ជនរងគ្រោះ​ទិញ​ផ្ទះ​ដីឡូតិ៍​​ឧកញ៉ា ឡេង ណាវ៉ាត្រា តវ៉ា​បិទផ្លូវ​នៅមុខ​ក្រសួង​ដែនដី ដើម្បី​ទាមទារ​ដំណោះស្រាយ

1
91
ពលរដ្ឋ​រងគ្រោះ​ពី​ការទិញ គម្រោង​ដី​ឡូ​ពី​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​នាំគ្នា​តវ៉ា បិទផ្លូវ​នៅមុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង កាលពីថ្ងៃទី១៥ ខែ​មករា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ពលរដ្ឋ​រងគ្រោះ​ពី​ការទិញ គម្រោង​ដី​ឡូ​ពី​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​នាំគ្នា​តវ៉ា បិទផ្លូវ​នៅមុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង កាលពីថ្ងៃទី១៥ ខែ​មករា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ពលរដ្ឋ​ជាង​១០០​នាក់​ដែល​អះអាង​ថា ជា​ជនរងគ្រោះ​ពី​ការទិញ គម្រោង​ដី​ឡូ​ពី​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅ​តាម​បណ្ដោយ​ជាតិ ផ្លូវ​6A និង​គម្រោង​ជ្រែ​១០០​នៅ​រាជធានី​ភ្នំពេញ បាន​នាំគ្នា​តវ៉ា បិទផ្លូវ​នៅមុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង ដើម្បី​ទាមទារ​ឱ្យ​ក្រសួង​ជួយ​អន្តរាគមន៍ រក​ដំណោះស្រាយ ជូន​ដល់​ពលរដ្ឋ។ ទន្ទឹមគ្នា​នោះ​ពួកគាត់​ស្នើ​ឱ្យ​ក្រុមហ៊ុន​ត្រូវតែ សង​លុយ​ដល់​អតិថិជន​វិញ ប្រសិនបើ​ក្រុមហ៊ុន​ពិតជា គ្មាន​លទ្ធភាព​សាងសង់​ផ្ទះ​ជូន​ដល់​អតិថិជន។

ក្រោយពី​ស្ងប់ស្ងាត់​មួយ​រយៈ នៅ​ថ្ងៃទី​១៥ ខែ​មករា អតិថិជន​ដែល​បាន​ទិញ​គម្រោង ដី​ឡូ និង​ផ្ទះ​ល្វែង របស់​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ក្នុង​ចំណោម អតិថិជន​រាប់​ពាន់​នាក់ គេ​ឃើញ​មាន អតិថិជន ជាង​១០០​នាក់ បាន​ចេញ​មុខ​តវ៉ា​បិទផ្លូវ​ជាថ្មី ដើម្បី​ឱ្យ​ក្រសួង​ដែនដី ជួយ​រក​ដំណោះស្រាយ​។ ក្រុម​បាតុករ​ទាំងនោះ អ្នកខ្លះ​ដៃ​កាន់​បដា ដោយមាន​សារ​ថា «ឡេង ណាវ៉ាត្រា ត្រូវ​សង​លុយ​មក​ខ្ញុំ​វិញ​» រួម​នឹង​សំឡេង​ស្រែក​ដោយ​ប្រើ​ឧបករណ៍​បំពង​សំឡេង បន្ទរ​ថា​«​លោក ឧកញ៉ា បោកប្រាស់ សង​លុយ​ខ្ញុំ​វិញ»។

អតិថិជន​ម្នាក់ ក្នុងចំណោម​អតិថិជន​ជាង​១០០​នាក់ ដែល​បាន​មក​តវ៉ា​នៅមុខ​ក្រសួង​ដែនដី កញ្ញា ខាត់ សុជាតិ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១៥ ខែ​មករា ថា ការ​តវ៉ា​ជាថ្មី​នេះ គឺ​ដោយសារតែ លោក ឡេង ណាវ៉ាត្រា បាន​រំលោភ​លើ​កិច្ចសន្យា​ទិញ​-​លក់ ក្រោយពី​ក្រុមហ៊ុន​នេះ ចេះ​តែ​យក​លេស​មិន​សាងសង់ ផ្ទះ​ឱ្យ​អតិថិជន អស់​រយៈពេល​ជិត​៥​ឆ្នាំ​មក​ហើយ។ កញ្ញា​បាន​ទិញ​ផ្ទះល្វែង ពី​ក្រុមហ៊ុន​របស់ លោក ឡេង ណាវ៉ាត្រា ចំនួន​ពីរ​កន្លែង អស់​លុយ​ជិត​៨​ម៉ឺន​ដុល្លារ ប៉ុន្តែ​ពុំ​ទទួល​បាន​ផ្ទះ​នៅ​ឡើយ ។ កញ្ញា​រៀបរាប់​ថា បញ្ហា​នេះ បាន​ប៉ះទង្គិច​ផ្លូវចិត្ត​ជា​ខ្លាំង ព្រោះ​កញ្ញា​គិត​ច្រើន ហើយ ណាមួយ ត្រូវ​រកលុយ សង​ធនាគារ ដែល​យក​លុយ​មក​ទិញ​ផ្ទះ ប៉ុន្តែ លុយ​ក៏​អស់​ផ្ទះ​ក៏​គ្មាន។

កញ្ញា ខាត់ សុជាតិ៖ «ខាង​គម្រោង​បុរី​នេះ​គាត់​បាន​រំលោភ​លើ​កិច្ចសន្យា​មក​ច្រើន​ឆ្នាំ​ដែរ​។ គឺ​ខ្ញុំ​មានទុក្ខ​លំបាក​ក្នុង​ការ​ចំណាយ​លុយ​លើ​ការជួល​ផ្ទះ​គេ​នៅ។ ខ្ញុំ​ត្រូវការ​ផ្ទះ​ដើម្បី​នៅ។ ស្ថានភាព​សេដ្ឋកិច្ច​សព្វថ្ងៃ​ប្រជាពលរដ្ឋ​រស់នៅ​ពិបាក​ណាស់ រកលុយ​អត់​បានទេ​។ ពួក​ខ្ញុំ​ត្រូវ​រក​លុយ​មក​សង​ធនាគារ​ផង ជួល​ផ្ទះ​គេ​នៅ​ផង»។

ចំណែក​ពលរដ្ឋ​ម្នាក់ទៀត លោក សុក ផាន់មាន់នី លើកឡើង​ថា ការ​តវ៉ា​របស់​ពលរដ្ឋ​នេះ គ្មាន​ចង់បាន​អ្វី​ក្រៅពី​សំណង និង​ផ្ទះ​នោះ​ទេ។ លោក​ស្នើ​ឱ្យ​ក្រសួង​ត្រូវ​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ជូន​ដល់​ពលរដ្ឋ ឱ្យ​បាន​ឆាប់​បំផុត។ លោក​ថា អតិថិជន​ភាគច្រើន​សុទ្ធ​សឹង តែ​ជា​អ្នកមាន​មាន​ជីវភាព​ខ្វះខាត ហើយ​ខំ​សន្សំ​លុយ បាន​បន្តិចបន្តួច យក​មក​ទិញ​ដី និង​ផ្ទះ ដោយ​រំពឹង​ថា នឹង​បាន​ផ្ទះ​នៅ តែ​ជាក់ស្ដែង​បែរជា​ត្រូវ​បាន​ក្រុមហ៊ុន​បោកប្រាស់ ទំនុកចិត្ត​ម្ដង​ហើយ​ម្ដងទៀត។ លោក​ព្រមាន​ថា ប្រសិនបើ​ក្រុមហ៊ុន មិន​ដោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ​ទេ នឹង​ចេញ​តវ៉ា​ជា​បន្តបន្ទាប់​ទៀត។

លោក សុក ផាន់មាន់នី៖ «ភាគច្រើន​នៅក្នុង​បុរី​នេះ ករណី​ដូចគ្នា​ទាំងអស់​។ អ៊ីចឹង​សូម​យើង​គិត​លើ​រឿង​នេះ​ផង កុំ​សប្បាយ​តែ​ខ្លួនឯង ហើយ​ភ្លេច​ប្រជាពលរដ្ឋ​អ្នក​ក្រីក្រ​។ វា​គ្មាន​អី​ពិបាក​ក្នុង​ការ​ដោះស្រាយ​ទេ សង​តែ​ផ្ទះ​ឱ្យ​គ្នា​ទៅ វា​ចប់​ហើយ​។ វា​គ្មាន​ចង់បាន​អី​លើស​ហ្នឹង»។

ភ្លាមៗ អំឡុង​ពេល ពលរដ្ឋ​កំពុង​ស្រែក​តវ៉ា​បិទផ្លូវ អស់​ជិត​២​ម៉ោង គេ​ឃើញ​នាយករង​ខុទ្ទកាល័យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​សម្របសម្រួល ដោះស្រាយ​បញ្ហា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា លោក សុំ មនោរម្យ ចេញ​មក​សម្របសម្រួល​ឱ្យ​ពលរដ្ឋ​បញ្ឈប់​ការ​តវ៉ា ដោយ​អះអាង​ថា ករណី​នេះ​ក្រសួង​កំពុងតែ​ដោះស្រាយ ហើយ​ក្រុមហ៊ុន​ក៏បាន​ដាក់ លក់​ទ្រព្យសម្បត្តិ និង​ដីធ្លី​ដើម្បី​ជួយ​ពន្លឿន​ការ​សាងសង់​ផ្ទះ​ជូន អតិថិជន​ផង​ដែរ។ ចំណែក ក្រសួង​សន្យា​ថា នឹង​ប្រគល់​ប្លង់ដី ជូន​ដល់​ពលរដ្ឋ​ទាំងអស់ ដែល​បាន​ទិញ​ដី និង​ផ្ទះ​ល្វែង​ពី​ក្រុមហ៊ុន ក្នុង​រយៈពេល ៤​ខែ​ខាងមុខ។

លោក សុំ មនោរម្យ៖ «ការសាងសង់​ដូច​ខ្ញុំ​បាន​បញ្ជាក់​អ៊ីចឹង ខ្ញុំ​បានឱ្យ​ជាង​ចូល​តាំងពី​ម្សិលម្ង៉ៃ ហើយ។ អ៊ីចឹង ការ​ពង្រីក​ការ​សាងសង់​ជា​ជំហានៗ​បន្ត​ទៀត ពេល​ដែល​យើង​ប្រមែប្រមូល បាន​ពី​ការ​លក់​ដី និង​ទ្រព្យ​ផ្សេងៗ យក​មក​សង​បញ្ចប់។ រឿង​ចេញ​ប័ណ្ណ​ដូច​ខ្ញុំ​បាន​បញ្ជាក់​ច្រើនដង​ហើយ យើង​កំពុង​តែ​ធ្វើការ​លើ​រឿង​នឹង ។ សង្ឃឹមថា វគ្គ​ទី​៤ នឹង​ចែក​ឱ្យ​បងប្អូន​បញ្ចប់​។ ជាក់ស្ដែង​មកដល់​ម៉ោង​នេះ យើង​ស្នើ​សុំ​ឱ្យ​អតិថិជន​ដែល​មិនទាន់​បាន​មក​បំពេញ​ឯកសារ សូម​ឱ្យមក​បំពេញ​ទាំងអស់គ្នា»។

បើ​ទោះជា​បែបនេះ​ក្ដី នៅ​អំឡុង​ពេល​ដែល លោក សុំ មនោរម្យ និយាយ​ទៅ​កាន់​ប្រជាពលរដ្ឋ លោក បាន​បញ្ជាក់​ប្រាប់​ពលរដ្ឋ​ថា លោក ឡេង ណាវ៉ាត្រា ទើបតែ​ដាក់​លក់​ទ្រព្យសម្បត្តិ និង​ដីធ្លី ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយនេះ បើ​ទោះ​ជា​ពលរដ្ឋ​តវ៉ា​ច្រើនដង​មក​ហើយ​ក្ដី។ ទន្ទឹមគ្នា​នោះ​លោក​ពុំ​ហ៊ាន​សន្យា ថា ពលរដ្ឋ​នឹង​ទទួល​បាន​ផ្ទះ​រស់នៅ ក្នុង​ឆាប់​នោះ​ទេ ព្រោះ​​ទ្រព្យ​សម្បត្តិ​ដែល​ក្រុមហ៊ុន​ដាក់​លក់ មិន​ទាន់​លក់​ចេញ​នៅ​ឡើយ​។ ភ្លាមៗ​នោះ ថ្វីត្បិតតែ​ក្រុម​បាតុករ សម្រេច​រំសាយ ការ​តវ៉ា​ក្ដី ពួកគាត់ ហាក់​ពុំ​សូវ​មាន​ជំនឿ​ចិត្ត​ថា ក្រុមហ៊ុន​នឹង​ពន្លឿន​ការ​ដោះស្រាយ​នោះ​ទេ ហើយ​ពួកគាត់​ថា នឹង​តវ៉ា​ជាថ្មី បើ​គ្មាន​អ្វី​វិវដ្ដ​ទៅ​មុខ​ទេ​​នោះ។

ជុំវិញ​រឿង​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ​នៃ​សមាគម​អាដហុក (Adhoc) លោក យិន ម៉េងលី លើកឡើង​ថា ការ​ចេញ​តវ៉ា​របស់​ពលរដ្ឋ​ជាថ្មី​នេះ ឆ្លុះ​បញ្ចាំង​អំពី​ភាព​កម្សោយ​នៃ​ការ​ដោះស្រាយ របស់​អាជ្ញាធរ ដែល​បណ្ដោយ​ឱ្យ​ករណីនេះ​អូស​បន្លាយ​អស់​ជា​ពេល​យូរ។ លោក​ថា ក្រសួង​ត្រូវតែ​ពិនិត្យ​ឡើង​វិញ លើ​ទ្រព្យសម្បត្តិ ដែល​ក្រុមហ៊ុន​មាន​ទាំងអស់ ត្រូវ​យក​ទៅ​លក់ ដើម្បី យក​លុយ​មក​សង​ដល់​អតិថិជន ប្រសិនបើ​ក្រុមហ៊ុន​ពិតជា​ក្ស័យធន ឬ​គ្មាន​លទ្ធភាព សាងសង់​ផ្ទះ បន្ត ជូន​ដល់​ពលរដ្ឋ​ទេ​នោះ។

លោក យិន ម៉េងលី៖ «កាលណា​និយាយ​ពី​ក្រុមហ៊ុន គាត់​ត្រូវ​មានទ្រព្យ​ផ្ទាល់ខ្លួន​របស់​គាត់។ ទ្រព្យ​ផ្ទាល់ខ្លួន​របស់​ក្រុមហ៊ុន​។ គាត់​ត្រូវ​បើ​ឱ្យ​អស់​ទ្រព្យ​ទាំងអស់​ដែល​គាត់​មាន ចលនទ្រព្យ អចលនទ្រព្យ និង​សាច់ប្រាក់​ផ្សេងៗ​ទៀត ហើយ​ធ្វើការ​កត់ត្រា ទុក​អ្វី​ដែល​ក្រសួង​អាច​លក់​បាន​។ លក់​ដើម្បី​យក​លុយ​ទៅ​សង​ប្រជាពលរដ្ឋ និង​ធ្វើការ​ដោះស្រាយ​ជា​បន្តបន្ទាប់​បង្ហាញ​ពី​ឆន្ទៈ និង​បង្ហាញ​ពី​ដំណើរការ»។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺជា​សេដ្ឋី​វ័យក្មេង​មួយ​រូប​នៅ​កម្ពុជា ដែល​រង​ការ​ចោទ​ថា ជា​អ្នក​រកស៊ី​កាន់​លុយកខ្វក់​ឲ្យ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន។ លោក​ក្ដោប​ក្ដាប់​មុខ​ជំនួញ​ជាច្រើន​ចាប់​តាំង ពី​វិស័យ អចលនទ្រព្យ ហិរញ្ញវត្ថុ ធនាគារ កសិកម្ម រហូតដល់ វិស័យ​សិល្បៈ​។ លោក​ធ្លាប់​បាន​ផ្ដល់​លុយ​ឱ្យ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន រាប់​លាន​ដុល្លារ កាល​ពី​កន្លង​មក។ ជាមួយគ្នា​នោះ លោក មាន​រថយន្ត​ម៉ាក​ល្បីៗ ប្រមាណ​១០ គ្រឿង ដូចជា រ៉ូលរ៉យស៍ (Roll Royce) ឡាំបូហ្គីនី (Lamborghini) ហ្វើរ៉ារី (Ferrari) ផច្ឆ (Porsche) និង​ប៊ែនលី (Bentley) ព្រមទាំង​ឧទ្ធម្ភាគចក្រ​ផ្ទាល់ខ្លួន​មួយ​គ្រឿង​ទៀត ដែល​សរុប​ជា​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ។

ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ ជាច្រើន​នាំគ្នា​ចេញ​តវ៉ា​ជា​បន្តបន្ទាប់ ដោយ​ចោទ លោក ឡេង ណាវ៉ាត្រា ថា​ជា​ឧកញ៉ា​បោកប្រាស់​លក់​គម្រោង​ដី​ឡូ និង​ផ្ទះល្វែង​ខ្យល់ ក្រោយ​ពី​អតិថិជន​ជាច្រើន​ទិញ​ហើយ​ពុំ​ទាន់​ទទួល​បាន​ផ្ទះ និង​ដី​មកកាន់​កាប់។ ក្រោយ​មក​ទៀត លោក ឡេង ណាវ៉ាត្រា បាន​ចេញ​លិខិត​បំភ្លឺ​ថា ក្រុមហ៊ុន​កំពុងតែ​ខ្វះខាត​ថវិកា ទើប​មាន​ភាព​យឺតយ៉ាវ​ក្នុង​សាងសង់​ផ្ទះ ប៉ុន្តែ មក​ទល់​ពេល​នេះ គេ​នៅ​មិនឃើញ​លោក ឡេង ណាវ៉ាត្រា ប្រកាស​លក់​ទ្រព្យសម្បត្តិ និង​រថយន្ត​ម៉ាក​ល្បីៗ យក​មក​ដោះស្រាយ​ជូន​ពលរដ្ឋ​នោះ​ទេ៕

1 ការ​បំភ្លឺ​បាន​ទេ

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ