

អតិថិជនខ្ចីលុយពីធនាគារព្រីនស៍ (Prince Bank) រងការគំរាមកំហែង បង្ខំឱ្យលក់ទ្រព្យសម្បត្តិ ដើម្បីសងបំណុល បើទោះជាពួកគាត់បានសុំអង្វរសងតាមលទ្ធភាពក្ដី ក៏ខាងភាគីធនាគារ ពុំព្រមនោះឡើយ ហើយថែមទាំងគំរាមប្ដឹងទៅតុលាការ ប្រសិនបើពួកគាត់ពុំអាចសងបំណុល តាមចំនួនកំណត់។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការគំរាមកំហែងរបស់ភាគីធនាគារមកលើ អតិថិជនបែបនេះ គឺជាអំពើខុសច្បាប់។
ស្របពេលដែលម្ចាស់ធនាគារព្រីនស៍ គឺ លោក ចេន ហ្ស៊ី (Chen Zhi) កំពុងតែរងការចោទប្រកាន់ថា ជាមេក្លោងឆបោកអនឡាញលំដាប់អន្តរជាតិ និងត្រូវបានរដ្ឋាភិបាលប្រទេសខ្លះ បង្កកលុយ រាប់ម៉ឺនលានដុល្លារផងនោះ ពេលនេះ អតិថិជនខ្ចីលុយ ពីធនាគារព្រីនស៍នៅក្នុងស្រុកខ្លះ កំពុងលំបាកក្នុងជីវភាពព្រោះពុំមានថវិកា សងធនាគារ ហើយត្រូវបានមន្ត្រីធនាគារទាំងនោះផាកពិន័យដំឡើងការប្រាក់លើសលប់ និងថែមទាំងបង្ខំឱ្យអតិថិជន លក់ផ្ទះ ដើម្បីសងបំណុល។
អតិថិជនខ្ចីលុយពីធនាគារព្រីនស៍ លោកស្រី ម៉ម កាដែត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៦ ខែវិច្ឆិកានេះថា លោកស្រីបានខ្ចីបុល ពីធនាគារព្រីនស៍ចំនួន ១៦ម៉ឺនដុល្លារ ដើម្បីបង្កើតសាលារៀនឯកជនមួយកន្លែង ក្នុងខេត្តតាកែវ។ លោកស្រីរំលឹក ថា កាលពីខ្ចីលុយ បាន១ឆ្នាំដំបូង លោកស្រីមានលទ្ធភាពសងទៅធនាគារគ្រប់ចំនួន គឺក្នុង១ខែ បង់ ១៥០០ដុល្លារ។
ប៉ុន្តែ អំឡុងពេលវិបត្តិ កូវីដ-១៩ គ្រួសារលោកស្រី ពុំអាចរកចំណូលបានច្រើន ហើយ សាលារៀនក៏ត្រូវបិទ និងដាក់ជួលឱ្យគេ ដោយក្នុង ១ខែ បានចំនួន៧០០ដុល្លារ។ ជាញឹកញាប់ លោកស្រី យកលុយចំនួន៦០០ដុល្លារ សម្រាប់សង់ធនាគារ និង១០០ដុល្លារ សម្រាប់ផ្គត់ផ្គង់គ្រួសារ។ ប៉ុន្តែ ពីពេលនោះមក លោកស្រីថា មន្ត្រីធនាគារ ពុំសប្បាយចិត្តឡើយ តែងតែបង្ខំ និង គំរាមកំហែងឱ្យលោកស្រីលក់ផ្ទះ និងរកលុយសង់ឱ្យបានគ្រប់ចំនួន១៥០០ដុល្លារ ក្នុង១ខែ។
ក្រោយមកទៀត នៅដើមខែមីនា ឆ្នាំ២០២៥ ផ្ទះក៏លែងមានអ្នកជួលបន្ត ធ្វើឱ្យលោកស្រីលំបាក ពេលខ្លះស្ទើរតែសម្លាប់ខ្លួន ព្រោះគ្មានលុយសម្រាប់សងធនាគារ ខណៈដែលមន្ត្រីធនាគារព្រីនស៍ តែងតែជេរស្ដី និងគំរាមមកលើគ្រួសារលោកស្រី ដោយបង្ខំឱ្យលក់ផ្ទះក្នុងតម្លៃ២៣ម៉ឺនដុល្លារ តាមធនាគារអ្នកកំណត់ ហើយប្រសិនបើនៅតែមិនលក់ នឹងត្រូវឡើងតុលាការ ដើម្បីដោះស្រាយលើករណីនេះ។
រហូតដល់ថ្ងៃទី៧ ខែកញ្ញា តំណាងធនាគារព្រីនស៍ ដែលលោកស្រីអះអាងថា ឈ្មោះ សេង ចំរើន បានហៅ លោកស្រី និងប្ដីទៅតុលាការ ដើម្បីចូលស្ដាប់សវនាការ លើសំណុំរឿងខាងលើ ប៉ុន្តែ ពេលលោកស្រីមកដល់អគារសាលាដំបូងរាជធានីភ្នំពេញ លោក សេង ចំរើន និងមេធាវីរបស់ធនាគារព្រីនស៍ រួមនឹងមន្ត្រីតុលាការម្នាក់ បានហៅលោកស្ត្រី និងប្ដី ទៅបន្ទប់ដាច់ដោយឡែកពីបន្ទប់តុលាការ ដើម្បីចរចាក្រៅផ្លូវការ និងគំរាមកំហែងជាថ្មី ឱ្យលោកស្រី លក់ផ្ទះ យកលុយសងបំណុលធនាគារ ខណៈដែលផ្ទះលោកស្រី ខាងតំណាង ធនាគារអះអាងថា មានអ្នកចាំទិញ រួចហើយ ក្នុងតម្លៃ២៣ម៉ឺនដុល្លារ។
បន្ថែមពីលើនោះ តំណាងធនាគារព្រីនសន៍បានអះអាងប្រាប់លោកស្រីថា ប្រសិនបើលោកស្រីមិនព្រមលក់ដីនោះទេ នៅថ្ងៃទី៦ វិច្ឆិកា តុលាការនឹងចេញសាលក្រមរឹបអូសផ្ទះលោកស្រីឱ្យទៅធនាគារ។ លោកស្រីចាក់ទុកការគំរាមកំហែងបែបនេះ គឺជារឿងអយុត្តិធម៌ ខណៈដែលតំណាងធនាគារហៅមកចូលរួមសវនាការ ដើម្បីជម្រះក្ដីលើសំណុំរឿងខាងលើ ប៉ុន្តែ ពុំទាន់បានបើកសវនាការសូម្បីតែម្ដងផង ស្រាប់តែឮថា នឹងប្រកាសសាលក្រមនៅថ្ងៃទី២៦ វិច្ឆិកា។
លោកស្រី ម៉ម កាដែត៖ «គាត់ចេះតែ ខល មករករឿងខ្ញុំនៅពេលដែលបង់លុយ៦០០ដុល្លារហ្នឹងហើយ នៅតែថាខ្ញុំអត់ឆន្ទៈ បើទោះជាខ្ញុំថា លោកគ្រូអើយ! សុំទោសផង ធ្វើម៉េចបើខ្ញុំរកបានតែប៉ុណ្ណឹង។ ដល់ពេលយូរពេក មនុស្សយើងដដែលពេកវាក្ដៅ ហើយឥឡូវខ្ញុំបង្ហាញពីឆន្ទៈរបស់ខ្ញុំហ្មង គឺខ្ញុំ សម្លាប់ខ្លួនហ្មង ទាំងគ្រួសារហ្មង មិនបាច់សងទេខ្ជិល។ បើមនុស្សខំប្រឹងរហូតដល់លែងហ៊ានទិញស្បែកជើងពាក់ហើយ នៅតែរករឿងយើង។ ដូចពេលទៅតុលាការ មើលងាយមកពួកខ្ញុំថា ពួកខ្ញុំ រកសងមួយជីវិតក៏រកសងមិនរួច»។
បើទោះជាបែបនេះក្ដី ក្រោយមានការគំរាមកំហែងរួច លោកស្រីបានយករឿងនេះផ្សព្វផ្សាយទៅកាន់អ្នកសារព័ត៌មាន ទើបតំណាងធនាគារព្រីនស៍ លោក សេង ចំរើន បានប្រាប់មកប្ដីលោកស្រីវិញថា ការប្រកាសសាលក្រមរឹបអូសផ្ទះលោកស្រី នៅថ្ងៃទី៦ ខែវិច្ឆិកានេះ ត្រូវបានពន្យារពេលដោយគ្មានហេតុផល។ លោកស្រីថា មកទល់ពេលនេះ នៅមិនទាន់ឃើញតំណាងធនាគារ និងមេធាវី ធនាគារមកគំរាមកំហែង ឱ្យលោកស្រី លក់ផ្ទះទៀតនោះឡើយ។ រីឯអតិថិជនម្នាក់ទៀតប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងសំឡេង ព្រោះបារម្ភពីសុវត្ថិភាពថា លោកគឺជា អតិថិជនម្នាក់ ក្នុងចំណោមអតិថិជនជាច្រើននាក់ទៀត ដែលខ្ចីបុលលុយពី ធនាគារព្រីនស៍ ហើយកំពុងជួបបញ្ហាស្រដៀងៗគ្នា។ ក្នុងនោះ លោកថា ធនាគារព្រីសន៍ គ្មានគោលការណ៍ច្បាស់លាស់ និងជាធនាគារគិតតែពីផលចំណេញ លើអតិថិជន។ ជាពិសេសលោកថា មន្ត្រីធនាគារ ក្រឡេចក្រឡុច រឿងការប្រាក់។
លោកបញ្ជាក់ថា ដំបូងឡើយមន្ត្រីធនាគារ ប្រាប់អតិថិជនថា ពាក់ព័ន្ធរឿងការប្រាក់ អតិថិជនទាំងអស់ដែលមកខ្ចីលុយពីធនាគារ ត្រូវបង់ត្រឹមតែ ១២% ក្នុង១ខែ ក្រោយមក នៅពេលអតិថិជនខ្លះ បង់យឺតយ៉ាវ ឬបង់មិនគ្រប់ចំនួន ត្រូវបានធនាគារផាកពិន័យ តាមរយៈការដំឡើង ការប្រាក់ រហូតដល់១៨% ទៅ ២៤% ទាំងគ្មានផ្ដល់ដំណឹង។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី បានព្យាយាមទាក់ទងតំណាងធនាគារព្រីនស៍ លោក សេង ចំរើន ដើម្បីសុំការឆ្លើយតបជាច្រើនដង ប៉ុន្តែ គ្មានការឆ្លើយតបពាក់ព័ន្ធ ករណីខាងលើនោះទេ ផ្ទុយទៅវិញ លោកបែរជាប្រើសម្ដីគំរាមលើបុគ្គលិកអាស៊ីសេរី ហើយចោទបុគ្គលិកអាស៊ីសេរី ថាជា ជនបោកប្រាស់។
លោក សេង ចំរើន៖ «ខ្ញុំនឹងយកសារ[សំណួរ] នេះដាក់ទៅក្រសួងមហាផ្ទៃ ដើម្បីបញ្ជាក់ប្រាប់ថាមានជនឆបោក ដើរបំពុលគ្រប់កន្លែង»។
ចំណែកមេធាវីការពារក្ដីឱ្យធនាគារព្រីនស៍ ដែលអតិថិជនបាន អះអាងថាក៏បានផ្ញើសារសំឡេង បង្ខំអតិថិជនឱ្យលក់ផ្ទះជាបន្ទាន់ ប្រសិនបើពុំចង់ប្រឈមចំពោះមុខច្បាប់។ ករណីនេះ អតិថិជន អះអាងថា ការបង្ខំពីមេធាវីបែបនេះ ទាំងមិនទាន់បានតាំងរឿងក្ដី នៅតុលាការនៅឡើយ។
ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីឆ្លើយតប ជុំវិញរឿងនេះបានទេនៅថ្ងៃទី២៦ ខែវិច្ឆិកា ដោយហៅទូរស័ព្ទចូលគ្មានអ្នកទទួល។
ចាប់តាំងពី លោក ចេន ហ្ស៊ី ដែលជនជាតិចិន និងមានតួនាទីជាទីប្រឹក្សារបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសិង្ហបុរី បង្កកលុយរាប់ម៉ឺនលានដុល្លារ គេឃើញអតិថិជនរបស់ធនាគារព្រីនស៍ខ្លះ បង្ហាញពីអំពើអយុត្តិធម៌ ជាបន្តបន្ទាប់ ជាពិសេសការគំរាមកំហែង អតិថិជន ឱ្យលក់ទ្រព្យសម្បត្តិ ដើម្បីសងបំណុល ហើយអតិថិជនខ្លះ ត្អូញត្អែរ និងភ័យបារម្ភ ពីការពិបាកក្នុងការដកលុយសន្សំ ចេញពីធនាគារ ហើយអតិថិជនខ្លះ ដែលបានខ្ចីលុយពីធនាគារ ត្រូវធនាគារដំឡើងការប្រាក់ខ្ពស់ជាងមុន។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការគំរាមកំហែង និងបង្ខំឱ្យអតិថិជន លក់ផ្ទះ ដើម្បីសងបំណុល ពីសំណាក់ភាគី ធនាគារនេះ គឺជាទង្វើខុសច្បាប់។ លោកបន្តថា ភាគីធនាគារ និងអតិថិជន គួរតែសម្របសម្រួលគ្នា ប្រកបដោយយុត្តិធម៌ ហើយមិនត្រូវដាក់សម្ពាធមកលើភាគីណាមួយ ដោយអាងលើអំណាច និងបុណ្យសក្ដិនោះឡើយ។
លោក អំ សំអាត៖ «ចំពោះការរឹបអូសទ្រព្យសម្បត្តិលក់ឡាយឡុង គឺមានតែតុលាការតែមួយគត់។ អ៊ីចឹង បើទោះជាធនាគារ ឬក៏កម្ចីឯកជន មីក្រូហិរញ្ញវត្ថុ មិនមានសិទ្ធិរឹបអូសទ្រព្យសម្បត្តិរបស់គេយកទៅលក់ទេ។ អ៊ីចឹងកាលណាដែលគំរាមកំហែងរឹបអូសទ្រព្យសម្បត្តិគេលក់ គឺវាខុសច្បាប់។ អ៊ីចឹង អតិថិជនដែលរងការរំលោភបំពាននឹងអាចទៅប្ដឹងបាន»។
គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនCBC (Credit Bureau Cambodia) បានរកឃើញថា ប្រជាពលរដ្ឋខ្មែរ ចំនួន ៥លាន៤ម៉ឺននាក់ បានជំពាក់បំណុលធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងទំហំទឹកប្រាក់ជិត ៦០ពាន់លានដុល្លារ។ អ្នកឃ្លាំមើលលើកឡើងថា បញ្ហាជំពាក់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ របស់ពលរដ្ឋខ្មែរនេះ បានជិះឥទ្ធិពលដ៏អាក្រក់ រហូតដល់ធ្វើឱ្យពលរដ្ឋខ្លះ ហ៊ានធ្វើអត្តឃាត ខ្លះទៀតប្រព្រឹត្ត អំពើជួញដូរមនុស្ស និងការជួញដូរផ្លូវភេទ តាមប្រព័ន្ធអនឡាញ៕









