មន្ត្រី​បក្ស​កម្លាំង​ជាតិ​ថា អាជ្ញាធរ​ខេត្ត​ស្វាយរៀង មិន​អនុញ្ញាត​ឱ្យ​លើក​ស្លាក​គណបក្ស

0
28
ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ​លោក រ៉ុង ឈុន (កណ្ដាល) ប្រធាន​គណបក្ស​លោក ជា មុន្នី (ស្ដាំ) និង​អគ្គនាយក​រដ្ឋបាល​បក្ស​លោក ផុន សុភា ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ​លោក រ៉ុង ឈុន (កណ្ដាល) ប្រធាន​គណបក្ស​លោក ជា មុន្នី (ស្ដាំ) និង​អគ្គនាយក​រដ្ឋបាល​បក្ស​លោក ផុន សុភា ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

មន្ត្រី​បក្ស​កម្លាំង​ជាតិ​អះអាង​ថា អាជ្ញាធរ​ខេត្ត​ស្វាយរៀង​មិន​អនុញ្ញាត​ឲ្យ​គណបក្សប្រឆាំង​មួយ​នេះ លើក​ស្លាក​គណបក្ស​នៅ​កន្លែង​សាធារណៈ​នោះ​ឡើយ​។ មន្ត្រី​សង្គម​ស៊ីវិល យល់ឃើញ​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស គ្រប់​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ស្មើៗ​គ្នា និង​មាន​សិទ្ធិ​សេរីភាព​ពេញលេញ ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ​ស្រប​ទៅ​តាម​ច្បាប់។

មន្ត្រី​គណបក្ស​កម្លាំង​ជាតិ នៅ​ស្រុក​រមាសហែក ខេត្តស្វាយរៀង អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​តែងតែ​រារាំង និង​ហាមឃាត់​មិន​ឲ្យ​គណបក្ស​កម្លាំង​ជាតិ លើក​ស្លាក​របស់​គណបក្ស​នៅ​តាម​ទី​សាធារណៈ​នោះ​ទេ បើ​ទោះបី គណបក្ស​កម្លាំង​ជាតិ បាន​ដាក់​លិខិត​ស្នើសុំ​ពី​អាជ្ញាធរ​ឃុំ ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា យ៉ាងណាក្ដី​។​

មន្ត្រី​គណបក្ស​កម្លាំង​ជាតិ នៅ​ខេត្តស្វាយរៀង លោក ស៊ុំ សូត្រ អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២ ខែមីនា​ថា អាជ្ញាធរ​ឃុំ​ត្រពាំង​ស្ដៅ បាន​ហាមឃាត់​មិន​ឲ្យ​គណបក្ស​កម្លាំង​ជាតិ លើកស្លាក​នៅ​ទី​សាធារណៈ​នោះ​ទេ ដោយ​លើក​ហេតុផល​ថា ប្រទេសជាតិ​កំពុង​តែ​មាន​សង្គ្រាម​។ លោក​ចាត់ទុក ការ​ហាមឃាត់​មិន​ឲ្យ​គណបក្សប្រឆាំង​លើក​ស្លាក​បែបនេះ គឺជា​រូបភាព​គំរាមកំហែង​ធ្វើទុក្ខបុកម្នេញ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ ដែល​សង្គម​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស គេ​ស្ងប់​ខ្ពើម​។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ ពិនិត្យមើល​អាជ្ញាធរ​ថ្នាក់ក្រោម ធ្វើ​យ៉ាងណា​បើកចំហ និង​មិន​ធ្វើទុក្ខបុកម្នេញ​ទៅលើ​គណបក្ស​ជំទាស់​បែប​នេះ​តទៅ​ទៀត។

លោក ស៊ុំ សូត្រ៖ «ខ្ញុំ​សុំ​ឲ្យ​ថ្នាក់លើ​ដូចជា​រដ្ឋាភិបាល​សូម​បញ្ឈប់​ជាបន្ទាន់​នូវ​ទង្វើ​រឹតត្បិត​ផ្សេងៗ ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​សកម្មជន​គណបក្ស​ប្រឆាំង​តទៅទៀត សូម​គាត់​បើក​ទូលំទូលាយ សិទ្ធិ​សេរីភាព​អ្នកនយោបាយ​នៅ​ស្រុក​ខ្មែរ មាន​តម្លា​ភព មានការ​ប្រកួតប្រជែង​មួយ​ដ៏​ត្រឹមត្រូវ និង​យុត្តិធម៌»។

លើស​ពី​នោះ លោក ស៊ុំ សូត្រ អះអាង​ទៀង​ថា រូបលោក​តែងតែ​រង​ការ​គំរាមកំហែង គ្រប់​រូបភាព នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ពេល​លោក​និយាយ​ពាក់ព័ន្ធ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ការចូលរួម​សកម្មភាព​នយោបាយ​របស់​ពលរដ្ឋ។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រង​នៃ​ក្រសួងមហាផ្ទៃ​លោក ទូច សុឃៈ ដើម្បី​សុំ​ការ​ឆ្លើយ​តប​បានទេ នៅ​ថ្ងៃទី២ ខែមីនា។ ចំណែក អភិបាលខេត្ត​ស្វាយរៀង លោក ប៉េង ពោធិ៍សា និង​អាជ្ញាធរ​ឃុំ ត្រពាំង​ស្ដៅ ក៏​ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (ADHOC) លោក នី សុខា យល់ឃើញ​ថា គណបក្ស​នយោបាយ​នីមួយៗ​មាន​សិទ្ធិ​ស្មើៗ​គ្នា និង​មាន​សិទ្ធិ​សេរីភាព​ពេញលេញ ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ​ស្រប​ទៅ​តាម​ច្បាប់​។ លោក​សង្កត់ធ្ងន់​ថា អាជ្ញាធរ​ត្រូវតែ​អព្យាក្រឹត មិន​ត្រូវ​ទៅ​រារាំង គំរាមកំហែង និង​បំភិតបំភ័យ ទៅលើ​សកម្មភាព និង​អ្នកនយោបាយ​ណាមួយ​នោះ​ឡើយ។

លោក នី សុខា៖ «យើង​នៅតែ​ទទូច​ចង់​ឃើញ ឲ្យ​អាជ្ញាធរ​នៅ​ជា​អព្យាក្រឹត្យ ជួយ​សម្របសម្រួល​គណ​បក្សនយោបាយ​ទាំងអស់ ឲ្យ​គាត់​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​សេរី ដោយ​មិន​មាន​ការភ័យខ្លាច បើ​កិច្ច​អ្វី​កើតមាន​យើង​គួរ​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី និង​ទទួល​យក​បាន​ទាំងអស់គ្នា»។

ចាប់តាំងពី​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០២៣ មក គណបក្ស​កម្លាំង​ជាតិ តែង​ត្រូវ​បាន​អាជ្ញាធរ​ក្រោម​ការដឹកនាំ​នៃ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ធ្វើទុក្ខបុកម្នេញ ដូចជា​ការ​ចាប់ខ្លួន​មេ​បក្ស​លោក ស៊ុន ចន្ធី និង​មន្ត្រី​បក្ស​ដាក់​ពន្ធនាគារ ការ​ចោទប្រកាន់​តាមផ្លូវ​តុលាការ ការ​មិន​ទទួល​ស្គាល់​លទ្ធផល​សមាជ​ផ្លូវការ​មួយ​លើក​ជា​ពីរ​លើក និង​ការ​មិន​អនុញ្ញាត​ឱ្យ​លើក​ស្លាក​គណបក្ស​នៅ​តាម​មូលដ្ឋាន​ជាដើម។ បើ​ទោះ​ជា​ថ្មីៗ​នេះ អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី ត្រូវ​បាន​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​លើកលែងទោស និង​ត្រូវ​បាន​ដោះលែង​ចេញពី​ពន្ធនាគារ អាជ្ញាធរ​ហាក់​មិន​បន្ធូរដៃ​ឱ្យ​គណបក្សប្រឆាំង​មួយ​នេះ​ឡើយ​។ ជាក់ស្ដែង​ស្លាក​គណបក្ស​មួយចំនួន នៅ​តាម​ទី​សាធារណៈ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ហែក​បំផ្លាញ​ចោល ខណៈ​ស្លាក​ខ្លះ​លើក​រួចហើយ តែ​ត្រូវ​អាជ្ញាធរ​ឲ្យ​ដកចេញ​វិញ។ ដោយឡែក កាលពី​ខែ​កុម្ភៈ កន្លង​ទៅ អាជ្ញាធរ​ខេត្ត​កំពង់ចាម ក៏​បាន​រារាំង​មិន​ឲ្យ​សកម្មជន​គណបក្ស​កម្លាំង​ជាតិ​ប្រមូល​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ ដើម្បី​ដាក់​បណ្ដឹង​ប្រឆាំង​អំពើ​ឈ្លានពាន​របស់​យោធា​ថៃ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC) ថែម​ទៀត​ផង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ