

សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី១ ធ្នូ នេះ សម្រេចមិនដោះលែង សកម្មជនមាតាធម្មជាតិទាំង ៥ នាក់ឱ្យមានសេរីភាពនោះឡើយ។ គ្រួសារជនរងគ្រោះ និងសង្គមស៊ីវិលសម្ដែងការខកចិត្តចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍បែបនេះ។
សកម្មជនមាតាធម្មជាតិ កញ្ញា ភួន កែវរស្មើ ប្រាប់ចៅក្រមថា កញ្ញាមិនធ្វើអ្វីខុសដូចការចោទប្រកាន់របស់តុលាការទេ ទើបសុំនៅក្រៅឃុំ ។ រីឯលោក លី ចាន់ដារ៉ាវុធ ប្រាប់ចៅក្រមដែរថា លោកជាយុវជន ដែលបានបំពេញការងារ ការពារបរិស្ថានដោយស្ម័គ្រចិត្ត រហូតមានការទទួលស្គាល់ជាអន្តរជាតិ ហើយសហគមន៍អន្តរជាតិ ថែមទាំងបានផ្ដល់រង្វាន់ឱ្យក្រុមរបស់លោក ដូច្នេះមិនគួរតុលាការចាប់។
ការអះអាងនេះ ធ្វើឡើងក្នុងពេលសវនាការសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី១ ខែធ្នូនេះ លើបណ្ដឹងរបស់មេធាវីការពារក្ដីសកម្មជនបរិស្ថានទាំង ៥នាក់ ដែលសុំឱ្យតុលាការដោះលែងពួកគាត់។ យ៉ាងណា តុលាការសម្រេចមិនដោះលែងសកម្មជន បរិស្ថានទាំង ៥នាក់ទេ គឺបន្តតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានី ភ្នំពេញទុកជាបានការដដែល ។ សកម្មជនបរិស្ថានទាំង ៥នាក់ រួមមានលោក ថុន រដ្ឋា លោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែងរស្មី និងកញ្ញា ឡុង គន្ធា ដែលកំពុងជាប់ឃុំជាង១ឆ្នាំ ៤ខែហើយ។
ម្ដាយរបស់លោក លី ចាន់ដារ៉ាវុធ សម្ដែងការសោកស្ដាយ ចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ហើយសង្ឃឹមថា តុលាការកំពូលនឹងផ្ដល់សេរីភាពឱ្យកូនរបស់គាត់ និងសកម្មជនបរិស្ថានជាមិត្តភក្ដិផ្សេងទៀតនៅថ្ងៃក្រោយ។ លោកស្រី ថា លី ចាន់ដារ៉ាវុធ ជាកូនប្រុស និងសហការីចូលរួមការពារបរិស្ថាន ដោយសេចក្ដីស្រឡាញ់ពេញចិត្តក្នុងគោលបំណងថែរក្សាធនធានធម្មជាតិ និងការពារសម្បត្តិជាតិ ដើម្បីប្រយោជន៍មនុស្សជំនាន់ក្រោយ និងពុំមានគំនិតមិនល្អចំពោះអ្នក ណាឡើយ។
ម្ដាយលោក លី ចាន់ដារ៉ាវុធ៖ «សង្ឃឹមថា តុលាការនឹងដោះលែងនៅថ្ងៃណាមួយ ដោយសារតែពួកគាត់ជានិស្សិតដែលត្រូវរៀនបន្តទៅថ្នាក់អនុបណ្ឌិត ហើយអ្នកខ្លះមិនចប់ថ្នាក់បរិញ្ញាបត្រផង។ អ៊ីចឹងពួកគាត់សុទ្ធតែនិស្សិត ជាធនធានរបស់កម្ពុជាមួយដែរ ក្នុងនាមគាត់ជាពលរដ្ឋខ្មែរម្នាក់ អ៊ីចឹងគួរដោះលែងឱ្យគាត់មានសិទ្ធិចូលរៀនឡើងវិញ អ្នកខ្លះបន្តទៅបរិញ្ញាបត្របញ្ចប់ឆ្នាំ អ្នកខ្លះនឹងរៀនបន្តទៅអនុបណ្ឌិត»។
រីឯលោកស្រី ប៉ាត់ រស្មី ដែលជាភរិយារបស់លោក ថុន រដ្ឋា ប្រាប់ទូរទស្សន៍អាស៊ីសេរីថា តុលាការគួរណាស់តែពិចារណា ដោះលែងសកម្មជនទាំង ៥នាក់ ពីព្រោះ ពួកគាត់ជាមនុស្សស្អាតស្អំ។
លោកស្រី ប៉ាត់ រស្មី៖ «សកលលោកបានទទួលស្គាល់ពួកគាត់ ជាយុវជនដែលបានការពារបរិស្ថាន ពួកគាត់បានពានពីពិភពលោកទៀត ពិភពលោកទទួលស្គាល់ ហើយប្រគល់ពានឱ្យគាត់អ៊ីចឹង។ យើងឃើញថា នៅប្រទេសយើងអ្នកធនធានធម្មជាតិបែបជាជាប់ពន្ធនាគារទៅវិញ ហើយអ្នកដែលបំផ្លាញបែរជាមានសេរីភាពវាអត់យុត្តិធម៌សម្រាប់គាត់ទេ»។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យី សុខសាន្ដ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា សង្គមស៊ីវិលសម្ដែងការខកចិត្តខ្លាំង ចំពោះការមិនផ្ដល់សេរីភាពឱ្យសកម្មជនបរិស្ថានទាំង ៥នាក់ ទោះបីជាពួកគាត់បានធានាអះអាងថា ពួកគាត់ ព្រមគោរពតាមនីតិវិធីរបស់តុលាការនៅពេលដោះលែងឱ្យនៅក្រៅឃុំ។
លោក យី សុខសាន្ដ៖ «ខកចិត្តទៅនឹងការឃុំរបស់តុលាការដែលឃុំខ្លួនទៅលើពួកគាត់ ដែលពួកគាត់ជាអ្នកធ្វើការងារសង្គម។ និយាយស្មាទោសវាមិនបានស្មើនឹងអាពួកកាប់ដាវផង។ ពួកកាប់ដាប់រញ៉េរញ៉ៃជាប់ទោសតិចជាងគាត់ទៀត ដែលចង់ធ្វើឱ្យប៉ះពាល់ដល់សង្គម ប៉ុន្តែពួកគាត់គឺអ្នកជួយសង្គម ជាអ្នកធ្វើការសង្គមខាងបរិស្ថានជួយដល់រាជរដ្ឋាភិបាលបំពេញ[ចំណុចខ្វះចន្លោះ]របស់រដ្ឋាភិបាលបែបជាត្រូវជាប់គុក។ ពួកគាត់ម្នាក់ៗនិយាយឡើងយំ អួលដើមក ដោយសារតែគាត់ ចង់ធ្វើការងារសង្គមបែបជាត្រូវទទួលទោសដោយតុលាការ ឬសមត្ថកិច្ចចាប់គាត់ដាក់ពន្ធនាគារ»។
កាលពីខែកក្កដា ឆ្នាំ២០២៤ សកម្មជនចលនាមាតាធម្មជាតិចំនួន ៥នាក់ លោក ថុន រដ្ឋា លោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែងរស្មី និងកញ្ញា ឡុង គន្ធា ត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារពី ៦ឆ្នាំ ទៅ ៨ឆ្នាំ ពីបទចោទ «បទរួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ» ។ សកម្មជនបរិស្ថានទាំង៥នាក់នេះ ជាម្ចាស់ពានរង្វាន់អន្តរជាតិចំនួនពីរ គឺ ពានរង្វាន់សកម្មជនជួរមុខ (Frontline Defenders) កាលពីឆ្នាំ២០២១ និងពានរង្វាន់ រ៉ៃត៍ ឡៃហ្វ៍លីហ៊ូដ (Right Livelihood) កាលពីឆ្នាំ២០២៣ ដោយសារសេចក្ដីលះបង់ និងសេចក្ដីក្លាហានប្រថុយគ្រោះថ្នាក់ ដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិនៅប្រទេសកម្ពុជា។
ស្របពេលជាមួយគ្នាដែរ ចលនាមាតាធម្មជាតិ អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេសនាំគ្នាបញ្ចេញសំឡេង ដើម្បីបញ្ឈប់ភាពអយុត្តិធម៌លើសកម្មជនមាតាធម្មជាតិ និងលើប្រជាពលរដ្ឋខ្មែរទូទៅនៅប្រទេសកម្ពុជា ។ ចលនាការពារបរិស្ថាននេះ ក៏កំពុងធ្វើយុទ្ធនាការយ៉ាងសកម្មជាមួយអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) អង្គការលើកលែងទោសអន្តរជាតិនៅប្រទេសបារាំង (Amnesty International France) និងរួមសកម្មភាពជាមួយពលរដ្ឋខ្មែរនៅបារាំង ក្នុងការធ្វើពិធីអុជទាននៅក្នុងទីក្រុងប៉ារីស ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសេរីភាពរបស់សកម្មជនបរិស្ថានទាំង ៥នាក់៕









