

អាជ្ញាធររាជធានីភ្នំពេញចាប់ផ្ដើមរកទីតាំងផ្សារផ្សេងពីតំបន់ផ្សារនៅបឹងតាមោក ខាងជើងរាជធានីភ្នំពេញ បន្ទាប់ពីអាជីវករលក់បន្លែតាមចិញ្ចើមថ្នល់នៅជុំវិញផ្សារដើមគ បដិសេធទៅលក់នៅទីតាំងដែលអាជ្ញាធរសន្យារៀបចំជូន។
នៅព្រឹកថ្ងៃទី២០ មករា អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានដឹកនាំអាជីវករផ្ទាល់ទៅផ្សារបោះដុំមួយកន្លែងឈ្មោះផ្សារតាម៉ាប់ព្រែកជ្រៃ ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមរយៈហ្វេសប៊ុករបស់លោក ឃួង ស្រេង បានបញ្ជាក់ថា លោកបានសម្របសម្រួលជាមួយអាជីវករដែលបានលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ ឱ្យទៅលក់ដូរនៅផ្សារលក់បន្លែផ្លែឈើបោះដុំ ឬហៅផ្សារដើមគថ្មី ដែលមានលក្ខខណ្ឌអនុគ្រោះច្រើន ឬទីតាំងឯកជនសមស្របណាផ្សេង។ លោកបន្តថា អាជីវករមួយចំនួនបានស្ម័គ្រចិត្តមកផ្សារតាម៉ាប់ព្រែកជ្រៃ។
ផ្សារតាម៉ាប់ព្រែកជ្រៃនេះបានបើកជាង ២ឆ្នាំហើយ ប៉ុន្តែ មិនសូវដំណើរការទេ ខណៈអ្នកលក់ដូរភាគច្រើនបានប្រមូលផ្ដុំគ្នានៅផ្សារបោះដុំបន្លែផ្លែឈើមួយទៀត នៅខាងត្បូងរង្វង់មូលកួរស្រូវ ចម្ងាយពីផ្សារនេះប្រមាណ ២គីឡូម៉ែត្រ ដែលបានដំណើរការជាង ៣ឆ្នាំហើយ ក្រោយពីអាជ្ញាធរបានបិទខ្ទប់នៅផ្សារដើមគម្ដង ពេលផ្ទុះរីករាលដាលជំងឺកូវីដ-១៩។
លោក ឃួង ស្រេង បន្តថា ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញបន្តដោះស្រាយដោយផ្អែកលើគោលការណ៍ឈ្នះ-ឈ្នះ និងបានជូនអាជីវករមួយចំនួនដែលមានជម្រើសមកទីតាំងផ្សារនេះដែលលោកថា មានទីតាំងធំទូលាយ ព្រមទាំងសម្របសម្រួលបន្ថែមជាមួយតំណាងផ្សារ។
លោក ឃួង ស្រេង អះអាងថា រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញរួមមានបង្គោលភ្លើង ប្រព័ន្ធទឹក ព្រមទាំងអនុគ្រោះតម្លៃប្រមូលសំរាមនៅទីតាំងផ្សារ រយៈពេល ១ឆ្នាំដោយឥតគិតថ្លៃ។
កាលពីថ្ងៃទី១៩ មករា លោក ឃួង ស្រេង ហាក់បរាជ័យក្នុងការចរចាដើម្បីជំរុញឱ្យអាជីវករដូរទៅកន្លែងថ្មីនៅតំបន់បឹងតាមោក ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ ក្រោយចប់ប្រជុំពីម្សិលមិញក្រុមអាជីវករទាំងនោះបានលើកឡើងពីជំហរជាថ្មីថា ពួកគាត់នៅតែក្រាញននៀលបន្តលក់ដូរ នៅផ្សារដើមគ និងផ្សារនាគមាសដដែល ព្រោះពួកគាត់ ខ្លាចលក់ដូរនៅតំបន់ថ្មី ពុំសូវដាច់ គ្មានចំណូលគ្រប់គ្រាន់ ធ្វើឱ្យជីវភាពខ្វះខាតខ្លាំង ខណៈអាជីវករភាគច្រើន មានបន្ទុកគ្រួសារច្រើន ជាពិសេសជំពាក់បំណុលធនាគារ។
ទោះយ៉ាងណា អាជ្ញាធរក៏បានបញ្ជាក់ជំហរថា នឹងពុំអនុញ្ញាតឱ្យអាជីវករទាំងនោះបន្តលក់ដូរតាមចិញ្ចើមថ្នល់នៅជុំវិញផ្សារដើមគ និងផ្សារនាគមាស បានទៀតទេ ក្រោមហេតុផលថា លើកកម្ពស់សោភ័ណភាព និងកាត់បន្ថយការកកស្ទះសម្រាប់ប្រយោជន៍សាធារណៈ។ តាំងពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ មករា អាជ្ញាធរបានដាក់របាំងបិទផ្លូវចូលជុំវិញផ្សារ និងឈូសឆាយ លាងសម្អាតផ្លូវជុំវិញនោះ រហូតផ្ទុះការតវ៉ាឡើង៕









