អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស្ដារ​ប្រជាធិបតេយ្យ​ដើម្បី​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម​ប្រទេស​សេរី ខណៈ​មាន​ជម្លោះព្រំដែន

0
155
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ស្ដារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ ដើម្បី​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម​ប្រទេស ប្រជាធិបតេយ្យ​ធំៗ ខណៈ​ប្រទេស​កម្ពុជា​កំពុង​មាន​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ អះអាង​ថា ប្រទេស​កម្ពុជា​កំពុង​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​រួចហើយ។

អ្នកឃ្លាំមើល​សង្កេត​ឃើញ​ថា ចាប់​តាំង​ពី​​ប្រទេស​កម្ពុជា មាន​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ​មក ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ជាពិសេស​សហរដ្ឋអាមេរិក បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ពន្លត់​ជម្លោះ​ប្រដាប់​អាវុធ​នេះ ខណៈ​ប្រទេស​ចិន ហាក់​ចេញ​មុខ​តិចតួច។ ប្រការ​នេះ​ហើយ ពួកគាត់ យល់​ថា រដ្ឋាភិបាល​ត្រកូល​”ហ៊ុន”​គួរតែ​ងាក​មក​ពង្រឹង​ទំនាក់ទំនង​ជាមួយ ក្រុម​ប្រទេស​លោកសេរី​ឡើងវិញ ដោយ​មិន​ត្រូវ​លម្អៀង​ខ្លាំង​ទៅ​រក​ប្រទេស​ចិន​មួយ​នោះ​ទេ។

ប្រធាន​អង្គការ​សម្ពន្ធ​ខ្មែរ ដើម្បី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក អ៊ិន ណាត មាន​ប្រសាសន៍​ថា ក្នុង​ពេល​ប្រទេស​កម្ពុជា រង​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ថៃ​នេះ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ប្រទេស​ណា​ខ្លះ​គឺ​ជា​មិត្ត​ពិតប្រាកដ​របស់​កម្ពុជា។ លោក​យល់​ថា ដើម្បី​ទទួល​បាន​នូវ​ផលប្រយោជន៍​ទាំង​រឿង​សេដ្ឋកិច្ច ការ​ការពារ​ជាតិ​ ព្រមទាំង​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម​ប្រទេស​លោក​សេរី​នោះ មេដឹកនាំ​កម្ពុជា គួរតែ​ចាប់ផ្តើម​ស្ដារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើង​វិញ ព្រមទាំង​បង្ក្រាប ឧក្រិដ្ឋកម្ម​បោក​តាម​អនឡាញ (Online) ជាដើម។​

លោក អ៊ិន ណាត៖ «យើង​មិន​អាច​ដើរ​តែមួយ​ផ្លូវ​ទេ។យើង​ត្រូវ​ដើរ​ពីរ​ផ្លូវ ជា​ពិសេស​​​​យើង​ដឹង​ហើយ​ថា ចិន​មិន​ធ្វើអ្វី​ដែល​មិន​ចំណេញ​សម្រាប់​ខ្លួន​ឯង​ទេ ព្រោះ​ចិន​ជា​ប្រទេស​កម្មុយនីស្ត។ កាល​ពី​ពេល​យើង​បាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ​យើង​បាន​ដោយសារ​ប្រទេស​ភាគច្រើន​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ ។ ហើយ​សហគមន៍​ដែល​ផ្តល់​ជំនួយ​យើង​ច្រើន​ដូចជា​ជប៉ុន បារាំង អូស្ត្រាលី បាន​ផ្តល់​ជំនួយ​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា»។

កន្លង​មក រដ្ឋាភិបាល​ត្រកូល”ហ៊ុន”បាន​ពង្រឹង​ទំនាក់ទំនង​ដ៏​ស្អិតល្មួត​ជាមួយ​រដ្ឋាភិបាល​ចិន​ដឹកនាំ​ដោយ​លោក ស៊ី ជីនពីង (Xi Jinping )ទាំង​រឿង​សេដ្ឋកិច្ច ការទូត និង​យោធា រហូត​មាន​ការ​ជាប់​សង្ស័យ​រឿង​ផ្តល់​មូលដ្ឋាន​ដល់​កងទ័ព​ជើង​ទឹក​របស់​ចិន​ទៀត​ផង។ ប៉ុន្តែ​រដ្ឋាភិបាល​ត្រកូល”ហ៊ុន” បាន​បង្ក​ភាព​រកាំរកូស​ជា​បន្ត​បន្ទាប់​ជាមួយ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ ជាពិសេស​សហរដ្ឋអាមេរិក (USA) និង​សហភាព​អឺរ៉ុប (EU) រហូត​កម្ពុជា បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្មEBA និង​GSP។ ភាព​រកាំរកូស​នេះ ដោយសារ​តែ​ក្រុម​ប្រទេស​លោកសេរី ទាមទារ​ឲ្យ​កម្ពុជា អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ស្របតាម​រដ្ឋធម្មនុញ្ញ កម្ពុជា។ ទោះជាយ៉ាងណា ក្នុង​ពេល​ប្រទេស​កម្ពុជា និង​ថៃ ផ្ទុះ​សង្គ្រាម​នៅ​តាម​ព្រំដែន​កន្លងមក មិត្ត​ដែក​ថែប​របស់​មេដឹកនាំ​ក្រុងភ្នំពេញ គឺ​ប្រទេស​ចិន ត្រូវ​បាន​គេ​មើល​ឃើញ​ហាក់​ទុក​កម្ពុជា​ចោល​ដោយ​ងាក​ទៅ​ស្និទ្ធស្នាល​ជាមួយ​ប្រទេស​ថៃ​វិញ ខុសពី​សហរដ្ឋអាមេរិក ដែល​បាន​ចេញ​មុខ​ជួយ​ឲ្យ​ប្រទេស​ជិត​ខាង​ទាំងពីរ​ឈប់​ច្បាំង​គ្នា។​

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក អ៊ិន ហេមរ៉ា ថ្លែង​ថា តាំង​ពី​ដើម​មក​ កម្ពុជា មិន​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ពី​ទំនាក់​ទំនង​ជាមួយ​ចិន ដូច​ទំនាក់ទំនង​ជាមួយ​ប្រទេស​លោកសេរី​នោះ​ទេ។ លោក​បន្ត​ថា ស្ថានភាព​បច្ចុប្បន្ន​នេះ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត គួរតែ​ស្ដារ​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក និង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ឡើងវិញ។

លោក អ៊ិន ហេមរ៉ា៖«ពេល​ដែល​យើង​នៅ​ជាមួយ​ចិន មាន​របប​ខ្មែរ​ក្រហម។ឥឡូវ​នេះ​ពេល​យើង​មាន​សង្គ្រាម​ជាមួយ​ថៃ យើង​ឃើញ​មាន​នាយករដ្ឋមន្ត្រី និង​ស្តេច​ថៃ បាន​ទៅ​ជួប​ចិន ខ្មែរ​យើង​ក៏​ជួប​ចិន​ដែរ ប៉ុន្តែ​ចិន​ហាក់​ដូច​មិន​យកចិត្តទុកដាក់​ចំពោះ​ខ្មែរ​យើង​ទេ។ ខ្ញុំ​គិត​ថា ដោយសារ​ផលប្រយោជន៍​សេដ្ឋកិច្ច និង​ផល​ប្រយោជន៍​អី​ផ្សេង ចិន​មិន​ជួយ​យើង​ទេ នេះទី១។ ទី២ អ្នក​ដែល​លោក ហ៊ុន សែន ចោទ​ប្រកាន់​ដូចជា​សហរដ្ឋអាមេរិក គប់គិត​ជាមួយ​លោក កឹម សុខា ក្លាយ​ជា​អ្នក​ព្យាយាម​រក​ដំណោះស្រាយ​ជូន​យើង​ទៅ​វិញ។ ប៉ុន្តែ​ខ្ញុំ​យល់​ថា ដើម្បី​ឲ្យ​ប្រទេស​យើង អាច​ការពារ​ខ្លួនឯង និង​ឆ្ពោះ​ទៅ​រក​សន្តិភាព​នោះ ខ្មែរ​យើង​ត្រូវតែ​រួបរួម​គ្នា សាមគ្គី​គ្នា មិន​យកគ្នា​ជា​សត្រូវ គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ»។

ទាក់ទងនឹងរឿងនេះ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច និង​ជា​អ្នកនាំពាក្យ​ស្ថាប័ន​ព្រឹទ្ធសភា លោក ជា ធីរិទ្ធ ឆ្លើយ​តប​ថា នេះ​គឺ​ជា​ការ​លើក​ឡើង​ដដែលៗ ខណៈ​រដ្ឋាភិបាល​កម្ពុជា កំពុង​អនុវត្ត​តាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ ពហុបក្ស​រួច​ទៅ​ហើយ។

លោក ជា ធីរិទ្ធ៖ «តាំងពីឆ្នាំ១៩៩៣​មក គឺ​យើង​បាន​អនុវត្ត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ យើង​បាន​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​មាន​សេរី​ពហុបក្ស។ បច្ចុប្បន្ន​នេះ យើង​មាន​បក្ស​ដ៏​ច្រើន យើង​មាន​សង្គមស៊ីវិល​ដ៏​ច្រើន ដែល​យើង កំពុង​តែ​អនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ។ ពួកគេ​អាច​សួរ​ថា តើ​កម្ពុជា អនុវត្ត​ប្រជាធិបតេយ្យ​ពេញលេញ​ឬអ​ត់? សំណួរ​នេះ​ឲ្យ​ពួកគេ​សួរ​វិញ​ថា តើ​ប្រទេស​ណា​នៅ​លើ​សកលលោក​នេះ ដែល​អនុវត្ត​ប្រជាធិបតេយ្យ​បាន​ពេញ​លេញ​នោះ ? ប្រទេស​ណា? គឺ​គ្មាន​ទេ វា​តែងតែ​មាន​ការ​ខ្វះ​ចន្លោះ​ហើយ​ការ​ខ្វះ​ចន្លោះ គេ​មាន​ការ​កែប្រែ​ជា​បន្តបន្ទាប់។ បែបហ្នឹង​ឯង វា​ឱ្យ​ល្អ​ឥតខ្ចោះ(Perfect)វា​អត់​មាន​​​​​​​​ទេ»។

ទោះជាយ៉ាងណា អ្នកឃ្លាំមើល​សង្កេត​ឃើញ​ថា មក​ទល់​ពេល​នេះ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ មិន​ត្រឹមតែ​មិន​បាន​កែ​លម្អ​ចំណុច​ខ្វះខាត​នោះ​ទេ ប៉ុន្តែ​ថែមទាំង​កាន់តែ​បន្ត​បំផ្លាញ​គោលការណ៍​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​បំផុត។ ជាក់ស្តែង កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ មេបក្ស​កាន់អំណាច និង​ជា​ឪពុក នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​មិន​អត់​ឱន​ឲ្យ​ជា​ដាច់​ខាត​ទាំង​ចំពោះ​ពលរដ្ឋ និង​ព្រះសង្ឃ​ដែល​ហ៊ាន​បញ្ចេញមតិ​រឿង​បញ្ហា​ព្រំដែន ឬ​ចោទ​ថា រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត ដោះដូរ​ដី​ជា​មួយ​ប្រទេស​ថៃ​ដើម្បី​ដូរ​យក​សន្តិភាព។

សមាជិក​សភា​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​យក​ឱកាស​នេះ គិត​ឡើងវិញ​ក្នុង​ការ​បើក​ឲ្យ​មាន​នូវ​លំហ​សេរីភាព​បញ្ចេញមតិ សេរីភាព​នយោបាយ និង​សេរីភាព​សារព័ត៌មាន ព្រមទាំង​ដោះលែង​អ្នកទោស​នយោបាយ​ជាដើម។ លោក​យល់​ថា ការ​ធ្វើ​ដូច្នេះ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ និង​មិត្តភាព​ប្រសើរ​ជាង​មុន​ជាមួយ​ក្រុម​​ប្រទេស​លោកសេរី​ទាំង​រឿង​សេដ្ឋកិច្ច នយោបាយ និង​ការបរទេស។​

លោក តាក់ ម៉េងហ៊ាង៖ «មែនទែន​ទៅ គឺ​តាមរយៈ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ផង​ដែរ​ហ្នឹង គឺ​បើក​ឲ្យ​មាន​លំហ​ប្រជាធិបតេយ្យ​ពេញលេញ ហើយ​ដោះលែង​អ្នក​ប្រជាធិបតេយ្យ ឬ​អ្នក​ទោស​នយោបាយ ដែល​​​​​​​​​ពេល​ខ្លះ​​យើង​ហៅថា ចំណាប់ខ្មាំង​នយោបាយ ដើម្បី​ឲ្យ​ខ្មែរ​យើង​ទាំងអស់គ្នា នៅ​ទីណា​ក៏​ដោយ អាច​ចូលរួម​​​​​​​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ទាំងអស់​គ្នា។ តាមរយៈ​ផ្លូវ​នេះ ខ្ញុំ​យល់​ថា ពិភពលោក ជា​ពិសេស​សហគមន៍​អន្តរជាតិ ដែល​រង់ចាំ​ចង់​ឃើញ​កម្ពុជា​យើង​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ឲ្យ​មាន​វឌ្ឍនភាព​ពិត​ប្រាកដ ហើយ​​​​​ដូចដែល​យើង​ឃើញ​ហើយ​ថា ការ​ប៉ះទង្គិច​គ្នា ឬ​មួយ​ក៏​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង​បាន​ឆ្លុះ​បញ្ចាំង យ៉ាង​ច្បាស់​ថា ប្រទេស​កម្ពុជា ពិត​ជា​ត្រូវ​ការ​នូវ​មិត្តភក្ដិ ពិត​ជា​ត្រូវ​ការ​នូវ​ទំនាក់ទំនង​ការ​ទូត​ល្អ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗទៀត​នៅ​លើ​ពិភពលោក»។

អ្នកឃ្លាំមើល និង​អ្នកនយោបាយ​បក្ស​ប្រឆាំង ព្រួយ​បារម្ភ​ដូចៗគ្នា​ថា ប្រសិនបើ​រដ្ឋាភិបាល​ក្រុងភ្នំពេញ នៅតែ​មិន​ទទួល​ស្គាល់​ការពិត​ ហើយ​បន្ត​បង្ក្រាប​លើ​សំឡេង​រិះគន់​និង​សំឡេង​ប្រឆាំង​ឥត​ឈប់ឈរ​នោះ នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បាត់​បង់​ផលប្រយោជន៍​ធំធេង និង​ការ​គាំទ្រ​​ពី​ប្រទេស​លោកសេរី​ទាំង​រឿង​សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការទូត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ