ដោយ សុជីវី
មន្ត្រីគណបក្សសង្រ្គោះជាតិមួយចំនួនបានចេញទៅបើកគណបក្សនយោបាយថ្មីៗជាបន្តបន្ទាប់ នៅក្រោយពេលដែលតុលាការកំពូលនៅក្រោមរបបដឹកនាំរបស់លោក ហ៊ុន សែន បានរំលាយគណបក្សប្រឆាំងដ៏ធំមួយនេះកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
នៅក្នុងរយៈពេល៨ឆ្នាំមកនេះ តើមានគណបក្សណាខ្លះ ដែលមានស្ថាបនិកជាអតីតមន្ត្រីគណបក្សសង្រ្គោះជាតិ ?
គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ដែលជាថ្ងៃខួប៨ឆ្នាំនៃការរំលាយគណបក្សសង្រ្គោះជាតិមានគណបក្សនយោបាយយ៉ាងតិចចំនួន ៨ ជាគណបក្សបង្កើតដោយអតីតមន្ត្រីគណបក្សនេះ។
គណបក្សនីមួយៗសុទ្ធតែបានបង្ហាញថា ខ្លួនមានគោលនយោបាយគាំពារសិទ្ធិមនុស្ស ប្រជាធិបតេយ្យ យុត្តិធម៌សង្គម បំបាត់អំពើពុករលួយ ការរួបរួម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍនជាតិជាដើម ឬនិយាយឱ្យខ្លីថាបន្តស្មារតីគណបក្សសង្រ្គោះជាតិ។
ក្នុងចំណោមគណបក្សទាំងនោះ គណបក្សដែលលេចធ្លោគឺគណបក្សឆន្ទៈខ្មែរ ព្រោះមានសមាជិកព្រឹទ្ធសភាចំនួន៣អាសនៈ បន្ទាប់ពីគណបក្សនេះបានចូលរួមបោះឆ្នោតព្រឹទ្ធសភាជួសមុខឱ្យគណបក្សភ្លើងទៀន។ ស្ថាបនិកគណបក្សនេះ គឺលោក គង់ មុនីកា ដែលជាកូនប្រុសរបស់លោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ។ គណបក្សឆន្ទៈខ្មែរ បានចងសម្ព័ន្ធភាពជាមួយគណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា និងគណបក្សកម្ពុជានិយម ឬគណបក្សប្រជាធិបតេយ្យជឿនលឿន។
សម្ព័ន្ធភាពរបស់គណបក្សទាំង៥នេះមានឈ្មោះថា «សម្ព័ន្ធភាពឆ្ពោះទៅអនាគត»។
គណបក្សកែទម្រង់កម្ពុជាក៏មានស្ថាបនិកជាអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែរគឺ លោក អ៊ូ ច័ន្ទរ័ត្ន។
ចំណែកគណបក្សកម្ពុជានិយមវិញ គណបក្សនេះបានដូរទៅជាគណបក្សប្រជាធិបតេយ្យជឿនលឿន នៅខែកញ្ញា ឆ្នាំ២០២៥នេះ។ គណបក្សនេះត្រូវបានបង្កើតឡើង ដោយអតីតតំណាងរាស្ត្របក្សសង្រ្គោះជាតិមួយរូបទៀតគឺលោក យ៉ែម បុញ្ញឫទ្ធិ។ គណបក្សនេះឈ្នះបានជំទប់ទី២ឃុំ មួយអាសនៈនៅក្នុងការបោះឆ្នោតឆ្នាំ២០២២។
បើរំឭកពីការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៣ វិញ គណបក្សដែលប្រទាញប្រទង់អង្គបោះឆ្នោតជាមួយគណបក្សឆន្ទៈខ្មែរ គឺគណបក្សកម្លាំងជាតិ។ គណបក្សនេះក៏កើតចេញពីកម្លាំងអតីតមន្ត្រីគណបក្សសង្រ្គោះជាតិដែរ។ ស្ថាបនិក និងជាអតីតប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ក៏មានវាសនាមិនខុសគ្នាពីអតីតមន្រ្តីបក្សសង្រ្គោះជាតិ និងគណបក្សភ្លើងទៀនជាច្រើននាក់ទៀតដែរ គឺត្រូវអាជ្ញាធរចាប់ដាក់ពន្ធនាគារក្រោយលោកបង្កើតគណបក្សនេះរួច។ លោក រ៉ុង ឈុន ដែលហៀបនឹងទៅដឹកនាំបក្សនេះជំនួស លោក ស៊ុន ចន្ធី ក៏ត្រូវរងការគំរាមកំហែងចាប់ដាក់ពន្ធនាគារសាជាថ្មី និងរំលាយគណបក្សនេះចោលថែមទៀត។
ក្រៅពីនេះក៏មានគណបក្សរបស់សមាជិកគណបក្សសង្រ្គោះជាតិ ដែលកើតមកហើយ តែមិនបានឃើញពន្លឺថ្ងៃស្រួលបួល នោះគឺគណបក្សបេះដូងជាតិរបស់លោក សៀម ភ្លុក។ អាជ្ញាធរបានលុបឈ្មោះគណបក្សនេះចេញពីបញ្ជីវិញភ្លាមៗបន្ទាប់ពីចុះបញ្ជីរួច ហើយថែមទាំងចាប់ខ្លួនប្រធាន រួមនឹងមេដឹកនាំមួយចំនួនទៀតដាក់ពន្ធនាគារ២ឆ្នាំ ដោយចោទថាបានក្លែងឯកសារស្នាមមេដៃសមាជិក។
រីឯគណបក្សកើតក្រោយគេបង្អស់គឺគណបក្សជំនាន់ថ្មីដែលត្រូវបានបង្កើតឡើងដោយ លោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ កាលពីខែមេសាឆ្នាំ២០២៤។ ប្រធានគណបក្សនេះអះអាងថា គណបក្សនេះជាប៉ូលនយោបាយថ្មីសម្រាប់ប្រកួតប្រជែងការបោះឆ្នោតជាមួយមនុស្សជំនាន់ថ្មីរបស់គណបក្សកាន់អំណាច។
លោក មាជ សុវណ្ណារ៉ា ទទួលស្គាល់ថា ការរួមគ្នារវាងគណបក្សតូចៗជារឿងល្អ និងមានកម្លាំងខ្លាំង ដើម្បីយកឈ្នះបក្សកាន់អំណាច។ ប៉ុន្តែលោកក៏ចង់ឃើញគណបក្សទាំងនោះពង្រឹងសមត្ថភាពរៀងៗខ្លួនដែរ។
លោក មាជ សុវណ្ណារ៉ា៖ «អតីតអ្នកតំណាងរាស្រ្ត អតីតមន្ត្រីជាន់ខ្ពស់ហ្នឹង សូមឱ្យគាត់ពង្រឹងគណបក្សរៀងៗខ្លួន ដើម្បីបង្ហាញសមត្ថភាព បង្ហាញនូវកម្លាំងរបស់ខ្លួនរៀងៗខ្លួន ហើយយើងដឹងហើយការចងសម្ព័ន្ធបែបណា គឺការបោះឆ្នោតជិតមកដល់ចាំយើងមានផែនការបែបណា យើងគង់តែមានការរួបរួមទៅថ្ងៃអនាគត»។
គណបក្សសង្រ្គោះជាតិជាតឹកតាងបញ្ជាក់ច្បាស់ថា ការរួបរួមគឺជាកម្លាំង ដោយគណបក្សនេះទទួលបានសំឡេងគាំទ្ររបស់ម្ចាស់ឆ្នោតសន្ធឹកសន្ធាប់នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ កាលពីឆ្នាំ២០១៧។
ទាក់ទងនឹងការរួមរួមនេះ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន មើលឃើញថា ដើម្បីអាចឱ្យគណបក្សតូចៗអាចរួមរួមគ្នាបានកត្តាចម្បងគឺជំហរនយោបាយ។
លោក រ៉ុង ឈុន៖ «បើការរួបរួមយើងមិនបានជជែកពីជំហរនយោបាយ រួបរួមទៅក៏មិនខ្លាំងដែរ ពីព្រោះជំហរនយោបាយខុសគ្នា។ ការរួបរួមខ្លាំងទៅបានលុះត្រាតែមានជំហរនយោបាយប្រហាក់ប្រហែលគ្នា»។
ទាក់ទងនឹងជំហរនយោបាយបក្សនេះ មានគណបក្សនយោបាយចំនួន ២ទៀត ដែលត្រូវបានបង្កើតដោយមន្ត្រីគណបក្សសង្រ្គោះជាតិដែរ ប៉ុន្តែចុងក្រោយមេដឹកនាំគណបក្សទាំង២នេះបានទៅចូលរួមជាមួយគណបក្សកាន់អំណាច របស់លោក ហ៊ុន សែន។
គណបក្សទាំង២នោះគឺគណបក្សខ្មែរអភិរក្សនិយមរបស់លោក រៀល ខេមរិន្ទ្រ និងគណបក្សខ្មែរស្រឡាញ់ជាតិបង្កើតដោយក្រុមលោក ជីវ កត្តា។ បច្ចុប្បន្នលោក រៀល ខេមរិន្ទ្រ មានឋានៈជាទេសរដ្ឋមន្ត្រីក្នុងតួនាទីជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលបង្កើតដោយលោក ហ៊ុន សែន។ ចំណែកគណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សនេះបានប្រកាសរំលាយខ្លួនឯងកាលពីចុងខែកក្កដាឆ្នាំ២០២២ ក្រោយទទួលបាន៥អាសនៈ ក្នុងការបោះឆ្នោត ឃុំ-សង្កាត់អាណត្តិទី៥។ ភ្លាមៗនោះដែរប្រធានបក្ស លោក ជីវ កត្តា បានទៅចុះចូលជាមួយគណបក្សរបស់លោក ហ៊ុន សែន ដោយប្ដូរបានតំណែងជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា មើលឃើញថា ការរួបរួមគ្នាគឺជារឿងល្អសម្រាប់គណបក្សនយោបាយតូចៗ ប៉ុន្តែពួកគេស្ទើរតែគ្មានឱកាសនឹងរីកធំធាត់នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ។
លោក ឯម សុវណ្ណារ៉ា៖ «អ្នកនយោបាយក៏ថមថយ ហើយការចូលរួមរបស់ពលរដ្ឋហ្នឹងគឺគាត់ចូលរួម ប៉ុន្តែគាត់មិនចេញមុខ ឬធ្វើសកម្មភាពដូចឆ្នាំ២០១៧ទេ។ ក្រោយគណបក្សសង្រ្គោះជាតិរំលាយទៅសកម្មភាពហ្នឹងថយទៅៗ។ ពលរដ្ឋគាត់ត្រូវនៅស្ងៀមស្ងាត់ ដើម្បីសុវត្ថិភាព ហើយតួអង្គប្រជាធិបតេយ្យធំៗបណ្ដាញផ្សព្វផ្សាយ វិទ្យុទូរទស្សន៍ កាសែតឯករាជ្យថយ។ អង្គការសង្គមស៊ីវិល ដែលជ្រោមជ្រែងប្រជាធិបតេ្យក៏ថយសកម្មភាពខ្លួនឯង»។
ក្រុមគណបក្សនយោបាយដែលអះអាងថា ខ្លួននៅតែបន្តកេរដំណែល ឬស្មារតីរបស់គណបក្សសង្រ្គោះជាតិដូចជា៖ គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យជឿនលឿន គណបក្សកែទម្រង់កម្ពុជា គណបក្សកម្លាំងជាតិ និងគណបក្សជំនាន់ថ្មី កំពុងប្រឹងធ្វើសកម្មភាព ដើម្បីត្រៀមចូលរួមការបោះឆ្នោតនៅឆ្នាំ២០២៧ និង២០២៨ខាងមុខ។ ទោះជាយ៉ាងណា ពួកគេជារឿយៗរងការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូលហ៊ុន ដោយសកម្មជននយោបាយជាច្រើននាក់ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់ដោយសារតែការបញ្ចេញមតិ និងសកម្មភាពនយោបាយរបស់ខ្លួន៕










