
ដោយ ទីន ហ្សាការីយ៉ា
រាប់មកទល់នឹងថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៥ គឺមានរយៈពេល៨ឆ្នាំហើយ ដែល រដ្ឋាភិបាល ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលាយគណបក្សសង្រ្គោះជាតិ។
ក្រោយពីអវត្តមានគណបក្សប្រឆាំង កម្ពុជាបានក្លាយទៅជាប្រទេសដែលគ្រប់គ្រងផ្ដាច់មុខរបស់ត្រកូលហ៊ុន និង ជាប្រទេសបិទសិទ្ធិសេរីភាព។
អ្នកតាមដានការបោះឆ្នោតនិងនយោបាយ លើកឡើងថា កម្ពុជាក្លាយទៅជាប្រទេសដែលមានត្រកូលតែមួយ ដឹកនាំបែបឯកបក្ស ទោះបីជាសភាជាតិអាណត្តិទី៧ មានពីរគណបក្សក៏ដោយ។
លោក គឹម សុខ ប្រធានស្ថាប័នយុទ្ធសាស្ត្រ និង ជាអ្នកនាំពាក្យ នៃរដ្ឋាភិបាល និរទេសដែលទើបតែបង្កើតដោយលោក សម រង្ស៊ី ដែលគេអោយឈ្មោះថារដ្ឋាភិបាល កម្ពុជាឯករាជ្យ ២៣តុលា មានប្រសាសន៍ ថា គិតចាប់តាំងអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានរំលាយគណបក្សសង្រ្គោះជាតិ តាំងពីឆ្នាំ២០១៧មក ត្រកូលហ៊ុន បានក្ដោបក្ដាប់អំណាចទាំងមូល រួមមាន អំណាចតុលាការ នីតិប្បញ្ញត្តិ និងអំណាចប្រតិបត្តិ។ លោកថា អ្នកដែលមានមតិផ្ទុយ ឬ គណបក្សប្រឆាំង ត្រូវបានអាជ្ញាធររបបត្រកូលហ៊ុនចាប់ញាត់គុកឥតត្រាប្រណី។
លោក គឹម សុខ៖ «ក្រោយពីអវត្តមានគណបក្សប្រឆាំង(សង្គ្រោះជាតិ) កម្ពុជាក្រោមដឹកនាំដោយគ្រួសារមួយមិនមែនដោយគណបក្សមួយទេគឺត្រកូល “ហ៊ុន”។ កម្ពុជាបាត់បង់ទាំងស្រុងនូវមូលដ្ឋានប្រជាធិបតេយ្យ ពីព្រោះការបោះឆ្នោតគេបើកឱ្យអ្នកណាបោះក៏បាន និងគេ (ត្រកូលហ៊ុន) បិទអ្នកគណបក្សនយោបាយណាក៏បាន គេបើកឱ្យអ្នកនយោបាយណាក៏បាន ស្រេចតែគេ»។
អ្នកដែល ត្រូវបានក្រុមលោក ហ៊ុន សែន ចាប់ដាក់គុក រួមមានសកម្មជនដីធ្លី សកម្មជនអង្គការមាតាធម្មជាតិ សកម្មជននយោបាយ មេដឹកនាំសហជីព និង មេដឹកនាំគណបក្សនៅក្រៅរដ្ឋាភិបាល ដូចជា លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិជាដើម។ ការចាប់ខ្លួនមនុស្សទាំងនេះដាក់ពន្ធនាគារគ្មានគណបក្សណាមួយងើបតវ៉ា ហើយក៏គ្មានតំណាងរាស្ត្រណាម្នាក់ហ៊ានសម្ដែងមតិនៅក្នុងសភា និងនៅទីលានប្រជាធិបតេយ្យដូចកាលពីមុនទៀតដែរ។
ក្រោយពីអវត្តមានគណបក្សប្រឆាំង ដែលមានពលរដ្ឋបោះឆ្នោតគាំទ្រ ជាង ៣លាននាក់ (ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ ២០១៧) ធ្វើឲ្យរាស្ត្រម្ចាស់ឆ្នោត រងាគ្មានអ្នកតំណាង ដោយសារតែតំណាងរាស្ត្រទាំង ៥៥រូប ត្រូវជាប់បម្រាមនយោបាយរយៈពេល ៥ឆ្នាំ។ រីឯមន្ត្រីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត ក្នុងជួរក្បាលម៉ាស៊ីនដឹកនាំរបស់បក្សប្រឆាំង ក៏ជាប់បម្រាមនេះដែរ។ ជាងនេះទៅទៀត តំណាងពលរដ្ឋនៅមូលដ្ឋាន ៥.០០៧ នាក់ ដែលជាប់ជាក្រុមប្រឹក្សាឃុំសង្កាត់នៅជិត ៥០០ (៤៨៩) ឃុំសង្កាត់ ក៏បាត់បង់ឱកាសបម្រើរាស្ត្រម្ចាស់ឆ្នោត ដោយសារតែរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានប្លន់យកតួនាទីរបស់ពួកគាត់។
លើសពីនេះទៀត រាល់បញ្ហាទុក្ខកង្វល់ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ត្រូវបានគេមើលរំលង ដូចជាបញ្ហាស្រូវធ្លាក់ថ្លៃឬគ្មានទីផ្សារ បញ្ហាអាជ្ញាធរថៃបណ្ដេញពលរដ្ឋចេញពីផ្ទះនៅខែត្របន្ទាយមានជ័យ កាលពីពេលថ្មីៗនេះជាដើម។ គ្មានតំណាងរាស្ត្រណាម្នាក់កោះហៅតំណាងរដ្ឋាភិបាលមកសួរនាំ ឬចុះទៅជួយពលរដ្ឋដែលជួបប្រទះបញ្ហាលំបាកទាំងនេះឡើយ។
ម្យ៉ាងវិញទៀតរាល់ការតវ៉ា ការជួបជុំ ការប្រមូលផ្តុំគ្នា ដើម្បីលើកពីកង្វល់ផ្សេងៗ ត្រូវរងការបង្ក្រាបពីអាជ្ញាធររដ្ឋ និងអ្នកខ្លះរងការចោទប្រកាន់ថា បង្កើតចលនាបដិវត្តពណ៌ ឬចលនាឧទ្ទាមក្រៅច្បាប់ជាដើម។ អ្នកខ្លះទៀត រត់ភៀសខ្លួនទៅក្រៅប្រទេស ដើម្បីគេចផុតពីការតាមធ្វើទុក្ខបុកម្នេញ។
ក្រៅពីគោលដៅបង្ក្រាបអ្នករិះគន់ ឬគណបក្សប្រឆាំងនោះ លោក ហ៊ុន សែន ក៏បង្រ្កាបអតីតកូនចៅរបស់ខ្លួនដែរ ឱ្យតែហ៊ានរិះគន់ពីការដឹកនាំរបស់ត្រកូលហ៊ុន។ ជាក់ស្ដែងអតីតឧត្តមសេនីយ៍យោធាផ្កាយ១ លោក លី ដាវីត បានសរសេរសារលើហ្វេសប៊ុករបស់ខ្លួន រិះគន់ លោក ហ៊ុន សែន ថា ធ្វើអ្វីៗ ដើម្បីការពារអំណាច និងដឹកនាំកម្ពុជាទាំងល្ងង់ខ្លៅនោះ ត្រូវបានតុលាការចាប់ខ្លួនភ្លាម។
លោក ហ៊ុន សែន ធ្វើអ្វីៗគ្រប់បែបយ៉ាង ទោះជាត្រូវកម្ទេចបក្សប្រឆាំងនិងពលរដ្ឋស្លូតត្រង់ រួមទាំងមនុស្សនៅក្នុងបក្សរបស់ខ្លួនបែបនេះ ដើម្បីមហិច្ឆតារក្សាស្ថិរភាពអំណាច និងផែនការផ្ទេរអំណាចតពូជ។ ជាក់ស្ដែង រដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្រ្តី បានរៀបចំការបោះឆ្នោតបែបឆ្ពិនភ្នែក ដោយមានគណបក្សមួយចំនួនចូលរួមនៅឆ្នាំ២០១៨។ លទ្ធផលនៃការបោះឆ្នោតនេះ គ្មានគណបក្សណាមួយទទួលបានអាសនៈ ក្រៅពីគណបក្សប្រជាជនកម្ពុជារបស់លោកឡើយ។
ដោយកាន់អំណាចផ្តាច់មុខគ្មានគូប្រកួតនៅគ្រប់លំដាប់ថ្នាក់បែបនេះ ទាំងមន្ត្រីរដ្ឋាភិបាល ទាំងសមាជិកសភា មិនសូវរវីរវល់យកចិត្តទុកដាក់នឹងពលរដ្ឋឡើយ។
អ្នកតាមដានការបោះឆ្នោតនៃអង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស មានប្រសាសន៍ថា អាណត្តិទី៦នេះជាអាណត្តិដែលសមាជិកសភាអសកម្ម មិនសូវបានធ្វើការបំរើម្ចាស់ឆ្នោតទេ។ រាល់ទុក្ខកង្វល់របស់ពលរដ្ឋមិនត្រូវបានដោះស្រាយពិសេសរឿងទំនាស់ដីធ្លី និងសិទ្ធិសំដែងមតិផ្សេងៗត្រូវបានរិតត្បិតកាន់តែខ្លាំង។
លោក កន សាវាង្ស៖ «កាលពីអាណត្តិទី៥ សម័យគណបក្សសង្រ្គោះជាតិនៅយើងឃើញមានការជជែកគ្នាយ៉ាងសកម្មនៅក្នុងសភា តំណាងរាស្ត្រសកម្ម ការជជែកគ្នាធ្វើច្បាប់ក៏ដោយការចុះមូលដ្ឋានក្ដី។ អាណត្តិទី៦គ្មានសកម្មទេ ដោយសារតែមានបក្សតែ១។ អាណត្តិទី៧នេះវិញ គឺមានគណបក្សពីរនៅក្នុងសភាក្ដី តែមិនគ្រប់កូរ៉ុម»។
ប្រជាពលរដ្ឋ សកម្មជនបក្សប្រឆាំងរស់នៅក្នុងស្ថានភាពភាពធុញថប់។ មកដល់ការរៀបចំការបោះឆ្នោតអាណត្តិថ្មីទៀតក្នុងឆ្នាំ២០២៣គឺពលរដ្ឋ និងសកម្មជនគណបក្សប្រឆាំងហាក់បីដូចជា មានសង្ឃឹមវិញខ្លះ ដោយឃើញគណបក្សដែលជាព្រលឹងរបស់លោក សម រង្ស៊ី ប្រកាសចូលរួមការបោះឆ្នោតគឺគណបក្សភ្លើងទៀន។ ផ្ទុយទៅវិញ ក្ដីសង្ឃឹមនេះ ត្រូវបានរលាយទៅវិញ ដោយសារតែអាជ្ញាធរនៃរបបលោក ហ៊ុន សែន មិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតអាណត្តិទី៧បាន។
មិនយូរប៉ុន្មាន លោក ហ៊ុន សែន បានមើលឃើញពីផែនការផ្ទេរអំណាចកាន់តែច្បាស់ និងលែងជាឧបសគ្គទៀតហើយ។ លោកបានប្រកាសជាសាធារណៈនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ថា លោកនឹងចុះចេញពីតំណែង ហើយកូនប្រុសច្បងរបស់លោក នឹងឡើងដឹកនាំប្រទេសបន្តពីលោក។
ការប្រកាសនេះ គឺធ្វើឡើងបន្ទាប់ពីការបោះឆ្នោតអាណត្តិទី៧ ដែលគេបានរៀបចំឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីជាថ្មីម្ដងទៀត ដោយគ្មានដៃគូ ឬគណបក្សប្រឆាំងដ៏ធំជាងគេចូលរួមប្រកួត។ សភាជាតិបានបើកសម័យប្រជុំនៅថ្ងៃទី២២សីហាឆ្នាំ២០២៣ ដើម្បីបោះឆ្នោតគាំទ្រ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដោយគ្មានការជំទាស់ពីសមាជិកសភាណាមួយឡើយ ទោះបីជាសភាអាណត្តិទី៧នេះ មានតំណាងរាស្រ្តមកពីគណបក្សហ៊្វុនស៊ិនប៉ិច ៥អាសនៈក្ដី។
ទោះបីរដ្ឋសភា មានអំណាចត្រួតពិនិត្យសកម្មភាព របស់រដ្ឋាភិបាលរហូតដល់អាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រាជរដ្ឋាភិបាលក៏ដោយ ប៉ុន្តែសមាជិកសភា មិនត្រឹមតែមិនបានប្រើប្រាស់អំណាចរបស់ខ្លួន ឱ្យសមតាមគន្លងប្រជាធិបតេយ្យដែលរដ្ឋធម្មនុញ្ញបានប្រគល់អំណាចឱ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយ ជាស្ថាប័នចាំតែប្រថាប់ត្រា ឬសម្រួលកិច្ចការជាប្រយោជន៍នយោបាយជូនដល់ ឪពុកនិងកូនតែប៉ុណ្ណោះ។ ជាក់ស្ដែងដូចជាការធ្វើវិសោធនកម្មច្បាប់ ស្ដីពីការរៀបចំការបោះឆ្នោត ច្បាប់ស្ដីពីគណបក្សនយោបាយ “ច្បាប់ដាក់ប្រទេសនៅក្នុងភាពអាសន្ន” និង ថ្មីៗនេះ “វិសោធនកម្ម ច្បាប់ដកសញ្ជាតិ” ជាដើម។ ការធ្វើវិសោធនកម្ម និងការធ្វើច្បាប់ទាំងនេះ គ្មានសមាជិកសភារូបណា ហ៊ានងើបជំទាស់ ដូចដែលសមាជិកសភាគណបក្សសង្រ្គោះជាតិធ្លាប់ធ្វើកាលពីមុនទៀតនោះទេ។
របាយការណ៍អង្គការតម្លាភាពអន្តរជាតិ រកឃើញថា រដ្ឋសភាកម្ពុជាគ្មានអំណាចត្រួតពិនិត្យអ្វីទាំងអស់លើរដ្ឋាភិបាលក្រោយពីអវត្តមានបក្សប្រឆាំង។ ហើយនាយករដ្ឋមន្ត្រីមកពីបក្សប្រជាជនកម្ពុជា មានឥទ្ធិពលកាន់តែខ្លាំង។
គណបក្សប្រឆាំង ឬសំឡេងជំទាស់ ការត្រួតពិនិត្យតាមដានរបស់សភាប្រកបដោយប្រសិទ្ធភាព លើការអនុវត្តរបស់រដ្ឋាភិបាល និងស្ថាប័ននានារបស់រដ្ឋាភិបាលនោះ បានធ្លាក់ចុះស្ទើរតែគ្មានសកម្មភាព។ បញ្ហានេះបានធ្វើឱ្យនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានឥទ្ធិពលហួសប្រមាណច្បាមយកអំណាចផ្ដាច់មុខរបស់ត្រកូលហ៊ុន ហើយច្រានចោលសំឡេងរិះគន់ទាំងឡាយ រួមទាំងសំឡេងជំទាស់ដែលចេញមកពីផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាខ្លួនឯងថែមទៀតផង៕









