
សាលាឧទ្ធរណ៍ភ្នំពេញសម្រេចលើកពេលសវនាការបណ្ដឹងឧទ្ធរណ៍របស់ឪពុកលោក ស៊ន តារា គឺលោក សុខ ស៊ុនណារ៉េត ដែលប្ដឹងជំទាស់នឹងសេចក្ដីសម្រេចរបស់សាលាដំបូង ដោយមូលហេតុមន្ត្រីពន្ធនាគារខេត្តកំពង់ស្ពឺ មិនបានបញ្ជូនគាត់ឱ្យទៅចូលរួមក្នុងសវនាការ។ សង្គមស៊ីវិលថា កាលណាខកខានបញ្ជូនជនជាប់ចោទទៅសវនាការ គួរតែមានរបាយការណ៍បង្ហាញពីមូលហេតុពីពន្ធនាគារខេត្តកំពង់ស្ពឺ ទៅសាលាឧទ្ធរណ៍។
កូនប្រុសលោក សុខ ស៊ុនណារ៉េត គឺលោក ស៊ន សារ៉ាត់ ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃនេះថា នៅមុនសវនាការ លោកបានទៅជួបឪពុកនៅពន្ធនាគារ និងបានប្រាប់គាត់អំពីរឿងសវនាការនៅថ្ងៃទី២៦ ខែវិច្ឆិកា នេះដែរ។
លោក ស៊ន សារ៉ាត់ ដែលបានទៅចូលរួមក្នុងសវនាការសាលាឧទ្ធរណ៍ បាននិយាយថា លោកមិនបានដឹងពីមូលហេតុ មន្ត្រីពន្ធនាគារខេត្តកំពង់ស្ពឺ មិនបានដឹកឪពុករបស់លោកឱ្យទៅចូលរួមក្នុងសវនាការនោះទេ ហើយក៏គ្មានប្រភពណាបញ្ជាក់ឱ្យដឹងពីរឿងនេះដែរ ។ លោកគ្រាន់តែដឹងថា ដោយផ្អែកលើអវត្តមានរបស់ឪពុកលោកនៅក្នុងសវនាការ ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចលើកពេលសវនាការនេះ ដែលមិនមានពេលកំណត់។
លោក ស៊ន សារ៉ាត់៖ «យើងអត់ដឹងថា មូលហេតុអីដែលធ្វើឱ្យពន្ធនាគារអត់បញ្ជូនគាត់មកសវនាការអ៊ីចឹង។ សុខភាពគាត់ជាស្មារតី ដូចជាមិនអី ប៉ុន្តែគាត់ឧស្សាហ៍មានបញ្ហាឈឺ ហើយនិងគ្រុននៅក្នុងពន្ធនាគារជារឿយៗ»។
ទូរទស្សន៍អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺជុំវិញរឿងនេះ ពីមន្ត្រីពន្ធនាគារ ខេត្តកំពង់ស្ពឺបាននៅឡើយទេ នៅថ្ងៃទី២៦ ខែវិច្ឆិកា ខណៈអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង និងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក ឃៀង សុណាឌីន ទូរស័ព្ទចូលតែគ្មានអ្នកទទួល។
លោក ស៊ន សារ៉ាត់ ស្នើឱ្យលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត អនុគ្រោះដល់ឪពុករបស់លោក ដែលមានវ័យចាស់ជរាអាយុ ៧១ឆ្នាំទៅហើយ និងមានជំងឺប្រចាំកាយផង។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត ប្រាប់ទូរទស្សន៍ អាស៊ីសេរីថា ការលើកពេលសវនាការ ធ្វើឱ្យប៉ះពាល់សិទ្ធិជនជាប់ចោទជាពិសេស ការរង់ចាំយុត្តិធម៌ ។ លោកថា កាលណាអាក់ខានបញ្ជូនលោក សុខ ស៊ុនណារ៉េត ឱ្យចូលរួមសវនាការ ពន្ធនាគារខេត្តកំពង់ស្ពឺ គួរតែមានរបាយការណ៍ បញ្ជាក់អំពីមូលហេតុទៅកាន់សាលាឧទ្ធរណ៍។
លោក អំ សំអាត៖ «វានៅលើថា តើពន្ធនាគារខេត្តកំពង់ស្ពឺ លោកទទួលបានដីកាបង្គាប់ឱ្យបញ្ជូនមកសវនាការឬទេ? ប្រសិនបើមានដីកាហើយ មិនបានដឹកមក អាហ្នឹងវាទាក់ទងនឹងកំហុសនៃការបញ្ជូនជនជាប់ចោទមកសវនាការដែរ»។
លោក សុខ ស៊ុនណារ៉េត ត្រូវបានតុលាការខេត្តកំពង់ស្ពឺ កាត់ឱ្យមានទោសជាប់ពន្ធនាគារ ៤ឆ្នាំ ក្រោមបទចោទប្រកាន់រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដែលលោកតែងតែបដិសេធការចោទប្រកាន់នេះ។ លោកត្រូវបានបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក សុខ ស៊ុនណារ៉េត ត្រូវបានមន្ត្រីកងរាជអាវុធហត្ថចាប់ខ្លួន ក្រោយពីលោក ហ៊ុន សែន ព្រមានដកតំណែង និងបណ្ដេញចេញពីក្របខណ្ឌការងាររដ្ឋ ប្រសិនបើ លោក ស៊ន តារា ជាកូន ដែលកំពុងរស់នៅប្រទេសបារាំង បន្តរិះគន់អំពើផ្ដាច់ការ និងរំលោភសិទ្ធិមនុស្សរបស់លោក ហ៊ុន សែន និងក្រុមគ្រួសារត្រកូលហ៊ុន។ លោក សុខ ស៊ុនណារ៉េត គឺជាអតីតមន្ត្រីទាហានសឹករងខេត្តកំពង់ស្ពឺ និងបានចូលនិវត្តន៍នៅឆ្នាំ២០២២៕










