សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​ជួបជុំ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ

0
54
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជូនបាច់ផ្កាដល់ភរិយា ក្នុង​ពិធីអបអរទិវាសិទ្ធិនារីអន្តរជាតិ កាលពីថ្ងៃទី៤ ខែ​មីនា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកសាលារាជធានីភ្នំពេញ
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជូនបាច់ផ្កាដល់ភរិយា ក្នុង​ពិធីអបអរទិវាសិទ្ធិនារីអន្តរជាតិ កាលពីថ្ងៃទី៤ ខែ​មីនា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកសាលារាជធានីភ្នំពេញ

សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​ជួបជុំ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី អន្តរជាតិ ៨ មីនា នៅ​ទីលាន​ប្រជាធិបតេយ្យនោះ​ទេ​។ សង្គម​ស៊ីវិល​សោកស្ដាយ និង​ចាត់ទុក​ការសម្រេច​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ថា រុញច្រាន​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រួម​តូច។

ការ​បដិសេធ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ដាក់​លិខិត​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ដើម្បី​ជូនដំណឹង​អំពី​ការ​ប្រារព្ធ​ខួប​លើក​ទី​១១៥ នៃ​ទិវា​សិទ្ធិ​អន្តរជាតិ​នារី ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី៨ ខែ​មីនា នៅ​ទីលាន ប្រជាធិបតេយ្យ ដោយមាន​អ្នកចូលរួម​ប្រមាណ ៥០០​នាក់។

ប៉ុន្តែ​លុះដល់​ថ្ងៃទី​៤ ខែមីនា សាលា​រាជធានី​ភ្នំពេញ តាម​លិខិត​ជូនដំណឹង​របស់ ខ្លួន មិន​អនុញ្ញាត​ឱ្យ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ​ទេ តែ​បាន​ស្នើ​ឲ្យ​ក្រុម អង្គការ​សង្គម​ស៊ីវិល​រៀបចំ​ប្រារព្ធ​ពិធី​នៅ​ទីស្នាក់ការ​សមាគម​របស់​ខ្លួន ឬ​ទីតាំង ឯកជន​ណាមួយ​ដែល​ម្ចាស់​ទីតាំង​បាន​យល់ព្រម​។ ទោះជា​យ៉ាងណា អាជ្ញាធរ​មិន បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​មិន​អនុញ្ញាត​នេះ​ឡើយ។

ក្រៅពី​មិន​អនុញ្ញាត​អភិបាល​រង​រាជធានី​ភ្នំពេញ លោក សុខ ពេញវុធ ក៏បាន​ព្រមាន​តាមរយៈ​លិខិត​ថា ក្នុងករណី​អង្គការ​សង្គម​ស៊ីវិល នៅតែ​រៀបចំ​កម្មវិធី បង្ក​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ នោះ​ពួកគេ​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ច្បាប់។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា​អ្នកស្រី អ៊ូ ទេពផល្លីន យល់​ថា អាជ្ញាធរ​មិន​បាន​បំពេញ​កាតព្វកិច្ច​ទៅតាម​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី និង​ធ្វើ​លើស​ពី​ច្បាប់​កំណត់ ខណៈ​ការ​មិន​អនុញ្ញាត​នេះ អាជ្ញាធរ​ក៏​មិន​បាន​បង្ហាញ​អំពី​មូលហេតុ​ដែរ។

អ្នកស្រី​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី៤ ខែ​មីនា ថា ទីលាន​ប្រជាធិបតេយ្យ ជាទី​តាំង​សម្រាប់​ពលរដ្ឋ​សម្ដែង​មតិ​ទៅលើ​បញ្ហា​អ្វីមួយ ហើយ​ចង់​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ។

អ្នកស្រី អ៊ូ ទេពផល្លីន៖ «គាត់​[​អាជ្ញាធរ​]​នៅ​ក្នុង​ការ​សម្រេចចិត្ត ដែន​សមត្ថកិច្ច ហើយ​វា​ហាក់បីដូចជា បង្ហាញ​អំពី​ការ​មិន​គោរព​ប្រជាជន មិន​គោរព​ពលរដ្ឋ​របស់​ខ្លួន​ឯង​។ តាម​ពិត​ទៅ​វា​មិន​មានអី​ខាន​ដល់​រដ្ឋាភិបាល​ទេ នៅ​ពេល​ដែល​យើង​យក​កន្លែង ដែល​យើង​អាច​ប្រើប្រាស់​ទីលាន​ជា​កន្លែង​សម្ដែង​មតិ អីហ្នឹង វា​មិនមែន​ជា​ការ​ខាត របស់​រដ្ឋាភិបាល​។ ប៉ុន្តែ​ផ្ទុយទៅវិញ ការដែល​មិន​អនុញ្ញាត ហើយ​មិន​បំពេញ​កាតព្វកិច្ច​របស់​រដ្ឋ ហើយ​ភាព​អសកម្ម​របស់​រដ្ឋ ហើយ​ការ​មិន​ឆ្លើយតប មិន​ខ្វាយខ្វល់​ទៅ សេចក្ដី​ត្រូវ​ការ​របស់​ពលរដ្ឋ​ឬក៏​បណ្ដាញ​របស់​ក្រុម ក្រុម​ណាក៏ដោយ ក្រុម​តូច​ក្រុម​ធំ​ក៏ដោយ​ត្រូវ​ចាំ ថា ក្រុម​តូច​ក៏ដោយ ក៏​ជា​ក្រុម​ពលរដ្ឋ​ដែល​មិន​ឲ្យ​រដ្ឋាភិបាល ត្រូវតែ​ទុកចោល​ដែរ។ មិនមែន​ថា​ក្រុម​តូច ឬ​ក្រុម​អី​ទេ មិនធំ​ណាក៏ដោយ តូច​ណាក៏ដោយ ចង់​និយាយ​ថា កម្រិត​ណាក៏ដោយ គឺថា នៅតែ​ជា​មនុស្ស ដែល​ត្រូវ​យក​កង្វល់​របស់​ពួកគាត់​ទៅ​ដោះស្រាយ»។

ស្រដៀង​គ្នា​នេះ​ដែរ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក យិន ម៉េងលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​៤ ខែមីនា ថា ទីលាន​ប្រជាធិបតេយ្យ គឺ​ជា​កន្លែង​បញ្ចេញមតិ សម្រាប់​គ្រប់​ភាគី​ទាំងអស់ ដើម្បី​ឲ្យ​ពួកគេ​បង្ហាញ​អំពី​កង្វល់ និង​បញ្ហា​អ្វីមួយ ខណៈ​នៅ​តាម​ខេត្ត​រដ្ឋាភិបាល​ក៏​ត្រូវ​រៀបចំ​ឲ្យ​មាន​ទីលាន​ប្រជាធិបតេយ្យ​ដែរ ប៉ុន្តែ​បច្ចុប្បន្ន​មិន​មាន​នោះ​ទេ​។ លោក​ចាត់ទុក​ការ​បដិសេធ​របស់​អាជ្ញាធរ នៅ​ពេល​នេះ បង្ហាញ​ថា សិទ្ធិ​សេរីភាព​បញ្ចេញមតិ នៅ​ប្រទេស​កម្ពុជា​កាន់តែ​រួម​តូច។

លោក យិន ម៉េងលី ថា បញ្ហា​សិទ្ធិ និង​សិទ្ធិ​ស្ត្រី មិនមែន​ជា​បញ្ហា​របស់​អង្គការ​សង្គមស៊ីវិល​ឡើយ ប៉ុន្តែ​វា​គឺជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ដែល​បាន​ចុះហត្ថលេខា​ទទួល​យក​ច្បាប់​អន្តរជាតិ ហើយ​សិទ្ធិ​ទាំងនេះ ក៏​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ផង​ដែរ​។ ហេតុ​ដូច្នេះហើយ លោក​ថា ការ​មិន​អនុញ្ញាត​នេះ​មិន​បាន​ផ្តល់​ផល​ចំណេញ​អ្វី​ឡើយ។ ផ្ទុយទៅវិញ​មានតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់​រដ្ឋាភិបាល​នៅ​លើ​ឆាក​អន្តរជាតិ​បន្ថែម​ទៀត។

លោក យិន ម៉េងលី៖ «អត់​មាន​លើក​ច្បាប់​ទេ គឺ​សម្រេច​មិន​ឲ្យ​ធ្វើ ហើយ​ឲ្យ​ធ្វើ​នៅ​តាម​ការិយាល័យ ឬ​នៅ​តាម​ទីកន្លែង​ឯកជន​វិញ​។ យើង​អត់​ចង់ទៅ​ប្រារព្ធ​ទិវា​ទាំង​អស់ហ្នឹង នៅក្នុង​បន្ទប់​ទេ យើង​ចង់​បង្ហាញ​ជា​សាធារណៈ​នៅ​ការ​ប្រារព្ធ។ អាហ្នឹង​គ្រាន់ តែ​ជា​ថ្ងៃ​រំលឹក​នៃ​ទិវា​ហ្នឹង​ទេ​។​អ៊ីចឹង​ចង់​ធ្វើ​នៅ​ទី​សាធារណៈ​ឲ្យ​មនុស្ស​ទាំងអស់ បានដឹង​អំពី​បញ្ហា​សិទ្ធិ​ទាំងអស់​ហ្នឹង វា​មិនមែន​ជា​របស់​ក្រុម​ណាមួយ របស់​អ្នក​ណាមួយ​ទេ អ៊ីចឹង​យើង​មានការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ណាស់​ចំពោះ​ការ​មិន​អនុញ្ញាត​ឲ្យ​នេះ។ អ៊ីចឹង​យើង​ទទូច​ស្នើសុំ​ឲ្យ​ពិនិត្យមើល​ឡើងវិញ ទៅលើ​សេចក្ដី​សម្រេច​នេះ»។

រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» ត្រូវ​រង​ការរិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ថា បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ជា​ពិសេស​ការរំលោភ​សិទ្ធិ​ស្ត្រី ដែល​ឈឺឆ្អាល​បញ្ហា​សង្គម តាមរយៈ​ការ​ប្ដឹង​ផ្ដល់​ពួកគេ​ទៅ​តុលាការ ការ​គំរាមកំហែង និង​ការ​ចាប់ខ្លួន​មនុស្ស​ដាក់​ពន្ធនាគារ ។ បច្ចុប្បន្ន​ស្ត្រី ដែល​ចូលរួម​កិច្ចការ​សង្គម និង​នយោបាយ កំពុង​ជាប់ពន្ធនាគារ រួមមាន​មេធាវី​ខ្មែរ​សញ្ជាតិ​អាមេរិក កញ្ញា សេង ធារី សកម្មជន​បរិស្ថាន កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និង​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កញ្ញា ភឹង សោភា រួម​ទាំង​លោកស្រី សែម សុផល ជាដើម កំពុង​ជាប់​ពន្ធនាគារ ដោយសារ​ការ​បញ្ចេញមតិ និង​ទាមទារ​យុត្តិធម៌​សង្គម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ