
គណបក្សក្រៅរដ្ឋាភិបាលបានអំពាវនាវឲ្យដោះលែង ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងសកម្មជននយោបាយ និងសង្គមផ្សេងទៀត ឱ្យ មានសេរីភាពឡើងវិញ ដើម្បីផ្សះផ្សាជាតិពិតប្រាកដ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចថា ការដាក់ទោស ឬដោះលែងជនណាម្នាក់ វាជាសិទ្ធិរបស់តុលាការ។
គណបក្សប្រជាធិបតេយ្យជឿនលឿន បានអំពាវនាវឲ្យរដ្ឋាភិបាលដោះលែង និងទម្លាក់ចោលរាល់បទចោទប្រកាន់ទៅលើសកម្មជនបរិស្ថាន សកម្មជនសង្គម អ្នកទោសនយោបាយ និងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឱ្យមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ដើម្បីផ្សះផ្សាជាតិ និងគោលនយោបាយសាមគ្គីជាតិ មានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារ និងអភិវឌ្ឍន៍ប្រទេស។ ទន្ទឹមនឹងនោះ គណបក្សក្រៅរដ្ឋាភិបាលមួយនេះ ក៏បានទាមទារឲ្យបើកលំហសិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិ ដើម្បីផលប្រយោជន៍ដល់សង្គមជាតិទាំងមូល។ នេះបើតាមសេចក្ដីថ្លែងការណ៍ របស់គណបក្សប្រជាធិបតេយ្យជឿនលឿន ចុះផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន និងជាអ្នកវិភាគ លោក ប៉ោ មករា ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការចេញសេចក្ដីថ្លែងការណ៍ ឲ្យដោះលែង សកម្មជនសង្គម អ្នកទោសនយោបាយ និងលោក កឹម សុខា ឱ្យមានសិទ្ធិសេរីភាពពេញលេញឡើងវិញនេះ គឺស្របតាមការលើកឡើង របស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត កន្លងទៅ ដែលបានអំពាវនាវឲ្យពលរដ្ឋគ្រប់ស្រទាប់វណ្ណៈឲ្យមានសាមគ្គីភាព និងផ្សះផ្សាជាតិ។ លោកថា រដ្ឋាភិបាលគួរតែដោះលែងអ្នកទាំងអស់នោះ ដើម្បីបង្ហាញពីការសាមគ្គី និងផ្សះផ្សាជាតិពិតប្រាកដ មិនមែនជាការផ្សះផ្សាជាតិតែមួយក្រុមនោះទេ។
លោក ប៉ោ មករា៖ «ដោយមើលឃើញភាពសំខាន់ដូច្នេះហើយបានជាគណបក្សប្រជាធិបតេយ្យជឿនលឿន ជំរុញឲ្យមានការផ្សះផ្សាជាតិពិតប្រាកដ វាមិនមែនផ្សះផ្សាជាតិតែមួយក្រុមឬមួយបក្សនោះទេ វាជាការផ្សះផ្សាជាតិមួយគ្រប់ស្រទាប់ នៃប្រជាជន គ្រប់ស្រទាប់អ្នកនយោបាយ ក៏ដូចជាអ្នកដែលឈឺឆ្អាលកសាងជាតិទាំងមូល»។
ក្រៅពីគណបក្សប្រជាធិបតេយ្យជឿនលឿន មន្ត្រីគណបក្សប្រឆាំង អ្នកវិភាគ និងមន្ត្រីសង្គមស៊ីវិល លើកឡើងស្រដៀងគ្នាដែរថា ការដោះលែង ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និង អ្នកទោសនយោបាយផ្សេងទៀត ឱ្យមានសេរីភាព នឹងជួយឱ្យកម្ពុជា ងាយស្រួលក្នុងការស្ដារទំនាក់ទំនងការទូតល្អប្រសើរ នៅលើឆាកអន្តរជាតិ។
ចំណែក ប្រធានអង្គការសម្ព័ន្ធខ្មែរដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងដើម្បីកម្ពុជា នៅប្រទេសអូស្ត្រាលី (Australia) លោក អ៊ិន ណាត លើកឡើងថា កន្លងទៅទាំងអង្គការជាតិ និងអន្តរជាតិ បានអំពាវនាវឲ្យរដ្ឋាភិបាលត្រកូលហ៊ុន ដោះលែងអ្នកទោសមនសិការទាំងនោះឲ្យមានសេរីភាព ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងមានទំនាក់ទំនងល្អជាមួយប្រទេសលោកសេរី ព្រមទាំងឲ្យមានកេរ្តិ៍ឈ្មោះល្អនៅលើឆាកអន្តរជាតិ។ ប៉ុន្តែលោកថា រដ្ឋាភិបាលត្រកូលហ៊ុន មិនបានធ្វើតាមការអំពាវនាវទាំងអស់នេះនោះទេ ផ្ទុយទៅវិញបណ្ដែតបណ្ដោយឲ្យក្រុមឧក្រិដ្ឋជនរកស៊ីខុសច្បាប់អន្តរជាតិ រហូតធ្វើឲ្យកម្ពុជា ខូចមុខមាត់នៅលើឆាតអន្តជាតិថែមទៀត។
លោក អ៊ិន ណាត៖ «មើលមិនឃើញថា អ្នកប្រជាធិបតេយ្យរួបរួមជាមួយរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជានោះទេ ដរាបណា សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនៅតែបំផ្លិចបំផ្លាញ យាយីធ្វើបាប ការចាប់ជាបន្តបន្ទាប់អ្នកដែលនិយាយការពិត ជាពិសេសឥឡូវនេះ សូម្បីតែជនភៀសសឹកក៏មិនអាចបញ្ចេញមតិអ្វីបានដែរ យើងឃើញហើយថ្មីៗអ្នកកាសែតមួយចំនួនត្រូវបាន និយាយការពិតបានចាប់ដាក់ពន្ធនាគារ»។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី២៣ ខែកុម្ភៈនេះ។
ចំណែកអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានឆ្លើយតបថា ការចេញសេចក្ដីថ្លែងការណ៍ទាមទារឲ្យដោះលែងវាជាសិទ្ធិសេរីភាពរបស់គណបក្សនោះ ប៉ុន្តែជនណាត្រូវដោះលែង ឬមានទោសវាជាសិទ្ធិរបស់តុលាការជាអ្នកសម្រេច។
លោក ជា ធីរិទ្ធ៖ «រឿងសម្រេចយ៉ាងណា កំណត់ថា នរណាមានទោស ឬនរណាដោះលែងទុកឲ្យតុលាការជាអ្នកសម្រេច ពីព្រោះយើងសង្គមនីតិរដ្ឋ យើងមានការបែងចែកអំណាច ដាច់ដោយឡែកពីគ្នា អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ អញ្ចឹងតុលាការទុកឲ្យគេធ្វើកិច្ចការរបស់គេ បើយើងជ្រៀតជ្រែកមានន័យថា យើងរំលោភលើតុលាការ»។
ទាក់ទិននឹងបញ្ហានេះ ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក នី សុខា យល់ឃើញថា គ្រប់អ្នកនយោបាយទាំងអស់ គួរតែស្រុះស្រួលសាមគ្គី រួបរួមគ្នាពិតប្រាកដ ទើបខ្មែរខ្លាំង មិនមែននាំគ្នាប្រើពាក្យផ្សះផ្សាជាតិ ឯកភាពជាតិ សាមគ្គីភាព តែទ្រឹស្ដីនោះទេ។ លោកថា ដើម្បីឲ្យមានយុត្តិធម៌សង្គម និងនីតិរដ្ឋពិតប្រាកដ រដ្ឋាភិបាលគួរតែដោះលែង អ្នកទោសមនសិការទាំងអស់ ឲ្យមានសេរីភាពឡើងវិញ និងឈប់គំរាមកំហែងទៅលើពលរដ្ឋ ដោយគ្រាន់តែប្រើប្រាស់សិទ្ធិរបស់ពួកគេ។
លោក នី សុខា៖ «នីតិរដ្ឋដែលមានសមភាពចំពោះមុខច្បាប់ ដើម្បីឲ្យសង្គមមួយនេះ សង្គមយុត្តិធម៌ធ្វើឲ្យប្រជាពលរដ្ឋមានការជឿជាក់ប្រព័ន្ធយុត្តិធម៌របស់យើង ល្អត្រឹមត្រូវ ខ្ញុំគិតថាជារឿងមួយធ្វើឲ្យយើងអាចផ្សះផ្សា អាចបង្រួបបង្រួម ឈានទៅរកសន្តិភាពនៅក្នុងប្រទេស ហើយបើយើងធ្វើបានរឿងនេះហើយ វាជាកត្តានាំឲ្យខ្មែរយើងខ្លាំង មិនឲ្យនរណាមកមើលងាយយើងបានទេ»។
អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) បានកត់សម្គាល់ឃើញថា គិតមកដល់ថ្ងៃទី២៣ ខែកុម្ភៈនេះ អាជ្ញាធរបានបន្តចាប់ខ្លួន និងឃុំខ្លួន សកម្មជនបរិស្ថាន សកម្មជនសង្គម អ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សហជីព អ្នកសារព័ត៌មាន និងពលរដ្ឋ ដាក់គុកជិត១០០(៩៧) នាក់ហើយ បន្ទាប់ពីពួកគាត់ បានប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ ដែលស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញ។ ក្នុងចំណោម អ្នកទោសនយោបាយទាំងនោះ ក៏មានប្រធានគណបក្សប្រឆាំងចំនួនបីនាក់ ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន ក្រោមបទចោទប្រកាន់ផ្សេងៗគ្នា ក្នុងនោះរួមមាន លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ លោក ថាច់ សេដ្ឋា ប្រធានគណបក្សភ្លើងទៀន និងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងផ្ទះ បន្ទាប់ពីតុលាការឯកបក្សបានកាត់ទោស ឱ្យលោកជាប់ពន្ធនាគារ ចំនួន២៧ឆ្នាំ និងដកហូតសិទ្ធិធ្វើនយោបាយអស់មួយជីវិត៕










