ពលរដ្ឋ​មួយចំនួន​ថា រដ្ឋាភិបាល​អសមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​ការឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា

0
268
(ពីស្ដាំ​ជួរ​មុខ) លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្ដម សីហមុនី និង​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ក្នុង​ពិធី​បុណ្យ​ឯករាជ្យជាតិ កាល​ពីថ្ងៃទី៩ វិច្ឆិកា ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត
(ពីស្ដាំ​ជួរ​មុខ) លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្ដម សីហមុនី និង​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ក្នុង​ពិធី​បុណ្យ​ឯករាជ្យជាតិ កាល​ពីថ្ងៃទី៩ វិច្ឆិកា ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត

ប្រជាពលរដ្ឋ​មួយចំនួន លើកឡើង​ថា រដ្ឋាភិបាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន អសមត្ថភាព​ក្នុង​ការ​​​​​​បិទ​បញ្ចប់​ការឈ្លានពាន​របស់​ប្រទេស​ថៃ ដែល​ធ្វើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី និង​ប្រជាពលរដ្ឋ ត្រូវ​យោធា​ថៃ​រំលោភបំពាន​។ ពួកគាត់​លើកឡើង​ថា នៅក្នុង​ជម្លោះព្រំដែន​ជាមួយ​ថៃ កម្ពុជា បាន​ចាញ់​ប្រៀប​ភាគី​ថៃ​ទាំង​យុទ្ធសាស្ត្រ ការទូត និង​សង្គ្រាម​ព័ត៌មាន ប៉ុន្តែ​មេដឹកនាំ បែរជា​ប្រើ​វោហារសាស្ត្រ​អួត​ពី​សមិទ្ធផល និង​បំបិទ​សិទ្ធិ​មិន​ឱ្យ​ប្រជាពលរដ្ឋ​បញ្ចេញមតិ​ទៅវិញ។

ពលរដ្ឋ​លើកឡើង​ថា ពួកគាត់​លែង​មាន​ទំនុកចិត្ត​ទៅលើ​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​អំពើ​ឈ្លានពាន​របស់​ថៃ មក​លើ​បូរណភាព​ទឹកដី​កម្ពុជា​ទៀតហើយ ដោយសារតែ​គោលជំហរ​អត់ធ្មត់ និង​ការ​រក្សា​ភាព​ស្ងៀមស្ងាត់ របស់​មេដឹកនាំ​កម្ពុជា ខណៈ​ថៃ​បាន​រាយ​លួស​បន្លា និង​ដាក់​កង់ឡាន​ព័ទ្ធ​យក​ដី​ភូមិ និង​ចំការ​របស់​ពលរដ្ឋ​នៅ​តាម​តំបន់​ព្រំដែន។

ពលរដ្ឋ​នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ លោកស្រី ចាន់ ស្រីមុំ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ថា លោកស្រី​មិន​ចង់ឱ្យ​កើតមាន​សង្គ្រាម​នោះ​ទេ ប៉ុន្តែ​ក៏​មិន​ចង់​​ឃើញ​មេដឹកនាំ​កម្ពុជា បង្ហាញ​គោលជំហរ​ទន់ជ្រាយ​ហួសហេតុ ដោយ​បណ្ដោយ​ឱ្យ​ថៃ​ចូល​ព័ទ្ធ​បន្លា​លួស​យក​ដី និង​ប្រាសាទខ្មែរ​បាន​ដោយ​ងាយស្រួល​ឡើយ​។ លោកស្រី​លើកឡើង​ថា ក្នុង​វិវាទ​ព្រំដែន​ជាមួយ​ថៃ មេដឹកនាំ​កម្ពុជា​ខ្លាំង​តែ​ពី​ដំបូង ប៉ុន្តែ​ក្រោយ​មក បែរជា​និយាយ​បានតែ​ទ្រឹស្ដី ដោយ​មិនបាន​ប្ដឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ​ឡើយ។

លោកស្រី ចាន់ ស្រមុំ៖ «​ក្នុងនាម​ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់ ខ្ញុំ​បាក់​ទឹកចិត្ត​ណាស់ ព្រោះ​នៅក្នុង​សង្គ្រាម ទាហាន និង​ប្រជាជន​កម្ពុជា​រងគ្រោះ​ច្រើន ហើយ​គាត់​(​មេដឹកនាំ​)​កាន់អំណាច​តែឯង មិន​ចង់​គិត​ពី​ពលទាហាន​ក្មេង​ចាស់​ប្រុស​ស្រី ដែល​ពួកគាត់​ទៅ​ការពារ​ព្រំដែន​ហ្នឹង​។ ទាំង​ប្រជាពលរដ្ឋ​ទាំងអស់ គឺ​រួមគ្នា​ការពារ»។

ការ​ថ្លែង​របស់​ពលរដ្ឋ​រូប​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ក្រុម​យោធា​ថៃ បាន​ចូល​មក​រាយ​បន្លា​លួស​ព័ទ្ធ​យក​ដី​ខ្មែរ​ជា​បន្តបន្ទាប់ នៅ​តំបន់​ប្រាសាទ​នៅ​លើ​ភ្នំ​ដងរែក នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ និង​តំបន់​មួយ​ចំនួន​ទៀត ក្រោយ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ កាលពី​ថ្ងៃទី​២៤ ខែ​កក្កដា ខណៈ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ថា នៅ​តំបន់​ព្រំដែន​មាន​ភាព​ស្ងប់ស្ងាត់ និង​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​រក្សា​ភាព​អត់ធ្មត់។

ពលរដ្ឋ​លើកឡើង​ថា កត្តា​ដែល​ធ្វើ​ឱ្យ​ពួកគាត់ លែង​ជឿជាក់​ចំពោះ​មេដឹកនាំ​កម្ពុជា​មួយ​កម្រិត​ទៀត​នោះ គឺ​ដោយសារ​បញ្ហា​ការ​បិទបាំង​ព័ត៌មាន​សំខាន់ៗ ដែល​មាន​តម្លាភាព នៅ​តំបន់​ព្រំដែន និង​ការ​មិន​អើពើ​ដាក់ពាក្យ​បណ្ដឹង​ករណី​ថៃ ចូល​ឈ្លានពាន​កម្ពុជា និង​រក្សាទុក​ទាហាន​ខ្មែរ​ចំនួន ១៨​នាក់ ដោយ​ខុសច្បាប់ ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ។

​ពលរដ្ឋ​ម្នាក់ទៀត នៅ​ខេត្ត​ឧត្តរមានជ័យ លោក សែម វីរៈ លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​ដោះស្រាយ​បញ្ហា​ថៃ​ឈ្លានពាន​ដោយ​ផ្អែកលើ​យន្តការ​ច្បាប់​អន្តរជាតិ ដោយ​មិន​អាច​ត្រឹមតែ​រក​កិច្ច​គាំពារ និង​ការ​អន្តរាគមន៍​ពី​ប្រទេស​ទី​បី តែ​ម្យ៉ាង​នោះ​ឡើយ។

លោក សែម រីរៈ៖ «យើង​គួរតែ​មាន​វិធានការ​មួយទៀត គឺ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អស់ចិត្ត ឬក៏​ថា ធ្វើសង្គ្រាម​ទៅ គឺ​យើង​អស់ចិត្ត ដោយសារ​បាន​ឈ្នះ និង​ប្ដឹង​ទៅ​តុលាការ ដើម្បី​ឱ្យ​ភាគី​ប្រទេស​សៀម​ទទួលស្គាល់​នូវ​កំហុស ការ​រំលោភបំពាន ក៏ដូចជា​ទទួលស្គាល់​ថា ខ្លួន​បាន​រំលោភបំពាន និង​ឈ្លានពាន​ប្រទេស​កម្ពុជា»។

ពាក់ព័ន្ធ​នឹង​រឿង​វិវាទ​ព្រំដែន​កម្ពុជា និង​ថៃ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា លោក​បាន​ជួបពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) និង​នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) កាលពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ដើម្បី​ពិភាក្សា​អំពី​ការ​វិវត្ត​សភាពការណ៍​តាម​បណ្ដោយ​ព្រំដែន ក្នុង​គោល​បំណង​បន្ត​ជំរុញ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ។

លោក ហ៊ុន ម៉ាណែត បន្ត​ថា លោក ដូណាល់ ត្រាំ បាន​បញ្ជាក់​ជំហរ​ច្បាស់លាស់​ថា លោក​ចង់​ឃើញ​សន្តិភាព​ស្ថិតស្ថេរ​រវាង​កម្ពុជា និង​ថៃ ហើយនឹង​បន្ត​តាមដាន​កិច្ចការ​នេះ​ដោយ​យកចិត្តទុកដាក់ ដើម្បី​ធានា​មិន​ឱ្យ​មានការ​ផ្ទុះអាវុធ​ឡើងវិញ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ នោះ​ឡើយ។

ជំនួប​តាម​ទូរស័ព្ទ​រវាង​មេដឹកនាំ​កម្ពុជា និង​អាមេរិក​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ករណី​ទាហាន​ថៃ បាន​បើក​ការ​បាញ់ប្រហារ​លើ​ប្រជាពលរដ្ឋ​ខ្មែរ ក្នុងភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្មែរ ៣​នាក់​បាន​រងរបួស និង​ស្លាប់​ម្នាក់ កាល​ពី​ថ្ងៃទី​១២ វិច្ឆិកា​។ អំពើ​ហិង្សា​ដោយ​អាវុធ​នេះ បាន​កើតឡើង​ក្រោយពេល​ភាគី​ថៃ​ប្រកាស​ផ្អាក​ការអនុវត្ត សេចក្ដី​ថ្លែងការណ៍​រួម ស្ដីពី​សន្តិភាព​រវាង​កម្ពុជា​-​ថៃ​ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​២៦ ខែ​តុលា នៅ​ចំពោះមុខ​មេដឹកនាំ​អាមេរិក និង​ម៉ាឡេស៊ី និង​ក្រោយពេល​ទាហាន​ថៃ​ចំនួន​ពីរ​នាក់​បាន​ដើរ​ជាន់​មីន​ផ្ទុះ​ដាច់​កជើង និង​រង​របួស​ដោយ​ភាគី​ថៃ​ចោទ​ថា ជា​មីន​ថ្មី​កម្ពុជា​ដាក់ បើ​ទោះ​ជា​កម្ពុជា​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ​ក៏ដោយ។

ក្នុង​ករណី​នេះ មេដឹកនាំ​កម្ពុជា​បាន​ប្ដេជ្ញា​ថា នឹង​មិន​នៅ​ស្ងៀម ដោយ​ត្រូវ​អូស​ក​ថៃ​ឱ្យមក​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការ​រំលោភបំពាន​យ៉ាង​កំរោល​បែប​នេះ។

ជុំវិញ​រឿង​នេះ ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ការស្វែងរក​កិច្ច​អន្តរាគមន៍ ពី​ប្រទេស​ទី​បី គឺ​មាន​ភាព​ផុយស្រួយ និង​មិន​អាច​ដាក់​សម្ពាធ​ឱ្យ​ថៃ គោរព​តាម​កិច្ចព្រមព្រៀង​នោះ​ឡើយ ដោយសារតែ​ភាគី​ជម្លោះ​នីមួយៗ បាន​ទៅ​ស្វែងរក​ការ​គាំទ្រ ពី​ប្រទេស​មហាអំណាច​រៀងៗ​ខ្លួន ដែល​កត្តា​នេះ និង​បង្ក​ទៅជា​ការប្រកួតប្រជែង​គ្នា រវាង​ប្រទេស​មហាអំណាច​ថែមទៀត។

លោក ម៉ែន ណាត៖ «អ្វី​ដែល​រដ្ឋាភិបាល​ចាំបាច់​ធ្វើ​បំផុត យ៉ាងហោចណាស់ ក៏​មាន​៣​ដែរ​។ ទីមួយ​គឺ​ត្រូវ​ពង្រឹង​ផ្នែក​ការទូត​នៅ​កម្រិត​ខ្ពស់​បំផុត ជាមួយ​សហរដ្ឋអាមេរិក និង​ប្រទេស​ដែល​ជា​សាក្សី​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព នៅ​ទីក្រុង​កូឡាឡាំពួរ។ ទី​ពីរ ត្រូវ​បញ្ជូន​ពាក្យបណ្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​។ ចំណុច​ទី​បី គឺ​ត្រូវ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ស្រប​ទៅ​តាម​ស្មារតី​នៃ​លក្ខន្តិកៈ​អង្គការ​សហប្រជាជាតិ មាត្រា​៥១»។

ប្រជាពលរដ្ឋ​លើកឡើង​ថា មេដឹកនាំ​កម្ពុជា គួរតែ​ចុះ​ចេញពី​តំណែង ប្រសិនបើ​មិន​អាច​ទប់ស្កាត់​ការឈ្លានពាន​របស់​ថៃ​មក​លើ​បូរណភាព​ទឹកដី​បាន​ទេ​នោះ ព្រោះ​បញ្ហា​វិវាទ​នេះ ពាក់ព័ន្ធ​ដល់​វាសនា​ប្រទេស​ជាតិ និង​ទទូច​ឱ្យ​រដ្ឋាភិបាល​ត្រូវតែ​ប្ដឹង ករណី​ថៃ​ឈ្លានពាន​ទាំងអស់​នេះ ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ជា​បន្ទាន់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ