សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ដោយ​ថា ពួកគាត់​មិន​មាន​កំហុស

0
60
(ពី​ស្ដាំ​ទីពីរ) សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លោក សាន សិទ្ធិ លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា កាល​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន។ រូប៖ បណ្ដាញ​សង្គម
(ពី​ស្ដាំ​ទីពីរ) សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លោក សាន សិទ្ធិ លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា កាល​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន។ រូប៖ បណ្ដាញ​សង្គម

សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស សកម្មជន​សង្គម និង​នយោបាយ​ស្នើ​ឲ្យ តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់ ដោយ​អះអាង​ថា ការ​លើកឡើង​របស់​ពួកគាត់ អំពី​ការ​បញ្ចូល​ខេត្ត ៤​របស់​ប្រទេស​កម្ពុជា ទៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ​កម្ពុជា ឡាវ និង​វៀតណាម (CLV-DTA) មិនមែន​ជា​បទល្មើស​ឡើយ​។ សង្គម​ស៊ីវិល​សង្ឃឹមថា តុលាការ​នឹង​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព ខណៈ​គម្រោង​នេះ រដ្ឋាភិបាល​បាន​លុប​ចោល​ហើយ។

ការ​ស្នើ​របស់​សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​សកម្មជន​សង្គម និង​នយោបាយ នេះ ធ្វើឡើង​នៅ​ក្នុង​ពេល​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ បាន​បើកសវនាការ​លើ​សំណុំរឿង​ចំនួន ៣ ពាក់ព័ន្ធ​នឹង​បទ​ចោទ «​ញុះញង់​បង្កឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ជុំវិញ​ការ​បញ្ចេញមតិ​អំពី​ការ​បញ្ចូល​ខេត្ត ចំនួន​៤ របស់​ប្រទេស កម្ពុជា រួមមាន​ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និង ខេត្តស្ទឹងត្រែង ទៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ ជាមួយ​ប្រទេស​ឡាវ និង វៀតណាម (CLV-DTA)។

សហ​មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន​កិច្ច​ព្រមព្រៀម​ទីក្រុង​ប៉ារីស លោក​បណ្ឌិត សឺន ជុំជួន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ថា សវនាការ​ថ្ងៃ​ចុងក្រោយ​នេះ កូនក្ដី​របស់​លោក បាន​ស្នើ​ទៅ​ចៅក្រម​ឲ្យ​ទម្លាក់​ចោល​បទចោទប្រកាន់ ដោយ​ពួកគេ​លើក​សំអាង​ថា ការ​បញ្ចេញ​មតិ CLV-DTA មិនមែន​ជា​បទល្មើស​នោះ​ទេ។

លោក​សង្ឃឹមថា តុលាការ​ពិចារណា ឲ្យ​កូនក្ដី​របស់​លោក​រួចផុត​ពី​បទ​ចោទប្រកាន់ និង​ដោះលែង​ពួកគាត់​ឲ្យ​មាន​សេរីភាព ពីព្រោះ​បទល្មើស​ដែល​តំណាង​អយ្យការ ចោទប្រកាន់​នោះ មិន​មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​ឡើយ។

បណ្ឌិត សឺន ជុំជួន៖ «ក្នុងនាម​ជា​មេធាវី​នៅតែ​មាន​ក្ដីសង្ឃឹម​ថា តុលាការ​នឹង​ពិចារណា​ទៅលើ​អ្វី​ដែល​យើង​បាន​លើកឡើង​ខាងដើម ជាពិសេស​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ច្បាប់​ជាតិ​ផង អន្តរជាតិ​ផង ដែល​ជនជាប់ចោទ​គាត់​បាន​លើកឡើង​មតិ​នៅ​លើ​បណ្ដាញ​សង្គម​អី​ជាដើម​ហ្នឹង គឺ​អនុលោម​ទៅ​ច្បាប់​អន្តរជាតិ ។ អ៊ីចឹង​សង្ឃឹមថា តុលាការ គាត់​នឹង​ប្រើ​ទៅលើ​វិធាន ហើយ​ឲ្យ​ជាប់ចោទ​ទាំងអស់​ហ្នឹង រួម​ផុត​ពី​បទ ចោទ​ជា ដើម​»។

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធ ត្រូវ​បាន​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប ចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៤​។ រីឯ​លោកស្រី សែម សុផល ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២៤​។ គិត​មក​ដល់​បច្ចុប្បន្ន ពួកគេ​ជាប់ពន្ធនាគារ​ជិត ២ ឆ្នាំ​ហើយ ខណៈ​តុលាការ​នៅ​មិនទាន់​កាត់សេចក្ដី​ថា ពួកគាត់​មាន​ទោស​ឬ​យ៉ាងណា​នៅ​ឡើយ។

ប្រពន្ធ​លោក សាន សិទ្ធ គឺ​លោកស្រី ស្វាយ ពៅ ដែល​ឡើង​ពី​ខេត្ត​មក​ស្ដាប់​សវនាការ ថ្លែង​ថា បើ​តាម​ច្បាប់ ការ​លើកឡើង​របស់​ប្ដី​លោកស្រី និង​សកម្មជន​កិច្ចព្រមព្រៀង​ក្រុងប៉ារីស មិន​ខុស​នោះ​ទេ​។ លោកស្រី​ថា ពលរដ្ឋ​គោរព និង​ខ្លាច​ច្បាប់​ណាស់ ដូច្នេះ ពួកគាត់​មិន​ធ្វើ​សកម្មភាព​ណា ដែល​បំពាន និង​មិន​ស្របតាម​ច្បាប់​ឡើយ។

លោកស្រី ស្វាយ ពៅ ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ការចោទប្រកាន់​លើ​ប្ដី​លោកស្រី និង​សកម្មជន​ដទៃទៀត ដោយ​ដោះលែង​ពួកគាត់​ឲ្យ​មាន​សេរីភាព​វិញ និង​ជួយ​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ចូលរួម​ធ្វើ​នយោបាយ ដើម្បី​ឲ្យ​ប្រទេសជាតិ​រីកចម្រើន។

លោកស្រី ស្វាយ ពៅ៖ «ជួយ​លើកទឹកចិត្ត​នៅ​ពលរដ្ឋ​ល្អៗ​ដូច​ពួកគាត់ ឲ្យ​គាត់​មាន​កម្លាំង ចិត្ត​ចូលរួម​ធ្វើ​នយោបាយ ដើម្បី​ជួយ​សង្គមជាតិ​យើង​បន្ត​ទៀត ពីព្រោះ​អី​ពួកគាត់​នេះ សុទ្ធ​តែ​មាន​សីល បញ្ញា​គ្រប់គ្រាន់​។ គាត់​មិន​ធ្វើ​អី​ទេ គាត់​ជា​អ្នក​កាន់​សីលប្រាំ ទាំងអស់ ប្ដី​ខ្ញុំ​ពីមុន​ហូប​ស្រា ឥឡូវ​មិន​ហូប​ស្រា អ៊ីចឹង​ស្មើនឹង​យើង​កាន់សីល​មួយ​។ ពីមុន​ជក់បារី ឥឡូវ​គាត់​បោះបង់​បារី​ចោល​ទៀត​ឃើញ​ទេ សីល​ទៀត ពីមុន​អត់​ចេះ មើលថែ​ទុកដាក់​កូន ឥឡូវ​គាត់​ចេះ​ទៀត ចេះ​ជួយ​ទាំងអស់។ អ៊ីចឹង​គាត់​ស្គាល់​ច្បាប់ គាត់​ក្លាយជា​ពលរដ្ឋ​ល្អ ។ អ៊ីចឹង​សំណូមពរ​ចុងក្រោយ​ថា សូម​ឲ្យ​តុលាការ​ដោះលែង ពួកគាត់​ហើយ ជួយ​លើកទឹកចិត្ត​ពួកគាត់​វិញ ទើបបាន​ប្រទេស​យើង​រីកចម្រើន​ទាំង​អស់​គ្នា»។

រីឯ​កូនប្រុស​របស់​លោកស្រី សែម សុផល គឺ​យុវជន ផល្លា ផានិត លើកឡើង​ថា ម្ដាយ​របស់​លោក​បាត់បង់​សេរីភាព​ជិត​២ ឆ្នាំ​ហើយ ខណៈ​តុលាការ​បាន​ពន្យារពេល​សវនាការ​សំណុំ​រឿង​នេះ​ច្រើនដង។

យុវជន ផល្លា ផានិត៖ «ខ្ញុំ​យល់ឃើញ​ថា តុលាការ​គាត់​ពន្យារពេល​កាត់ក្ដី ហើយ​រកទោស​កំហុស​អ្នក​ម្ដាយ​ខ្ញុំ​វា​យូរ​ពេក​ហើយ​។ អ៊ីចឹង​ទៅ​ធ្វើ​ឲ្យ​គាត់​បាត់បង់​សេរីភាព ហើយ​ធ្វើ​ឲ្យ​គាត់​ពិបាក​ក្នុង​ការ​ឃុំ​ក្នុង​ពន្ធនាគារ​អ៊ីចឹង។ មួយ​ក្រុម​គ្រួសារ​ខាងក្រៅ នេះ ក៏​គាត់​បារម្ភ​ពី​សុខភាព​ផ្លូវកាយ ផ្លូវចិត្ត​របស់​គាត់​ដែរ​។ ខ្ញុំ​សុំ​ឲ្យ​តុលាការ​ពន្លឿន ការ​រក​ទោស​កំហុស​របស់​គាត់ ដែល​កន្លង​មក​នេះ តាម​ការយល់ឃើញ​របស់​ខ្ញុំ គាត់​គ្មាន​ទោសកំហុស​អី​ទេ»។

អំឡុង​ពេល​តុលាការ​កំពុង​ដំណើរការ​សវនាការ នៅ​ឯ​ខាង​ក្រៅរបង​តុលាការ ក៏​មាន​អ្នកគាំទ្រ​សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នាំគ្នា​ប្រមូលផ្ដុំ​ខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​លើកទឹកចិត្ត​ពួកគេ​ផង​ដែរ។

ពលរដ្ឋ​ឡើង​មក​ពី​ខេត្ត​ព្រះសីហនុ លោក កែន ជ្រុន ជឿជាក់​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស សកម្មជន​បរិស្ថាន សង្គម និង​នយោបាយ ដោយ​ដោះលែង​ពួកគាត់​ឲ្យ​មាន​សេរីភាព​វិញ។

លោក កែន ជ្រុន៖ «ជា​ពលរដ្ឋ​មួយ​រូប ហើយ​ខ្ញុំ​មិនបាន​ចេះអក្សរ​ទេ ខ្ញុំ​រៀន​បាន​ថ្នាក់ ទី​៣ ប៉ុណ្ណោះ​ទេ ហើយ​ខ្ញុំ​សិក្សា ខ្ញុំ​ស្វែងយល់​ដោយ​ខ្លួនឯង​ប្រទេស​គឺ​ត្រូវ​អនុវត្ត​ច្បាប់ ហើយ​ខ្ញុំ​សង្ឃឹម​ទៅ​តុលាការ​ទាំងស្រុង​ថា តុលាការ​ពិតជា​មាន​ភាព​យុត្តិធម៌ និង​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់»។

សវនាការ​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ​នេះ មាន​ជនជាប់ចោទ​ជាង ១០​នាក់​ចូលរួម រួមមាន សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង លោក សាន សិទ្ធ និង​សកម្មជន​សង្គម ព្រមទាំង​សកម្មជន​នយោបាយ ដូចជា លោក ហោ សុខុន អ្នកស្រី សែម សុផល លោក គឹម វឿន លោក សាន អឿន លោក ឈឺន ចំរុង លោក ធែល ធីលែ

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត យល់ថា អ្នក​រង​ការចោទប្រកាន់​ក្នុង​សំណុំ រឿង គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ គួរតែ​ត្រូវ​បាន​ដោះលែង ពីព្រោះ​រដ្ឋសភា និង​រដ្ឋាភិបាល បាន​លុប​គម្រោង​នេះ​ចោល​ហើយ។

លោក អំ សំអាត៖ «រដ្ឋសភា ក៏ដូចជា រដ្ឋាភិបាល​គាត់​បានសម្រេច​លុបចោល​ទៅ ហើយ អ៊ីចឹង​អ្នក​ទាំង​អស់ហ្នឹង គួរ​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​។ អ៊ីចឹង​យើង​សង្ឃឹមថា តុលាការ​នឹង​ផ្ដល់​សេរីភាព​សម្រាប់​ពួកគាត់​វិញ ក្រោយពី​សវនាការ បាន​បញ្ចប់​ប្រកាស​សាលក្រម​នោះ»។

ក្រោយ​បញ្ចប់​សវនាការ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ មិនទាន់​បាន​កំណត់​ថ្ងៃ ប្រកាស​សាលក្រម​សំណុំ​រឿង​នេះ នៅឡើយ​ទេ ដោយ​ចៅក្រម​អះអាង​ថា នឹង​ជូនដំណឹង​ទៅ​មេធាវី​ពេល​ក្រោយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ