

វេទិកាអាស៊ីបូព៌ារកឃើញថា ចំនួនវិនិយោគផ្ទាល់ពីបរទេស (FDI) របស់កម្ពុជា នៅឆ្នាំ២០២៥ មានចំនួនកើនឡើង ក៏ប៉ុន្តែនៅមានគុណភាពទាប ដោយសារអំពើពុករលួយ និងការពឹងផ្អែកខ្លាំងទៅលើប្រទេសមហាអំណាចកុម្មុយនិស្ត។ អ្នកឃ្លាំមើលយល់ស្របចំពោះរបាយកាណ៍នេះ និងស្នើឱ្យរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយ និងបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដែលកំពុងបំផ្លាញមុខមាត់កម្ពុជា។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានខិតខំយ៉ាងខ្លាំង ក្នុងការបង្កើនការវិនិយោគផ្ទាល់ ពីបរទេសមកកាន់កម្ពុជា និងធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើន ក៏ប៉ុន្តែ កំណើនការវិនិយោគរបស់កម្ពុជា នៅឆ្នាំ២០២៥ ដែលមើលទៅហាក់បីដូចជាមានភាពជោគជ័យដ៏ធំធេងនេះ គឺមានគុណភាពអន់ខ្សោយ និងពឹងផ្អែកលើប្រទេសចិនខ្លាំង។ នេះបើតាមការវាយតម្លៃ របស់វេទិកាអាស៊ីបូព៌ា (East Asia Forum) ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី (Australia) និងចេញផ្សាយ នៅថ្ងៃទី២៨ ខែវិច្ឆិកា។
វេទិកាអាស៊ីបូព៌ា បានបង្ហាញថា គុណភាពអន់ នៃការវិនិយោគដោយផ្ទាល់ ពីបរទេស Foreign Direct Investment (FDI) មកកម្ពុជា គឺភាគច្រើនបណ្ដាលមកពី ភាពទន់ខ្សោយនៃប្រព័ន្ធនីតិរដ្ឋ ការរីកដុះដាលនៃអំពើពុករលួយ និងកង្វះតម្លាភាព ដែលកត្តាទាំងនេះ បានរារាំងកម្ពុជា ពីការទាក់ទាញការវិនិយោគប្រកបដោយគុណភាពខ្ពស់ ពីបណ្ដាប្រទេសលោកសេរី។
វេទិកាអាស៊ីបូព៌ា បានលើកឡើងថា ការវិនិយោគដោយផ្ទាល់ពីបរទេស គឺជាក្បាលម៉ាស៊ីនដ៏សំខាន់មួយ នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដោយចាប់តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៣ មានទឹកប្រាក់ជាង៤៥ ពាន់លានដុល្លារ បានហូរចូលប្រទេស ដែលជំរុញការផ្លាស់ប្ដូរសេដ្ឋកិច្ចរបស់កម្ពុជា រហូតដល់ឆ្នាំ២០២៤GDPរបស់កម្ពុជាកើនឡើងដល់ ៤៦,៣ ពាន់លានដុល្លារអាមេរិក ដោយសារវិស័យវិនិយោគផ្សេងៗ។
ទោះជាយ៉ាងណា វេទិកាអាស៊ីបូព៌ា កត់សម្គាល់ឃើញថា ការវិនិយោគរបស់កម្ពុជា នៅតាមតំបន់នីមួយៗ ហាក់មានការអភិវឌ្ឍន៍មិនស្មើគ្នានោះឡើយ ដោយគម្រោងភាគច្រើន បានប្រមូលផ្ដុំនៅជុំវិញតំបន់សេដ្ឋកិច្ចពិសេស និងខេត្តដែលមានហេដ្ឋារចនាសម្ព័ន្ធងាយស្រួល ដូចជានៅខេត្តកំពង់ស្ពឺ និងស្វាយរៀង រាជធានីភ្នំពេញ ខេត្តតាកែវ កោះកុង ព្រះសីហនុ និងខេត្តកណ្ដាល ជាដើម ខណៈខេត្តដែលនៅភូមិភាគឦសាន និងពាយ័ព្យ ទទួលបានការវិនិយោគតិចជាង១៧គម្រោង ក្នុងនោះខេត្តចំនួន៣ មិនទទួលបានការវិនិយោគទាល់តែសោះ នៅក្នុងឆ្នាំ ២០២៥។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក មាស សុខសេនសាន ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៨ ខែវិច្ឆិកា។
ជុំវិញរឿងនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ថា ដើម្បីបង្កើនការទាក់ទាញវិនិយោគពីអន្តរជាតិ រដ្ឋាភិបាលគួរតែលុបបំបាត់អំពើពុករលួយ បោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងកែសម្រួលផ្នែករដ្ឋបាលលើការស្នើសុំគម្រោងវិនិយោគ ឱ្យកាន់តែងាយស្រួល ដើម្បីទាក់ទាញវិនិយោគិន មកពីគ្រប់ប្រទេស។
លោក សេក សុជាតិ៖ «នោះហើយជាគន្លឹះសំខាន់ ដែលអាចធ្វើឱ្យវិនិយោគទុនបរទេស ចង់ដាក់ទុន ដោយមិនមានភាពភ័យខ្លាចចំពោះការវិនិយោគរបស់ខ្លួននៅកម្ពុជា»។
វេទិកាអាស៊ីបូព៌ា បង្ហាញរបាយការណ៍ថា ការវិនិយោគរបស់ប្រទេសចិន នៅកម្ពុជា ក្នុងរយៈពេល៩ខែ នៅឆ្នាំ២០២៥ មានចំនួន ៥៣ភាគរយ ខណៈអ្នកវិនិយោគក្នុងស្រុកមានចំនួន ៣០ភាគរយ រីឯសិង្ហបុរី (Singapore) មានចំនួន ៦,៩ភាគរយ និងវៀតណាម (Vietnam) មានចំនួន ៥,២ភាគរយ ចំណែកប្រទេសផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិក (USA) ចក្រភពអង់គ្លេស (UK) និងម៉ាឡេស៊ី(Malaysia) បានចូលរួមចំណែកតិចជាងមួយភាគរយ។
យ៉ាងណាក៏ដោយចុះ វេទិកាអាស៊ីបូព៌ា បានផ្ដល់អនុសាសន៍ថា កម្ពុជាគួរតែរៀនតាមប្រទេសចិនក្នុងកំឡុងឆ្នាំ១៩៨០ ដល់ឆ្នាំ២០០០ ក្រោមការដឹកនាំរបស់លោក តេង ស៊ាវពីង (Deng Xiaoping) ដែលបានកែប្រែគោលនយោបាយសេដ្ឋកិច្ចបែបសង្គមនិយម និងបើកទ្វារទទួលការវិនិយោគ ពីបណ្ដាប្រទេសនៅក្នុងតំបន់ សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលធ្វើឱ្យចិនរួចផុតពីភាពឯកោ និងឈានចូលទៅដល់ការអភិវឌ្ឍ។
ក៏ប៉ុន្តែ ស្ថាប័នមួយនេះ បានរម្លឹកដល់កម្ពុជា កុំឱ្យពឹងផ្អែកចំពោះការវិនិយោគរបស់ប្រទេសចិនខ្លាំងពេក ព្រោះចិនគឺជាប្រទេសដែលមានឧស្សាហកម្ម ប្រើប្រាស់ជំនាញទាប និងវិនិយោគតែកន្លែងដែលមានសក្ដានុពលខ្ពស់ និងចង់បានផលចំណេញច្រើន ខណៈទុនវិនិយោគរបស់ចិនទៀតសោត ក៏អាចនឹងធ្វើឱ្យកម្ពុជាងាយរងគ្រោះផងដែរ ហើយដើម្បីដោះស្រាយបញ្ហានេះ កម្ពុជាត្រូវធានាថា ការវិនិយោគដែលខ្លួនទទួលបាន គឺបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ។
វេទិកាអាស៊ីបូព៌ាបានលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលបានមកពីការវិនិយោគដោយផ្ទាល់ពីបរទេស មានចំនួនជាង៤៥ ពាន់លានដុល្លារ រហូតដល់ឆ្នាំ២០២៤ GDP របស់កម្ពុជាកើនឡើងដល់ ៤៦,៣ ពាន់លានដុល្លារអាមេរិក ដោយសារវិស័យវិនិយោគផ្សេងៗ៕









