លោក ភុន យុទ្ធ ជាប់​ពន្ធនាគារ​ជា​លើក​ទី​៣៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ